ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

វិទ្យាស្ថាន​សុវត្ថិភាព​ដងផ្លូវ​នៅ​ម៉ាឡេស៊ី​ជំរុញ​អ្នក​បើក​ម៉ូតូ​ដឹក​ជញ្ជូន​អាហារ​ជូន​អតិថិជន​ឲ្យ​ផ្ដោត​លើ​សុវត្ថិភាព​ជា​ធំ


បុរសម្នាក់កំពុងធ្វើដំណើរតាមម៉ូតូដោយមានពាក់ម៉ាស់ នៅទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៩។
បុរសម្នាក់កំពុងធ្វើដំណើរតាមម៉ូតូដោយមានពាក់ម៉ាស់ នៅទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៩។

ការ​ដឹក​ជញ្ជូន​ម្ហូប​អាហារ​ដល់​ផ្ទះ​អតិថិជន​បាន​ធ្វើ​ឱ្យ​ជីវិត​រស់នៅ​មាន​ភាព​ងាយ​ស្រួល​ជាង​មុន​ សម្រាប់​មនុស្ស​ជា​ច្រើន។ ដូច​នៅ​ក្នុង​ប្រទេស​ជា​ច្រើន​ទៀត​ដែរ ប្រទេស​ម៉ាឡេស៊ី​មាន​កំណើន​នៃ​សេចក្តី​ត្រូវការ​របស់​អតិថិជន​ឲ្យ​មាន​ការ​ដឹក​ជញ្ជូន​ម្ហូបអាហារ​ដល់​ផ្ទះ ចាប់តាំង​ពី​មាន​ការ​រាតត្បាត​នៃ​ជំងឺ​កូវីដ១៩ មក។ ភាគ​ច្រើន​នៃ​ការ​ដឹក​ជញ្ជូន​ម្ហូប​អាហារ​ដល់​ផ្ទះ​នៅ​ម៉ាឡេស៊ី​ធ្វើ​ឡើង​ តាម​រយៈ​មធ្យោបាយ​ម៉ូតូ។

ក៏​ប៉ុន្តែ​ក្នុង​អំឡុងពេល​ជាង ៦ ខែ​កន្លង​មក​នេះ គេ​ឃើញ​មាន​គ្រោះថ្នាក់​ចរាចរណ៍​ច្រើន​កើតឡើង​ទាក់ទិន​នឹង​អ្នក​បើក​ម៉ូតូ​ដឹក​ជញ្ជូន​អាហារ​សម្រាប់​អតិថិជន។

កាលពី​ពេល​ថ្មីៗ​នេះ វិទ្យាស្ថាន​ស្រាវជ្រាវ​សុវត្ថិភាព​ដងផ្លូវ​នៃ​ប្រទេស​ម៉ាឡេស៊ី (Malaysian Institute of Road Safety Research) បាន​ធ្វើការ​សិក្សា​ស្រាវជ្រាវ​រយៈពេល ៤ ថ្ងៃ នៅ​ផ្លូវ​កែង​ចំនួន ១១ កន្លែង។

វិទ្យាស្ថាន​នេះ​បានសង្កេត​មើល​អ្នក​បើក​ម៉ូតូ​ដឹក​ជញ្ជូន​អាហារ​ជិត ៣.៥០០ នាក់ និង​បាន​រក​ឃើញ​ថា ប្រមាណ​ ពីរ​ភាគ​បី​នៃ​អ្នក​ទាំង​នេះ​មិន​បាន​គោរព​ច្បាប់​ចរាចរណ៍ ហើយ​ប្រមាណ​មួយ​ភាគបី​ បាន​រំលោភ​ធ្ងន់ធ្ងរ​លើ​សុវត្ថិភាព​ចរាចរណ៍ ដែល​មាន​ដូចជា​ការ​កាន់​ទូរសព្ទ​នៅ​នឹង​ដៃ​ពេល​បើក​ម៉ូតូ ការ​ជិះ​ហួស​ភ្លើង​ក្រហម ការ​បត់​ត្រឡប់​ក្រោយ​ដោយ​ខុសច្បាប់ និង​ការ​បើក​បញ្ច្រាស់​ទិស​ជាដើម។

លោក Khairil Anwar ដែល​ជា​អគ្គនាយក​នៃ​វិទ្យាស្ថាន​សុវត្ថិភាព​ដង​ផ្លូវ​នេះ បាន​និយាយ​ថា ទង្វើ​បើកបរ​នាំឱ្យ​មាន​គ្រោះថ្នាក់​ទាំង​នេះ​កើត​មាន​ជា​ញឹកញយ​ណាស់។

លោក Khairil Anwar និយាយ​ដូច្នេះ​ថា៖ «វា​ហាក់ដូចជា​រឿង​សាមញ្ញ​ទៅ​ហើយ​ សម្រាប់​អ្នក​ដឹក​ជញ្ជូន​ម្ហូប​អាហារ​ឲ្យ​អតិថិជន​នៅ​ក្នុង​ប្រទេស​ម៉ាឡេស៊ី​ដែល​ប្រព្រឹត្ត​បែប​នេះ ដោយសារតែ​ការតម្រូវ​នៃ​ការងារ​របស់​ពួកគេ និង​ការ​តាំងចិត្ត​របស់​ពួកគេ​ ដើម្បី​សម្រេច​គោលដៅ​ដឹក​ជញ្ជូន​អាហារ​ក្នុង​មួយ​ថ្ងៃៗ»។

ជា​ទូទៅ អ្នក​បើក​ម៉ូតូ​ដឹក​ជញ្ជូន​ម្ហូប​អាហារ​ទាំង​នេះ ​គឺជា​អ្នក​ធ្វើការ​ដោយ​ខ្លួន​ឯង ដែល​មាន​ម៉ូតូ​ផ្ទាល់​ខ្លួន។ ប្រសិនបើ​ពួកគេ​អាច​ដឹក​ជញ្ជូន​បាន​ច្រើន​ជើង​ដល់​អតិថិជន នោះ​ពួកគេ​ក៏​អាច​រក​ចំណូល​បាន​ច្រើន​តាម​ហ្នឹង​ដែរ។

លោក Khairil Anwar យល់ស្រប​ថា ប្រព័ន្ធ​ដឹក​ជញ្ជូន​ម្ហូប​អាហារ​នេះ​ជា​អ្វី​ដែល​ជំរុញ​ឲ្យ​អ្នក​បើក​ម៉ូតូ​ទាំង​នោះ​បង្កើន​ល្បឿន ឬ​មិន​ឈប់​ពេល​មាន​ភ្លើង​ក្រហម។

លោក Amiral Rashid បាន​បើក​ម៉ូតូ​ដឹក​ជញ្ជូន​អាហារ​ដល់​អតិថិជន​ប្រមាណ​មួយ​ឆ្នាំ​មក​ហើយ។ លោក​ទទួល​ស្គាល់​ថា អ្នក​បើក​ម៉ូតូ​ជា​ច្រើន​មិន​បាន​ប្រុង​ប្រយ័ត្ន​ឲ្យ​បាន​គ្រប់គ្រាន់​នោះ​ទេ។ ប៉ុន្តែ​លោក​ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា ជា​រឿយៗ ​អ្នក​បើក​ម៉ូតូ​ទាំង​នេះ​រង​សម្ពាធ​ធ្វើ​យ៉ាង​ណា​ដឹក​ជញ្ជូន​ម្ហូប​អាហារ​ឲ្យ​បាន​ដល់​អតិថិជន​ឲ្យ​បាន​លឿន។

លោក Amiral Rashid បាន​និយាយ​ថា ជា​ធម្មតា​សម្ពាធ​គឺ​ចេញ​មក​ពី​អតិថិជន ដោយសារតែ​ពួកគេ​ចង់​បាន​ម្ហូប​អាហារ​ឱ្យ​បាន​ឆាប់។

ក្រុមហ៊ុន Grab និង​ក្រុមហ៊ុន Foodpanda ដែល​ជា​ក្រុមហ៊ុន​ដឹក​ជញ្ជូន​ម្ហូប​អាហារ​ធំ​ជាង​គេ​ពីរ បាន​ច្រានចោល​សំណើ​សុំ​សម្ភាសន៍​របស់ VOA។

ក៏​ប៉ុន្តែ លោក Khairil Anwar បាន​បញ្ជាក់​ថា ការ​បណ្ដុះបណ្ដាល​ខាង​សុវត្ថិភាព​នៅ​ពេល​បច្ចុប្បន្ន​របស់​ក្រុមហ៊ុន​ទាំង​នោះ​ មិន​ទាន់​គ្រប់គ្រាន់​ទេ ហើយ​ក្រុមហ៊ុន​ទាំង​នោះ​គួរ​ធ្វើ​បន្ថែម​ទៀត ​ដើម្បី​លើក​កម្ពស់​វប្បធម៌​ការងារ​មួយ​ដែល​ផ្ដោត​លើ​សុវត្ថិភាព។

លោក Khairil Anwar និយាយ​ថា៖ «យើង​ត្រូវ​បញ្ចូល​វិធានការ​សុវត្ថិភាព​ទាំង​នេះ​ទៅ​ក្នុង​ចិត្ត​អ្នក​បើក​ម៉ូតូ​ទាំង​នោះ។ អ្វី​ដែល​សំខាន់​នោះ​ គឺ​ឥរិយាបថ​មាន​សុវត្ថិភាព មិន​មែន​គ្រាន់តែ​ផ្ដោត​លើ​ការ​ដឹក​ជញ្ជូន​ម្ហូប​អាហារ​តែ​មួយ​មុខ​ប៉ុណ្ណោះ​ទេ»។

វិទ្យាស្ថានសុវត្ថិភាព​ដងផ្លូវ​នេះ​ បាន​បញ្ជាក់​ថា ខ្លួន​នឹង​បង្កើត​កម្មវិធី​បណ្ដុះបណ្ដាល​សុវត្ថិភាព​តាម​ដងផ្លូវ និង​គ្រោង​នឹង​ពិភាក្សា​ជាមួយ​ក្រុមហ៊ុន​ទាំង​ពីរ​ខាង​លើ​អំពី​កម្មវិធី​នេះ។

លោក Amiral Rashid និង​អ្នក​បើក​ម៉ូតូ​ដឹក​ជញ្ជូន​ម្ហូប​អាហារ​ដទៃ​ទៀត បាន​ប្រាប់ VOA ថា ពួកគេ​គាំទ្រ​គម្រោង​នេះ។

ក៏​ប៉ុន្តែ​ អ្នកបើកម៉ូតូ​ទាំង​នេះ​បាន​ទទួល​ស្គាល់​ថា ទោះបីជា​មាន​ការ​បណ្ដុះបណ្ដាល​ច្រើន​បែបណា​ក៏​ដោយ ក៏​អ្វី​ដែល​សំខាន់ ​គឺ​អាស្រ័យ​លើ​អ្នក​បើក​ម៉ូតូ​ផ្ទាល់​ដែល​ត្រូវ​ផ្ដោត​លើ​សុវត្ថិភាព​ជាជាង​ល្បឿន៕

ប្រែ​សម្រួល​ដោយ ឈឹម សុមេធ

វីដេអូថ្មីៗបំផុត

XS
SM
MD
LG