ស្របពេលដែលបញ្ហាសិទ្ធិមនុស្សនៅតែជាកង្វល់នៅក្នុងប្រទេសកម្ពុជា ការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា(OHCHR) សហការជាមួយអង្គការសមាគមចំនួន៥ផ្សេងទៀតបានរៀបចំ«ការប្រកួតពានរង្វាន់យុវជនគាំទ្រសិទ្ធិមនុស្ស»ដើម្បីបង្ហាញការទទួលស្គាល់ចំពោះយុវជន និងដើម្បីលើកកម្ពស់ការគោរពសិទ្ធិមនុស្ស តាមរយៈសកម្មភាពចូលរួមក្នុងសហគមន៍ ឬសង្គមរបស់ខ្លួន។
លោក Mahmoud Garga អ្នកនាំពាក្យការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា(OHCHR)ប្រាប់ VOA តាមរយៈសារអេឡិចត្រូនិច ឬអ៊ីមែលថា គោលបំណងនៃការបង្កើតកម្មវិធីប្រកួតប្រជែងនេះគឺដើម្បីលើកទឹកចិត្ត និងទទួលស្គាល់ការរួមចំណែករបស់យុវជនក្នុងការលើកកម្ពស់សិទិ្ធមនុស្សនៅកម្ពុជា និងលើកកម្ពស់ការយល់ដឹងកាន់តែច្រើនអំពីសិទ្ធិក្នុងការចូលរួមកិច្ចការសាធារណៈ។
លោកសរសេរតាមន័យដើមថា៖
«យុវជនកម្ពុជាមានលទ្ធភាពទទួលបាននូវបច្ចេកវិទ្យាព័ត៌មាន និងការអប់រំបន្ថែមទៀត ហើយយើងបានឃើញគំនិតច្នៃប្រឌិតមួយចំនួនពីសំណាក់យុវជន រាប់បញ្ចូលទាំងការចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែងលើកឡើងពីដំណោះស្រាយ និងការព្រួយបារម្ភលើបញ្ហាសាធារណៈ»។
ការប្រកួតពានរង្វាន់យុវជនគាំទ្រសិទ្ធិមនុស្សនឹងចាប់ផ្តើមទទួលពាក្យពីពេលនេះរហូតដល់ថ្ងៃទី៩ខែសីហា។ បេក្ខជនត្រូវចូលរួមជាក្រុម និងត្រូវមានអាយុចាប់ពី១៥ឆ្នាំ ដល់៣០ឆ្នាំ។ បេក្ខជនចូលរួមប្រកួតត្រូវមានគំនិតក្នុងការបង្កើតជាសកម្មភាព ឬយុទ្ធនាការដែលកើតមាននៅរាជធានីភ្នំពេញ ដើម្បីធ្វើការជាមួយ ឬជំរុញឲ្យស្ថាប័ននយោបាយ ស្ថាប័នរដ្ឋនានា ឬអាជ្ញាធរមូលដ្ឋាន ឬអាជ្ញាធរថ្នាក់ជាតិ ដោះស្រាយបញ្ហា ដោះស្រាយក្តីកង្វល់ ឬគោលនយោបាយនៅសហគមន៍ ឬក្នុងសង្គមរបស់ពួកគេ។
ក្រុមការងាររបស់ការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជានឹងជួយគាំទ្រដល់ក្រុមយុវជនដែលចូលរួមប្រកួតប្រជែងដើម្បីបង្កើតជាវីដេអូខ្លី។ វីដេអូនេះសម្រាប់បង្ហោះលើទំព័រហ្វេសប៊ុកឲ្យមានការបោះឆ្នោតពីប្រជាពលរដ្ឋ។
លោកសៃម៉ុន វ៉កឃឺរ (Simon Walker)តំណាងការិយាល័យOHCHRប្រចាំកម្ពុជា លើកឡើងថា ជាទូទៅយុវជនវ័យក្មេងនៅកម្ពុជាតែងជួបការលំបាកក្នុងការអនុវត្តសិទ្ធិរបស់ពួកគេ ដោយសារបរិបទសង្គម។
លោកសៃម៉ុនបាននិយាយក្នុងសេចក្តីថ្លែងការណ៍ថា«វាមានសារៈសំខាន់ខ្លាំងណាស់ដើម្បីធានាថា សំឡេង គំនិត និងតម្រូវការរបស់ពួកគេត្រូវបានឮ និងដោះស្រាយ»។
យុវជនកម្ពុជាអាយុចាប់ពី១៥ទៅ៣០ឆ្នាំ មានចំនួន១ភាគ៣នៃប្រជាជនសរុបប្រមាណជា១៦លាននាក់។ នេះបើតាមតួលេខរបស់អង្គការសហប្រជាជាតិ។ របាយការណ៍ចេញដោយមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាបង្ហាញថា ស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាក្នុងឆ្នាំ២០១៨បានធ្លាក់ដុនដាបខ្លាំង។ នៅមុនការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ មានការអនុម័តច្បាប់មួយចំនួនដែលមានលក្ខណៈរឹតត្បិត ក្នុងគោលបំណងបំបិទសំឡេងជំទាស់។ ក្រុមអង្គការអន្តរជាតិបានចេញសេចក្តីថ្លែងការណ៍ជាបន្តបន្ទាប់ក្នុងអំឡុងឆ្នាំ២០១៩នេះទាក់ទងទៅនឹងចំណាត់ការនានាទាក់ទងនឹងបញ្ហាសិទ្ធិមនុស្សនិងសិទ្ធិសេរីភាពក្នុងប្រទេសកម្ពុជា។
កាលពីថ្ងៃទី២០ខែកក្កដា ការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា បានរៀបចំបទបង្ហាញមួយសម្រាប់ដំណាក់កាលដំបូងដើម្បីពន្យល់ក្រុមយុវជនដែលមានបំណងចូលរួមប្រកួតប្រជែងពានរង្វាន់នោះ។
កញ្ញានាង រចនា ដែលបានចូលរួមស្តាប់ការធ្វើបទបង្ហាញនោះ លើកឡើងថា កញ្ញា និងដៃគូម្នាក់ទៀតកំពុងត្រៀមខ្លួនចូលរួមក្នុងប្រកួតប្រជែងនេះ។
កំពុងសិក្សានៅថ្នាក់ទី១១នៃវិទ្យាល័យទួលទំពូង កញ្ញាវ័យ១៧ឆ្នាំរូបនេះចង់ចូលរួមបង្ហាញសមត្ថភាព ខណៈដែលនាងបានចូលរួមក្នុងសកម្មភាពសង្គមអស់រយៈពេលជាច្រើនឆ្នាំមកហើយ។
«ខ្ញុំចង់បង្ហាញសមត្ថភាព និងចំណេះដឹង។ សកម្មភាពដែលខ្ញុំធ្លាប់ចូលរួមកិច្ចការសង្គមតាំងពីខ្ញុំនៅកុមារ រហូតដល់ជាយុវជន និយាយទៅវាចូល៦ឆ្នាំហើយ។ អ៊ីចឹងនេះគឺគោលបំណងចង់លើកទឹកចិត្តយុវជនឲ្យមានឆន្ទៈសម្រាប់ការចូលរួមការងារសង្គម»។
មានអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុកចំនួនប្រាំទៀតបានចូលរួមរៀបចំការប្រកួតប្រជែងរបស់ក្រុមយុវជននេះ។ ក្នុងនោះមាន សមាគមយុវជនជនជាតិដើមភាគតិចកម្ពុជា(CIYA) អង្គការសម្ព័ន្ធសិទ្ធិកុមារកម្ពុជា (CRC-Cambodia) អង្គការស្ម័គ្រចិត្តដើម្បីសង្គម(CVS) សមាគមបណ្តាញយុវជនកម្ពុជា(CYN)និងអង្គការក្រុមប្រឹក្សាយុវជនកម្ពុជា(YCC)។
លោកស ម៉ូរី អនុប្រធានសមាគមបណ្តាញយុវជនកម្ពុជា(CYN)ដែលជាអង្គការដៃគូក្នុងកម្មវិធីនេះ លើកឡើងថា ស្ថានភាពនៃការបញ្ចេញមតិ និងការប្រមូលផ្តុំនៅកម្ពុជាបច្ចុប្បន្នកាន់តែមានភាពរឹតត្បិត ដែលធ្វើឲ្យប្រជាពលរដ្ឋពិបាកក្នុងការស្វែងរកដំណោះស្រាយផ្សេងៗពីស្ថាប័នរដ្ឋ។ លោកបន្តថា កម្មវិធីប្រកួតប្រជែងនេះនឹងជួយឲ្យយុវជនដែលជាធនធានមនុស្សមានសក្តានុពល អាចនាំយកបញ្ហាផ្សេងៗទៅដល់អាជ្ញាធរ តាមរយៈសកម្មភាពរបស់ពួកគេ។
អនុប្រធានសមាគមវ័យ២៩ឆ្នាំរូបនេះបញ្ជាក់ថា៖
«យុវជនគឺជាកម្លាំងសំខាន់ក្នុងការជំរុញឲ្យមានការផ្លាស់ប្តូរក្នុងសង្គម គាំទ្រយុវជនក្នុងការងារលើកកម្ពស់សិទ្ធិមនុស្សនឹងមានឥទ្ធិពលច្រើនក្នុងការដាក់នូវធាតុចូលទាំងឡាយ បញ្ហាប្រឈមរបស់យុវជន ហើយអ្នកនយោបាយនិងអ្នកធ្វើសេចក្តីសម្រេចចិត្តហ្នឹងនឹងពិចារណាខ្ពស់ចំពោះសំឡេងរបស់យុវជន»។
លោកជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ និងជាអនុប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ស្វាគមន៍ការរៀបចំកម្មវិធីប្រឡងប្រណាំងនេះ។ ប៉ុន្តែលោកទាញចំណាប់អារម្មណ៍ថា កុំឲ្យក្រុមយុវជនដើរហួសព្រំដែនច្បាប់។
«កម្មវិធីនេះគឺល្អដែរ ក៏ប៉ុន្តែបើមានការប្រើប្រាស់ ឬក៏ការអនុវត្តបែបបទ ឬក៏នីតិវិធីអីដែលវាបំពានទៅលើបែបបទរដ្ឋបាល ឬក៏ផ្នែកច្បាប់អី អាហ្នឹងគឺវាអាចមានជាបញ្ហាទៅវិញទេ»។
ការប្រកួតពានរង្វាន់យុវជនគាំទ្រសិទ្ធិមនុស្សនេះឧបត្ថម្ភមូលនិធិដោយសហភាពអឺរ៉ុប។
បើតាមមន្រ្តីនៅការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា(OHCHR) រហូតមកដល់ពេលនេះមានយុវជនប្រមាណជា៣០នាក់ បានចូលរួមស្តាប់ការណែនាំអំពីការប្រកួតពានរង្វាន់យុវជនគាំទ្រសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ។ ក្រុមយុវជនដែលទទួលបានជ័យលាភីក្នុងការប្រកួតនេះនឹងទទួលបានពានវិញ្ញាបនបត្រ និងរង្វាន់ផ្សេងៗទៀត៕