ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

មេដឹកនាំ​កូរ៉េ​ខាង​ជើង​នឹង​​​​ធ្វើ​ទស្សន​កិច្ច​នៅ​រុស្សី​ក្នុង​ខែ​ឧសភា


រូបភាព​ឯកសារ៖​ មេដឹក​នាំ​កូរ៉េ​ខាង​ជើង Kim Jong Un

លោក ​Kim Jong Un មេដឹកនាំ​ដែល​មិន​សេព​គប់​នរណានៃ​ប្រទេស​កូរ៉េខាង​ជើង ​មាន​គម្រោងធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​រុស្ស៊ី​នៅ​ខែ​ឧសភា ​ដែល​ជា​ដំណើរ​បំពេញ​ទស្សនកិច្ចលើក​ដំបូង​ទៅ​កាន់​បរទេស ​ចាប់​តាំង​ពី​ទទួល​ដំណែង​ពី​ឪពុក​របស់​ខ្លួន​នៅ​ឆ្នាំ​២០១១មក។

​ទី​ភ្នាក់​ងារ​សារព័ត៌មាន​ Yonhapនៃ​ប្រទេស​កូរ៉េ​ខាង​ត្បូង​បាន​បញ្ជាក់​នៅ​ថ្ងៃ​ពុធ​នេះ​ថា លោក Kim ​ស្ថិត​នៅ​ក្នុង​ចំណោម​គណៈ​ប្រតិភូ​កូរ៉េខាង​ជើង​ដែល​បាន​ទទួល​យក​សេចក្តី​អញ្ជើញ​ចូល​រួមខួប​លើក​ទី​៧០​នៃ​ជ័យ​ជម្នះ​របស់​សូវៀត​លើ​ប្រទេស​អាល្លឺម៉ង់​ក្នុង​សង្គ្រាម​លោក​លើក​ទី​២។

​ទី​ភ្នាក់​ងារ​សារព័ត៌មាន Yonhap ​បាន​ដក​ស្រង់​សម្តី​រដ្ឋាភិបាល​រុស្ស៊ី​មក​ចុះ​ផ្សាយ​ថា៖ «​មេដឹកនាំ​រដ្ឋ​ប្រហែល​២០​ប្រទេស​បាន​បញ្ជាក់​ពី​ការ​ចូលរួម​របស់​ខ្លួន​ ហើយ​មេដឹកនាំ​កូរ៉េ​ខាង​ជើង​ស្ថិត​នៅ​ក្នុង​ចំណោមមេដឹកនាំ​ទាំង​នោះ​ដែរ»។

ប្រសិន​បើ​លោក​ Kim ​ពិត​ជា​ចូលរួម​ក្នុង​ពិធី​នោះ វា​នឹង​ក្លាយ​ជា​ដំណើរ​បំពេញ​ទស្សនកិច្ច​នៅ​បរទេស​លើក​ទី​មួយរបស់​ខ្លួន​ចាប់​តាំង​ពី​ចូល​កាន់​តំណែង​មក។ ក៏​ប៉ុន្តែ​រដ្ឋាភិបាល​ទីក្រុង​ព្យុងយ៉ាង​អាច​បញ្ជូន​លោក Kim Yong Nam ​ប្រមុខ​រដ្ឋ​មាន​តែ​ឈ្មោះ​របស់​កូរ៉េ​ខាង​ជើង​។

​ប្រទេស​ចិន​ក៏​ទំនង​ជា​ប្រទេស​សម្រាប់​ដំណើរ​បំពេញ​ទស្សនកិច្ច​នៅ​បរទេស​ជា​ផ្លូវ​ការ​របស់​លោក Kim Jung Un ​ដែរ ​ក៏​ប៉ុន្តែ​ទំនាក់​ទំនង​ជាមួយ​សម្ព័ន្ធ​មិត្ត​ដ៏​ខ្លាំង​បំផុត​របស់​កូរ៉េ​ខាងជើង​មាន​ការតាន​តឹង​កាន់​តែ​ខ្លាំង​ឡើង ចាប់​តាំង​ពី​លោក Kim Jung Un ​ទទួល​ដំណែង​ពី​លោក​ Kim Jong Ilដែល​ជា​ឪពុក​របស់​ខ្លួន​មក។

​ទាំង​ប្រទេស​ចិន​និង​រុស្ស៊ី​បាន​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រម​ព្រៀង​របស់​អង្គការ​សហប្រជាជាតិ​ដាក់​ទណ្ឌកម្ម​ប្រទេស​កូរ៉េ​ខាង​ជើង ​ចំពោះ​ការ​បន្តអភិវឌ្ឍ​អាវុធ​នុយក្លែអ៊ែ​របស់​ខ្លួន ​ក៏​ប៉ុន្តែ​ចិន​បាន​ប្រកាន់​ជំហរ​នេះ​៕

XS
SM
MD
LG