ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ព្រះមហាក្សត្រ​ម៉ាឡេស៊ី​ជំរុញ​ឲ្យ​សភា​អនុម័ត​ច្បាប់​ថវិកា​ជាតិ​ឆ្នាំ ២០២១


រូបឯកសារ៖ ព្រះមហាក្សត្រ​ម៉ាឡេស៊ី Sultan Abdullah Sultan Ahmad Shah និង​ព្រះ​មហេសី Tunku Azizah Aminah Maimunah យាង​ចូលរួម​ក្នុង​ពិធី​ស្វាគមន៍​មួយ​នៅ​រដ្ឋសភា​ ក្នុង​ទីក្រុង​កូរឡាឡាំពួរ ម៉ាឡេស៊ី ថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៩។
រូបឯកសារ៖ ព្រះមហាក្សត្រ​ម៉ាឡេស៊ី Sultan Abdullah Sultan Ahmad Shah និង​ព្រះ​មហេសី Tunku Azizah Aminah Maimunah យាង​ចូលរួម​ក្នុង​ពិធី​ស្វាគមន៍​មួយ​នៅ​រដ្ឋសភា​ ក្នុង​ទីក្រុង​កូរឡាឡាំពួរ ម៉ាឡេស៊ី ថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៩។

ព្រះ​មហាក្សត្រ​នៃ​ប្រទេស​ម៉ាឡេស៊ី​បាន​ជំរុញ​ឲ្យ​សមាជិក​សភា​នៅ​ថ្ងៃ​ពុធ​នេះ​ទុក​ការខ្វែង​គំនិត​គ្នា​ផ្នែក​នយោបាយ​ចោល​មួយ​ឡែក ដើម្បី​អនុម័ត​ច្បាប់​ថវិកា​ឆ្នាំ ២០២១ «ដោយ​គ្មាន​ការ​រំខាន» ស្របពេល​ដែល​លោក​នាយក​រដ្ឋមន្ត្រី Muhyiddin Yassin ប្រឹងប្រែង​ទប់ទល់​នឹង​វិបត្តិ​ជំងឺ​កូវីដ១៩ និង​បញ្ហា​ប្រឈម​ចំពោះ​តំណែង​របស់​លោក។ នេះ​បើ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters។

រដ្ឋាភិបាល​របស់​លោក Muhyiddin គ្រោង​នឹង​ដាក់​បង្ហាញ​សំណើ​ច្បាប់​កញ្ចប់​ថវិកា​ដំបូង​នៅ​ថ្ងៃ​ទី ៦ ខែ​វិច្ឆិកា​ខាង​មុខ ស្រប​ពេល​ដែល​មាន​ការ​ប្រឈម​ពី​មេដឹកនាំ​គណបក្ស​ប្រឆាំង​លោក Anwar Ibrahim ចំពោះ​តំណែង​ជា​នាយករដ្ឋមន្ត្រី​របស់​លោក។

ព្រះមហាក្សត្រ Al-Sultan Abdullah បាន​មាន​ព្រះ​រាជ​បន្ទូល​ថា ថវិកា​សម្រាប់​ឆ្នាំ​ក្រោយ​គឺ​មាន​សារៈសំខាន់​ណាស់​នៅ​ក្នុង​ការ​ជួយ​រដ្ឋាភិបាល​ដើម្បី​គ្រប់គ្រង​ផល​ប៉ះពាល់​ដែល​បណ្ដាល​មក​ពី​ជំងឺ​កូវីដ១៩ និង​ដើម្បី​ស្តារ​សេដ្ឋកិច្ច​ឡើង​វិញ។

នៅ​ក្នុង​សេចក្ដី​ប្រកាស​មួយ ព្រះ​មរម​រាជវាំង​ម៉ាឡេស៊ី​បាន​បញ្ជាក់​ថា ព្រះមហាក្សត្រ​ក៏​អំពាវនាវ​ឲ្យ​សមាជិក​សភា​គោរព​តាម​ព្រះរាជ​ក្រឹត្យ​ឲ្យ​មាន​ការ​បញ្ចប់​ការ​ខ្វែង​គំនិត​គ្នា​ផ្នែក​នយោបាយ​ផងដែរ «ដើម្បី​ឲ្យ​ថវិកា​ឆ្នាំ ២០២១ អាច​ត្រូវ​បាន​អនុម័ត​ដោយ​គ្មាន​ការ​រំខាន»៕

XS
SM
MD
LG