ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នកតាមដាន ជំរុញ​ឲ្យ​ព្យាយាម​«សម្របសម្រួល»​ចំណុច​ខ្ទាស់ ក្រោយ​កិច្ចប្រជុំ​អាស៊ាន​ធ្វើនៅ​សៀមរាប​ត្រូវ​លើកពេល


រូបឯកសារ៖ ទង់ជាតិ​នៃ​ប្រទេស​ជា​សមាជិក​​អាស៊ាន ត្រូវបាន​ដោត​នៅ​ខាងមុខ​​អាគារ​លេខាធិការដ្ឋាន​អាស៊ាន​ក្នុង​ទីក្រុង​ហ្សាកាតា ប្រទេស​ឥណ្ឌូណេស៊ី កាលពី​ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១។
រូបឯកសារ៖ ទង់ជាតិ​នៃ​ប្រទេស​ជា​សមាជិក​​អាស៊ាន ត្រូវបាន​ដោត​នៅ​ខាងមុខ​​អាគារ​លេខាធិការដ្ឋាន​អាស៊ាន​ក្នុង​ទីក្រុង​ហ្សាកាតា ប្រទេស​ឥណ្ឌូណេស៊ី កាលពី​ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១។

កិច្ច​ប្រជុំ​ដំបូង​របស់​អាស៊ាន​ដែល​គ្រោង​ធ្វើ​នៅ​ក្នុង​ខេត្ត​សៀមរាប​ នៅ​សប្តាហ៍​ក្រោយ ​ក្នុង​ពេល​កម្ពុជា​ធ្វើ​ជា​ប្រធាន​អាស៊ាន​ប្តូរ​វេន​ឆ្នាំ​២០២២ ​មិន​អាច​កើត​មាន​ឡើង។​ក្រសួង​ការ​បរទេស​កម្ពុជា​កាល​ពី​ថ្ងៃ​ពុធ ​បាន​ប្រកាស​លើក​ពេល ​ដោយ​បញ្ជាក់​ថា​សមាជិក​អាស៊ាន​ភាគ​ច្រើន​រវល់។​

លោក ​កុយ គួង ​អ្នក​នាំពាក្យ​ក្រសួង​ការ​បរទេស​កម្ពុជា ​ប្រាប់​ក្រុម​អ្នក​សារ​ព័ត៌មាន​ក្នុង​ប្រព័ន្ធ​តេឡេក្រាម​ (Telegram)​ កាល​ពី​ថ្ងៃ​ពុធ​ថា​ «កិច្ច​ប្រជុំ​ចង្អៀត​រដ្ឋមន្ត្រី​ការ​បរទេស​អាស៊ាន ​ដែល​គ្រោង​រៀបចំ​ធ្វើ​នៅ​ថ្ងៃ​ទី​១៨-១៩ ​ខែ​មករា​ ឆ្នាំ​២០២២​ នៅ​ខេត្ត​សៀមរាប​ ត្រូវ​បាន​លើក​ទៅ​ធ្វើ​នាពេល​ក្រោយ​វិញ។ ​ការ​លើក​ពេល​នេះ​ ដោយ​មូលហេតុ​រដ្ឋមន្ត្រី​ការ​បរទេស​អាស៊ាន​ជាច្រើន​រូប ​មាន​ការ​លំបាក​ក្នុង​ការ​ធ្វើ​ដំណើរ​មក​ចូលរួម​ក្នុង​កិច្ច​ប្រជុំ​ខាង​លើ»។​

វីអូអេ ​មិន​ទាន់​អាច​សុំ​ការ​បញ្ជាក់​បន្ថែម​ពី​លោក ​កុយ គួង​ បាន​នៅ​ឡើយ​ទេ។​

ប៉ុន្តែ​ការ​លើក​ពេល​នេះ ​កើត​ឡើង​ស្រប​ពេល​មាន​ភាព​ចម្រូង​ចម្រាស​ទៅ​លើ​វត្តមាន​របស់​តំណាង​មីយ៉ាន់ម៉ា ​ដែល​ជា​រដ្ឋមន្រ្តី​ការ​បរទេស​ តែង​តាំង​ដោយ​មេ​ដឹកនាំ​យោធា។ ​អ្នក​វិភាគ​យល់​ថា ​ការ​លើក​ឡើង​ថា ​រវល់​ គ្រាន់​តែ​ជា​លេស​មួយ​ ដោយ​សារ​ពួកគេ​មិន​ចង់​ចូល​រួម​ប្រជុំ​អាស៊ាន​ ដែល​នឹង​មាន​វត្តមាន​របស់​រដ្ឋមន្រ្តី​ការ​បរទេស​មីយ៉ាន់ម៉ា។​

លោក​ អៀ សុផល​ អ្នក​តាម​ដាន​នយោបាយ​កម្ពុជា ​និង​ជា​ព្រឹទ្ធ​បុរស​រង​ទទួល​បន្ទុក​ផ្នែក​អភិវឌ្ឍន៍​នៅ​សាកល​វិទ្យាល័យ​រដ្ឋ ​Arizona ​សហ​រដ្ឋ​អាមេរិក​ ​ប្រាប់​វីអូអេ​តាម​សារ​អ៊ីម៉ែល​នៅ​ថ្ងៃ​ព្រហស្បតិ៍​ថា ​នេះ ​មិន​មែន​ជា​ការ​ពហិការ​ផ្លូវ​ការ​ឡើយ ​ប៉ុន្តែ ​ពួក​គេ​បង្កើត​នូវ​លេស​មួយ​ចំនួន​ថា​ មិន​បាន​ចូលរួម​កិច្ច​ប្រជុំ។​

លោក​ថ្លែង​ថា៖ ​«វា​ជា​មធ្យោបាយ​គួរ​សម​នៃ​ការ​និយាយ​ថា​ សុំ​ទោស ខ្ញុំ​មិន​បាន​ចូល​រួម»។​

លោក​បន្ថែម​ថា​ បើ​ទោះ​បី​កម្ពុជា​គិត​ថា​ វា​ដោយ​សារ​បញ្ហា​កាល​វិភាគ ​ប៉ុន្តែ ​«វា​មិន​អាច​ប្រកែក​បាន​ឡើយ​ថា​ ពួកគេ​ មិន​អាច​សូម្បី​តែ​រៀបចំ​នូវ​កិច្ច​ប្រជុំ​មួយ»។​

លោក​ គិន ភា ​ប្រធាន​វិទ្យាស្ថាន​ទំនាក់​ទំនង​អន្តរជាតិ​នៃ​រាជ​បណិ្ឌត្យ​សភា​កម្ពុជា ​ថ្លែង​ថា​ វា​ងាយ​នឹង​ការ​ធ្វើ​ឲ្យ​រាំង​ស្ទះ​សម្រាប់​ការ​រៀបចំ​កិច្ច​ប្រជុំ​ ដោយ​សារ​គោល​ការណ៍​កុងសង់ស៊ីស​(មូលមតិ)​របស់​អាស៊ាន ​គឺ​ត្រូវ​មាន​ការ​ឯកភាព​គ្នា​ទាំង​១០​ប្រទេស។​ លោក​បន្ថែម​ថា​ កម្ពុជា​ចាំបាច់​ត្រូវ​«សម្របសម្រួល»​គ្នា​ គឺ​ជជែក​គ្នា​ឲ្យ​យល់​ប្រសិន​បើ​បញ្ហា​នៅ​មីយ៉ាន់ម៉ា​ នាំ​ឲ្យ​មិន​អាច​ចូល​រួម​កិច្ច​ប្រជុំ​បាន។​ លោក​បន្ត​ថា​ ការ​ធ្វើ​ជា​ប្រធាន​អាស៊ាន​របស់​កម្ពុជា​នៅ​ឆ្នាំ​២០២២​នេះ ​នឹង​ជួប​ការ​លំបាក​ច្រើន។​

លោក​បញ្ជាក់​ថា៖​ «ខ្ញុំ​គិត​ថា ​វា​ជា​រឿង​លំបាក​ច្រើន។​ លំបាក​ទីមួយ ​បើ​សិន​ជា​ករណី​ភូមា ​ជា​ករណី​យក​ហេតុផល​សម្រាប់​ខ្ទាស់​គ្នា ​ខ្ញុំ​គិត​ថា​ មួយ​ឆ្នាំ​ហ្នឹង ​យើង​មាន​ការ​ខ្ទាស់​គ្នា​ច្រើន​ ប្រសិន​បើ​សមាជិក​អាស៊ាន​ដទៃ​ទៀត ​ត្រូវ​តែ​ប្រកាន់​ជំហរ ​ត្រូវ​តែ​មាន​វឌ្ឍនភាព​ជា​ដុំ​កំភួន​នូវ​ចំណុច​កុងសង់ស៊ីស​ទាំង​៥​ចំណុច​ដែល​បាន​ព្រម​ព្រៀង​ហ្នឹង​ហើយ​កម្ពុជា​នៅ​តែ​ប្រកាន់​ជំហរ​មួយ​ថា​ ត្រូវ​តែ​មាន​វត្តមាន​តំណាង​ជាន់​ខ្ពស់​របស់​ភូមា»។​

កាលពី​កន្លង​ទៅ ​លោក ​Joko Widodo ​ប្រធានាធិបតី​ឥណ្ឌូណេស៊ី​ បាន​ឲ្យ​ដឹង​នៅ​លើ​ទំព័រ ​Twitter ​របស់​លោក​ថា​ ប្រសិន​បើ​មិន​មាន​វិវឌ្ឍនភាព​គួរ​ឲ្យ​កត់​សម្គាល់​ទៅ​លើ​៥​ចំណុច​ដែល​បាន​ឯកភាព​គ្នា​ទេ ​តំណាង​របស់​ប្រទេស​មីយ៉ាន់ម៉ា​ អាច​ចូល​រួម​ប្រជុំ​អាស៊ាន​បាន ​តែ​ក្នុង​កម្រិត​មិន​មែន​នយោបាយ​តែ​ប៉ុណ្ណោះ។​

ការ​លើក​ពេល​កិច្ច​ប្រជុំ​រដ្ឋមន្រ្តី​អាស៊ាន ​ដោយ​មិន​ទាន់​កំណត់​ពេល​នេះ ​ធ្វើ​ឡើង​ក្រោយ​ពី​ដំណើរ​ទស្សន​កិច្ច​របស់​លោក​នាយក​រដ្ឋមន្រ្តី ​ហ៊ុន សែន​ ទៅ​ជួប​មេ​ដឹកនាំ​យោធា​មីយ៉ាន់ម៉ា​ កាលពី​ថ្ងៃ​ទី​៧​ ខែ​មករា​ ឆ្នាំ​២០២២ ​ដែល​រង​ការ​រិះគន់​អំពី​ការ​ទទួល​ស្គាល់​មេ​ដឹកនាំ​យោធា​មីយ៉ាន់ម៉ា។​

នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ ​លោក​នាយក​រដ្ឋមន្រ្តី ​ហ៊ុន សែន ​បាន​សន្ទនា​ការងារ​តាម​ប្រព័ន្ធ​វីដេអូ​ជាមួយ​បេសក​ជន​ពិសេស​ថ្មី​របស់​អគ្គ​លេខាធិការ​អង្គការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​កិច្ចការ​មីយ៉ាន់ម៉ា​ គឺ​អ្នកស្រី ​Noeleen Hayzer។​

បើ​តាម​សារ​នៅ​លើ​ហ្វេសប៊ុក​របស់​លោក​ ​លោក​នាយក​រដ្ឋមន្រ្តី ​ហ៊ុន សែន ​បាន​បញ្ជាក់​ប្រាប់​បេសកជន​ថ្មី​របស់​អង្គការ​សហ​ប្រជាជាតិ​ថា​ ដំណើរ​ទស្សន​កិច្ច​ការងារ​របស់​លោក​ទៅ​ប្រទេស​មីយ៉ាន់ម៉ា ​គឺ​សំខាន់​មិន​ចេញ​ឆ្ងាយ​ពី​ធម្មនុញ្ញ​អាស៊ាន ​និង​ចំណុច​ដែល​បាន​ឯកភាព​គ្នា​ចំនួន​៥​ នោះ​ទេ។​ លោក​បន្ថែម​ថា​ ដំណើរ​ទស្សនកិច្ច​នេះ គឺ​«ចង់​រក​មធ្យោបាយ​ដើម្បី​បញ្ចប់​ភាព​ហិង្សា ​និង​បញ្ចប់​បទ​ឈប់បាញ់ ​(បញ្ចប់​ការ​បាញ់​គ្នា) ដែល​ជា​កត្តា​សំខាន់​ដែល​ស្ថិត​នៅ​ក្នុង​ចំណុច​ទាំង ​៥​ ដែល​អាស៊ានបាន​លើក​ឡើង»។

សេចក្តី​ប្រកាស​ព័ត៌មាន​ដែល​បង្ហោះ​លើ​គេហទំព័រ​របស់​អង្គការ​សហ​ប្រជាជាតិ ​អ្នកស្រី​ Noeleen Hayzer ​ដែល​ជា​បេសក​ជន​របស់​អង្គការ​សហ​ប្រជាជាតិ ​បាន​សង្កត់​ធ្ងន់​ថា​ អ្នកស្រី​«ត្រៀម​ខ្លួន​រួច​រាល់​ដើម្បី​ជួយ​ពង្រឹង​កិច្ច​ប្រឹង​ប្រែង​ថ្នាក់​តំបន់​សម្រាប់​ការ​អនុវត្ត​ជា​បន្ទាន់​ និង​មាន​ប្រសិទ្ធ​ភាព​នូវ​ចំណុច​ឯកភាព​ទាំង​៥»។​

អ្នកស្រី​ថា​ នឹង​ធ្វើការ​ជាមួយ​ប្រធាន​អាស៊ាន ​និង​សមាជិក​ ក្នុង​ការ​អនុវត្ត​ចំណុច​កុងសង់ស៊ីស​ទាំង​៥​ ដែល​ជា​«ជំហាន​សំខាន់»​មួយ។​ អ្នកស្រី​បញ្ជាក់​ថា​ នឹង​ធ្វើ​ការ​ជិត​សិទ្ធិ​ជាមួយ​ប្រេសិត​ពិសេស​របស់​អាស៊ាន ​គឺ​រដ្ឋមន្រ្តី​ការ​បរទេស​កម្ពុជា ​លោក​ ប្រាក់ សុខុន​ ផង​ដែរ៕

XS
SM
MD
LG