ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

នាយក​រដ្ឋ​មន្ត្រី​ម៉ាឡេស៊ី​មិន​ស្តាប់​តាម​ការ​អំពាវនាវ​ឲ្យ​លោក​ចុះ​ចេញ​ពី​តំណែង​​នោះ​ទេ


ប្រធាន​គណបក្ស​កាន់​អំណាច​របស់​ម៉ាឡេស៊ី​ និង​ជា​នាយក​រដ្ឋ​មន្រ្តី​របស់​ប្រទេស​ម៉ាឡេស៊ី គឺ​លោក Najib Razak ពិនិត្យ​អ្នក​យាម​ ក្នុង​ពិធី​បើក​មហាសន្និបាត​គណបក្ស​នៅ​ក្នុង​ក្រុង​គូឡាឡាំពួ ប្រទេស​ម៉ាឡេស៊ី កាលពី​ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៥។
ប្រធាន​គណបក្ស​កាន់​អំណាច​របស់​ម៉ាឡេស៊ី​ និង​ជា​នាយក​រដ្ឋ​មន្រ្តី​របស់​ប្រទេស​ម៉ាឡេស៊ី គឺ​លោក Najib Razak ពិនិត្យ​អ្នក​យាម​ ក្នុង​ពិធី​បើក​មហាសន្និបាត​គណបក្ស​នៅ​ក្នុង​ក្រុង​គូឡាឡាំពួ ប្រទេស​ម៉ាឡេស៊ី កាលពី​ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៥។

នាយក​រដ្ឋ​មន្ត្រី​ម៉ាឡេស៊ី លោក Najib Razak បាន​ប្តេជ្ញា​ថា លោក​នឹង​មិន​ចុះចាញ់​ការ​គាប​សង្កត់​ឲ្យ​លោក​ចុះ​ចេញ​ពី​តំណែង​ ដោយ​សារ​រឿង​អាស្រូវ​ទាក់ទង​នឹង​មូលនិធិ​វិនិយោគ​របស់​រដ្ឋ​នោះ​ទេ។

ថ្លែង​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ក្នុង​កិច្ច​ប្រជុំ​ប្រចាំ​ឆ្នាំ​របស់​គណបក្ស​ជាតិ​រួបរួម​ម៉ាឡេ ឬ United Malays National Organization​ (UMNO) របស់​លោក​ដែល​កាន់​អំណាច​ជា​យូរ​មក​ហើយ​នោះ លោក Najib បាន​ធានា​នៅ​ចំពោះ​មុខ​ប្រតិភូ​គណបក្ស​ជាង​២ពាន់​នាក់​ថា លោក មិន​បាន​ធ្វើ​អ្វី​ខុស​នោះ​ទេ។ លោក Najib បាន​ប្រាប់​ប្រតិភូ​ទាំង​នោះ​ថា ការ​ពិត​គឺ​ស្ថិត​នៅ​ខាង​លោក ហើយ​ថា «សច្ចធម៌​នឹង​ឈ្នះ»។

នាយក​រដ្ឋ​មន្ត្រី​ម៉ាឡេស៊ី​រូប​នេះ​កំពុង​រង​ការ​រិះ​គន់​យ៉ាង​ខ្លាំង ចាប់តាំង​ពី​មាន​ការ​លាត​ត្រដាង​មួយ​កាល​ពី​ខែ​កក្កដា​ថា រូប​លោក​បាន​ទទួល​ប្រាក់​ចំនួន​ប្រមាណ​៧០០លាន​ដុល្លារ​អាមេរិក​ក្នុង​គណនី​ធនាគារ​ផ្ទាល់​ខ្លួន​របស់​លោក។ ទឹក​ប្រាក់​នោះ​ហាក់​ដូច​ជា​បាន​មក​ពី​ក្រុមហ៊ុន 1Malaysia Development Berhad ((1MDB)) ដែល​ជា​ក្រុមហ៊ុន​គ្រប់គ្រង​ដោយ​រដ្ឋាភិបាល​ម៉ាឡេស៊ី។

លោក Najib បាន​បដិសេធ​ថា លោក​មិន​បាន​ធ្វើ​អ្វី​ខុស​ទេ ដោយ​ទទូច​ថា លុយ​នោះ​គឺ​ជា​អំណោយ​នយោបាយ​ពី​មនុស្ស​ម្នាក់​នៅ​មជ្ឈឹម​បូព៌ា ប៉ុន្តែ​លោក​បាន​ប្រកែក​មិន​ព្រម​បង្ហាញ​អត្តសញ្ញាណ​របស់​ជន​នោះ​ទេ។

លោក Najib បាន​បណ្តេញ​មន្ត្រី​ជាន់​ខ្ពស់​ជាច្រើន​រូប​ចេញ​ពី​តំណែង​ក្នុង​រដ្ឋាភិបាល​របស់​លោក​ដោយសារ​មន្ត្រី​ទាំង​នោះ​បាន​ទាមទារ​ឲ្យ​លោក​ចុះ​ចេញ​ពី​តំណែង។ មន្ត្រី​ទាំង​នោះ រួម​ទាំង​អនុប្រធាន​គណបក្ស​ជាតិ​រួបរួម​ម៉ាឡេ (UMNO) គឺ​លោកMuhyiddin Yassin ផង ដែល​ត្រូវ​បាន​បញ្ឈប់​ពី​ការងារ​ក្នុង​មុខ​តំណែង​ជា​ឧបនាយក​រដ្ឋមន្ត្រី​ កាល​ពី​ខែ​សីហា​កន្លង​ទៅ​នេះ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG