តុលាការកំពូលរបស់ប្រទេសម៉ាឡេស៊ីបានតម្កល់ការកាត់ទោសការរួមភេទដូចគ្នាប្រឆាំងលោក Anwar Ibrahim ប្រធានគណបក្សប្រឆាំង ដោយធ្វើការច្រានចោលការប្តឹងឧទ្ធរណ៍ចុងក្រោយរបស់លោកនៅក្នុងរឿងក្តីដ៏យូរអង្វែងមួយដែលក្រុមអង្គការសិទ្ធិមនុស្ស និយាយថា ជាវិធីមួយដើម្បីបំផ្លាញអាជីពនយោបាយរបស់លោក។
លោក Anwarអាយុ៦៧ឆ្នាំ បានញញឹមហើយឱបគ្រួសាររបស់លោកនៅថ្ងៃអង្គារនេះ បន្ទាប់ពីគណៈកម្មការចៅក្រមតុលាការសហព័ន្ធ បានកាត់សេចក្តីថា មានភស្តុតាងដ៏ច្រើនមហិមាថា លោកបានរួមភេទជាមួយអ្នកជំនួយការក្មេងប្រុសម្នាក់នៅឆ្នាំ២០០៨។
លោក Anwar បានចុះផ្សាយនៅក្នុងប្រព័ន្ធ Twitter បន្ទាប់ពីការកាត់សេចក្តីថា ព្រះ Allah ជាសាក្សីរបស់ខ្ញុំ។ខ្ញុំ នឹងមិននៅស្ងៀមស្ងាត់ទេ។
លោក Anwar បានត្រូវតុលាការកាត់ឲ្យរួចខ្លួនលើបទចោទប្រកាន់នៅឆ្នាំ២០១២។ក៏ប៉ុន្តែ កាលពីឆ្នាំទៅ តុលាការឧទ្ធរណ៍ បានប្រែក្រឡាសសេចក្តីសម្រេចនោះ ដោយបានកាត់ទោសលោកឲ្យជាប់គុក៥ឆ្នាំ។នៅថ្ងៃអង្គារនេះ តុលាការសហព័ន្ធ បានតម្កល់រយៈពេលនៃការជាប់ពន្ធនាគារនេះ។
លោក Anwar ជាប្រធានសម្ព័ន្ធ Pakatan Rakyatគណបក្សប្រឆាំងដែលមានគណបក្ស៣បញ្ចូលគ្នា ដែលបានធ្វើការគម្រាមកំហែងដែលមិនធ្លាប់មានកាលពីពេលមុនដល់គណបក្សចម្រុះ Barisan Nasional ដែលបានកាន់អំណាចចាប់តាំងពីឆ្នាំ១៩៥៧មក៕