ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​ច្បាប់​ម៉ាឡេស៊ី​រិះគន់​សាលក្រម​កាត់​ទោស​លោក ​Anwar Ibrahim


លោក Anwar Ibrahim មេដឹកនាំ​គណបក្ស​ប្រឆាំង​ម៉ាឡេស៊ី​លើក​ដៃ​ក្រោយ​ពេល​​លោក​ចេញ​ពី​តុលាការ​នៅ​ក្រុង​ Putrajaya ប្រទេស​ម៉ាឡេស៊ី​ កាល​ពី​ថ្ងៃ​ទី​៧​ខែ​មីនា ឆ្នាំ​២០១៤។
លោក Anwar Ibrahim មេដឹកនាំ​គណបក្ស​ប្រឆាំង​ម៉ាឡេស៊ី​លើក​ដៃ​ក្រោយ​ពេល​​លោក​ចេញ​ពី​តុលាការ​នៅ​ក្រុង​ Putrajaya ប្រទេស​ម៉ាឡេស៊ី​ កាល​ពី​ថ្ងៃ​ទី​៧​ខែ​មីនា ឆ្នាំ​២០១៤។
ក្រុម​ការពារ​ច្បាប់​និយាយ​ថា ​ការ​សម្រេច​របស់​សាលា​ឧទ្ធរណ៍ប្រឆាំង​លោក ​Anwar Ibrahim ​មេដឹកនាំ​គណបក្ស​ប្រឆាំង​ហើយ​នឹង​ការ​សម្រេចដាច់​ដោយ​ឡែក​មួយ​ទៀត​របស់​តុលាការ​ជាន់​ខ្ពស់​ពាក់​ព័ន្ធ​នឹងលោក​ Karpal Singh ​មេធាវី​របស់​លោក​នោះ​ បង្ហាញ​ថា​ ឯក​រាជ្យ​ភាព​របស់​ប្រព័ន្ធ​តុលាការ​ម៉ាឡេស៊ីកំពុង​ដើរ​ថយ​ក្រោយ​បន្ថែម​ទៀត។​

កាលពី​សប្តាហ៍​មុន ​លោក ​Anwar Ibrahim ​មេ​ដឹកនាំ​គណបក្ស​ប្រឆាំង​នៅម៉ាឡេស៊ី ​បាន​ត្រូវ​សាលា​ឧទ្ធរណ៍​ផ្តន្ទាទោស​លើ​បទ​ចោទ​ប្រកាន់​ពី​ការរួម​ភេទ​មនុស្ស​ប្រុស​ដូច​គ្នា។ ការ​ផ្តន្ទាទោស​បដិសេធ​ការ​សម្រេចរបស់​តុលាការ​កំពូល​កាលពីឆ្នាំ​២០១២​ដែល​បានឲ្យ​លោក​ឲ្យ​រួចខ្លួន​ទោសនោះ។

លោក​បាន​ត្រូវ​តុលាការ​កាត់​ឲ្យ​ជាប់​គុក​៥​ឆ្នាំ​ ក៏​ប៉ុន្តែ​លោក​អាច​នៅ​មាន​សេរីភាព​ ដោយ​សារប្រាក់​ធានា​នៅ​ក្រៅ​ឃុំឃាំង​ ខណៈ​ដែល​លោក​ប្តឹង​ឧទ្ធរណ៍​សាលក្រម​នោះ។​

ឥឡូវ​នេះ ​លោក ​Karpal Singh ​មេធាវីរបស់​លោក ​Anwar ប្រឈម​មុខ​ជាប់​គុក​៣​ឆ្នាំលើ​បទ​ចោទ​ប្រកាន់តាមច្បាប់សម័យ​អាណានិគម​ឆ្នាំ​១៩៤៨​ពី​ការ​រួម​ភេទ​មនុស្ស​ប្រុស​ដូចគ្នា​ នៅពេល​ដែល​តុលាការ​កំពូល​ក្នុង​ទីក្រុង ​Kuala Lumpur អាន​សាលក្រម​សម្រេច​ដាក់​ទោសនៅ​ថ្ងៃ​អង្គារ។​

លោក ​Singh ជា​មេដឹកនាំគណបក្ស​ប្រជា​ធិបតេយ្យ​ ដែល​ជា​គណបក្ស​ប្រឆាំងដ៏ធំ​ ហើយ​ការ​ចោទប្រកាន់​នោះទាក់​ទិន​នឹង​អត្ថាធិប្បាយដែល​លោក​បាន​ធ្វើចំពោះ​បញ្ហា​ធម្មនុញ្ញពាក់ព័ន្ធ​នឹង​ព្រះ​ចៅ ​Sultan Perak។​

ពួក​អ្នកគាំទ្រ​សិទ្ធិ​មនុស្ស និង​ច្បាប់បាន​រឹះគន់​ការ​សម្រេច​របស់​តុលាការ​នោះ ​ដោយ​ហៅ​សាលក្រមថា ​មាន​គោល​បំណង​ខាង​នយោបាយ។​

លោក​ Phil Robertson ​អនុ​ប្រធាន​ទទួល​បន្ទុក​តំបន់​អាស៊ី​នៃ​អង្គការ​សិទ្ធិ​មនុស្ស ​Human Rights Watch ​ ដែល​មាន​ទីតាំង​ក្នុង​សហ​រដ្ឋ​អាមេរិក​ បាន​និយាយ​ថា ​សាលក្រម​នោះ​ទំនង​ធ្វើ​ឲ្យ​អន្តរាយ​ដល់​ឯក​រាជ្យ​ភាព​របស់​តុលាការ។​

«គេ​បាន​កំចាត់​លោក ​Anwar​ មេដឹកនាំ​គណបក្ស​ប្រឆាំង ហើយ​គេ​ក៏បាន​កំចាត់​ប្រធាន​គណបក្ស​ Democratic Action ​ដែល​ជា​គណបក្ស​ប្រឆាំងធំ​ទី​២​ផង​ដែរ។ ​នេះប្រាកដ​ជាការព្យា​យាម​ផ្តួល​រំលំពួក​ប្រឆាំង​ ដោយ​ការ​ប្រើ​ប្រាស់​តុលាការ​ ហើយ​នឹង​ធ្វើ​ឲ្យ​ពួក​គេ​ចុះ​ខ្សោយ​បន្ថែម​ទៀត​ ដើម្បី​កុំ​ឲ្យ​ពួក​គេ​អាច​បង្កើត​បញ្ហាបាន»។​

ការ​ចោទ​ប្រកាន់​ប្រឆាំង​លោក​ Anwar ​ពី​បទរួម​សង្វាស​មនុស្ស​ភេទ​ដូច​គ្នា​នៅឆ្នាំ​២០០៨​នោះ​ ​បាន​ត្រូវតុលាការ​កំពូល​សម្រេច​ឲ្យ​រួចទោសនៅ​ឆ្នាំ​២០១២។ ​រឿងក្តីកើត​មាន​ឡើង​បន្ទាប់​ទៀតលើ​បទ​ចោទប្រកាន់​ស្រដៀង​គ្នា​ ​ប្រឆាំង​លោក ​Anwar​ ក្នុង​ទសវត្សរ៍​១៩៩០​ ព្រម​ជាមួយ​បទ​ចោទ​ប្រកាន់​រឿង​ពុក​រលួយ។​

ក្នុង​ឆ្នាំ​១៩៩៩ ​លោក Anwar​ បាន​ត្រូវ​តុលាការ​កាត់​ឲ្យ​ជាប់​ទោស​៩​ឆ្នាំ​ពីបទ​ពុករលួយ​ហើយ​នឹង​ជាប់​គុក​៦​ឆ្នាំ​ពីបទ​រួម​រក្ស​មនុស្ស​ភេទ​ដូចគ្នា ​ដែល​ជា​ការ​ខុសច្បាប់​ក្នុង​ប្រទេស​ម៉ាឡេស៊ី​ កាន់​សាសនា​អ៊ីស្លាម​នោះ។ ​តុលាការ​កំពូល​បាន​បដិសេធ​ការ​កាត់​ទោស​ឲ្យ​លោក​ជាប់​ទោស​នោះ​ ហើយ​លោក ​បាន​ត្រូវ​ដោះលែង​ក្នុង​ឆ្នាំ​២០០៤។​

លោក Anwar ​ធ្លាប់​ធ្វើ​ជា​ឧប​នាយករដ្ឋ​មន្រ្តី​នៅ​ក្រោម​ការ​ដឹកនាំ​ដោយ​លោក​ Mahathir Mohamad ​ មុន​ពេល​មេដឹកនាំ​នយោបាយ​ទាំង​២​នេះ​បាន​ឈ្លោះ​ប្រកែក​ខាង​នយោបាយ​ក្នុង​អំឡុង​ពេល​មានវិបត្តិ​ហិរញ្ញវត្ថុ​អាស៊ី​នៅ​ចុង​ទសវត្សរ៍​១៩៩០។​

លោក ​Anwar ​ក៏​បាន​ចោទ​ប្រកាន់គណបក្ស​គ្រប់​គ្រង​អំណាច​ពី​បទ​បក្ខ​ពួក​និយម និង​គ្រួសារ​និយម ហើយ​បាន​អំពាវនាវ​ឲ្យ​មាន​កំណែ​ទម្រង់សេដ្ឋ​កិច្ច។​

ពួក​អ្នក​វិភាគ​អះអាង​ថា​ ​ការ​ចោទ​ប្រកាន់​ហើយ​នឹង​ការ​ផ្តន្ទាទោស​ពី​ដំបូងៗ​ នោះ​ក៏​មាន​គោល​បំណងធ្វើ​ឲ្យ​អន្តរាយ​ដល់ប្រជាប្រិយភាព​ដែល​រីកកាន់​តែ​ខ្លាំង​ឡើង​របស់​លោក ​Anwar​ ផង​ដែរ។​

ចាប់​តាំង​ពី​ការ​ដោះលែង​លោក​ចេញពី​គុក​មក ​លោក ​Anwar ​បាន​កសាង​អាជីព​នយោបាយ​របស់​លោក​ឡើង​វិញ ហើយ​បាន​ប្រុង​ប្រៀប​ប្រកួត​ប្រជែង​យក​អាសនៈក្នុង​រដ្ឋ ​Selangor ​ភាគ​កណ្តាល​នៅ​ថ្ងៃ​ទី​២៣ ​ខែ​មិនា​នេះ។​

ពួក​អ្នក​វិភាគ​នយោបាយ​និយាយ​ថា ​លោក ​Anwar ​បាន​ត្រូវ​ខ្សុច​ប្រាប់ឲ្យ​ទទួល​យក​តួនាទី​ជា​ប្រមុខ​រដ្ឋ​មន្រ្តី​របស់​រដ្ឋ​នោះ។​

លោក ​Sam Zarifi ​ជា​នាយកគណៈ​កម្មការ​គណៈវិនិច្ឆ័យ​អន្តរជាតិ​ប្រចាំ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក ​(ICJ)។​ លោក​និយាយ​ថា ​វិធាន​ការ​ខាង​តុលាការ​នេះ ​ទំនង​ជា​មានគោលដៅ​ធ្វើ​ឲ្យ​លោក ​Anwar ​ចេញ​ពី​ឆាក​នយោបាយ។​

«តាម​ការណ៍​ពិត ​ពេល​វេលា​នៃ​រឿង​ក្តី​នេះ​ ហើយ​នឹង​សន្ទុះ​ដែល​នៅ​ទី​បញ្ចប់​ពួកគេធ្វើការ​កាត់​ទោស ​និង​មិន​ស្តាប់​សាវនាការបន្ធូរ​បន្ថយ​ទោស​លោក​នោះ​ គឺ​មាន​ន័យថា ​លោក ​Anwar ​មិន​អាចឈរ​ឈ្មោះ​សភា​ម្តង​ទៀត ​ហើយ​ជា​ការណ៍​ពិត ​លោក​ត្រូវ​ស្ថិត​នៅ​ក្រៅ​ឆាក​នយោបាយមួយ​រយៈ​ពេល។ ​រឿង​ទាំងអស់​នេះប្រាប់​ឲ្យ​ដឹង​ថា ​មាន​ហេតុផល​ខាង​នយោបាយចំពោះ​បញ្ហា​នេះ។ នេះ​មិន​មែន​ជា​ការ​កាត់ក្តី​ត្រឹម​ត្រូវ​ទេ»។​

ពួក​អ្នក​សង្កេតការណ៍​ខាង​ច្បាប់​និយាយ​ថា ការ​សម្រេច​របស់​តុលាការ​កំពូល​នៅ​ឆ្នាំ​២០០៤​ដើម្បី​ដោះលែង​លោក ​Anwar ​ចេញ​ពី​គុកនេះ​ ​បាន​បង្កើន​ការ​រំពឹង​ទុក​ជា​មុន​ថា​ ​ប្រព័ន្ធ​តុលាការរបស់​ម៉ាឡេស៊ីមាន​ឯករាជ្យ​ភាព​របស់​ខ្លួន​ឡើង​វិញ បន្ទាប់​ពីឥទ្ធិពល​ខាង​នយោបាយ​ពាក់​ព័ន្ធ​នឹង​សាលក្រម​ប្រឆាំង​នឹង​លោក ​Anwar ​ក្នុង​ឆ្នាំ​១៩៩៩។​

ទាំង​លោក ​Anwar ​និង​លោក​ Karpal Singh ​ត្រូវ​គេ​រំពឹង​ថា​ ​នឹង​ប្តឹង​ឧទ្ធរណ៍ប្រឆាំង​នឹង​ការផ្តន្ទា​ទោស​ពួក​អស់​លោក៕

ប្រែ​សម្រួល​ដោយ​លោក​ជឹង ប៉ូជីន
XS
SM
MD
LG