ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

មន្ត្រី​ការ​ទូត​ម៉ាឡេស៊ី​មើល​ឃើញ​ថា​សមាហរណកម្ម​សេដ្ឋកិច្ច​អាស៊ាន​នឹង​រលូន


លោក​បណ្ឌិត Awang Adek Hussein ឯកអគ្គរាជទូត​ម៉ាឡេស៊ី​ប្រចាំ​នៅ​សហរដ្ឋ​អាមេរិក​ផ្តល់​បទ​សម្ភាសន៍​​​ដល់​វីអូអេ​កាល​ពី​ថ្ងៃ​​អង្គារ ទី​១៨ ខែ​វិច្ឆិកា ឆ្នាំ​២០១៤។ (Pat Hutteman/VOA)

មន្ត្រី​ការទូត​ម៉ាឡេស៊ី​មួយ​រូប​ថ្លែង​ថា ​លោក​មានសុទិដ្ឋិនិយម​ថា ​សមាហរណកម្ម​សេដ្ឋកិច្ច​អាស៊ាន​នៅ​ចុង​ឆ្នាំ​២០១៥​នឹង​ធ្វើ​ឡើង​ដោយ​ជោគជ័យ ហើយ​បដិសេធ​ចំពោះ​ការ​បារម្ភ​នានា​ដែលថា​អាស៊ាន​មិន​ទាន់​មានលក្ខណៈ​គ្រប់គ្រាន់​ដើម្បី​បង្កើត​ជា​សហគមន៍​រួមនោះ​ទេ។

លោក​បណ្ឌិត Awang Adek Hussein ឯកអគ្គរាជទូត​ម៉ាឡេស៊ី​ប្រចាំ​នៅ​សហរដ្ឋ​អាមេរិក​បាន​ថ្លែង​ប្រាប់​វីអូអ​ក្នុង​បទ​សម្ភាសន៍មួយ​កាល​ពី​ថ្ងៃអង្គារ​សប្តាហ៍​មុនថា សមាហរណកម្ម​អាស៊ាន​មាន​លក្ខណៈ​យឺតៗនិងមិន​មាន​លក្ខណៈ​ស៊ី​ជម្រៅ​ដូច​សមាហរណកម្ម​នៅ​សហគមន៍​អ៊ឺរ៉ុប​ឬ​សហរដ្ឋ​អាមេរិក​នោះ​ទេ ដែល​ការ​បញ្ជូល​ទី​ផ្សារ​តាម​ល្បឿន​អាស៊ីអាគ្នេយ៍​នេះ​នឹង​មិន​នាំ​ឲ្យ​មាន​ផល​ប៉ះពាល់​អវិជ្ជមាន​ភ្លាមៗ​ដូច​ការ​បារម្ភ​ខ្លះ​នោះ​ទេ។

«ជា​ការណ៍​ពិត​ នៅ​ប្រទេស​ខ្លះ​និង​តំបន់​ខ្លះ ពលរដ្ឋ​មាន​ការ​បារម្ភ​ថា​ ពួក​គេ​មិន​ទាន់​មាន​លក្ខណៈ​ត្រៀមខ្លួន​គ្រប់​គ្រាន់ ប៉ុន្តែ​នេះ​មិន​ជា​បញ្ហា​ទេ។ ពួក​គេ​អាច​ចូលរួម​ក្នុង​សមាហរណកម្ម​តាម​ល្បឿនដែល​ពួក​គេ​អាច​ធ្វើ​បាន មិន​មាន​ការ​បង្ខំ​ឲ្យ​ត្រូវ​ធ្វើ​នេះ​ឬ​ធ្វើ​នោះ​ទេ។ ប៉ុន្តែ​ត្រង់​ថាប្រទេស​សមាជិក​អាស៊ាន​ទាំង​អស់​សម្រេច​បង្កើត​ទី​ផ្សារ​រួម​ AEC នៅ​ចុង​ឆ្នាំ​២០១៥​នេះ​ជា​លទ្ធផល​ដ៏​ធំ​មួយ​រួច​ទៅ​ហើយ។»

ប្រទេស​ម៉ាឡេស៊ីនឹង​ក្លាយជា​ប្រធាន​អាស៊ាននៅ​ក្នុងឆ្នាំ​២០១៥​ខាង​មុខ ដែល​ជា​ឆ្នាំ​សំខាន់ ព្រោះ​បណ្តា​ប្រទេស​ទាំង​១០​របស់​អាស៊ាន​មាន​គម្រោងឈាន​ដល់​ការ​បង្កើត​ទី​ផ្សារ​សេដ្ឋកិច្ច​រួមមួយ​នៅ​ចុង​ឆ្នាំ។ ពលរដ្ឋ​នៅ​ប្រទេស​អាស៊ាន​ដែល​ក្រីក្រ​ដូច​កម្ពុជា​ ក៏​ដូច​ជា​អ្នក​វិភាគមួយ​ចំនួនមាន​ការ​បារម្ភ​ថា​ សមាហរណកម្មសេដ្ឋកិច្ច​នៅ​ពេល​ប្រទេស​ខ្លះ​មិន​ទាន់​មាន​លក្ខណៈ​ប្រកួត​ប្រជែង​គ្រប់​គ្រាន់​នឹងនាំ​ឲ្យ​មាន​ផល​វិបាក​ដល់​ពួក​គេ។

លោក​ឯកអគ្គរាជទូត​ម៉ាឡេស៊ី​ថ្លែង​ថា គេ​គួរ​មើល​ឃើញ​ទី​ផ្សារ​រួមអាស៊ាន​នេះ​ថា​ជា​ឱកាស​ទៅ​វិញ​ដោយលើក​ឡើង​ថា ​ពាណិជ្ជកម្មមាន​ការ​កើន​ឡើង​រវាង​បណ្តា​ប្រទេស​អាស៊ាន ដែល​រួម​គ្នា​មានប្រជាជន​ប្រមាណ​ជាង​៦៥០​លាន​នាក់ និង​ទំហំ​ទីផ្សារ GDP សរុប​ជាង ២.៣០០​លាន​ដុល្លារ​អាមេរិក៕

XS
SM
MD
LG