ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គ្រោះថ្នាក់​នៃ​ជំងឺ​គ្រុន​ចាញ់​កើន​ឡើង​ខ្ពស់​នៅ​តំបន់​ក្បែរ​ទំនប់​អគ្គិសនី


ស្រ្តី​ទទួលយក​មុង​បន្ទាប់ពីមាន​ការ​ចែកចាយ​នៅក្រុង Sesheke ប្រទេស​ហ្ស៊េមប៊ី។ គ្រោះថ្នាក់​នៃ​ជំងឺ​គ្រុន​ចាញ់​កើន​ឡើង​ខ្ពស់​នៅ​តំបន់​ក្បែរ​ទំនប់​អគ្គិសនី។
ស្រ្តី​ទទួលយក​មុង​បន្ទាប់ពីមាន​ការ​ចែកចាយ​នៅក្រុង Sesheke ប្រទេស​ហ្ស៊េមប៊ី។ គ្រោះថ្នាក់​នៃ​ជំងឺ​គ្រុន​ចាញ់​កើន​ឡើង​ខ្ពស់​នៅ​តំបន់​ក្បែរ​ទំនប់​អគ្គិសនី។

ប្រសិន​បើ​ទំនប់​ទាំង​អស់​ត្រូវ​បាន​សាង​សង់​ ចំនួន​ករណី​ឆ្លង​ជំងឺ​គ្រុន​ចាញ់​នឹង​អាច​កើន​ឡើង​ដល់​៥៦.០០០​ក្នុង​មួយ​ឆ្នាំ។

ការ​សិក្សា​ថ្មី​បាន​បង្ហាញ​ថា ​ប្រជាជន​ដែល​រស់​នៅ​ក្បែរ​ទំនប់​អគ្គិសនី​ធំ​ៗ​ក្នុង​តំបន់​ក្រោម​វាល​ខ្សាច់​សាហារ៉ា (Sahara) ទ្វីប​អាហ្វ្រិក​ ប្រឈម​មុខ​នឹង​ជំងឺ​គ្រុនចាញ់​ខ្ពស់​ជាង​គេ​បួន​ដង។​ របាយការណ៍​ដដែល​បាន​ព្រមាន​ថា ​ការ​ឆ្លង​ជំងឺ​គ្រុន​ចាញ់​នឹង​កើន​ឡើង​ដល់​រាប់​ម៉ឺន​ករណី​រៀង​រាល់​ឆ្នាំ​ ខណៈ​គេ​រំពឹង​ថា​ទំនប់​អគ្គិសនី​ថ្មី​ៗជា​ច្រើន​នឹង​ត្រូវ​សាង​សង់​ឡើង​នា​ពេល​ខាង​មុខ​ក្នុង​តំបន់​។

​ការ​សិក្សា​ពី​ជំងឺ​គ្រុនចាញ់​នៅ​ក្នុង​ទស្សនាវដ្តី​ Malaria Journal បាន​បង្ហាញ​រូបភាព​ទីតាំង​ទំនប់អគ្គីសនី ​ប្រហែល​១២៧០​កន្លែង និង​ប្រៀប​ធៀប​ទីតាំង​ទាំង​នោះ​ជា​មួយ​នឹង​ករណី​នៃ​ការកើត​មាន​ជំងឺ​គ្រុនចាញ់។​ របាយការណ៍​សិក្សា​នេះ​សន្និដ្ឋាន​ថា ​ប្រជាជន​ច្រើន​ជាង​មួយ​លាន​នាក់​ក្នុង​តំបន់​ក្រោម​វាលខ្សាច់​សាហារ៉ា​នឹង​ឆ្លង​ជំងឺ​គ្រុន​ចាញ់​ក្នុង​ឆ្នាំ​នេះ​ ដោយសារ​តែ​ពួកគេ​រស់​នៅ​ក្បែរ​ទំនប់​អគ្គិសនី។

លោក Matthew McCartney​ អ្នក​ស្រាវជ្រាវ​នៃ​វិទ្យាស្ថាន​គ្រប់​គ្រង​ទំនប់​អគ្គីសនី​អន្តរជាតិ​ គឺ​ជា​សហ​អ្នក​និពន្ធ​នៃ​របាយការណ៍​ខាង​លើ​។

លោក Mattew McCartney បាន​លើក​ឡើង​ថា៖ «ដូច្នេះ​យើង​រក​ឃើញ​ថា​ ទំនប់​អគ្គិសនី​ទាំងនោះ​ពិត​ជា​មាន​ផល​ប៉ះពាល់​ពាក់ព័ន្ធ​នឹង​ជំងឺ​គ្រុនចាញ់​ ព្រោះ​ថា​ទីតាំង​ទាំង​នោះ​ផ្តល់​កន្លែង​សម្រាប់​សត្វ​មូស​ធម្មតា ​និង​មូស​ដែក​គោល​បង្កាត់​ពូជ។ ហើយ​ប្រភេទ​មូស​ទាំង​នេះ​ហើយ​ជា​ភ្នាក់​ងារ​នាំ​ និង​ចម្លង​ជំងឺ​គ្រុន​ចាញ់​ទៅ​ក្នុង​ខ្លួន​មនុស្ស​។ ​មាត់​អាង​ស្តុក​ទឹក​បាន​ផ្តល់​ទីតាំង​សម្រាប់​មូស​បង្ក​កំណើត​ ដូច្នេះ​វា​នឹង​បង្កើន​ចំនួន​មូស​ជុំវិញ​អាង​ស្តុក​ទឹក​ជា​ច្រើន»។

ទំនប់​អគ្គិសនី​ធ្វើ​ឲ្យ​ទឹក​ហូរ​យឺត​ ឬ​មិន​ហូរ​សោះ​ ហើយក៏​ដូចជាទឹក​នៅ​ពេញ​ប្រៀប​មាត់​ច្រាំង។​ របាយការណ៍​សិក្សា​ក៏​បាន​ពិចារណា​ផង​ដែរ​អំពី​ ទំនប់​អគ្គិសនី​ថ្មី​ធំៗ​ចំនួន៧៨​ដែល​ត្រូវ​គេ​គ្រោង​សាង​សង់​សម្រាប់​តំបន់​ក្រោម​វាលខ្សាច់​សាហារ៉ា។

មាន​ការ​ជំរុញ​ដ៏​ធំ​មួយ​សម្រាប់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​សង្គម​នៅ​ក្នុង​តំបន់​ក្រោម​វាលខ្សាច់​សាហារ៉ា​នេះ​ ហើយ​ភាគច្រើន​នៃ​ការ​ជំរុញ​នេះ​ គឺ​ផ្តោត​ទៅ​លើ​ការ​សាងសង់​ទំនប់ទឹក​ថ្មី។

ប្រសិន​បើ​ទំនប់​ទាំង​អស់​ត្រូវ​បាន​សាង​សង់​ ចំនួន​ករណី​ឆ្លង​ជំងឺ​គ្រុន​ចាញ់​នឹង​អាច​កើន​ឡើង​ដល់​៥៦.០០០​ក្នុង​មួយ​ឆ្នាំ។ លោក​ McCartney បាន​បញ្ជាក់​ថា ​គ្រោះ​ថ្នាក់​នៃ​ជំងឺ​គ្រុន​ចាញ់​គួរ​ត្រូវ​បាន​យក​ទៅ​ពិចារណា​នៅ​ក្នុង​ផែន​ការ​អភិវឌ្ឍន៍។

លោកសង្កត់​ធ្ងន់​ថា​៖ «យើង​ទាមទារ​ថា​ ​ជា​ធម្ម​តា​អ្នក​គ្រប់​គ្រង​ទំនប់​អគ្គិសនី ​និង​អ្នក​រៀប​ចំ​គម្រោង ​ក៏​ដូច​ជា​ការ​អភិវឌ្ឍ​ធន​ធាន​ទឹក ចាំ​បាច់​ត្រូវ​គិត​គូរ​ពិចារណា​ថា ហេដ្ឋា​រចនាសម្ព័ន្ធ​ដែល​ពួកគេ​សាងសង់​ឡើង​មាន​ផល​ប៉ះពាល់​លើ​ជំងឺ​គ្រុន​ចាញ់។​ ហើយ​ពួក​គេ​ចាំ​បាច់​ត្រូវ​ធ្វើ​ការងារ​ច្រើន​ជាង​នេះ​ ដើម្បី​កាត់​បន្ថយ​ផល​ប៉ះពាល់​ទាំង​នោះ»។

​របាយការណ៍​សិក្សា​ដដែល​នេះ​ បាន​ផ្តល់​ការ​ណែនាំ​មួយ​ចំនួន​ផង​ដែរ​។ លោក​McCartneyបាន​បន្ត​ទៀត​ថា​៖«វា​មាន​វិធី​សាស្ត្រ​កាត់​បន្ថយ​ផល​ប៉ះពាល់ ​និង​ដំណោះ​ស្រាយ​តាម​បែប​ប្រពៃណី​បុរាណ​ ដែល​ផ្តោត​ជុំវិញ​ការ​ទប់ទល់​ប្រឆាំង​ជំងឺ​គ្រុន​ចាញ់ ​ដោយ​គេង​ចង​មុង​ និង​ការ​បាញ់​ថ្នាំ​សម្លាប់​សត្វ​មូស​នៅ​តាម​ផ្ទះ​ប្រជាជន​ជា​ដើម។ ហើយ​ក៏មាន​មធ្យោបាយ​ជា​ច្រើន​ផ្សេង​ទៀត​ដើម្បី​ដោះ​ស្រាយ​បញ្ហា​នេះ​ផង​ដែរ ដូចជា​ការផ្លាស់​ប្តូរ​កម្រិត​ទឹក​ក្នុង​អាង​ នៅ​កន្លែង​មូស​បង្ក​កំណើត។​ នៅ​ពេល​កន្លែង​ទាំង​នោះ​ស្ងួត​ សត្វ​ដង្កូវ​ទឹក​នឹង​ងាប់​ក្នុង​អំឡុងពេល​មួយ​។ មធ្យោយបាយ​មួយ​ផ្សេង​ទៀត​គឺ​ ការ​ប្រើ​ប្រាស់​សត្វ​ត្រី។ ប្រភេទ​សត្វ​ត្រី​មួយ​ចំនួន​ស៊ី​ដង្កូវ​ទឹក​ជា​អាហារ។

បញ្ហា​គ្រោះ​ថ្នាក់​នៃ​ជំងឺ​គ្រុនចាញ់​មាន​កាន់​តែ​ខ្ពស់​នៅ​ក្នុង​តំបន់​ចម្ងាយ​ ​៥​គីឡូ​ម៉ែត្រ​ពី​បរិវេណ​ទំនប់​អគ្គិសនី​។ វា​ស្ទើរតែ​ស្មើ​រយៈ​ចម្ងាយ​ដែល​សត្វ​មូស​អាច​ហោះ​នាំ​យក​មេ​រោគ​មួយ​ប្រភេទ​ឈ្មោះ​ថា «ប្លាស្មូដ្យូម(Plasmodium falciparum)​»ដែល​បង្ក​ជំងឺ​គ្រុនចាញ់​បាន។ គ្រោះ​ថ្នាក់​ធំ​បំផុត​នៃ​ជំងឺ​គ្រុន​ចាញ់​នេះ​ គឺ​ស្ថិត​នៅ​តំបន់​មាន​ស្ថានភាព​ប្រែ​ប្រួល​ ព្រោះជំងឺ​គ្រុនចាញ់កើត​ឡើង​តាម​រដូវ​ជា​ពិសេស​គឺ​នៅ​រដូវ​វស្សា។

ប៉ុន្តែ​លោក McCartneyបាន​បញ្ជាក់​ថា​ មិន​មែន​ត្រឹម​តែ​ទំនប់​អគ្គិសនី​ធំៗ​ ដែល​ជា​ជម្រក​សម្រាប់​សត្វ​មូស​បង្ក​កំណើត។

លោក​ថា​៖ «ជាឧទាហរណ៍​ អាង​ស្តុក​ទឹក​តូចៗ ស្រះ ​ធុង​ទឹក​ ​ដី​សើម​ធម្មជាតិ ​បឹង​ធម្ម​ជាតិ​។ ហើយ​ដូច្នេះ​ទោះ​ជា​ចំនួន​ករណី​ជំងឺគ្រុនចាញ់​ដែល​យើង​រក​ឃើញ​ស្ថិត​ក្នុង​កម្រិត​ខ្ពស់​ទៅ​ហើយ​ក្តី​ វា​នៅ​តែ​មាន​តួ​លេខ​តិច​តូច​បើ​ប្រៀប​ធៀប​ជាមួយ​នឹង​ចំនួន​ករណី​ជំងឺ​គ្រុនចាញ់​សរុប​នៅ​ទូ​ទាំង​ទ្វីប​អាហ្វ្រិក​។​ នេះ​ជា​ការ​ប្រៀប​ធៀប​ទៅ​នឹង​ចំនួន​នៃ​ការ​ឆ្លង​ជំងឺ​គ្រុនចាញ់​១៤៥​លាន​ករណី​ក្នុង​មួយ​ឆ្នាំ​នៅ​ទូទាំង​តំបន់​ក្រោម​វាលខ្សាច់​សាហារ៉ា​នៃ​ទ្វីប​អាហ្វ្រិក»។

លោក McCartney បាន​ពណ៌នា​ទំនប់​អគ្គិសនី​ជា​ជម្រើសសំខាន់​មួយ​សម្រាប់រដ្ឋាភិបាល​ដែល​មាន​ភាព​តក់ក្រហល់​ក្នុង​ការអភិវឌ្ឍ។​ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ លោក​បាន​និយាយ​ថា៖ «នេះ​ជា​រឿង​គ្មាន​សីលធម៌​ទាល់​តែ​សោះ​ ដែល​ប្រជាជន​រស់​នៅ​ក្បែរ​កន្លែង​ទំនប់​អគ្គិសនី​ធំៗ​ត្រូវ​ទទួល​រង​គ្រោះ​ពី​ការ​អភិវឌ្ឍ​នេះ ហើយ​អាច​រហូត​ដល់​បាត់​ជីវិត​ដោយសារ​ជំងឺ​គ្រុនចាញ់»៕

ប្រែសម្រួលដោយ សៅ ផលនិស្ស័យ

XS
SM
MD
LG