គ្រោះរញ្ជួយដីដ៏ខ្លាំងមួយដែលមានកម្រិត ៧,៥ រិចទ័រ បានកើតមាននៅតំបន់ភាគកណ្តាលប្រទេសជប៉ុននៅថ្ងៃចន្ទនេះ។ នេះបើតាមការឱ្យដឹងរបស់ទីភ្នាក់ងារវាស់ស្ទង់ភូគុព្ភសាស្រ្តសហរដ្ឋអាមេរិក USGS ដោយបានព្រមានពីរលកយក្សស៊ូណាមិ ហើយបានព្រមានដល់ក្រុមអាជ្ញាធរឱ្យជំរុញប្រជាពលរដ្ឋនៅក្នុងតំបន់ ត្រូវតែផ្លាស់ទីទៅកាន់តំបន់ដីខ្ពស់។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន AFP។
ទូរទស្សន៍ជាតិជប៉ុន NHK បានផ្សព្វផ្សាយក្រោយគ្រោះរញ្ជួយដីកើតឡើងក្នុងតំបន់ Noto នៃខេត្ត Ishikawa ថា៖ «ពលរដ្ឋទាំងអស់ក្នុងតំបន់នេះត្រូវតែជម្លៀសខ្លួនជាបន្ទាន់ទៅកាន់ទីដីខ្ពស់ភ្លាមៗ»។
រលកយក្សស៊ូណាមិអាចកើតមានឡើងក្នុងរង្វង់ចម្ងាយ ៣០០ គីឡូម៉ែត្រពី ចំណុចកណ្តាលនៃគ្រោះរញ្ជួយដី នៅតាមឆ្នេរសមុទ្រជប៉ុន។ នេះបើតាមការឱ្យដឹងរបស់មជ្ឈ មណ្ឌលព្រមានពីរលកយក្សស៊ូណាមិ ដែលមានមូលដ្ឋានក្នុងរដ្ឋហាវ៉ៃ សហរដ្ឋអាមេ រិក។
រលកយក្សស៊ូណាមិមួយក្នុងកម្ពស់ ១,២ម៉ែត្រ ត្រូវបានបញ្ជាក់ថា បានមកដល់ទីក្រុង Wajima ក្នុងខេត្ត Ishikawa របស់ជប៉ុនរួចហើយ។
ប៉ុន្តែរលកយក្សស៊ូណាមិដែលធំជាងនេះខ្លាំង ក្នុងកម្ពស់ ៥ ម៉ែត្រ ត្រូវគេរំពឹងថា នឹងកើតមានឡើងក្នុងតំបន់ Noto ដែលស្ថិតក្នុងខេត្តនេះផងដែរ។ នេះបើតាមទីភ្នាក់ងារឧត្តុនិយមជប៉ុន JMA៕