សហរដ្ឋអាមេរិក បារាំង និងជប៉ុន សុទ្ធតែចង់ឃើញសាលាក្តីខ្មែរក្រហមដំណើរការសវនាការរឿងក្តី០០២ឲ្យបានឆាប់រហ័សសម្រាប់ជាប្រយោជន៍យុតិ្តធម៌ដល់ជនរងគ្រោះកម្ពុជា។ ជំហរបែបនេះធ្វើឡើងបន្ទាប់ពីមានការប៉ាន់ប្រមាណថា សវនាការនៃសំណុំរឿង០០២នឹងត្រូវបានធ្វើឡើងនៅឆមាសទី១នៃឆ្នាំ២០១២។
នៅក្នុងការឆ្លើយតបរបស់វីអូអេ តាមសារអេឡិចត្រូនិក កាលពីថ្ងៃទី២០ ខែសីហា លោកម៉ាសាគិ កាវ៉ាកូចិ (Masaki Kawaguchi) លេខាទី១អមស្ថានទូតជប៉ុនមានប្រសាសន៍ថា ជប៉ុនចាត់ទុកថា វាមានសារៈសំខាន់នៅក្នុងដំណើរការក្តីដោយត្រឹមត្រូវប្រកបដោយប្រសិទ្ធភាព។
មន្ត្រីសា្ថនទូតដដែលបានសង្កត់ធ្ងន់លើភាពចាស់ជរា និងសុខភាពដ៏ដុនដាបរបស់ជនជាប់ចោទ រួមទាំងយុត្តិធម៌ដ៏យឹតយ៉ាវសម្រាប់ប្រជាពលរដ្ឋកម្ពុជាដែលជាជនរងគ្រោះ។
របបកម្ពុជាប្រជាធិបតេយ្យរបស់ពួកខ្មែរក្រហមបានបង្កឲ្យមានការស្លាប់ និងការកាប់សម្លាប់ប្រជាពលរដ្ឋកម្ពុជាសរុបជិត២លាននាក់។ សាលាក្តីខ្មែរក្រហមបានចាប់ផ្តើមដំណើរការរបស់ខ្លួន ជាលើកដំបូង កាលពីខែកុម្ភៈ ឆ្នាំ២០០៦។ សំណុំរឿង០០២ ដែលមានជនជាប់ចោទបួននាក់ រួមមាននួន ជា អតីតប្រធានសភាខ្មែរក្រហម ខៀវ សំផន អតីតប្រមុខរដ្ឋ អៀង សារី អតីតរដ្ឋមន្រ្តីក្រសួងការបរទេស និងប្រពន្ធរបស់គាត់ អៀង ធីរិទ្ធ អតីតរដ្ឋមន្ត្រីក្រសួងសង្គមកិច្ច កំពុងស្ថិតនៅក្នុងដំណាក់កាលមួយមិនទាន់ប្រាកដប្រជាថាតើពួកគេនឹងត្រូវឡើងរង្វង់ក្រចកសេះ សម្រាប់ការកាត់ទោសពេញអង្គសេចក្តីនៅពេលណានោះឡើយ។
ក្រៅពីមានការលើកឡើងផ្ទាល់មាត់របស់មន្ត្រីផ្លូវការតុលាការថា សវនាការអាចនឹងចាប់ផ្តើមនៅចុងឆ្នាំនេះក៏ប៉ុន្តែមន្ត្រីដែលស្និទ្ធនឹងតុលាការបានផ្តល់ការវិភាគថា សវនាការពេញអង្គសេចក្តីនៃជនជាប់ចោទទាំងបួននាក់ ទំនងជាអាចចាប់ផ្តើមឡើងក្នុងអំឡុងខែឧសភា ឆ្នាំ២០១២ ដោយសារតែមានការជំនុំជម្រះស្តីពីសុខភាពរបស់ជនជាប់ចោទពីររូបគឺនួន ជា និងអៀង ធីរិទ្ធ ហើយការកាត់ទោសនេះនឹងអាចអូសបន្លាយពេលវេលាជាច្រើនខែថែមទៀត។
ប្រទេសបារាំងតាមរយៈមន្ត្រីស្ថានទូតរបស់ខ្លួន ក៏បានបញ្ជាក់អំពីចេតនាចង់ឲ្យការក្តីសំណុំរឿង០០២មានដំណើរការលឿនទៅមុខផងដែរ។ លោក ដូមីនិច ម៉ាស់ (Dominique MAS) ទីប្រឹក្សាទី១ អមស្ថានទូតបារាំង បានឆ្លើយតបតាមសារអេឡិចត្រនិចថា បារាំងពិតជាចង់ឃើញសាលាក្តីខ្មែរក្រហមធ្វើសេចក្តីសម្រេចរបស់ខ្លួន និងបើកសវនាការជម្រះសំណុំរឿង០០២ នៅក្នុងរយៈពេលមួយប្រសើរបំផុត និងក្នុងលក្ខខណ្ខនៅក្នុងការគោរពវិធានយុត្តិធម៌ និងសិទ្ធរបស់ជនជាប់ចោទ និងភាគីដែលជាប់ពាក់ព័ន្ធ។
លោក ស្ហន ម៉ាកឃីនតូស (Sean McIntosh) អ្នកនាំពាក្យស្ថានទូតសហរដ្ឋអាមេរិកប្រចាំទីក្រុងភ្នំពេញ មានប្រសាសន៍ថា សាលាក្តីខ្មែរក្រហមមាននីតិវិធីរបស់ខ្លួនត្រឹមត្រូវដើម្បីធ្វើការកាត់ទោសប្រកបទៅដោយយុត្តិធម៌ ហើយសហរដ្ឋអាមេរិកគាំទ្រការនាំជនជាប់ចោទបួននាក់នៅក្នុងសំណុំរឿង០០២ មកកាត់ទោស។
«យើងគាំទ្រនីតិវិធីសាលាក្តីខ្មែរក្រហមក្នុងការនាំខ្លួនអតីតមេដឹកនាំកំពូលខ្មែរក្រហមទាំងបួននាក់នេះ យកមកកាត់ទោសចំពោះឧក្រិដកម្មដែលពួកគេបានប្រព្រឹត្តប្រឆាំងនឹងមនុស្សជាតិ»។
បារាំង ជប៉ុន និងសហរដ្ឋអាមេរិកគឺជាប្រទេសម្ចាស់ជំនួយធំជាងគេនៅក្នុងចំណោមបណ្តាលប្រទេសផ្តល់ជំនួយដ៏ទៃទៀត។ បារាំង និងជប៉ុនក៏ជាប្រទេសដែលដឹកនាំឲ្យមានជំនួយសម្រាប់សាលាក្តីខ្មែរក្រហមផងដែរ។
ប្រតិកម្មនៃប្រទេសផ្តល់ជំនួយទាំងបីធ្វើឡើងនៅពេលដែលសាលាក្តីខ្មែរក្រហមត្រូវមជ្ឈដ្ឋានមួយចំនួនស្តីបន្ទោស អំពីការយឹតយ៉ាវក្នុងការកាត់ទោសក្នុងសំណុំរឿងគន្លឹះ ដែលមានជនជាប់ចោទកាន់តែជរា។ ខណៈពេលដែលជនជាប់ចោទទាំងនេះ ជាប់ឃុំឃាំងអស់រយៈពេលជិតបួនឆ្នាំទៅហើយដោយពុំមានការទោស ជនជាប់សង្ស័យទាំងនេះ មានអាយុចាប់ពី៧៩ឆ្នាំ រហូតទៅដល់ ៨៦ឆ្នាំ។
លោក ឡាស អលសិន (Lars Olsen) មន្រ្តីទំនាក់ទំនងការច្បាប់របស់សាលាក្តីខ្មែរក្រហមមានប្រសាសន៍ថា ក្រុមចៅក្រមកំពុងតែប្រឹងប្រែងឆ្ពោះទៅរកការកាត់ទោសនៅក្នុងសំណុំរឿងនេះ ក៏ប៉ុន្តែនៅមិនទាន់អាចកំណត់កាលបរិច្ឆេទបាននៅឡើយ។
«ក្រុមចៅក្រមនឹងកំណត់កាលបរិច្ឆេទនៃដំណើរការសម្រាប់ការជំនុំជម្រះក្តី ដោយផ្អែកទៅលើច្បាប់ និងអ្វីដែលពួកគាត់គិតថា មានភាពចាំបាច់។ ពិតហើយក្រុមចៅក្រមកំពុងប្រឹងប្រែងជំរុញការកាត់ក្តីឲ្យបានជឿនលឿនតាមដែលអាចធ្វើទៅបាន ក៏ប៉ុន្តែឥឡូវនេះបញ្ហាសុខភាពរបស់ជនជាប់ចោទ សម្រាប់ចូលរួមនៅក្នុងសវនាការធ្វើឲ្យមានការប៉ះពាល់ខ្លះៗ ដល់ការចាប់ផ្តើមដំណើរការសម្រាប់ការបើកសវនាការពេញអង្គសេចក្តី»។
រីឯលោក ហ៊ុយ វណ្ណៈ មន្ត្រីផ្នែកទំនាក់ទំនងកិច្ចការសាធារណៈ របស់សាលាក្តីខ្មែរក្រហមខាងភាគីកម្ពុជាមានប្រសាសន៍ថា សាលាក្តីខ្មែរក្រហមរំពឹងថា សញ្ញានៃការចាប់ផ្តើមកាត់ទោស នៃសំណុំរឿង០០២នេះនឹងប្រព្រឹត្តទៅនៅក្នុងអំឡុងចុងឆ្នាំ២០១នេះ។
«ជាចំណុចមួយល្អ ដែលប្រទេសអ្នកផ្តល់ជំនួយ លោកបានគិតគួរទៅលើដំណើរការវិវត្តន៍អង្គជំនុំជម្រះវិសាមញ្ញនៅក្នុងតុលាការកម្ពុជា បច្ចុប្បន្ននេះមន្ត្រីច្បាប់ ក៏កំពុងធ្វើការនេះដែរ ហើយយើងរំពឹងថានៅក្នុងចុងឆ្នាំនេះនឹងអាចចាប់ផ្តើមនៅក្នុងសំណុំរឿង០០២ ហើយ។ បើជាការចាប់ផ្តើមដំណើរការអង្គសេចក្តីតែម្តង»។
សាលាក្តីខ្មែរក្រហមគ្រោងនឹងធ្វើកាត់ទោសអតីតមេដឹកនាំជាន់ខ្ពស់ និងអ្នកទទួលខុសត្រូវខ្ពស់បំផុត នៃរបបកម្ពុជាប្រជាធិបតេយ្យក្នុងរយៈពេលតែបីឆ្នាំតែប៉ុណ្ណោះ។ ក៏ប៉ុន្តែ មកទល់ពេលនេះ សាលាក្តីនេះ បានដំណើរការអស់រយៈពេលប្រាំឆ្នាំទៅហើយ ដោយដំណើរការសំណុំរឿង០០១ នៅមិនទាន់បិទជាប់នៅឡើយ។ ដោយឡែក មន្ត្រីតុលាការអះអាងថា ថវិកាសម្រាប់ដំណើរកាត់ក្តីទៅមុខនឹងត្រូវអស់នៅក្នុងខែវិច្ឆិកា ឆ្នាំនេះ សម្រាប់ទាំងភាគីកម្ពុជា និងភាគីអង្គការសហប្រជាជាតិ ហើយនៅពេលនេះ ពុំទាន់មានគម្រោងថវិកាណាមួយសម្រាប់ផ្តល់ជំនួយបន្ថែមនៅឡើយ។
លោក ដូមីនិច ម៉ាស់ បានព្រមានថា ការលើសរយៈពេលគ្រោងទុកសម្រាប់ខ្ទង់ថវិកាចុងក្រោយនឹងត្រូវការថិវកាបន្ថែមទៀត ហើយនៅក្នុងបរិបទនៃវិបត្តិសេដ្ឋកិច្ចសាកលនេះ វាមានសារៈសំខាន់ណាស់សម្រាប់ភាគីនីមួយៗយល់ពីវិបត្តិថវិកាសម្រាប់គាំទ្រយុត្តិធម៌។
ទាំងមន្ត្រីស្ថានទូតបារាំង និងស្ថានទូតជប៉ុន បានអះអាងថា ពុំទាន់មានកោះប្រជុំប្រទេសផ្តល់ជំនួយសម្រាប់ផ្តល់ហិរញ្ញវត្ថុដល់សាលាក្តីខ្មែរក្រហមនៅឡើយ។
លោក ឡាស់ អលស៊ិន និងលោកហ៊ុយ វណ្ណៈ មន្ត្រីរបស់សាលាក្តីខ្មែរក្រហមសុទ្ធតែរក្សាការរំពឹងទៅលើប្រទេសផ្តល់ជំនួយ។ លោកឡាស អលសិន បានបញ្ជាក់ថា ទីបញ្ចប់ នៃសាលាក្តីនេះ គឺពឹងផ្អែកទៅលើការផ្តល់ថវិកាពីសហគមន៍អន្តរជាតិ។
ទោះជាយ៉ាងណា ក្នុងបរិបទនៃផលវិបាកផ្នែកថវិកា និងបញ្ហាអូសបន្លាពេលវេលា សាលាក្តីខ្មែរក្រហមគ្រោងនឹងធ្វើការចោទប្រកាន់លើជនជាប់សង្ស័យប្រាំនាក់ផ្សេងទៀតក្នុងសំណុំរឿង០០៣ និង០០៤។
មន្ត្រីផ្លូវការពីស្ថានទូតបារាំង ជប៉ុន និងសហរដ្ឋអាមេរិច សុទ្ធតែមិនធ្វើសេចក្តីអត្ថាធិប្បាយ ទាក់ទងនឹងសំណុំរឿងបន្ថែមទាំងពីរនេះទេ៕