ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្ពុជា​ទទួល​បាន​វត្ថុបុរាណ​ចំនួន​ ១៤ ពី​សារមន្ទីរ​អាមេរិកវិញ


​រូបសំណាក​បុរាណ​ចំនួន ១៤ ​ត្រូវបាន​បញ្ជូន​ពី​សហរដ្ឋអាមេរិក​ឲ្យ​កម្ពុជា​វិញ នៅ​សារមន្ទីរជាតិ​កម្ពុជា នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៤។
​រូបសំណាក​បុរាណ​ចំនួន ១៤ ​ត្រូវបាន​បញ្ជូន​ពី​សហរដ្ឋអាមេរិក​ឲ្យ​កម្ពុជា​វិញ នៅ​សារមន្ទីរជាតិ​កម្ពុជា នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៤។

បន្ទាប់ពី​ការ​ចរចា និង​សហការគ្នា​អស់​រយៈពេលជាច្រើនឆ្នាំ​រវាង​រដ្ឋាភិបាល​កម្ពុជា​ និង​អាជ្ញាធរ​ពាក់ព័ន្ធ​សហរដ្ឋ​អាមេរិក​នោះ​ សារមន្ទីរ​ Metropolitan Museum of Art (MET) នៃ​ទី​ក្រុង​ញ៉ូវ​យក​ សហរដ្ឋ​អាមេរិក បានប្រគល់វត្ថុ​បុរាណខ្មែរ​ចំនួន​ ១៤​ មក​កម្ពុជា​វិញ​ ហើយ​សម្បត្តិ​វប្បធម៌​ទាំង​នោះ​បាន​មកដល់​ទីក្រុង​ភ្នំពេញ​កាលពី​ថ្ងៃពុធ។ ​

ក្រសួង​វប្ប​ធម៌ និង​វិចិត្រ​សិល្បៈ​បាន​ថ្លែងនៅលើ​ទំព័រ​ហ្វេស​ប៊ុក​ផ្លូវ​ការ​របស់​ខ្លួន​ថា​ វត្ថុ​បុរាណ​ខ្មែរ​ចំនួន​ ១៤​ រូប ​ត្រូវ​បាន​ប្រគល់​មក​កម្ពុជា​វិញ​កា​ល​ពី​រសៀល​ថ្ងៃ​ទី ៣ ខែ​កក្ក​ដា​ ឆ្នាំ ​២០២៤​ ក្រោយ​មាន​ប្រកាស​ព័ត៌​មាន​ស្តី​អំពី​ការ​ប្រគល់​វត្ថុ​បុរាណ​ខ្មែរ​ទាំង​១៤នោះមក​កាន់​កម្ពុជា​កាល​ពី​ខែ​ធ្នូ​ ឆ្នាំ​ ២០២​៣។

ក្រសួង​វប្ប​ធម៌​ និង​វិចិត្រ​សិល្បៈ​បន្ត​ថា​៖ «ការ​បញ្ជូន​ត្រឡប់​មក​វិញ​ជា​ប្រវត្តិ​សាស្ត្រ​នូវ​រតន​សម្បត្តិ​ជាតិ​របស់​យើងពីសារ​មន្ទីរ​ MET ដែល​ជា​ស្ថាប័ន​វប្បធម៌​ដ៏​ធំ​បំផុត​មួយ​ក្នុង​ពិភព​លោក​ គឺ​តាម​រយៈ​ដំណើរ​ការ​ចរ​ចា​អស់​ជា​ច្រើន​ឆ្នាំ​រវាង​ក្រុម​ការងារ​ក្រសួង​វប្បធម៌​និង​វិចិត្រ​សិល្បៈ​កម្ពុជា​ ការិយាល័យ​រដ្ឋ​អាជ្ញា​សហរដ្ឋ​អាមេរិក​ប្រចាំ​សង្កាត់​ភាគ​ខាង​ត្បូង​ក្រុង​ញូវ​យ៉ក​ (SDNY) ការិ​យាល័យ​ស៊ើប​អង្កេត​សន្តិ​សុខ​មាតុ​ភូមិ​សហ​រដ្ឋ​អាមេរិក (HSI) និង​តំណាង​សារ​មន្ទី​រ MET​»។

តាម​ការ​ចុះ​ផ្សាយ​របស់​សារ​ព័ត៌​មាន​ The New York Time កាល​ពី​ឆ្នាំ ២០២២​ វត្ថុ​បុរាណ​ខ្មែរ​ដែល​ត្រូវ​បាន​លួច​គាស់​រម្លើង​ និង​បញ្ជូន​ចេញ​ពី​ប្រទេស​កម្ពុជា​ត្រូវ​បាន​យក​ទៅ​ក្រៅ​ប្រទេស​ ហើយ ​MET ជា​សារមន្ទីរ​របស់​សហ​រដ្ឋ​អា​មេរិក​មួយ​ដែល​មាន​តាំង​វត្ថុ​បុរាណ​ខ្មែរ។​សារ​មន្ទីរ​ MET បាន​ប្រគល់​វត្ថុ​បុរាណ​របស់​កម្ពុជា​ជា​បន្ត​បន្ទាប់​ក្រោយ​ពី​កម្ពុជា​ស្នើ​ឱ្យ​ប្រគល់​វត្ថុ​បុរាណ​ទាំង​នោះ​ត្រឡប់​មក​មាតុ​ភូមិ​វិញ។

វីអូអេ​មិនអាច​ទាក់ទង​សុំការ​អត្ថាធិប្បាយ​ពីរដ្ឋមន្ត្រី​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ អ្នកស្រី ​ភឿង សកុណា ​បានទេ​នៅថ្ងៃសុក្រ​នេះ។

ព្រះសង្ឃ​ប្រោះព្រំ​រូបសំណាក​ដែល​ត្រូវបាន​បញ្ជូន​ពី​សហរដ្ឋអាមេរិក​ឲ្យ​កម្ពុជា​វិញ នៅ​សារមន្ទីរជាតិ​កម្ពុជា នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៤។
ព្រះសង្ឃ​ប្រោះព្រំ​រូបសំណាក​ដែល​ត្រូវបាន​បញ្ជូន​ពី​សហរដ្ឋអាមេរិក​ឲ្យ​កម្ពុជា​វិញ នៅ​សារមន្ទីរជាតិ​កម្ពុជា នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៤។
​រូបសំណាក​បុរាណ​ចំនួន ១៤ ​ត្រូវបាន​បញ្ជូន​ពី​សហរដ្ឋអាមេរិក​ឲ្យ​កម្ពុជា​វិញ នៅ​សារមន្ទីរជាតិ​កម្ពុជា នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៤។
​រូបសំណាក​បុរាណ​ចំនួន ១៤ ​ត្រូវបាន​បញ្ជូន​ពី​សហរដ្ឋអាមេរិក​ឲ្យ​កម្ពុជា​វិញ នៅ​សារមន្ទីរជាតិ​កម្ពុជា នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៤។

លោក​ Wesly Holzer អ្នក​នាំ​ពាក្យ​ស្ថានទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា​ ប្រាប់​វីអូអេ​តាម​សារ​អ៊ី​មែល​ថា​ ស្ថាន​ទូតពិតជា​មាន​មោទន​ភាព​លើ​កិច្ច​សហ​ប្រតិបត្តិ​ការ​រវាង​អាមេរិក​ និង​កម្ពុជាក្នុង​ការ​ប្រគល់​វត្ថុ​បុរាណ​ខ្មែរ​ប្រមាណ​ ១២០​រូបជា​បន្ត​បន្ទាប់​ និង​ទឹក​ប្រាក់​ប្រមាណ​ ៦​ លាន​ដុល្លា​អាមេរិក​មក​ដល់​កម្ពុជា​តាំង​ពី​ឆ្នាំ ២០០១​ មក។

លោក​បន្ត​ថា សហ​រដ្ឋ​អា​មេរិក​នឹង​បន្ត​ដើរ​តួនាទីក្នុង​ការ​ស៊ើប​អង្កេតរក​វត្ថុ​បុរាណ​ដែលជា​របស់​ខ្មែរជាមួយ​អាជ្ញា​ធរ​ដើម្បី​បញ្ជូន​មក​កម្ពុជា​វិញ។

លោក​ Wesly ថ្លែង​តាម​សារ​អ៊ី​មែលជា​ភាសា​អង់​គ្លេស​ និង​ប្រែ​សម្រួល​ជា​ខេមរភាសា​ថា​៖ «ក្រោម​ការ​ព្រម​ព្រៀង​ រដ្ឋា​ភិ​បាល​សហ​រដ្ឋ​អាមេរិក​ដើរ​តួយ៉ាង​សំខាន់​ក្នុងការ​ស៊ើប​អង្កេត​ពី​ប្រភព​ដើម​របស់​វត្ថុ​បុរាណ​ដែល​ទាក់​ទង​នឹង​កម្ពុជា​ ដើម្បី​ប្រគល់​ត្រឡប់​មក​កាន់​កម្ពុជា​វិញ»។

កាល​ពី​ឆ្នាំ​ ២០២៣ ​កន្លង​ទៅ​ កម្ពុជា​ក៏​បានទទួល​រតន​វត្ថុ​ដែល​ជា​វត្ថុ​បុរាណ​ខ្មែរ​ពី​ គ្រួសារ​លោក​ ឌូ​គ្លាស​ ឡាតហ្វដ (Douglas Latchford) និង​រដ្ឋា​ភិ​បាល​អង់​គ្លេស រួម​មាន​ ក្បាំង​មកុដ ខ្សែ​ក​រ ខ្សែដៃ ខ្សែ​ក្រវ៉ាត់​ ក្រវិល​ និង​បន្តោង​ ដែល​ស្ថិត​ក្នុង​សម័យ​មុន​អង្គរ​ និង​ក្រោយ​អង្គរ។

កាល​ពី​ឆ្នាំ​ ២០២២ កម្ពុជា​ក៏​ទទួល​បាន​វត្ថុ​បុរាណ​ខ្មែរ​ចំនួន ២៨​ រូប ​ដែល​រឹប​អូស​បាន​មក​ពី​អ្នក​កាន់​កាប់​សមុច្ច័យ​ឯក​ជន​ រួម​មាន​រូប​ចម្លាក់​ព្រះ​គណេស និង​វត្ថុ​បុរាណ​ផ្សេង​ទៀត​មាន​ព្រះ​ពុទ្ធ​បដិ​មា​ធ្វើ​ពី​ភក់ បដិ​មា​ព្រះ​វិស្ណុ​ធ្វើ​ពី​ភក់​ និង​បដិ​មា​ព្រះ​នាង​លក្ស្មី​ធ្វើ​ពី​សំរិទ្ធ ដោយមាន​ការ​ចូល​រួម​របស់​អា​ជ្ញា​ធរ​អាមេរិក​ FBI ស្ថានទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា​ និង​ក្រុម​ការងារ​របស់​ក្រសួង​វប្ប​ធម៌និង​វិចិត្រ​សិល្បៈ៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG