ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Lopez Obrador ឈ្នះ​ការ​បោះ​ឆ្នោត​ប្រធានាធិបតី​ក្នុង​ប្រទេស​ម៉ិកស៊ិក


លោក Andres Manuel Lopez Obrador បេក្ខជន​ប្រធានាធិបតី បក់​ដៃ​ទៅ​កាន់​អ្នក​គាំទ្រ​របស់ នៅ​ពេល​លោក​ថ្លែង​សុន្ទរកថា​ជ័យជម្នះ​របស់​លោក​នៅ​ទីស្នាក់ការ​យុទ្ធនាការ​របស់​លោក នៅ​ក្នុង​ក្រុង​ម៉ិកស៊ីកូ កាលពី​ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៨។
លោក Andres Manuel Lopez Obrador បេក្ខជន​ប្រធានាធិបតី បក់​ដៃ​ទៅ​កាន់​អ្នក​គាំទ្រ​របស់ នៅ​ពេល​លោក​ថ្លែង​សុន្ទរកថា​ជ័យជម្នះ​របស់​លោក​នៅ​ទីស្នាក់ការ​យុទ្ធនាការ​របស់​លោក នៅ​ក្នុង​ក្រុង​ម៉ិកស៊ីកូ កាលពី​ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៨។

លោក Andres Manuel Lopez Obrador វ័យ ៦៤ ឆ្នាំ ដែល​ជា​អ្នក​មាន​ទស្សនៈ​ឆ្វេង​និយម និង​បាន​ចាប់ផ្ដើម​ចូល​ក្នុង​ឆាក​នយោបាយ​កាល​ពី​ប៉ុន្មាន​ទសវត្សរ៍​កន្លង​មក​ក្នុង​នាម​ជា​សកម្មជន​ផ្នែក​សិទ្ធិ​ជនជាតិ​ភាគ​តិច បាន​ឈ្នះ​ការ​បោះ​ឆ្នោត​ប្រធានាធិបតី​ប្រទេស​ម៉ិកស៊ិក​កាល​ពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ។

លោក​បាន​និយាយ​កាល​ពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ​ថា ការ​លុប​បំបាត់​អំពើ​ពុករលួយ និង​និទ្ទណ្ឌភាព​គឺ​ជា​បេសកកម្ម​ចម្បង​របស់​រដ្ឋាភិបាល​ថ្មី​របស់​លោក។

ចំណុច​ចម្បង​មួយ​ទៀត​របស់​រដ្ឋាភិបាល​ថ្មី​របស់​លោក​គឺ​ការ​ដោះស្រាយ​ជាមួយ​នឹង​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក និង​ប្រធានាធិបតី​អាមេរិក​លោក Donald Trump។ កន្លង​មក លោក Trump បាន​សន្យា​ថា​នឹង​ឲ្យ​ប្រទេស​ម៉ិកស៊ិក​ជា​អ្នក​ចំណាយ​ថវិកា​សម្រាប់​ការ​សាងសង់​ជញ្ជាំង​ព្រំដែន​រវាង​សហរដ្ឋ​អាមេរិក និង​ម៉ិកស៊ិក។ លោក Trump ក៏​បាន​ចាត់ទុក​ជនជាតិ​ម៉ិកស៊ិក​មួយ​ចំនួន​ដែល​ឆ្លង​ចូល​ព្រំដែន​ចូល​មក​រស់នៅ​ក្នុង​សហរដ្ឋ​អាមេរិក​ថា​ជា​ឧក្រិដ្ឋជន និង​ជា​ជន​ចាប់​រំលោភ។

ប៉ុន្តែ លោក Trump បាន​អបអរសាទរ​លោក Lopez Obrador កាល​ពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ​តាម​រយៈ Twitter ថា៖ «អបអរសាទរ​ចំពោះ​លោក Andres Manuel Lopez Obrador ដែល​បាន​ក្លាយជា​ប្រធានាធិបតី​ថ្មី​នៃ​ប្រទេស​ម៉ិកស៊ិក។ ខ្ញុំ​ទន្ទឹង​រង់ចាំ​ធ្វើ​ការ​ជាមួយ​នឹង​លោក។ នៅ​មាន​កិច្ចការ​ជា​ច្រើន​ដែល​ត្រូវ​ធ្វើ​ដែល​នឹង​ផ្ដល់​ផល​ប្រយោជន៍​ដល់​សហរដ្ឋ​អាមេរិក និង​ប្រទេស​ម៉ិកស៊ិក‍»។

នេះ​គឺ​ជា​លើក​ដំបូង​សម្រាប់​គណបក្ស​ចលនា​ជាតិ​ដើម្បី​ការ​ផ្លាស់ប្ដូរ​ថ្មី​របស់​លោក Lopez Obrador ដែល​បាន​ចូលរួម​នៅ​ក្នុង​ការ​បោះ​ឆ្នោត​ប្រធានាធិបតី​នេះ។ គណបក្ស​របស់​លោក​បាន​ចង​សម្ព័ន្ធ​ភាព​ជាមួយ​នឹង​គណបក្ស​ការងារ​ដែល​ប្រកាន់​ទស្សនៈ​ឆ្វេង​និយម និង​គណបក្ស​ប្រឈម​នឹង​សង្គម​ដែល​ប្រកាន់​ទស្សនៈ​ស្ដាំ​និយម។

ការ​បោះ​ឆ្នោត​លើក​នេះ​ដែល​ជា​ការ​បោះ​ឆ្នោត​ដ៏​ធំ​បំផុត​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​នា​ពេល​ថ្មីៗ​នេះ​របស់​ប្រទេស​ម៉ិកស៊ិក គឺ​ជា​ការ​បោះ​ឆ្នោត​ដ៏​ហិង្សា​បំផុត​មួយ ដោយ​អ្នក​នយោបាយ​ជាង ១ រយ​នាក់ ត្រូវ​បាន​សម្លាប់​នៅ​ក្នុង​ដំណើរការ​ឆ្ពោះ​មក​កាន់​ការ​បោះ​ឆ្នោត​កាល​ពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ​នេះ៕

XS
SM
MD
LG