ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ភាព​តានតឹង​ដែល​នៅ​​ងំ​ជា​យូរ​មក​ហើយ​ឆាប​ឆេះ​ដោយសារ​បញ្ហា​កោះ Senkaku ដែល​មាន​ជម្លោះ​នៅ​សមុទ្រ​ចិន​ខាង​កើត


រូបឯកសារ៖ នាវា​របស់​ឆ្មាំល្បាត​ដែន​សមុទ្រ​ជប៉ុន​បើក​អម​​ទូក​នេសាទ​របស់​សកម្មជន​ជប៉ុន​នៅ​ក្បែរប្រជុំ​កោះ​ ដែល​ចិន​ហៅ​ថា Diaoyu ហើយ​ជប៉ុន​ហៅ​ថា Senkaku ថ្ងៃទី ១៨ ខែសីហា ឆ្នាំ២០១៣។
រូបឯកសារ៖ នាវា​របស់​ឆ្មាំល្បាត​ដែន​សមុទ្រ​ជប៉ុន​បើក​អម​​ទូក​នេសាទ​របស់​សកម្មជន​ជប៉ុន​នៅ​ក្បែរប្រជុំ​កោះ​ ដែល​ចិន​ហៅ​ថា Diaoyu ហើយ​ជប៉ុន​ហៅ​ថា Senkaku ថ្ងៃទី ១៨ ខែសីហា ឆ្នាំ២០១៣។

ភាព​តានតឹង​ដ៏​រ៉ាំរ៉ៃ​កំពុង​ឆាបឆេះ​លើ​ប្រជុំ​កោះ Senkaku ដែល​ជា​ប្រជុំ​កោះ​គ្មាន​មនុស្ស​រស់នៅស្ថិត​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​កើត​ដែលចិន​ហៅថា Diaoyu និង តៃវ៉ាន់​ហៅ​ថា​Diaoyutai។

ប្រទេស​ជប៉ុន​បាន​ទាមទារ​យក​ប្រជុំ​កោះ​នេះ ចាប់​តាំង​ពី​សង្គ្រាម​ចិន-ជប៉ុន​បាន​បញ្ចប់​នៅ​ឆ្នាំ​១៨៩៥ ប៉ុន្តែ​ចិន និង​តៃវ៉ាន់​ក៏​បាន​ទាមទារ​យក​ប្រជុំ​កោះ​នោះ​ដូចគ្នា ដែល​ធ្វើ​ឲ្យ​ផ្ទាំង​ថ្ម​ទាំង​នោះ​ក្លាយ​ជា​ចំណុច​ក្តៅ​ខាងភូមិសាស្ត្រ​នយោបាយ​ជា​រៀង​រហូត។

បញ្ហា​នេះ​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ផល​ប្រយោជន៍​សេដ្ឋកិច្ច ក៏​ដូច​ជា​ដែនដី។ នេះ​បើ​យោង​តាម​ក្រុម​ប្រឹក្សា​ទំនាក់ទំនង​បរទេស ដែល​បាន​និយាយ​ថា​ប្រជុំ​កោះ​នោះ​«មាន​សក្តានុពល​ប្រេង និង​ឧស្ម័ន​ធម្មជាតិ​បម្រុង នៅ​ជិត​ផ្លូវ​ដឹក​ជញ្ជូន​ដ៏​លេចធ្លោ ហើយ​ត្រូវ​បាន​ហ៊ុំព័ទ្ធ​ដោយ​តំបន់​នេសាទ​ដ៏​សម្បូរ​បែប»។

ការ​ប្រឈម​មុខ​ដាក់​គ្នា​ចុងក្រោយ​បំផុត​បាន​កើត​ឡើង​នៅ​ថ្ងៃ​ចន្ទ ទី​៤ ខែ​កក្កដា នៅ​ពេល​ដែល​នាវា​ឆ្មាំ​សមុទ្រ​ចិន​ពីរ​គ្រឿង​បាន​ចូល​ទៅ​ក្នុង​តំបន់​ព្រំដែន​ដែល​នៅ​ជាប់​នឹង​ដែន​ទឹក​១២ ម៉ាយល៍​សមុទ្រ​ជុំវិញ​ប្រជុំ​កោះ​ដែល​ជប៉ុន​ចាត់​ទុក​ថា​ជា​ទឹក​ដី​របស់​ខ្លួន។នាវា​ចម្បាំង​រុស្ស៊ី​មួយ​គ្រឿង​ក៏​បាន​ចូល​ក្នុង​តំបន់​ព្រំដែន​នោះ​ដែរ។

តំបន់​ព្រំដែន​ជាប់​ឆ្នេរ​សមុទ្រ​ត្រូវ​បាន​កំណត់​ជា​ទូទៅ​ថា​ជាលាត​សន្ធឹង​បន្ថែម ១២ ម៉ាយល៍​សមុទ្រ​ហួស​ពី​ដែន​ទឹក ដែល​រៀបចំ​ដោយ​រដ្ឋបាល​មហា​សមុទ្រ និង​បរិយាកាស​ជាតិ​របស់​សហរដ្ឋអាមេរិក ស្រប​តាម​ច្បាប់​អន្តរជាតិ។

ថ្វី​បើ​ប្រទេស​នានា​មិន​មាន​កម្រិត​ដូចគ្នា​នៃ​ភាព​ផ្តាច់មុខ និង​ការ​គ្រប់​គ្រង​នៅ​ក្នុង​តំបន់​ព្រំដែន​ឆ្នេរ​សមុទ្រ​ ដូច​ដែល​ច្បាប់​អន្តរជាតិ​ផ្តល់​សិទ្ធិ​ឲ្យ​ពួកគេ​នៅ​ក្នុង​ដែន​ទឹក​១២​ម៉ាយល៍​សមុទ្រ​ក៏​ដោយ ក៏​រដ្ឋាភិបាល​ក្រុង​តូក្យូ​បាន​តវ៉ាប្រឆាំង​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​នៅ​ថ្ងៃ​នោះ​ដែរ។​ នេះ​បើ​យោង​តាម លោក Seiji Kihara ​អនុប្រធាន​លេខាធិការ​ខុទ្ទកាល័យ​នៃ​ប្រទេស​ជប៉ុន។

ផែនទី​ប្រជុំកោះ Senkaku/Diaoyu
ផែនទី​ប្រជុំកោះ Senkaku/Diaoyu

លោក Kihara បាន​និយាយ​ថា «យោង​ទៅ​តាម​ប្រវត្តិសាស្ត្រ និង​ច្បាប់​អន្តរជាតិ ប្រជុំ​កោះ Senkaku គឺជា​ផ្នែក​ដែល​មាន​ដើម​កំណើត​នៃ​ទឹក​ដី​របស់​ប្រទេស​ជប៉ុន»។ លោក​បន្ត​ថា​៖​«រដ្ឋាភិបាល នឹង ដោះ ស្រាយ​រឿង​នេះ​ដោយ​ស្ងប់ស្ងាត់ និង​រឹងមាំ​ដើម្បី​ការពារ​ទឹកដី ​ដែន​ទឹក និង​ដែន​អាកាស​របស់​ប្រទេស​ជប៉ុន ប៉ុន្តែ​នាវា​ចម្បាំង​ចិន និង​រុស្ស៊ី មិន​បាន​រំលោភ​លើ​ដែន​ទឹក​របស់​ជប៉ុន​ទេ»។

នៅ​ក្នុង​សន្និសីទ​សារព័ត៌​មាន​កាល​ពី​ថ្ងៃ​អង្គារ​ទី ៥ ខែ​កក្កដា ប្រធាន​ខុទ្ទកាល័យ​ជប៉ុន​លោក Hirokazu Matsuno បាន​និយាយ​ថា ទោះ​បី​ជា​កប៉ាល់​រុស្ស៊ី​ប្រហែល​ជា​បាន​គេច​ពី​ព្យុះ​ទីហ្វុង Aere ក៏​ដោយ ក៏​នាវា​ឆ្មាំ​សមុទ្រ​ចិន​ពីរ​គ្រឿង​បាន​ចូល​ទៅ​ជិត​ប្រជុំ​កោះ Senkaku និង​តាមដាន​ទូក​នេសាទ​ជប៉ុន​ផងដែរ។

ប៉ុន្តែ​អ្នក​ជំនាញ​បាន​ស្នើ​ថា ចិន​និង​រុស្ស៊ី​ទំនង​ជា​មាន​គម្រោង​ចូល​ក្នុង​តំបន់​ដែល​មាន​ចម្ងាយ​ប្រហែល ១៨៦ គីឡូម៉ែត្រ​ពី​កោះ​តៃវ៉ាន់ និង​ប្រហែល​៤១០ គីឡូម៉ែត្រ​ពី​ប្រទេស​ជប៉ុន នៅ​ក្នុង​សកម្មភាព​សម្របសម្រួល​មួយ​ដើម្បី​ប្រឆាំង​នឹង​សម្ព័ន្ធភាព​អាមេរិក-ជប៉ុន។

លោក Yoichi Shimada សាស្ត្រាចារ្យ​ផ្នែក​នយោបាយ​អន្តរជាតិ​នៅ​សាកលវិទ្យាល័យ Fukui Prefectural University ក្នុង​ប្រទេស​ជប៉ុន​បាន​ប្រាប់​វីអូអេ​ភាសា​ចិន​កុកងឺ​ថា៖ «ចិន​និង​រុស្ស៊ី​បាន​បន្ត​ដាក់​សម្ពាធ លើ​ប្រទេស​ជប៉ុន ពីព្រោះ​ប្រទេស​ជប៉ុន​គឺជា​សម្ព័ន្ធមិត្ត​ដ៏​សំខាន់​បំផុត​របស់​សហរដ្ឋ​អាមេរិក​នៅ​អាស៊ី»។

ក្រសួង​ការពារ​ជាតិ​ជប៉ុន បាន​បញ្ជាក់​ថា នៅ​វេលា​ម៉ោង​៧​ព្រឹក ថ្ងៃ​ទី​៤ ខែ​កក្កដា នាវា​ចម្បាំង​រុស្ស៊ី​មួយ​គ្រឿង បាន​ចូល​ដែន​ទឹក​ក្បែរ​ប្រជុំ​កោះ Senkaku ហើយ​បាន​បើក​នាវា​ក្នុង​តំបន់​នោះ អស់​រយៈពេល​ជាង​មួយ​ម៉ោង។

លោក Shimada ប្រាប់​វីអូអេ​ភាសា​ចិន​កុកងឺ​ថា៖​«នាវា​ចម្បាំង​រុស្ស៊ី​ដែល កំពុង​ធ្វើ​ដំណើរ​ក្នុង​ដែន​ទឹក​នៃ​ប្រជុំ​កោះ Senkaku កំពុង​ជួយ​ដល់​ផែនការ​របស់​ចិន ដោយ​អនុញ្ញាត​ឲ្យ​នាវា​ចម្បាំង​របស់​ចិន​ចូល​ដោយ​ផ្ទាល់​ទៅ​ក្នុង​ដែន​ទឹក​ជាប់​គ្នា​ជា​«ការព្រមាន» បង្កើតការ​យល់​ឃើញ​ថា ចិន​មាន​សិទ្ធិ «គ្រប់គ្រង​យ៉ាង​សំខាន់» លើ​កោះ Senkaku។ ដូច្នេះ​វា​ទំនង​ជា​ត្រូវ​បាន​រៀប​ចំ​ទុក​ជាមុន» ។

ទីក្រុង​មូស្គូ និង​ទីក្រុង​ប៉េកាំង ហាក់​ដូច​ជា​បាន​សម្របសម្រួល​គ​សកម្មភាព​នៅ​ក្នុង​តំបន់​នោះ​នា​ពេល​កន្លង​មក។កាល​ពី​ថ្ងៃ​ទី​២៤ ខែ​ឧសភា យន្តហោះ​ចម្បាំង​ចិន និង​រុស្ស៊ី​បាន​ធ្វើ​ការ​ហោះ​ហើរ​រួមគ្នា​លើ​សមុទ្រ​ជប៉ុន និង​សមុទ្រ​ចិន​ខាង​កើត ខណៈ​ដែល​មេដឹកនាំ​មក​ពី​សហរដ្ឋ​អាមេរិក ឥណ្ឌា អូស្ត្រាលី និង​ជប៉ុន​បាន​ជួប​ពិភាក្សា​គ្នា​នៅ​ទីក្រុង​តូក្យូ​ស្តីពី​សន្តិសុខ​ក្នុង​តំបន់។ យោង​តាម​គេហទំព័រ USNINews បាន​ឲ្យ​ដឹង​ថា កប៉ាល់​រុស្ស៊ី​ចំនួន ៧​គ្រឿង​បាន​ធ្វើ​ប្រតិបត្តិការ​នៅ​ក្បែរ​ប្រទេស​ជប៉ុន​ចាប់​តាំង​ពី​ថ្ងៃ​ទី​១៥ ខែ​មិថុនា។

កាល​ពី​ថ្ងៃ​អង្គារ ទី​០៥ ខែ​កក្កដា អ្នកនាំពាក្យ​ក្រសួង​ការ​បរទេស​ចិន​ម្នាក់ បាន​និយាយ​ថា ប្រជុំកោះ Diaoyu តែង​តែ​ជា​ទឹកដី​របស់​ប្រទេស​ចិន។

លោក Zhao Lijian បាន​និយាយ​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​ជា​ទៀង​ទាត់​ថា៖«ក្នុង​រយៈពេល ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ​កប៉ាល់​នេសាទ​ជប៉ុន​ស្តាំនិយម​បាន​ចូល​ដែន​ទឹក​របស់​ប្រទេស​ចិន​ម្តង​ហើយ​ម្តង​ទៀត​ ចេញ​ពី​កោះ Diaoyu Dao ដោយ​ខុស​ច្បាប់។ ទង្វើ​នេះ​បាន​រំលោភ​អធិបតេយ្យភាព​របស់​ចិន​យ៉ាង​ធ្ងន់ធ្ងរ។សកម្មភាព​អនុវត្ត​ច្បាប់​នៅ​នឹង​កន្លែង​របស់​នាវា​ឆ្មាំ​ឆ្នេរ​សមុទ្រ​ចិន​ទាក់ទង​នឹង​ទូក​នេសាទ​ជប៉ុន​ស្តាំ​និយម គឺ​ជា​វិធានការ​ត្រឹមត្រូវ និង​ស្រប​ច្បាប់​ដើម្បី​ការពារ​អធិបតេយ្យភាព​របស់​ប្រទេស​ចិន»។

រដ្ឋាភិបាល​ក្រុង​ប៉េកាំង​មិន​បាន​ធ្វើ​អត្ថាធិប្បាយ​អំពី​ចលនា​របស់​នាវា​ចម្បាំង​រុស្ស៊ី​នៅ​ក្បែរ​ប្រជុំ​កោះ​ Senkaku ​ទេ។

សារព័ត៌មាន Kyodo របស់​ប្រទេស​ជប៉ុន​កាល​ពី​ថ្ងៃ​ទី​៥​ខែ​កក្កដា​ បាន​រាយការណ៍​ថា​នាវា​ចិន​ឥឡូវ​នេះ​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​នៅ​ជិត​ប្រជុំ​កោះ​នេះ រួម​ទាំង​នៅក្នុង​តំបន់​ព្រំដែន​សមុទ្រ​នៅ​ខាង​ក្រៅ​ដែនទឹក​របស់​ជប៉ុន​អស់​រយៈពេល​៨១​ថ្ងៃ​ជាប់ៗ​គ្នា។ នេះ​បើ​យោង​តាម​ឆ្មាំ​សមុទ្រ​ជប៉ុន។

លោក Chen Wenjia នាយក​មជ្ឈមណ្ឌល​ស្រាវជ្រាវ​អភិវឌ្ឍន៍​ជាតិ និង​តំបន់​នៃ​សាកលវិទ្យាល័យ Kainan ក្នុង​កោះ​តៃវ៉ាន់ បាន​និយាយ​ថា គោលបំណង​នៃ​សកម្មភាព​របស់​ចិន និង​រុស្ស៊ី​នៅក្នុង​ប្រជុំ​កោះ Senkaku គឺ​ដើម្បី​ប្រកាស​ដល់​សម្ព័ន្ធភាព​អាមេរិក-ជប៉ុន និង​លោក​ខាង​លិច​ឲ្យ​កាន់​តែ​ទូលំ​ទូលាយ​ថា រុស្ស៊ី​នៅ​តែ​មាន​ធនធាន​ដើម្បី​សហការ​ជាមួយ​យុទ្ធសាស្ត្រ​ដែន​សមុទ្រ​របស់​ចិន​នៅ​អាស៊ី​ឦសាន បើ​ទោះ​ជា​មាន​សង្គ្រាម​នៅ​អ៊ុយក្រែន​ក៏ដោយ។

លោក Chen Wenjia បាន​និយាយ​ថា ការ​ចូល​របស់​នាវា​ចម្បាំង​ចិន និង​រុស្ស៊ី ទៅ​ក្នុង​កោះ​Senkaku គឺ​មាន​បំណង​បំភិត​បំភ័យ​ជប៉ុន ខណៈ​កំពុង​ធ្វើ​សេចក្តី​ថ្លែងការណ៍​ប្រឆាំង​នឹង​សម្ព័ន្ធភាព​អាមេរិក-ជប៉ុន៕

ប្រែសម្រួល​ដោយកញ្ញា អ៊ុន សុដាវី

XS
SM
MD
LG