ក្រុមប្រតិភូក្រុងឡុងប៊ិចនៃរដ្ឋកាលីហ្វញ៉ារបស់សហរដ្ឋអាមេរិកបានធ្វើទស្សនកិច្ចរយៈពេលបួនថ្ងៃនៅប្រទេសកម្ពុជាដើម្បីពង្រឹងវិស័យពាណិជ្ជកម្មនិងវប្បធម៌ ជាពិសេសដើម្បីពង្រឹងទំនាក់ទំនងរវាងទីក្រុងឡុងប៊ិចនិងរាជធានីភ្នំពេញដែលជាទីក្រុងបងប្អូននឹងគ្នា។
លោកចៅហ្វាយក្រុងឡុងប៊ិច គឺលោករ៉ូប៊ឺត ហ្កាសៀ(Robert Garcia) បានក្លាយជាចៅហ្វាយក្រុងដែលកំពុងកាន់តំណែងទីមួយហើយបានទៅធ្វើទស្សនកិច្ចនៅប្រទេសកម្ពុជា។ ដំណើរទស្សនកិច្ចនេះបានចាប់ផ្តើមកាលពីថ្ងៃសៅរ៍ហើយបញ្ចប់នៅថ្ងៃពុធនេះ។
ស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅរាជធានីភ្នំពេញបានបញ្ជាក់ក្នុងទំព័រហ្វេសប៊ុកថា៖
«លោកចៅហ្វាយក្រុង Garcia មកធ្វើទស្សនកិច្ចនៅភ្នំពេញក្នុងបេសកកម្មពាណិជ្ជកម្មមួយ និងដើម្បីបន្តទំនាក់ទំនងទីក្រុងបងប្អូន រវាងទីក្រុង Long Beach និងទីក្រុងភ្នំពេញ ដែលត្រូវបានចុះហត្ថលេខាជាលើកដំបូង នៅក្នុងឆ្នាំ ១៩៩៣។ នេះជាដំណើរទស្សនកិច្ចលើកដំបូងហើយដែលចៅហ្វាយក្រុង Long Beach ដែលកំពុងកាន់តំណែង បានមកធ្វើទស្សនកិច្ចនៅកម្ពុជា»។
ស្ថានទូតបានបន្ថែមទៀតថាលោកចៅហ្វាយក្រុងឡុងប៊ិចបានថ្លែងពីទំនាក់ទំនងរឹងមាំរវាងប្រជាជននិងប្រជាជន រវាងទីក្រុងរបស់លោក និងប្រទេសកម្ពុជា ព្រមទាំងចំណងទាក់ទងផ្នែកពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិកនិងកម្ពុជា។
ក្រុមប្រតិភូបានជួបជាមួយនឹងមន្ត្រីកម្ពុជាជាច្រើនក្នុងនោះមានរដ្ឋមន្ត្រីពាណិជ្ជកម្ម រដ្ឋមន្ត្រីសាធារណការ និងអភិបាលរាជធានីភ្នំពេញនិងបានចូលគាល់ព្រះមហាក្សត្រកម្ពុជាផងដែរ។
លោករ៉ូប៊ឺត ហ្កាសៀ បានថ្លែងបន្ថែមថា៖
«ខ្ញុំបានមកទីនេះជាមួយនឹងអាជ្ញាធរកំពង់ផែទីក្រុងឡុងប៊ិចដើម្បីធានាថាពាណិជ្ជកម្មត្រូវបានពង្រឹងហើយយើងមានបណ្តូរវប្បធម៌ដ៏ធំរបស់យើងដោយបានចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់ថ្មីនៃសមាគមទីក្រុងបងប្អូនជាមួយនឹងរាជធានីភ្នំពេញឱ្យធ្វើការជាមួយនឹងក្រុងខ្មែរ។ ដូច្នេះយើងមានមោទនភាពដែលបានមកទីនេះហើយយើងស្រឡាញ់ពលរដ្ឋទីក្រុងឡុងប៊ិច និងស្រឡាញ់ប្រទេសកម្ពុជានិងសហគមន៍ខ្មែរ»។
អាជ្ញាធរកំពង់ផែទីក្រុងឡុងប៊ិចបានបញ្ជាក់ក្នុងគេហទំព័ររបស់ខ្លួនថាដំណើរទស្សនកិច្ចរយៈពេល៩ថ្ងៃរបស់លោកចៅហ្វាយក្រុងឡុងប៊ិចទៅអាស៊ីនេះមានចូលទៅប្រទេសកម្ពុជា សឹង្ហបុរី និងវៀតណាម។
កំពង់ផែសមុទ្រទីក្រុងឡុងប៊ិច គឺជាកំពង់ផែដែលមានភាពមមាញឹកជាងគេលំដាប់ទីពីរនៅក្នុងសហរដ្ឋអាមេរិកហើយបានបង្កើតការងារជូនពលរដ្ឋចំនួន៣សែននាក់។ នេះបើតាមការបញ្ជាក់របស់អាជ្ញាធរកំពង់ផែទីក្រុងឡុងប៊ិច។
លោកផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាបានចាត់ទុកថាដំណើរទស្សនកិច្ចនេះជាលក្ខណៈប្រវត្តិសាស្រ្តមួយសម្រាប់កម្ពុជា។
លោកបានបន្ថែមពីសារៈសំខាន់នៃទំនាក់ទំនងរវាងកំពុងផែក្រុងឡុងប៊ិចនិងកម្ពុជា៖ «គណៈកម្មការផែបានមកធ្វើទស្សនកិច្ចក្នុងទិសដៅកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មរវាងផែទឹកសាបនៅតំបន់កៀនស្វាយជិតដល់អ្នកលឿងជាមួយនឹងផែទីក្រុងឡុងប៊ិចដើម្បីសម្របសម្រួលការដឹកជញ្ជូនរវាងកម្ពុជាជាមួយនឹងទីក្រុងឡុងប៊ិច។ យើងដឹងថាទីក្រុងឡុងប៊ិចមានទីក្រុងខ្មែរមួយដែលបង្កើតបានដោយប្រជាពលរដ្ឋនៅទីក្រុងឡុងប៊ិចក្នុងចំណោមទីក្រុងធំៗនៅសហរដ្ឋអាមេរិក។ ទីក្រុងឡុងប៊ិចមានប្រជាពលរដ្ឋខ្មែរអាមេរិកាំងច្រើនជាងគេបំផុតនៅក្នុងពិភពលោកបន្ទាប់ពីរាជធានីភ្នំពេញ។ ដូច្នេះនេះគឺជាទិសដៅពាណិជ្ជកម្មសុទ្ធសាធ»។
ព្រះមហាក្សត្រកម្ពុជា នរោត្តម សីហមុនី បានថ្លែងអំណរគុណដល់លោកអភិបាលក្រុងដែលអនុញ្ញាតឱ្យមានក្រុងខ្មែរនៅចំកណ្តាលទីក្រុងឡុងប៊ិច។ នេះបើតាមការផ្សាយរបស់ទូរទស្សន៍ជាតិកម្ពុជា។
«ក្នុងប្រវត្តិសាស្រ្តប្រទេសរបស់យើង ប្រជាជាតិយើងមិនដែលមានកិត្តិយសដោយត្រូវបានគេប្រគល់កន្លែងបង្កើតជាក្រុងខ្មែរ និងសង្កាត់វប្បធម៍និងពាណិជ្ជកម្មនៅបរទេសទេ។ ខ្ញុំសូមថ្លែងអំណរគុណលោកអភិបាលក្រុងនិងលោកប្រធានក្រុងខ្មែរចំពោះកាយវិការដ៏ស្មោះស្ម័គ្រនេះ»។
ក្រុមប្រតិភូក៏បានទៅធ្វើទស្សនកិច្ចតំបន់ទេសចរណ៍អង្គរវត្តក្នុងខេត្តសៀមរាប និងពិព័រណ៍ផលិតផលសូត្រខ្មែរក្នុងទីក្រុងភ្នំពេញផងដែរ។ នេះបើតាមការបញ្ជាក់របស់ហ្វេសប៊ុកទីក្រុងបងប្អូនភ្នំពេញនិងឡុងប៊ិច៕