ពួកមន្ត្រីសន្តិសុខអង់គ្លេសបាននិយាយថា ពួកគេមិនស្វែងរកជនជាប់សង្ស័យថែមទៀតនៅក្នុងការវាយប្រហារចាក់ដោយកាំបិតនៅក្នុងក្រុងឡុងដ៍ កាលពីថ្ងៃសុក្រដែលបានបណ្តាលឱ្យមនុស្សពីរនាក់ស្លាប់ហើយជនរងគ្រោះបីនាក់ទៀតកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ។
ពួកប៉ូលិសក្រុងឡុងដ៍ ត្រូវបានហៅឱ្យទៅកាន់អាគារ Fishmongers' Hall នៅខាងជើងស្ពាន London Bridge នៅពេលរសៀលដែលនៅទីនោះសាកលវិទ្យាល័យ Cambridge បានធ្វើសិក្ខាសាលាមួយអំពីការធ្វើអ្នកទោសឱ្យទៅជាមនុស្សល្អឡើងវិញដែលមានចំណងជើងថា «ការរៀនសូត្រជាមួយគ្នា»។
វិទ្យុនិងទូរស្សន៍អង់គ្លេស BBC រាយការណ៍ថា ជនជាប់សង្ស័យឈ្មោះ Usman Khan អាយុ២៨ឆ្នាំ ដែលមានទោសកាលពីឆ្នាំ២០១២ពីបទភេរវកម្ម ហើយដែលត្រូវបានដោះលែងតាមរយៈការព្យួរទោសដោយមានលក្ខខណ្ឌកាលពីខែធ្នូ ឆ្នាំ២០១៨ ក៏ធ្លាប់បានចូលរួមក្នុងសិក្ខាសាលានេះដែរ។
គាត់បានចាប់ផ្តើមការវាយប្រហារនោះពីខាងក្នុងអាគារនោះនៅមុនពេលគាត់ទៅកាន់ស្ពាន London Bridge ដែលនៅទីនោះគាត់បានត្រូវប្រឈមនិងត្រូវបានសម្លាប់នៅក្រោយពេលគាត់បានចាក់មនុស្សមួយចំនួន។
លោក Neal Basu ឧបការីស្នងការប៉ូលិសក្រុងឡុងដ បាននិយាយប្រាប់ពួកអ្នកកាសែតថា ឧប្បត្តិហេតុនេះត្រូវបានចាត់ទុកថា ជាការវាយប្រហារភេរវកម្ម។
បណ្តាញផ្សាយព័ត៌មានអង់គ្លេសដែលនិយាយយោងតាមប្រភពមន្ត្រីរដ្ឋាភិបាលមិនបញ្ចេញឈ្មោះបានថ្លែងថា ឈ្មោះ Khan មានចំណងទាក់ទងជាមួយក្រុម ឥស្លាមនិយមជ្រុល។ ពួកមន្ត្រីមិនបានបញ្ជាក់ថា ព័ត៌មាននេះជាការពិតឬយ៉ាងណាទេ។
ក៏ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ នាយករដ្ឋមន្ត្រី Boris Johnson បាននិយាយថា៖ «ជាកំហុសមួយដែលអនុញ្ញាតឱ្យពួកឧក្រិដ្ឋជនមានទោសធ្ងន់ធ្ងរនិងឃោរឃៅចេញពីគុកយ៉ាងឆាប់រហ័ស ហើយជាការសំខាន់ណាស់ដែលយើងឈប់ធ្វើតាមទម្លាប់នេះទៀត»៕