អង្គការសម្ព័នខ្មែរជំរឿន និងការពារសិទ្ធិមនុស្ស ហៅកាត់ថាលីកាដូបានជំរុញឱ្យក្រសួងសង្គមកិច្ចបិទចោលមណ្ឌលព្រៃស្ពឺ ក្រោយមានអ្នកជាប់ឃុំនៅទីនោះបានស្លាប់ជាបន្តបន្ទាប់ ដែលស្លាប់ជាង១០នាក់នៅខែកក្កដា ដល់ខែសីហា ឆ្នាំ២០២២ ដោយសារការឈឺធ្ងន់ធ្ងរ មិនទទួលការព្យាបាលបានត្រឹមត្រូវ ដោយដេកស្លាប់នៅលើឥដ្ឋក្នុងបន្ទប់ឃុំឃាំង ហើយការឃុំឃាំងនោះមិនមានស្តង់ដារត្រឹមត្រូវ។ នេះតាមសេចក្តីថ្លែងការណ៍របស់អង្គការលីកាដូ ចុះថ្ងៃទី៧ ខែធ្នូនេះ។
បើតាមអង្គការលីកាដូ មនុស្សពីរនាក់បានស្លាប់នៅក្នុងខែសីហា ដោយសារការឃុំខ្លួនមិនបានត្រឹមត្រូវនៅមណ្ឌលសង្គមកិច្ចព្រៃស្ពឺ ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដែលបើកដំណើរការតាំងពីឆ្នាំ២០០៤មក។ អង្គការនេះបន្ថែមថានៅចន្លោះខែកក្កដា ដល់ខែសីហា ឆ្នាំ២០២២ មនុស្សជាង១០នាក់ បានស្លាប់នៅមណ្ឌលព្រៃស្ពឺនេះ។
មនុស្សដែលត្រូវបានឃុំខ្លួននៅមណ្ឌលព្រៃស្ពឺ ភាគច្រើនគឺមកពីក្រុមមនុស្សដែលមិនត្រូវបានគេអើពើដូចជា ជនអនាថា អ្នកសុំទាន អ្នកប្រើប្រាស់គ្រឿងញៀន និងអ្នកប្រកបរបរផ្លូវភេទជាដើម។ ពួកគេមិនត្រូវបានចោទប្រកាន់ពីបទល្មើសណាមួយទេ ប៉ុន្តែត្រូវបានឃុំខ្លួនដោយមិនច្បាស់លាស់ និងត្រូវបានហាមឃាត់មិនឱ្យចាកចេញ។ នេះបើតាមអង្គការលីកាដូ។
អង្គការដែលធ្វើការពាក់ព័ន្ធសិទ្ធិមនុស្សនេះ ទាមទារឱ្យក្រសួងសង្គមកិច្ចបិទមណ្ឌលព្រៃស្ពឺ។ ហើយអង្គការនេះក៏បានទាមទារឱ្យបិទមណ្ឌលនេះម្តងរួចមកហើយ កាលពីឆ្នាំ២០០៨មក ដើម្បីកុំឱ្យមានករណីមនុស្សស្លាប់បន្តទៀត និងបញ្ចប់ស្ថានភាពអាក្រក់ដែលប្រឈមដោយមនុស្សជាប់ឃុំនៅទីនោះ។
ក្នុងសេចក្តីថ្លែងការណ៍នេះ អង្គការលីកាដូបញ្ជាក់ថា៖ «មណ្ឌលព្រៃស្ពឺ ក៏ដូចជាទីតាំងទាំងអស់ផ្សេងទៀតនៃការឃុំខ្លួនមិនត្រឹមត្រូវ គួរតែត្រូវបានបិទឱ្យបានឆាប់រហ័ស និងជារៀងរហូត ហើយអ្នកដែលត្រូវបានចោទប្រកាន់ពីការធ្វេសប្រហែស ឬការរំលោភបំពាន ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់។ ប្រវត្តិនៃការរំលោភបំពាន និងការស្លាប់នៅមណ្ឌលព្រៃស្ពឺ គឺអូសបន្លាយពេលច្រើនពេកហើយ និងបង្កើតឱ្យមានការរំលោភបំពានបន្ថែមទៀត ប្រសិនបើមណ្ឌលនេះមិនត្រូវបានបិទដំណើរការនោះទេ។ សូមបិទមណ្ឌលព្រៃស្ពឺ»។
នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការកាពារសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត ប្រាប់វីអូអេនៅថ្ងៃពុធនេះថា មណ្ឌលព្រៃស្ពឺ ជាកន្លែងដែលយកជនអនាថា អ្នកគ្មានទីជម្រក ឬគ្មានមុខរបរ ជាដើម ទៅបណ្តុះបណ្តាលវិជ្ជាជីវៈ ប៉ុន្តែមិនអាចបិទសិទ្ធិពួកគេបានទេ ឧទាហរណ៍ដូចជាបើសិនអ្នកណាម្នាក់មិនស្ម័គ្រចិត្តស្នាក់នៅទីនោះ ហើយត្រូវបានបិទសិទ្ធិសេរីភាពមិនឱ្យចេញ គឺមានន័យថា ជាការឃុំឃាំង និងរំលោភសិទ្ធិសេរីភាពយ៉ាងធ្ងន់ធ្ងរហើយ។ លោកបន្ថែមថា ជនអនាថា ឬអ្នកគ្មានទីជម្រកដែលមានជំងឺធ្ងន់ធ្ងរពីខាងក្រៅ អាជ្ញាធរគួរយកទៅដាក់ព្យាបាលនៅមន្ទីរពេទ្យរដ្ឋ ដោយមិនមែនយកទៅទុកព្យាបាលនៅមណ្ឌលនេះ រហូតដល់ធ្វើឱ្យមនុស្សស្លាប់ឡើយ។
លោកថ្លែងថា៖ «[ទីមួយ] មណ្ឌលសំចត បានន័យថាជាកន្លែងបណ្តោះអាសន្ន សម្រាប់មនុស្ស ឬក៏ជាមណ្ឌលមួយ សម្រាប់បណ្តុះបណ្តាលវិជ្ជាជីវៈ ទៅដល់អ្នកដែលជាជនអនាថា ដែលគាត់គ្មានមុខរបរ គ្មានទីជម្រក។ ហើយពេលបណ្តុះបណ្តាលវិជ្ជាជីវៈហើយ ធ្វើសមាហរណកម្មទៅស្រុកកំណើតឬកន្លែងណាមួយដែលអាចឱ្យគាត់អាចមានលំនឹងក្នុងការប្រកបអាជីវកម្ម»។
លោកបន្តថា៖ «ទីពីរ មណ្ឌលសំចតមិនមែនជាកន្លែងឃុំឃាំងទេ អ៊ីចឹងនៅពេលដែលគេមិនព្រមស្នាក់នៅក្នុងមណ្ឌល យើងមិនអាចឃុំឃាំងគេទេ កាលណាឃុំឃាំង វាជារឿងខុសច្បាប់ ជាការរំលោភទៅលើសិទ្ធិមនុស្សធ្ងន់ធ្ងរ។ ហើយទីបី ប្រសិនបើមនុស្សដែលមានជំងឺ ពីក្រៅទៅទៀត អាហ្នឹងមិនគួរបញ្ជូនទៅមណ្ឌលហ្នឹងទេ គឺគួរបញ្ជូនទៅមន្ទីរពេទ្យរដ្ឋណាមួយ ឬកន្លែងថែទាំសុខភាពណាមួយ ដើម្បីព្យាបាលគាត់»។
លោកបន្ថែមថា មណ្ឌលព្រៃស្ពឺនេះ មានរយៈពេល១៨ឆ្នាំហើយ តាំងពី២០០៤មក ប៉ុន្តែការរៀបចំគឺមិនទាន់ឃើញមានភាពល្អប្រសើរអ្វីនៅឡើយទេ គឺមានភាពចង្អៀត ហើយការផ្តល់សេវានានា បូករួមការផ្តល់សេវាថែទាំងសុខភាពមិនបានត្រឹមត្រូវ ដែលនៅតែបណ្តាលឱ្យមានមនុស្សស្លាប់ដដែល។ ដូច្នេះលោកថាដើម្បីកុំឱ្យមានបញ្ហានេះកើតឡើងទៀត និងបញ្ចៀសការរិះគន់នានា មណ្ឌលព្រៃស្ពឺនេះ គួរតែបិទទ្វារ។
លោកថ្លែងថា៖«យើងសុំឱ្យបិទតែម្តងនូវមណ្ឌលនេះ ពីព្រោះរយៈពេលកែប្រែរាប់សិបឆ្នាំមកហើយ អត់មានអីកែប្រែទេ។ អ៊ីចឹងដើម្បីធានា ទីមួយ ដើម្បីកុំឱ្យមានការចោទប្រកាន់អំពីការឃុំឃាំងមនុស្ស ដោយខុសច្បាប់ ពីព្រោះមណ្ឌលនេះមិនមែនជាមណ្ឌលឃុំឃាំងទេ។ ហើយទីពីរ កុំឱ្យមានមនុស្សស្លាប់នៅក្នុងមណ្ឌលហ្នឹងច្រើនតទៅទៀត»។
សេចក្តីថ្លែងការណ៍របស់អង្គការនេះចុះថ្ងៃទី៧ ខែធ្នូនេះបន្ថែមថា មណ្ឌលព្រៃស្ពឺបានអះអាងថាជាមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងត្រូវបានគ្រប់គ្រងដោយក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ប៉ុន្តែមណ្ឌលនេះដំណើរការជាមណ្ឌលឃុំខ្លួនដោយមិនត្រឹមត្រូវ ដើម្បីលាក់បាំងរូបភាពពីប្រជាពលរដ្ឋដែលមិនត្រូវបានគេអើពើ និងអ្នកដែលប្រឈមនឹងហានិភ័យ នៅរាជធានីភ្នំពេញ ខណៈពួកគេត្រូវបានបដិសេធសិទ្ធិទទួលបានការការពារផ្លូវច្បាប់ និងតម្រូវការចាំបាច់ ដូចជាអាហារបរិភោគ និងការថែទាំឬព្យាបាលជំងឺឱ្យបានគ្រប់គ្រាន់។
ការស្លាប់ចុងក្រោយនេះ កើតឡើងអំឡុងពេលមានការកើនឡើងអ្នកជាប់ឃុំនៅក្នុងមណ្ឌលឃុំខ្លួនដោយមិនត្រឹមត្រូវនេះទៅលើបុរសនិងស្ត្រីដែលមិនត្រូវបានគេអើពើ នៅក្នុងមណ្ឌលមួយដែលមនុស្សជាង៤០០នាក់ ត្រូវបានឃុំខ្លួន គិតត្រឹមខែសីហា ឆ្នាំ២០២២ ។ សាក្សីមួយចំនួនបានរៀបរាប់ពីស្ថានភាពដូចនរក រួមមានបន្ទប់ឃុំឃាំងដែលចង្អៀតណែនខ្លាំង កង្វះចំណីអាហារ ការវាយដំដោយសារមិនស្ដាប់តាមការណែនាំ ខណៈដែលការថែទាំសុខភាព គឺទទួលបានតែថ្នាំ ប៉ារ៉ាសេតាម៉ុល តែប៉ុណ្ណោះ ទោះបីជាមានជំងឺធ្ងន់ធ្ងរក៏ដោយ។ នេះបើតាមអង្គការលីកាដូ។
អគ្គនាយកនៃអគ្គនាយកដ្ឋានបច្ចេកទេសនៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាលោក តូច ចាន់នី លើកឡើងថា មណ្ឌលព្រៃស្ពឺ ឬហៅថាមណ្ឌលសំចតសង្គមកិច្ចរាជធានីភ្នំពេញនេះ មិនអាចបិទបានទេ ព្រោះជាកន្លែងប្រមូលជនអនាថា អ្នកគ្មានទីជម្រក រស់នៅតាមចិញ្ចើមថ្នល់ ដែលហាលភ្លៀង ហាលខ្យល់ ឬមិនមានអាហារគ្រប់គ្រាន់ ឬខ្វះអនាម័យ ឱ្យមកស្នាក់នៅមណ្ឌលនេះបណ្តោះអាសន្ន ហើយម្យ៉ាងការប្រមូលយកមកដាក់នៅមណ្ឌលនេះ គឺដើម្បីរក្សាសណ្តាប់ធ្នាប់ និងសោភ័ណភាពទីក្រុងភ្នំពេញ។
លោកថាករណីមនុស្សស្លាប់ក្នុងមណ្ឌលព្រៃស្ពឺនេះពិតជាមាន ប៉ុន្តែដោយសារតែអ្នកដែលមកស្នាក់នៅទីនោះ ភាគច្រើនសុទ្ធតែជាអ្នកមានជំងឺប្រចាំកាយ ឬខ្លះឈឺធ្ងន់ធ្ងរទៅហើយ ដោយក្នុងនោះក៏មានពេទ្យប្រចាំការ និងមានការបញ្ជូនទៅពេទ្យរដ្ឋមួយចំនួនផងដែរ។
លោកបញ្ជាក់ថា៖ «ដូចដែលខ្ញុំបានបញ្ជាក់ដដែលៗ ថាអ្នកដែលចូលទីនេះ គឺអ្នកដែលគាត់មានជំងឺហើយស្រេចហើយ អ្នកខ្លះធ្ងន់ធ្ងរមែនទែន អ៊ីចឹងទេ យើងយកទៅសង្គ្រោះនៅតាមមន្ទីរពេទ្យរដ្ឋមួយចំនួនទៅ។ អ៊ីចឹងទេការបិទមណ្ឌលនេះ សម្រាប់ខ្ញុំ ទស្សនៈខ្ញុំ គឺយើងមិនអាចបិទមណ្ឌលនេះបានទេ តែយើងទុករក្សា ដើម្បីកែលម្អឱ្យកាន់តែល្អទៅ ស្របទៅតាមការគោរពសិទ្ធិមនុស្ស ការរស់នៅប្រកបដោយស្តង់ដារ ហៅថាបរិស្ថានល្អ។ យើងនឹងព្យាយាមកែលម្អ»។
បើតាមលោក តូច ចាន់នី តួលេខអ្នកចេញចូលស្នាក់នៅមណ្ឌលនេះ គឺមានការប្រែប្រួល អាចមានចំនួន១០០ ឬ២០០នាក់ ឬតិចជាងនេះ។ លោកបន្តថា អ្នកដែលមកស្នាក់នៅក្នុងមណ្ឌលនេះ បើសិនជារកឃើញក្រុមគ្រួសារ ឬស្រុកកំណើត គឺគណៈកម្មការជនអនាថានឹងចាត់ចែងប្រគល់ទៅក្រុមគ្រួសារវិញ។
ក្នុងឆ្នាំ២០១៤ អង្គការលីកាដូ និងអង្គការឃ្លាំមើលសិទ្ធិមនុស្សបានរាយការណ៍ពីហេតុការណ៍នៃការរំលោភបំពានពីសំណាក់បុគ្គលិកទៅលើអ្នកជាប់ឃុំ ដូចជាការវាយដោយរំពាត់ ការវាយដំ ការឆក់ និងការរំលោភបំពានផ្លូវភេទ ក៏ដូចជាការបង្ខំពួកគេឱ្យធ្វើការជាដើម។ ពួកគេក៏បានបញ្ជាក់ពីការស្លាប់របស់អ្នកជាប់ឃុំដែលគួរតែអាចការពារបាន ដោយសារអ្នកស្លាប់ទាំងនោះត្រូវបានបដិសេធក្នុងការទទួលបានការព្យាបាលជំងឺ។
បន្ទាប់ពីទទួលបានព័ត៌មានអំពីការស្លាប់ថ្មីៗនេះ អង្គការលីកាដូបានដាក់លិខិតស្នើសុំការអនុញ្ញាត នៅចុងខែតុលា ឆ្នាំ២០២២ ដើម្បីបញ្ជូនក្រុមគ្រូពេទ្យ រួមមានវេជ្ជបណ្ឌិត ដើម្បីវាយតម្លៃ និងព្យាបាលអ្នកជាប់ឃុំនៅក្នុងមណ្ឌល។ លិខិតស្នើសុំ ដែលបានដាក់ទៅមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នៅក្នុងរាជធានីភ្នំពេញ នៅតែមិនមានការឆ្លើយតប ហើយនៅតែមានការរឹតត្បិតក្នុងការចូលទៅកាន់មណ្ឌលព្រៃស្ពឺនេះ៕