ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋមន្រ្តី​ក្រសួង​សុខាភិបាល​ក្រើន​រំឭក​ឱ្យ​ពេទ្យ​រដ្ឋ​ធានា​បម្រើ​សេវា​២៤​ម៉ោង​ដល់​ប្រជា​ពលរដ្ឋ


រូបឯកសារ៖ អ្នក​មក​ព្យាបាល​ជំងឺ​​​ពាក់ម៉ាស់​ ក្នុង​អំឡុង​ពេល​មាន​ការ​រាតត្បាត​នៃ​ជំងឺ​កូវីដ១៩​ នៅ​មន្ទីរពេទ្យ​មួយ​​ក្នុង​រាជធានី​ភ្នំពេញ​ នៅថ្ងៃទី៤ ខែ​មីនា​ ឆ្នាំ២០២១។ (ហ៊ាន​ សុជាតា​/វីអូអេ)

រដ្ឋមន្រ្តី​ក្រសួង​សុខាភិបាល​បាន​ណែនាំ​ដល់​មន្រ្តី​ថ្នាក់​ក្រោម​ឱ្យ​ធានា​ការ​ផ្តល់​សេវា​សុខាភិបាល​២៤​ម៉ោង​នៅ​តាម​មន្ទីរពេទ្យ​បង្អែក ​និង​មណ្ឌល​សុខភាព​នៅ​តាម​ឃុំ​សង្កាត់​នៅ​ទូទាំង​ប្រទេស។​

ការ​ណែនាំ​របស់​រដ្ឋមន្រ្តី​សុខាភិបាល​ លោក ​ម៉ម ប៊ុនហេង ​ធ្វើ​ឡើង​ក្នុង​លិខិត​មួយ​ច្បាប់​ផ្ញើ​ទៅ​ប្រធាន​មន្ទីរ​សុខាភិបាល​តាម​បណ្តា​ខេត្ត​ទូទាំង​ប្រទេស ​ចុះ​ថ្ងៃ​ទី​២០​ ខែ​មេសា ​ឆ្នាំ​២០២២។​

នៅ​ក្នុង​លិខិត​នោះ ​រដ្ឋមន្រ្តី​ក្រសួង​សុខាភិបាល​បាន​ក្រើន​រំឭក​ដល់​មន្ទីរសុខាភិបាល​នៃ​រដ្ឋបាល​រាជធានី ​ខេត្ត​ឱ្យ​ចាត់​វិធាន​ការ​ដល់​ការិយាល័យ​ស្រុក​ប្រតិបត្តិ ​និង​មូលដ្ឋាន​សុខាភិបាល​សាធារណៈ​ទាំង​អស់ ​ត្រូវ​ធានា​ការ​ផ្តល់​សេវា​២៤​ម៉ោង​លើ​២៤​ម៉ោង​ជូន​ប្រជា​ពលរដ្ឋ​ដែល​ទៅ​ទទួល​សេវា។ លោក​រដ្ឋមន្រ្តី​បញ្ជាក់​ថា​ ក្រសួង​បាន​រក​ឃើញ​ថា​ មន្ទីរពេទ្យ​បង្អែក​ និង​មណ្ឌល​សុខភាព​មួយ​ចំនួន​មិន​បាន​ផ្តល់​សេវា​ថែទាំ​បាន​ពេញ​លេញ​ដល់​ប្រជា​ពលរដ្ឋ​នៅ​តាម​មូលដ្ឋាន​ទេ។​

រដ្ឋមន្រ្តី​ក្រសួង​សុខាភិបាល​បញ្ជាក់​ក្នុង​លិខិត​នោះ​ថា៖​ «ក្រសួង​បាន​សង្កេត​ឃើញ​មាន​មន្ទីរពេទ្យ​បង្អែក ​និង​មណ្ឌល​សុខភាព​មួយ​ចំនួន​ធំ​បាន​យក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​ផ្តល់​សេវា​ជូន​ប្រជា​ពលរដ្ឋ​បាន​ល្អ​ប្រសើរ​ ប៉ុន្តែ​នៅ​មាន​មន្ទីរពេទ្យ​បង្អែក ​និង​មណ្ឌល​សុខភាព​មួយ​ចំនួន​តូច​នៅ​មាន​ការ​ខ្វះ​ខាត​ក្នុង​ការ​ផ្តល់​សេវា​២៤​ម៉ោង​លើ​២៤​ម៉ោង​នៅ​ឡើយ»។​

លោក​រដ្ឋមន្រ្តី​សុខាភិបាល​ក៏​បញ្ជា​ឱ្យ​មន្ទីរ​សុខាភិបាល​រាជធានី​ខេត្ត ​ត្រួត​ពិនិត្យ​ការ​អនុវត្ត​របស់​ការិយាល័យ​ស្រុក​ប្រតិបត្តិ ​និង​មូលដ្ឋាន​សុខាភិបាល​សាធារណៈ​ឱ្យបាន​ខ្ជាប់​ខ្ជួន​ អំពី​បញ្ជី​ឈ្មោះ​របស់​បុគ្គលិក​យាម​ប្រចាំ​ការ។​ ហើយ​ក្រសួង​ណែនាំ​ឱ្យ​បិទ​ផ្សាយ​បញ្ជី​ឈ្មោះ ​និង​លេខ​ទូរស័ព្ទ​របស់​បុគ្គលិក​ប្រចាំ​ការ​តាម​មន្ទីរ​ពេទ្យ​បង្អែក​ និង​មណ្ឌល​សុខភាព​នីមួយៗ​ជា​ប្រចាំ។​

រដ្ឋមន្រ្តី​ក្រសួង​សុខាភិបាល ​លោក ​ម៉ម ប៊ុនហេង ​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា​ ការ​ចេញ​លិខិត​នេះ​ដើម្បី​ធានា​ការ​អនុវត្ត​ការងារ​នៅ​តាម​មន្ទីរពេទ្យ​ និង​មណ្ឌល​សុខភាព​ ឱ្យ​កាន់​តែ​ល្អ​ប្រសើរ​ និង​ឱ្យ​មាន​ប្រសិទ្ធ​ភាព។ លោក​បន្ថែម​ថា​ការ​វិវឌ្ឍ​របស់​សេវា​សុខាភិបាល​ គឺ​តែង​តែ​មាន​ជានិច្ច​ ដូច​ជា​ការ​បង្កើន​សេវា​និង​ប្រសិទ្ធ​ភាព ​ឧបករណ៍​សម្ភារ ​និង​ឱសថ​សម្រាប់​ថែទាំ ​និង​ព្យាបាល​ប្រជា​ពលរដ្ឋ ​និង​ការ​បណ្តុះ​បណ្តាល​ធនធាន​មនុស្ស។​

លោក​ថ្លែង​ថា៖ ​«យើង​មាន​មូលដ្ឋាន​ឧបករណ៍​សារវន្ត ​និង​ឱសថ​សារវន្ត​គ្រប់​គ្រាន់​សម្រាប់​ការងារ​នេះ។ ​ហើយ​យើង​បណ្តុះ​បណ្តាល​បន្ថែម​ ដើម្បី​ឱ្យ​ធនធាន​មនុស្ស​យើង​កាន់​តែ​មាន​ភាព​ប៉ិន​ប្រសប់។​ ហើយ​ការ​ណែនាំ​នេះ​គឺ​រំឭក​មិន​មែន​ជា​ការ​ថ្មី​ទេ​...​ហើយ​យើង​រំឭក​ដើម្បី​ឱ្យ​បង​ប្អូន​យើង​ប្រតិបត្តិ​ឱ្យ​កាន់​តែ​ល្អ​ប្រសើរ​ ​កាន់តែ​មាន​ប្រសិទ្ធ​ភាព»។​

ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​ស្វាយរៀង ​លោក​វេជ្ជ​បណ្ឌិត​ កែរ រដ្ឋា ​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា​ នៅ​ក្នុង​ខេត្ត​ស្វាយរៀង​មាន​មន្ទីរពេទ្យ​ខេត្ត​១​កន្លែង ​មន្ទីរពេទ្យ​បង្អែក​៥​កន្លែង ​និង​មណ្ឌល​សុខភាព​ចំនួន​៤៧​កន្លែង ​ដែល​មាន​បុគ្គលិក​សុខាភិបាល​ជាង​៨០០​នាក់​ ដែល​បាន​ផ្លាស់​វេន​គ្នា​ជា​ប្រចាំ​នៅ​តាម​មណ្ឌល​ថែ​ទាំ​សុខភាព​នីមួយៗ​២៤​ម៉ោង​លើ​២៤​ម៉ោង។ លោក​បន្ថែម​ថា​ ក្នុង​រយៈ​ពេល​៥​ឆ្នាំ​ចុង​ក្រោយ​នេះ ​ ពេទ្យ​បាន​ផ្តល់​សេវា​ដល់​ប្រជា​ពលរដ្ឋ​២៤​ម៉ោង​លើ​២៤​ម៉ោង។​

លោក​បញ្ជាក់​ថា៖ ​«ពី​មុន​ធ្លាប់​ថា​ មាន​ខ្វះ​ចន្លោះ​ខ្លះ។ ​ប៉ុន្តែ​ប៉ុន្មាន​ឆ្នាំ​នេះ ​យើង​គិត​ថា ​រយៈ​ពេល​៥​ឆ្នាំ​មុន​ហ្នឹង ​គឺ​រហូត​ដល់​ពេល​នេះ ​គឺ​មិន​ដែល​មាន​មណ្ឌល​សុខភាព​ណា​ ឬ​មន្ទីរពេទ្យ​ណា​មិន​ប្រចាំ​ការ​២៤​ម៉ោង​នោះ​ទេ»។​

លោក​បន្ថែម​ថា​ នៅ​តាម​មន្ទីរពេទ្យ ​និង​មណ្ឌល​សុខភាព ​គឺ​តែង​តែ​ផ្លាស់​ប្តូរ ​និង​បែង​ចែង​ក្រុម​គ្រូពេទ្យ​ជា​៣​វេន​ជា​ប្រចាំ ​ដែល​រួម​មាន​ក្រុម​គ្រូពេទ្យ​ចូល​ធ្វើការ​ ក្រុម​គ្រូពេទ្យ​ប្រចាំ​ការ​ និង​ក្រុម​គ្រូពេទ្យ​ចុះ​យាម។ លោក​បញ្ជាក់​ថា​ ក្រុម​គ្រូពេទ្យ​យាម​ប្រចាំ​ការ​ក៏​បាន​ទទួល​ប្រាក់​លើក​ទឹក​ចិត្ត​បន្ថែម​ពី​រដ្ឋាភិបាល​ផង​ដែរ​ នៅ​ពេល​បំពេញ​ការងារ។​

វិស័យ​សុខាភិបាល​កម្ពុជា​ត្រូវ​បាន​រិះគន់​ថា​ ​នៅ​មាន​ភាព​ទន់​ខ្សោយ​នៅ​ឡើយ ​ហើយ​ថវិកា​ជាតិ​ដែល​រដ្ឋាភិបាល​ផ្តល់​ដល់​វិស័យ​សុខាភិបាល​ក្នុង​មួយ​ឆ្នាំៗ​ក៏​មាន​ចំនួន​ទាប​នៅ​ឡើយ។​
ប្រធាន​សមាគម​គ្រូពេទ្យ​គុណធម៌ ​លោក ​អ៊ូច វុទ្ធី ​យល់​ថា ​ដើម្បី​ឱ្យ​ការ​ណែនាំ​ក្រើន​រំឭក​របស់​ក្រសួង​សុខាភិបាល​មាន​ប្រសិទ្ធ​ភាព ​គឺ​ក្រសួង ​និង​ប្រមុខ​រដ្ឋាភិបាល​ត្រូវ​តែ​លើក​ទឹក​ចិត្ត​ដល់​គ្រូពេទ្យ​បន្ថែម​ទៀត​ ដើម្បី​ជា​ការ​ផ្តល់​កម្លាំង​ចិត្ត​ក្នុង​ការ​បំពេញ​ការងារ​ និង​បម្រើ​សេវា​ដល់​ប្រជា​ពលរដ្ឋ​តាម​មូលដ្ឋាន។ លោក​បន្ថែម​ថា​ ប្រធាន​មន្ទីរពេទ្យ ​និង​ប្រធាន​មណ្ឌល​សុខភាព​នីមួយៗ​ក៏​ត្រូវ​តែ​មាន​វិធាន​ការ​តឹងរ៉ឹង​ផង​ដែរ​ ក្នុង​ករណី​គ្រូពេទ្យ​ណា​គេច​វេះ​មិន​បាន​យាម​ប្រចាំ​ការ​តាម​កាល​វិភាគ។​

លោក​ថ្លែង​ថា៖ ​«យើង​ត្រូវ​តែ​មាន​ការ​លើក​ទឹក​ចិត្ត​ដល់​ពួក​គាត់​[គ្រូពេទ្យ]​ ទី១ ​ហៅ​ថា​ ប្រាក់​បន្ថែម​ប្រចាំ​ថ្ងៃ​ឱ្យ​គាត់។ ​ទី២​ យើង​មាន​វិញ្ញា​បនបត្រ​ដើម្បី​លើក​សរសើរ​គាត់​ដែល​ជា​គ្រូពេទ្យ​ល្អ​ គំរូ មាន​ក្រម​សីលធម៌​ល្អ។ ថ្នាក់​ក្រោម​ជាតិ​ គួរ​រៀបចំ​បែប​ហ្នឹង​ឱ្យ​ពួក​គាត់ ​ដើម្បី​លើក​ទឹក​ចិត្ត​គាត់»។​

លោក​បន្ថែម​ថាអ្វីដែល​សំខាន់​ គឺ​សម្ភារ​ត្រូវ​តែ​ផ្តល់​ឱ្យ​បាន​គ្រប់​គ្រាន់​ទៅ​មន្ទីរពេទ្យ ​និង​មណ្ឌល​សុខភាព​ ជាពិសេស​ក្នុង​ដំណាក់​កាល​កូវីដ១៩​នេះ។​

ចំណែក​នាយក​វិទ្យាស្ថាន​តស៊ូ​មតិ ​និង​គោល​នយោបាយ​កម្ពុជា​(API)​ លោក ​ឡាំ សុជាតិ​ កត់​សម្គាល់​ថា​ នៅ​តាម​មណ្ឌល​សុខភាព​មួយ​ចំនួន​ គឺ​មិន​ទាន់​មាន​គ្រូពេទ្យ ​ថ្នាំ ​និង​សម្ភារគ្រប់​គ្រាន់​នៅ​ឡើយ​ទេ​សម្រាប់​បម្រើ​សេវា​ដល់​ប្រជា​ពលរដ្ឋ​២៤​ម៉ោង​ក្នុង​មួយ​ថ្ងៃ។ លោក​ថា​ ប្រសិន​បើ​ក្រសួង​សុខាភិបាល​ចង់​ឱ្យ​មន្ទីរពេទ្យ​ និង​មណ្ឌល​សុខភាព​បម្រើ​សេវា​បាន​២៤​ម៉ោង​ លុះ​ត្រា​ណា​ក្រសួង​បង្កើន​ក្របខណ្ឌ​គ្រូពេទ្យ​ថ្មី​ឱ្យ​បាន​ច្រើន​ទាំង​សិស្ស​ពេទ្យ​រៀន​ចប់​សាលា​ឯកជន​ និង​សាលា​រដ្ឋ​ ហើយ​ត្រូវ​មាន​គោល​ការណ៍​លើក​ទឹក​ចិត្ត​គ្រូពេទ្យ ​និង​ត្រូវ​បង្កើន​ថវិកា​ក្នុង​វិស័យ​មួយ​នេះ។​

លោក​ថ្លែង​ថា៖ ​«ហើយ​[ក្រសួង​សុខា​ភិបាល]​លើក​ទឹក​ចិត្ត​ រៀប​ចំ​ប្រព័ន្ធ​យ៉ាង​ម៉េច​ ដើម្បី​ឱ្យ​គាត់​[គ្រូ​ពេទ្យ]​ទៅ​ធ្វើ​ការ​ ​រស់​នៅ​[តាម​មូល​ដ្ឋាន] ​មាន​ដី ​មាន​ផ្ទះ ​[និង]​ជា​បុគ្គលិក​ពេទ្យ​រស់​នៅ​សមរម្យ ​ហើយ​ព្យាបាល​ជំងឺ​មាន​វិជ្ជាជីវៈ​ ហើយ​មាន​គុណភាព ​ហើយ​មិន​ឆ្លៀត​ឱកាស​យក​ពេល​វេលា​ទៅ​បម្រើ​ឱ្យ​ឯក​ជន​ផ្សេង​ទៀត»។​

បើ​តាម​លោក​ ឡាំ សុជាតិ​ កត្តា​ខ្វះ​គ្រូពេទ្យ​នៅ​តាម​មណ្ឌល​សុខភាព​មួយ​ចំនួន ​ជាពិសេស​នៅ​តាម​តំបន់​ដាច់​ស្រយាល​ គឺ​ដោយ​សារ​គ្រូពេទ្យ​ដែល​បញ្ចប់​ការ​សិក្សា ​មិន​ចង់​ទៅ​ធ្វើ​ការ​តំបន់​ដាច់​ស្រយាល​ទេ ពីព្រោះ​កត្តា​សេដ្ឋកិច្ច​ ដោយ​គ្រូពេទ្យ​ទាំង​នោះ​គិត​ថា​ នៅ​តាម​ទី​ប្រជុំ​ជន ​ឬ​ទីរួម​ខេត្ត​ អាច​ឆ្លៀត​រក​ការងារ​បន្ថែម​បាន។​

លោក​បន្ត​ថា​ ការណ៍​មាន​មណ្ឌល​សុខភាព​ល្អ​នៅ​តាម​មូលដ្ឋាន​នឹង​បង្កភាព​ងាយ​ស្រួល​ច្រើន​ដល់​ប្រជា​ពលរដ្ឋ​ក្នុង​ការ​ទទួល​បាន​សេវា​ថែទាំ​ ជា​ពិសេស​ពល​រដ្ឋ​ដែល​ក្រីក្រ។​

ទោះ​ជា​យ៉ាងណា ​រដ្ឋមន្រ្តី​សុខាភិបាល ​លោក ​ម៉ម ប៊ុនហេង ​បញ្ជាក់​ថា​ គ្រូពេទ្យ​ដែល​ធ្វើ​ការ​តាម​តំបន់​ ឬ​មណ្ឌល​សុខ​ភាព​ដាច់​ស្រយាល ​រដ្ឋាភិបាល​បាន​ផ្តល់​ប្រាក់​ឧបត្ថម្ភ​ដើម្បី​លើក​ទឹក​ចិត្ត៕

XS
SM
MD
LG