ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មន្ត្រី​មូលដ្ឋាន​បក្ស​ជំទាស់​ត្រូវ​ចាប់ខ្លួន​ពី​បទ​ប្រមូលផ្តុំ​ខុសច្បាប់​ ក្រោយ​លោក​សម រង្ស៊ី​ប្រកាស​វិល​ទៅ​កម្ពុជា


រូបឯកសារ៖ លោក សម រង្ស៊ី មេដឹកនាំគណបក្សប្រឆាំងដែលត្រូវបានតុលាការកំពូលរំលាយ លើកដៃស្វាគមន៍អ្នកគាំទ្រនៅពេលលោកបានទៅដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ កាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៥។
រូបឯកសារ៖ លោក សម រង្ស៊ី មេដឹកនាំគណបក្សប្រឆាំងដែលត្រូវបានតុលាការកំពូលរំលាយ លើកដៃស្វាគមន៍អ្នកគាំទ្រនៅពេលលោកបានទៅដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ កាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៥។

មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ត្រូវ​រំលាយ​គឺ​លោក ​នុត ពេជ​ ត្រូវ​អាជ្ញាធរ​ខេត្ត​កំពត​ចាប់ខ្លួន​ក្រោម​បទ​ចោទ​ប្រកាន់​ថា​បាន​ប្រមូល​ផ្តុំ​ខុសច្បាប់ ​ដែល​ប្រព្រឹត្ត​កាល​ពី​ខែ​មេសា​និង​ឧសភា។​ តែការ​ចាប់ខ្លួន​នេះ​គឺ​កើត​ឡើង​ក្រោយ​តែមួយ​ថ្ងៃ​ដែល​លោក ​សម រង្ស៊ី ​ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​កំពុង​និរទេស​ខ្លួន ​បាន​ប្រកាស​យក​ថ្ងៃ​ទី​៩ ​ខែវិច្ឆិកា​ ឆ្នាំ​ ២០១៩ ​ចំថ្ងៃ​ខួប​លើក​ទី៦៦ ​នៃ​បុណ្យ​ឯករាជ្យ​ជាតិ​ ជាថ្ងៃ​ឈប់​សម្រាក​ដើម្បី​វិល​ត្រឡប់​ទៅកាន់​ប្រទេស​កម្ពុជា​វិញ ​ក្នុង​បំណង​ស្តារ​លទ្ធិ​ប្រជាធិបតេយ្យ​និង​ការពារ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ EBA​ និង​ GSP កុំឲ្យ​បាត់​បង់។

លោក ​នុត ពេជ ​អាយុ ​៦៣​ ឆ្នាំ ​ជា​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ប្រចាំ​ស្រុក​ឈូក ខេត្ត​កំពត​ ត្រូវ​ក្រុម​មន្ត្រី​គណបក្ស​ជំទាស់​និង​ក្រុម​មន្ត្រី​សិទ្ធិមនុស្ស​បាន​បញ្ជាក់​ថា ​រង​ការ​ចាប់ខ្លួន​តាម​ដីកា​តុលាការ​ខេត្ត​ ដែល​ថា​ លោក​ នុត ពេជ​ ប្រឆាំង​នឹង​ដីកា​តុលាការ​កំពូល​ដោយ​បាន​ធ្វើ​សកម្មភាព​នយោបាយ ​ប្រមូល​ផ្តុំ​ ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ។ បើតាម​ដីកា​តុលាការ​ខេត្តកំពត​ដែល​គេ​បាន​ឃើញ​បាន​បញ្ជាក់​ថា ​នុត ពេជ ​បាន​ធ្វើ​ការ​ជួបប្រជុំ​នៅក្នុង​ភូមិ​«សំណាងលើ»​ ឃុំ​ខ្ជាយ​ខាង​ជើង​ ស្រុក​ដងទង់​ ខេត្ត​កំពត តាំងពី​ខែ​មេសា ​និង​ខែឧសភា ​ឆ្នាំ​២០១៩ ​ដែល​អាជ្ញាធរ​ថា​បាន​គេចខ្លួន​តាំង​ពី​នោះ​មក។

អង្គភាព​ព័ត៌មាន ​Fresh News គាំទ្រ​រដ្ឋាភិបាល​បាន​ដក​ស្រង់​អត្ថាធិប្បាយ​ស្នងការ​ប៉ូលិស​ខេត្ត​កំពត​គឺ ​ឧត្តម​សេនីយ៍ទោ ​ម៉ៅ ច័ន្ទមធុរិទ្ធ​ មក​បញ្ជាក់​ពី​ការ​ចាប់ខ្លួន​លោក នុត ពេជ​ កាលពី​វេលា​ម៉ោង​១១​ព្រឹក ​ដើម្បី​ចាត់ការ​តាម​នីតិវិធី​តុលាការ​ពាក់ព័ន្ធ​នឹង​ការ​ប្រមូល​ផ្តុំ​ខុសច្បាប់​នៅ​តាម​មូលដ្ឋាន។

ក្រុម​មន្ត្រី​អង្គការ​សិទ្ធិមនុស្ស​អាដហុក​ក្នុង​ប្រទេស​កម្ពុជា ​ដែល​បាន​សម្តែង​ក្តី​បារម្ភ​ចំពោះ​ការ​ចាប់ខ្លួន​លោក ​នុត ពេជ​ នេះ​ បាន​សម្តែង​ក្តីបារម្ភ​ចំពោះ​ការ​បន្ត​រឹតត្បិត សេរីភាព​ប្រមូល​ផ្តុំគ្នា និង​ជួប​ប្រជុំគ្នា​ក្នុង​ប្រទេស​កម្ពុជា។

បន្ថែម​លើនេះ ​នៅក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​កាលពី​ថ្ងៃទី​៣១​ ខែកក្កដា​ ឆ្នាំ​២០១៩ អង្គការ​អាដហុក​បាន​រកឃើញ​ថា ​ក្នុងរយៈ​ពេល​៦ខែ​ដើមឆ្នាំ​២០១៩​កន្លង​មក​នេះ ​មាន​ការ​រឹតត្បិត​សេរីភាព​ជួបជុំ​ពី​សំណាក់​សមត្ថកិច្ច​ប៉ូលិស ​និង​អាជ្ញាធរ​មូលដ្ឋាន​ចំនួន ៧១ ​ករណី​ ដែល​ក្នុងនោះ​មាន​សកម្មភាព​ដូចជា​ការ​តាម​ដាន ​និង​ឃ្លាំមើល​មក​លើ​សកម្មភាព​នៃការ​ជួបជុំ​របស់​សមាគម​អាដហុក ​៣០ករណី​ និង ​៤១​ករណី​ផ្សេង​ទៀត តាមដាន​និង​ឃ្លាំមើល​ទៅលើ​ការ​ជួបជុំ​របស់​សហគមន៍​មូលដ្ឋាន ​សកម្មជន​នៃ​គណបក្ស​នយោបាយ ​និង​អង្គការ​សង្គម​ស៊ីវិល​ដទៃ​ផ្សេង​ទៀត ។

សមាគម​អាដហុក​ សូម​អំពាវ​នាវ​ដល់​រដ្ឋាភិបាល ​ពិសេស​ក្រសួង​មហាផ្ទៃ​ អន្តរាគមន៍ និង​ចាត់​វិធានការ​ឲ្យ​បាន​ម៉ឹងម៉ាត់​ជាក់ស្តែង​ ចំពោះ​សមត្ថកិច្ច​ណា​ដែល​មិន​បាន​គោរព និង​អនុវត្តន៍​តាម​ខ្លឹមសារ​នៃ​សេចក្តី​ជូនដំណឹង​លេខ ​២០០៦ ​សជណ ​ចុះថ្ងៃ​ទី​ ២៧ វិច្ឆកា ​២០១៨​ របស់​ក្រសួង​មហាផ្ទៃ ​រំលោភ​ធ្ងន់ធ្ងរ​លើ​គោលការណ៍​សិទ្ធិមនុស្ស ​និង​លទ្ធិ​ប្រជាធិបតេយ្យ ​និង​កត្តិការ​សញ្ញា​អន្តរជាតិ ​ដែល​កម្ពុជា​ជា​ប្រទេស​ហត្ថលេខី​នោះ៕

XS
SM
MD
LG