ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

Blog: ព្រឹត្តិការណ៍ជុំវិញមាតុភូមិនិវត្តន៍របស់លោក សម រង្ស៊ី ឆ្នាំ២០២០

ចាប់តាំងពីខែសីហា បន្ទាប់ពីលោក សម រង្ស៊ី ប្រធានស្តីទីគណបក្សសង្គ្រោះជាតិដែលត្រូវបានតុលាការរំលាយ និងសមាជិបក្សនិរទេសខ្លួនផ្សេងទៀត បានប្រកាសធ្វើមាតុភូមិនិវត្តន៍មកប្រទេសកម្ពុជាវិញនៅថ្ងៃទី៩ ខែវិច្ឆិកា គេឃើញថារដ្ឋាភិបាលកម្ពុជាកំពុងចាត់វិធានការជាច្រើនក្នុងការទប់ស្កាត់ការធ្វើមាតុភូមិនិវត្តន៍នេះ។ 

២១:០៣ ៧.១១.២០១៩

លោក​ហ៊ុន សែន ព្រមាន​ចាប់​អ្នកគាំទ្រ​គណបក្ស​ប្រឆាំង​ដែល​ចូលរួម​គាំទ្រ​មាតុភូមិ​និវត្តន៍​របស់​លោកសម រង្ស៊ី

នៅ​សល់​តែ​ពីរថ្ងៃ​ទៀត​ប៉ុណ្ណោះ​ ដែល​លោក​សម រង្ស៊ី​ អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ ត្រូវ​បង្ហាញ​ការ​គោរព​តាម​ប្រកាស​របស់​លោក​ថា​ នឹង​ធ្វើ​មាតុភូមិ​និវត្តន៍​នៅថ្ងៃ​ទី​៩ ខែ​វិច្ឆិកា​ ចំ​ថ្ងៃ​ដែល​ពលរដ្ឋ​កម្ពុជា​ត្រៀម​រៀបចំ​បុណ្យ​ឯករាជ្យ​ជាតិ។ មេដឹកនាំ​រដ្ឋាភិបាល​ក្រុង​ភ្នំពេញ​លោកហ៊ុន សែន​ បាន​លើក​ឡើង​ថា​ លោក​សម រង្ស៊ី​នឹង​មិន​គោរព​តាម​ការ​ប្រកាស​នោះ​ទេ​ ហើយ​លោក​ក៏​ព្រមាន​បន្តចាប់​ខ្លួន​អ្នកគាំ​ទ្រ​គណបក្ស​ប្រឆាំង​ដែល​បន្ត​ចូលដៃ​ជាមួយ​លោក​សម រង្ស៊ី​ ប្រឆាំង​នឹង​រដ្ឋាភិបាល​ស្របច្បាប់​របស់​លោក​ផង​ដែរ។

លោក​ហ៊ុន សែន​មេដឹកនាំ​រដ្ឋាភិបាល​ក្រុង​ភ្នំពេញនៅ​ថ្ងៃ​ព្រហស្បតិ៍នេះ​ បាន​ចំអក​ខ្លាំង​ៗ​លើ​អតីតប្រធាន​គណបក្ស​សង្គ្រោះជាតិ​លោក​សម រង្ស៊ីថា​ជាមនុស្ស​កំសាកមិន​ហ៊ាន​ចូល​ស្រុក និង​បាន​គំរាម​ចាប់​ខ្លួន​ក្រុម​អ្នកគាំទ្រ​គណបក្ស​ប្រឆាំង​រូប​ណាដែល​ត្រៀម​ខ្លួន​ទៅ​ទទួល​ស្វាគមន៍​មាតុភូមិ​និវត្តន៍​លោក​សម រង្ស៊ី​នៅថ្ងៃ​ទី៩ ខែ​វិច្ឆិកា។

អានអត្ថបទទាំងស្រុង

២១:១៥ ៧.១១.២០១៩

ម៉ាឡេស៊ី​អនុញ្ញាត​ឲ្យ​អ្នកស្រី មូរ សុខហួរ និង​សកម្ម​ជន​បក្ស​ប្រឆាំងចូល​ប្រទេស​របស់​ខ្លួន

បន្ទាប់​ពី​ប៉ូលីស​អន្តោប្រវេសន៍​ម៉ាឡេស៊ី​ឃាត់​ខ្លួន​អ្នកស្រី​ មូរ សុខហួរ អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិកាលពី​យប់​ថ្ងៃ​ពុធ​នៅ​ព្រលាន​យន្ត​ហោះ នៅ​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍​នេះ រដ្ឋាភិបាល​ម៉ាឡេស៊ី​បាន​សម្រេច​អនុញ្ញាត​ឲ្យ​អ្នកស្រី​និង​សកម្មជន​គណបក្ស​នេះពីរ​នាក់​ទៀត​ចូល​ប្រទេស​របស់​ខ្លួន។ ក្រុម​សមាជិក​សភា​អាស៊ាន​ដើម្បី​សិទ្ធិ​មនុស្ស​ដែល​បាន​រិះគន់​ការ​ឃាត់​ខ្លួន​នា​ពេល​នោះ បាន​ប្រកាស​សាទរ​ចំពោះ​ការ​សម្រេច​របស់​រដ្ឋាភិបាល​ម៉ាឡេស៊ី។​

រដ្ឋាភិបាល​ប្រទេស​ម៉ាឡេស៊ីនៅ​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍​នេះ បានអនុញ្ញាត​ឲ្យ​អ្នកស្រី មូរ សុខហួរ អនុប្រធាន​គណបក្ស​សង្គ្រោះជាតិចូល​ក្នុងប្រទេសម៉ាឡេស៊ី​ បន្ទាប់​ពីអ្នកស្រី​ត្រូវ​បាន​ឃាត់​ខ្លួន​នៅព្រលាន​យន្ត​ហោះ​កូឡាឡាំពួរ អស់​រយៈពេល​ជិត​២០​ម៉ោង​។

អ្នកស្រី មូរ សុខហួរ អនុប្រធាន​គណបក្ស​សង្គ្រោះជាតិ​ដែល​ត្រូវ​បាន​អាជ្ញាធរ​ប្រទេស​ម៉ាឡេស៊ី​ឃាត់​ខ្លួន​នៅ​ព្រលាន​យន្ត​ហោះ​កូឡាឡាំពួរ​ កាលពី​យប់​ថ្ងៃ​ពុធ ប្រាប់ VOA នា​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា អ្នកស្រី​ត្រូវ​បាន​ប៉ូលីស​អន្តោ​ប្រវេសន៍​ម៉ាឡេស៊ីឃាត់ខ្លួន​តាំង​ពី​យប់​ថ្ងៃ​ពុធ​រំលង​អាធ្រាត្រ ដោយ​សារ​មាន​លិខិត​ហាមឃាត់​ពី​រដ្ឋាភិបាល​ខ្មែរ។

អ្នកស្រី​បន្ត​ថា ក្រោយ​ការ​ស៊ើបសួរ​អស់​រយៈពេល​ជិត​២០​ម៉ោង អាជ្ញាធរ​ក៏បាន​សម្រេច​ឲ្យ​អ្នកស្រី​ ​និង​សកម្មជន​គណបក្ស​សង្គ្រោះជាតិ​ចំនួន​ពីរូប​ផ្សេង​ទៀត គឺ​កញ្ញា ងឹម គាថា និង​លោក ស៊ាង លាង​ហេង ឲ្យ​ចូល​ក្នុង​ប្រទេស​ម៉ាឡេស៊ី​ នៅ​ម៉ោង​ប្រមាណ​ជា​៦​ល្ងាច​នេះ។

អ្នកស្រី មូរ សុខហួរ​ បន្ត​ថា អ្នកស្រីនឹង​ចូល​ទៅ​ជួប​ជាមួយ​រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​ម៉ាឡេស៊ី​នៅ​ថ្ងៃ​សុក្រ​ស្អែក​ព្រឹក​នេះ ដើម្បី​ជជែក​ពាក់ព័ន្ធ​នឹង​បញ្ហា​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា។​

«ពេល​ដែល​ខ្ញុំ​ឆ្លង​អន្តោ​ប្រវេសន៍ គេ​ប្រាប់​ខ្ញុំ​ថា​ខ្ញុំ​ចូល​អត់​បាន​ទេ​ដោយសារ​ខ្ញុំ​មាន​បញ្ជី​ខ្មៅ មាន​បញ្ជី​ខ្មៅ​នេះ​គឺ​បញ្ជី​មក​ពី​រដ្ឋាភិបាល​លោក ហ៊ុន សែន។ ដល់​ពេល​ដែល​គេ​ដឹង​ថា​ខ្ញុំមាន​កិច្ច​ជំនួប​ជាមួយ​ក្រសួង​ការបរទេស គេ​ឆែក​អស់​ហើយ​ខ្ញុំ​និយាយ​ការពិត លោក​រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​ក៏​បាន​បញ្ជាក់​ថា​ ខ្ញុំ​ត្រូវជួប​ជាមួយ​គាត់ អញ្ចឹង​ឃើញ​ថា ម៉ាឡេ​គេ​យក​ច្បាប់​របស់​គេ​ជា​ច្បាប់​ធំ»។​

អានអត្ថបទទាំងស្រុង

២២:២១ ៧.១១.២០១៩

(Washington Post): អ្នកស្រី Elizabeth Becker ដែល​ជាអតីត​អ្នក​រាយការណ៍​ព័ត៌មាន​អំពី​សង្គ្រាម​ឲ្យកាសែត​វ៉ាស៊ីនតោនប៉ុស្តិ៍ (Washington Post) ប្រចាំ​នៅ​ប្រទេស​កម្ពុជា និង​ជា​អ្នក​និពន្ធ​សៀវភៅ «ពេល​សង្គ្រាម​បាន​បញ្ចប់៖ ប្រទេស​កម្ពុជា​និង​បដិវត្ត​ខ្មែរ​ក្រហម‍» បាន​រៀបរាប់​អំពី​មិត្តភាព​ជា​ច្រើន​ទសវត្ស​របស់​ខ្លួនជាមួយ​អ្នក​ស្រី មូរ សុខហួរ។

នៅ​ក្នុង​អត្ថបទ​នេះ អ្នកស្រី Elizabeth Becker ព្យាយាម​ស្វែងយល់​ពី​មូល​ហេតុ​ដែល​ជំរុញ​ជី​ដូន​វ័យ​៦៥​ឆ្នាំ​ម្នាក់​នេះ​គឺ​អ្នក​ស្រី មូរ សុខហួរ ឲ្យ​ស្ម័គ្រ​ចិត្ត​ហោះ​ហើរ​ទៅ​ប្រឈម​នឹង​ការ​ជាប់​ពន្ធនាគារ​នៅ​កម្ពុជា។

អ្នក​ស្រី មូរ សុខហួរ ប្រាប់​អ្នកស្រី Elizabeth Becker ដូច​ត​ទៅ៖ «ឥឡូវ​នេះ​ជា​ពេល​ដែល​ត្រូវ​ត្រឡប់​ទៅ​វិញ​ហើយ។ នៅ​ខាង​ក្នុង​ប្រទេស​កម្ពុជា​ការ​ភ័យ​ខ្លាច​មាន​នៅ​គ្រប់​ទី​កន្លែង។ ខ្ញុំ​មិន​អាច​ទទួល​យក​បាន​ទេ​ថា លោក ហ៊ុន សែន នៅ​តែ​បន្ត​ធ្វើ​ជា​មេដឹកនាំ​ផ្តាច់​ការ​ឃោរឃៅ​ដដែល‍»។

«កូន​ស្រី​ទាំង​ពីរ​របស់​ខ្ញុំ​ចង់​អោយ​ខ្ញុំ​ឈប់​សម្រាក​ពី​នយោបាយ។ ពួកគេ​បារម្ភ​ពីខ្ញុំ‍»។ «ប៉ុន្តែ​ពួកគេ​បាន​សម្រេច​ចិត្ត​គាំទ្រ​ខ្ញុំ​ក្នុង​នាម​ជា​ស្ត្រី​ការ​ពារ​លទ្ធិប្រជាធិបតេយ្យ​និង​សិទ្ធិមនុស្ស។ ប្រាកដ​ណាស់​ខ្ញុំ​នឹង​នឹក​ចៅៗ‍»។

២២:៤៣ ៧.១១.២០១៩

បន្ទាយមានជ័យ៖ រហូត​មក​ដល់​ថ្ងៃទី៧ ខែ​វិច្ឆិកានេះ សមត្ថកិច្ច​បន្ត​ការ​យាមកាម​យ៉ាង​តឹងរ៉ឹង​នៅ​ច្រក​ព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត ក្នុង​ខេត្តបន្ទាយមានជ័យ។ ប្រជាជន​មួយចំនួន​ដែល​លក់​ដូរ និង​ប្រកប​មុខរបរ​នៅ​តំបន់​នេះ បាន​អះអាង​ថា ពួកគេ​នឹង​ឈប់​លក់ដូរ​នៅថ្ងៃទី៩ ខែវិច្ឆិកា មួយ​ថ្ងៃ ដោយសារ​ខ្លាច​មាន​បញ្ហា​ចលាចល​នៅ​ទីនេះ។

ព័ត៌មាន​​​​​​ផ្សេង​​​ទៀត

XS
SM
MD
LG