អង្គការសិទ្ធិមនុស្សអន្តរជាតិអំពាវនាវឱ្យកម្ពុជាឈប់ដាក់សម្ពាធលើប្រទេសជិតក្នុងការបង្ក្រាបមន្ត្រីបក្សប្រឆាំង
អង្គការការពារសិទ្ធិមនុស្សអន្តរជាតិ Amnesty International នៅថ្ងៃព្រហស្បតិ៍នេះ បានស្នើឱ្យរដ្ឋាភិបាលកម្ពុជា បញ្ឈប់ការដាក់សម្ពាធលើរដ្ឋាភិបាលនៃបណ្ដាប្រទេសជិតខាងរបស់ខ្លួន ក្នុងការធ្វើទុក្ខបុកម្នេញទៅលើពលរដ្ឋកម្ពុជា រួមទាំងមន្ត្រីបក្សប្រឆាំង។ នេះបើយោងតាមសេចក្ដីថ្លែងការណ៍របស់អង្គការក្រៅរដ្ឋាភិបាលដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេសមួយនេះ។
លោក Nicholas Bequelin នាយកអង្គការ Amnesty International ប្រចាំតំបន់អាស៊ីអាគ្នេយ៍និងអាស៊ីបូព៌ា បានលើកឡើងក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួនថា៖ «ក្នុងរយៈពេលពីរបីថ្ងៃចុងក្រោយនេះ មានរលកនៃការធ្វើទុក្ខបុកម្នេញ និងការសម្លុតឥតអៀនខ្មាសទៅលើពលរដ្ឋកម្ពុជានៅទូទាំងតំបន់។ វាគួរឱ្យភ្ញាក់ផ្អើលយ៉ាងខ្លាំងដែលរដ្ឋាភិបាល ហ៊ុន សែន កំពុងព្យាយាមសហការជាមួយប្រទេសជិតខាងក្នុងតំបន់ ដើម្បីឃុបឃិតគ្នាធ្វើអំពើបំពានដោយឥតខ្មាសអៀនបែបនេះ»។
- ដោយ ម៉ែន គឹមសេង
បទសម្ភាសន៍ VOA ជាមួយលោកស្រី មូរ សុខហួរ និងលោក សម រង្ស៊ី មេដឹកនាំគណបក្សសង្គ្រោះជាតិ
នៅក្នុងបទសម្ភាសន៍ជាមួយ VOA ពីទីក្រុងគូឡាឡាំពួរ លោកស្រី មូរ សុខហួរ បានលើកឡើងអំពីគម្រោងការខាងមុខរបស់លោកស្រី និងសមាជិកគណបក្សសង្គ្រោះជាតិផ្សេងទៀត ដែលមានគម្រោងវិលមកកម្ពុជាវិញនៅថ្ងៃសៅរ ស្របពេលដែលរដ្ឋាភិបាលកម្ពុជា កំពុងចាត់វិធានការគ្រប់បែបយ៉ាង ដើម្បីរារាំងមិនឲ្យលោកស្រីនិងសមាជិកដទៃទៀតធ្វើមាតុភូមិនិវត្តន៍ចូលប្រទេសវិញ។
«យើងមិនបារម្ភច្រើន ពីព្រោះយើងបានមកក្រៅប្រទេសហើយ។ អីចឹង យើងមានលិខិតពីប្រទេសដែលយើងនៅសព្វថ្ងៃហ្នឹងហើយ ទោះបីជាមិនមែនសញ្ជាតិអាមេរិកាំង ឬសញ្ជាតិបារាំងក៏ដោយ។ យើងនៅបាន លុះត្រាតែប្រទេសនោះ គេបញ្ចេញនូវលិខិតអីមួយដែលយើងយកទៅប្រើជាផ្លូវការបាន។ នេះមិនមែនជាការធំដុំទេ»។
លោកស្រីបន្ថែមថា៖ «អ្វីដែលធំដុំនោះ គឺបេសកកម្មយើងចំពោះប្រទេសជាតិយើង សង្គ្រោះជាតិយើង ព្រោះយើងត្រូវតែស្តារឡើងវិញនូវលទ្ធិប្រជាធិបតេយ្យយើង ជូនប្រទេសជាតិយើង ដោះលែងលោកប្រធាន កឹម សុខា រកយុត្តិធម៌ជូនប្រជាពលរដ្ឋយើង ការពារបូរណភាពដែនដីរបស់យើង។ ទាំងអស់នេះហើយ គឺជាគោលដៅនិងគោលបំណងនៃការធ្វើមាតុភូមិនិវត្តន៍នៃលោកប្រធានស្តីទី សម រង្ស៊ី និងយើងខ្ញុំនេះ»។
ដោយឡែកលោក សម រង្ស៊ី ប្រធានស្តីទីនៃគណបក្សសង្គ្រោះជាតិ បានបកស្រាយពីមូលហេតុនៃការរារាំងរបស់ក្រុមហ៊ុនអាកាសចរណ៍ Thai Airways ថា ក្រុមហ៊ុនមួយនេះបានទទួលបញ្ជាជាន់ខ្ពស់បំផុតពីប្រទេសថៃ ធ្វើយ៉ាងណាមិនអនុញ្ញាតឲ្យលោក សម រង្ស៊ី ធ្វើដំណើរតាមក្រុមហ៊ុនអាកាសចរណ៍មកនេះ ចេញពីទីក្រុងប៉ារីស ឆ្ពោះទៅកាន់ប្រទេសថៃជាដាច់ខាត។
មេដឹកនាំគណបក្សប្រឆាំងរូបនេះ ក៏បានអះអាងសារជាថ្មីម្តងទៀតពីគោលជំហររបស់លោក ក្នុងការធ្វើមាតុភូមិនិវត្តន៍ទៅកាន់ប្រទេសកម្ពុជាវិញ។ «យើងអត់មានប្រែប្រួលទេ។ យើងឆ្ពោះទៅគោលដៅរបស់យើង ដូចយើងបានគ្រោងទុកជាមុន គ្រាន់តែយើងប្តូរផ្លូវ តែផ្លូវហ្នឹង យើងមិនទាន់ប្រាប់មុនទេ ចាំទៅ ទៅដល់ម៉ង ព្រោះតែយើងប្រាប់មុនទៅ វាខូចការណ៍»។
ទស្សនាវីដេអូនៃបទសម្ភាសន៍ទាំងស្រុងរវាងលោក ម៉ែន គឹមសេង នៃ VOA ជាមួយលោកស្រី មូរ សុខហួរ និងលោក សម រង្ស៊ី ខាងក្រោមនេះ៖
- ដោយ ទែន សុខស្រីនិត
សមាជិកព្រឹទ្ធសភាអាមេរិកស្នើឲ្យកម្ពុជាសម្រួលដល់មាតុភូមិនិវត្តន៍របស់បក្សប្រឆាំង
បន្ទាប់ពីមានការរារាំងពីបណ្តាប្រទេសមួយចំនួនមិនឲ្យមេដឹកនាំគណបក្សសង្គ្រោះជាតិ ធ្វើដំណើរឆ្លងកាត់ប្រទេសពួកគេដើម្បីឆ្ពោះមកកាន់កម្ពុជាវិញ សមាជិកព្រឹទ្ធសភាអាមេរិកពីរនាក់ រួមមានលោក Ed Markey និងលោក Dick Durbin បានស្នើឲ្យមានសេចក្តីសម្រេចទ្វេបក្សនៅសភាអាមេរិក ដោយអំពាវនាវឲ្យរដ្ឋាភិបាលកម្ពុជាអនុញ្ញាតឲ្យមេដឹកនាំនិងសកម្មជនគណបក្សសង្គ្រោះជាតិ អាចវិលត្រឡប់ចូលប្រទេសកម្ពុជាវិញដោយ «សន្តិវិធី»។
នេះបើយោងតាមបណ្តាញ Twitter របស់លោក Ed Markey សមាជិកព្រឹទ្ធសភានៃគណបក្សប្រជាធិបតេយ្យប្រចាំរដ្ឋម៉ាសាឈូសេត ដែលវីអូអេទទួលបាននាព្រឹកថ្ងៃសុក្រនេះ។
សមាជិកព្រឹទ្ធសភាជើងចាស់រូបនេះ បានសរសេរនៅលើគណនី Twitter របស់លោកថា៖ «លោក ហ៊ុន សែន បានធ្វើឲ្យខូចខាតដល់លទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សនៅកម្ពុជា។ ហើយឥឡូវនេះ លោកកំពុងតែរារាំងមិនឲ្យមេដឹកនាំគណបក្សសង្គ្រោះជាតិវិលត្រឡប់ចូលកម្ពុជាវិញនៅថ្ងៃសៅរ៍នេះ។ ពួកគេ [មេដឹកនាំបក្សប្រឆាំង] ត្រូវតែបានអនុញ្ញាតឲ្យចូលប្រទេសវិញដោយសន្តិវិធី។ ខ្ញុំទើបតែស្នើសុំឲ្យមានសេចក្តីសម្រេចទ្វេបក្សមួយ ដើម្បីឲ្យលោក [ហ៊ុន សែន] បានដឹងថា យើងកំពុងឃ្លាំមើល»។
នៅព្រឹកថ្ងៃសុក្រទី៨ ខែវិច្ឆិកានេះ រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Mike Pompeo បានផ្ញើសារជូនពរដល់ពលរដ្ឋកម្ពុជាក្នុងឧកាសបុណ្យឯករាជ្យជាតិកម្ពុជា ៩ វិច្ឆិកា ដោយលោកសង្ឃឹមថាថ្ងៃជាតិពិសេសេនេះនឹងផ្តោតទៅលើ «ការផ្សះផ្សាជាតិ ការសន្ទនាដោយសន្តិវិធី និងការអភិវឌ្ឍសង្គម សេដ្ឋកិច្ច និងប្រជាធិបតេយ្យ»។
ខ្លឹមសារបកប្រែលម្អិតនៅខាងក្រោម៖