- ដោយ ម៉ែន គឹមសេង
លោក សម រង្ស៊ី ប្រធានស្តីទីគណបក្សសង្គ្រោះជាតិដែលកំពុងរស់នៅនីរទេសខ្លួនក្រៅប្រទេស បានទទូចឲ្យលោក Joe Biden ប្រធានាធិបតីសហរដ្ឋអាមេរិក ផ្តោតលើការនាំយកលទ្ធិប្រជាធិបតេយ្យត្រឡប់មកកម្ពុជាវិញ និងរក្សាការពារអធិបតេយ្យរបស់កម្ពុជា ទល់នឹងការពង្រីកឥទ្ធិពលកាន់តែធំរបស់មហាអំណាចចិន។ លោកបានលើកឡើងដូច្នេះនៅក្នុងអត្ថបទមួយដែលលោកបានសរសេរ ហើយត្រូវបានបោះពុម្ពផ្សាយនៅលើគេហទំព័រ The Diplomat កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅ។
លោក Biden កំពុងចូលរួមកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ដែលរៀបចំនៅរាជធានីភ្នំពេញ។ យ៉ាងណាមិញ នៅក្នុងជំនួបទ្វេភាគីជាមួយលោក ហ៊ុន សែន នារសៀលថ្ងៃសៅរ៍នេះ លោក Biden បានថ្លែងអរគុណលោក ហ៊ុន សែន ដែលជាប្រធានអាស៊ានប្តូរវេន ចំពោះសេចក្តីថ្លែងការណ៍សំខាន់ៗរបស់លោក ថ្កោលទោសសង្គ្រាមឈ្លានពានរបស់រុស្ស៊ីនៅអ៊ុយក្រែន។ ជាមួយគ្នានោះ លោក Biden ក៏សង្ឃឹមថានឹងឃើញលទ្ធិប្រជាធិបតេយ្យត្រូវបានស្តាឡើងវិញនៅប្រទេសមីយ៉ាន់ម៉ា ដែលកំពុងស្ថិតក្រោមការគ្រប់គ្រងរបស់របបយោធា ក្រោមកិច្ចប្រឹងប្រែងរបស់អាស៊ាន ហើយលោកក៏បានសង្កត់ធ្ងន់លើសារៈសំខាន់នៃអព្យាក្រឹតភាពរបស់អាស៊ានផងដែរ៕
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden បានលើកឡើងអំពីក្តីបារម្ភរបស់អាមេរិកពាក់ព័ន្ធនឹងមូលដ្ឋានកងទ័ពរាមនៅខេត្តព្រះសីហនុ ដែលពាក់ព័ន្ធនឹងចិន នៅក្នុងជំនួបទ្វេភាគីរបស់លោកជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ នេះបើយោងតាមសេចក្តីប្រកាសរបស់សេតវិមាន។ ជាមួយគ្នានោះ លោក Biden ក៏បានជំរុញឲ្យលោក ហ៊ុន សែន បើកលម្ហនយោបាយនិងស៊ីវិលឡើងវិញ មុនការបោះឆ្នោតជាតិឆ្នាំ ២០២៣ ខាងមុខនៅកម្ពុជា។ បន្ថែមលើនោះ លោកក៏បានស្នើឲ្យមានការដោះលែងសកម្មជន ដែលត្រូវបានឃុំខ្លួនដោយការបទចោទប្រកាន់ដែលមានលក្ខណៈនយោបាយ រួមទាំងកញ្ញា សេង ធារី ពលរដ្ឋខ្មែរអាមេរិកាំងផងដែរ។ ប្រធានាធិបតីសហរដ្ឋអាមេរិករូបនេះ បានបញ្ជាក់ពីការប្តេជ្ញាជាថ្មីរបស់សហរដ្ឋអាមេរិកដល់ប្រជាពលរដ្ឋកម្ពុជា និងបំណងរបស់ពួកគេដែលចង់បានប្រទេសរុងរឿង ប្រជាធិបតេយ្យ និងឯករាជ្យ៕
- ដោយ Associated Press
លោក Justin Trudeau នាយករដ្ឋមន្ត្រីកាណាដា បានថ្លែងទៅកាន់មេដឹកនាំអាស៊ាន កាលពីល្ងាចថ្ងៃសៅរ៍ថា ប្រទេសកាណាដាបានកំពុងពង្រឹងទំនាក់ទំនងរបស់ខ្លួនជាមួយតំបន់អាស៊ីអាគ្នេយ៍ ក្នុងអ្វីដែលលោកបានចាត់ទុកថាជា «ការផ្លាស់ប្តូរជាជំនាន់»មួយ។ លោកបានបញ្ជាក់ថា វាមានសារៈសំខាន់ក្នុងការ«ពង្រឹងកិច្ចសហប្រតិបត្តិការទ្វេដងរវាងភាគីទាំងពីរ ដើម្បីជួយដោះស្រាយបញ្ហាប្រឈមសកលនានា»។ លោក Trudeau ថ្លែងថា៖ «ថ្ងៃនេះ ខ្ញុំប្រកាសអំពីការបណ្តាក់ទុនរឹងមាំនានា ដែលជាផ្នែកនៃការប្តេជ្ញារបស់យើងក្នុងទំនាក់ទំនងនេះ»។ នាយករដ្ឋមន្ត្រីកាណាដារូបនេះបានថ្លែងដូច្នេះ នៅក្នុងកិច្ចប្រជុំកំពូលរំឭកខួបនៃទំនាក់ទំនងរវាងអាស៊ាននិងកាណាដា នៅរាជធានីភ្នំពេញ។ នេះបើយោងតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន The Associated Press៕
មេដឹកនាំអាស៊ាន និងមេដឹកនាំនៃប្រទេសជាដៃគូសំខាន់ៗរបស់អាស៊ាន រួមទាំងអង្គការអន្តរជាតិមួយចំនួន ដូចជាសហភាពអឺរ៉ុប និងអង្គការសហប្រជាជាតិ កំពុងជួបពិភាក្សាគ្នាអំពីបញ្ហាប្រឈមក្នុងតំបន់ និងសកលលោក រាប់តាំងពីសេដ្ឋកិច្ច សន្តិសុខ ភាពតានតឹងនយោបាយនិងយោធា ការប្រែប្រួលអាកាសធាតុ វិបត្តិថាមពលនិងស្បៀងអាហារជាដើម នៅក្នុងកិច្ចសន្ទនាសកលអាស៊ានលើកទី ២ នៅរាជធានីភ្នំពេញ ថ្ងៃទី ១៣ ខែវិច្ឆិកានេះ។