ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អាហ្សង់ទីន​ឈ្នះ​ពានរង្វាន់​​​​បាល់ទាត់​ពិភពលោក​ ដោយ​យក​ឈ្នះ​​​​បារាំង​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​ដ៏​ស្វិតស្វាញ​​


ប្រធាន​ក្រុម​ជម្រើស​ជាតិ​​កីឡាបាល់ទាត់​អាហ្សង់ទីន​ លោកLionel Messi លើក​ពាន​រង្វាន់​បាល់ទាត់​ពិភពលោក​អមដោយ​សមាជិក​​ដទៃ​ទៀត​នៃ​ក្រុម​ជម្រើសជាតិ​អាហ្សង់ទីន​ក្រោយ​ពី​ឈ្នះការ​ប្រកួត​ឈ្នះ​ក្រុម​បារាំង កាល​ពី​ថ្ងៃ​ទី​១៨ ខែ​ធ្នូ ឆ្នាំ​២០២២ នៅ​ពហុកីឡដ្ឋាន ​Lusail ប្រទេស​កាតា។
ប្រធាន​ក្រុម​ជម្រើស​ជាតិ​​កីឡាបាល់ទាត់​អាហ្សង់ទីន​ លោកLionel Messi លើក​ពាន​រង្វាន់​បាល់ទាត់​ពិភពលោក​អមដោយ​សមាជិក​​ដទៃ​ទៀត​នៃ​ក្រុម​ជម្រើសជាតិ​អាហ្សង់ទីន​ក្រោយ​ពី​ឈ្នះការ​ប្រកួត​ឈ្នះ​ក្រុម​បារាំង កាល​ពី​ថ្ងៃ​ទី​១៨ ខែ​ធ្នូ ឆ្នាំ​២០២២ នៅ​ពហុកីឡដ្ឋាន ​Lusail ប្រទេស​កាតា។

​ការ​រង់​ចាំរបស់​ប្រធាន​ក្រុម​ជម្រើស​ជាតិកីឡាបាល់ទាត់​អាហ្សង់ទីន​ លោក Lionel Messi ​ដើម្បី​បាន​កិត្តិនាម​ដ៏​ត្រចះត្រចង់​ក្នុង​ប្រវត្តិសាស្ត្រ​ការ​ប្រកួត​បាល់​ទាត់​ពិភពលោក បាន​មក​ដល់​ទី​បញ្ចប់​ហើយ​កាល​ពី​យប់​ថ្ងៃ​អាទិត្យ​ម្សិលមិញ​ ​នៅ​ក្នុងព្រឹត្តិការណ៍​ការប្រកួត​បាល់ទាត់​វគ្គផ្តាច់ព្រ័ត្រក្នុង​ប្រទេស​កាតា ​ក្រោយ​ពីក្រុមកីឡាបាល់ទាត់អាហ្សង់ទីន​ បានយក​ឈ្នះ​លើក្រុមកីឡា​បាល់​ទាត់​បារាំង ដោយការ​ស៊ុត​បាល់​ប៉េណាំងទី​ចម្ងាយ​១១​ម៉ែត្រ ក្រោយ​ការ​ប្រកួត​ស្មើ​គ្នាក្នុង​ម៉ោង​ធម្មតា​និង​ម៉ោង​បន្ថែម​រួច​មក។​ ​នេះ​បើ​យោង​តាម​ការ​ផ្សាយ​របស់ទូរទស្សន៍ CNN និងទី​ភ្នាក់ងារ​ព័ត៌មាន​នានា។​

នេះ​ជា​ការ​ប្រកួតបាល់ទាត់​វគ្គ​ផ្តាច់​ព្រ័ត្រ​ដ៏​គួរ​ឱ្យ​ចង​ចាំ​បំផុត​មួយ​ ដោយ​ក្រុម​ទាំង​ពីរ​មាន​ប្រៀបរៀងៗ​ខ្លួន​ម្តងម្នាក់ និង​មាន​លក្ខណៈ​តឹង​តែង​ខ្លាំង ក្នុង​ទីលាន​ប្រកួតក្នុង​រយៈ​ពេល​១២០​នាទី មុន​ពេល​ដែល​កីឡាករ​អាហ្សង់ទីន​លោក Gonzalo Montiel ស៊ុតគ្រាប់​បាល់ប៉េណាំងទី​ជ័យ​ជម្នះ​ចុង​ក្រោយចូល​ទៅ​ខាង​អ្នក​ចាំ​ទី​បារាំង​ ក្រោយ​ការ​ប្រកួត​មាន​ពិន្ទុ​ស្មើ​គ្នា​៣ទល់​នឹង៣​ ក្រោយ​ម៉ោង​បន្ថែម​៣០​នាទី​ទៀត​នោះ។​



នេះ​ជា​ការ​លេង​ក្នុង​ការ​ប្រកួត​កីឡា​បាល់ទាត់​ពិភពលោកលើក​ទី​៥​ របស់​ប្រធានក្រុម​កីឡាបាត់​ទាត់​អាហ្សង់ទីន លោកLionel Messi ដោយនៅ​វគ្គផ្តាច់​ព្រ័ត្រជាមួយ​ប្រទេស​បារាំង​នេះ​ លោកស៊ុតបាល់​បញ្ចូល​ទី​បាន​២គ្រាប់​ ប៉ុន្តែ​កីឡា​ករខ្សែប្រយុទ្ធ​ដ៏ឆ្នើម​របស់​ប្រទេស​បារាំង​លោកKylian Mbappé ​បាន​ស៊ុត​បាល់​ចូល​ខាង​អាហ្សង់ទីន​ រហូត​ដល់​ចំនួន៣​គ្រាប់ ​ដែល​នេះ​មាន​ជា​លើក​ដំបូង​ក្នុង​វគ្គផ្តាច់​ព្រ័ត្រ​បាល់ទាត់​ពិភាពលោក​ចាប់​តាំង​ពី​ឆ្នាំ​១៩៦៦មក។​

ការ​ស៊ុតបាល់​ពិន័យ​ប៉េណាំងទី​១១​ម៉ែត្រ​បាន​ជោគជ័យរបស់​លោក Messi និង​ការ​ស៊ុត​មួយ​គ្រាប់ទៀតរបស់​កីឡាករ​អាហ្សង់ទីន​លោក​ Angel di Maria​ ក្នុង​ការ​ប្រកួត​វគ្គទី​១​មួយ​នោះ​ បានធ្វើ​ឱ្យ​គ្រាប់បាល់របស់​ក្រុម​អាហ្សង់ទីន​មាន​ប្រៀប​ខ្លាំង​នៅ​លើ​ទី​លាន​ប្រកួត​ ប៉ុន្តែការ​ស៊ុតបញ្ជូល​ទី​បាន​២​គ្រាប់វិញនៃកីឡាករ​ខែ្សប្រយុទ្ធ​របស់​បារាំង​គឺ​លោកMbappé ​នៅ​ជិតចុង​ម៉ោង​នៃ​វគ្គ​បញ្ចប់ ដែល​ក្នុង​នោះ​មួយ​គ្រាប់បាន​មក​ដោយ​ការ​ស៊ុតបាល់ប៉េណាំងទី​ពិន័យ១១​ម៉ែត្រនោះ ​បាន​ធ្វើ​ឱ្យ​ការ​ប្រកួត​ឈាន​ទៅដល់​ការ​បន្ថែម​ម៉ោង​៣០នាទី​ទៀត។​

​ការ​ប្រកួត​វគ្គផ្តាច់​ព្រ័ត្រ​កាល​ពី​ម្សិលមិញ គឺជា​ការប្រកួត​លើក​ទី២៦​ ក្នុងការ​ប្រកួត​កីឡា​បាល់ទាត់​ពិភពលោក​របស់​ប្រធាន​ក្រុម​ជម្រើស​ជាតិ​អាហ្សង់ទីន​ លោកLionel Messi ដែល​មាន​អាយុ​៣៥ ឆ្នាំ​ ដែល​នេះ​ជា​លទ្ធផល​នៃ​ពាន​រង្វាន់​បាល់ទាត់​ពិភពលោក​ ដែល​រូបលោក​និង​ប្រទេស​របស់លោក​បានទន្ទឹង​រង់​ចាំ​អស់​អស់​ពេលជា​យូរមក​ហើយ។ ​លទ្ធផល​នៃ​ជ័យជម្នះ​នេះ​ បានធ្វើ​ឱ្យ​ប្រធានក្រុម​ជម្រើស​ជាតិ​អាហ្សង់​ទីន​រូប​នេះ​ មាន​កិត្តិនាម​ល្បីល្បាញដូច​អតីត​តារាបាល់ទាត់​អាហ្សង់ទីន​កាល​ពី​អតីតតកាល​គឺ​លោក​ Diego Maradona​ ផង​ដែរ​ ​ក្រោយ​ពី​ប្រទេស​អាហ្សង់ទីន​បាន​ឈ្នះ​ពានរង្វាន់​បាល់​ទាត់​ពិភពលោក​លើ​ក​ទី​២​ក្នុង​ឆ្នាំ​១៩៨៦​ បន្ទាប់​ពីទទួល​បាន​ពាន​រង្វាន់​នេះ​ជា​លើក​ទី​១​ ក្នុង​ឆ្នាំ​១៩៧៨នោះ៕​

XS
SM
MD
LG