វិស្សមកាលរដូវក្ដៅនៅតំបន់ឆ្នេរសមុទ្រដ៏ល្បីល្បាញ Sata Monica ជិតចប់ហើយ។ សម្រាប់ពលរដ្ឋរស់នៅក្នុងទីក្រុង Los Angeles ក៏ដូចជាអ្នកទេសចរណ៍ មិនបានគិតដល់សក្ដានុពលនៃការគំរាមកំហែងដោយការវាយប្រហារដោយអាវុធនុយក្លេអ៊ែរនៅផ្នែកម្ខាងទៀតនៃមហាសមុទ្រប៉ាស៊ីហ្វិកនោះទេ។ ប៉ុន្តែនាង Lital Gilad បានគិតដល់រឿងនេះ។
នាង Lital Gilad បាននិយាយថា៖ «ខ្ញុំបារម្ភពីរឿងនេះ។ ខ្ញុំគិតថាវាជាការគំរាមកំហែងពិតប្រាកដមួយ រឿងនេះស្ថិតក្នុងចិត្តខ្ញុំ។ ខ្ញុំមានកូន ហើយច្បាស់ណាស់ថាខ្ញុំមិនចង់ឲ្យមានរឿងអាក្រក់កើតឡើងឡើយ»។
លោក Scott Gibbons ដែលជាអ្នកទេសចរណ៍មកពីប្រទេសអូស្ត្រាលីបានឲ្យដឹងថា៖ «វាហាក់ដូចជាភាគីទាំងពីរកំពុងតែឈ្លោះប្រកែកគ្នា ហើយខ្ញុំគិតថាស្ថានភាពដែលគួរឲ្យខ្លាចបំផុត នោះគឺអ្នកដែលកំពុងប្រឈមមុខដាក់គ្នានេះ គ្មាននរណាម្នាក់ជាមនុស្សចិត្តត្រជាក់នោះទេ»។
លោកបាននិយាយថា សក្ដានុពលនៃការគំរាមវាយប្រហារនេះ មិនធ្វើឲ្យប៉ះពាល់ដល់វិស្សមកាលរបស់លោកទេ។
«គ្រប់រឿងអាចកើតឡើងគ្រប់ពេល ហើយបើសិនជាអ្នកបារម្ភពីវាខ្លាំងពេក នោះជីវិតរបស់អ្នកនឹងមិនទទួលបានភាពរីករាយទេ»។
អ្នកទេសចរណ៍ម្នាក់ទៀត នាង Felicia Walker បញ្ចេញមតិស្រដៀងគ្នានេះដែរ នៅពេលសួរថា តើនាងព្រួយបារម្ភពីការបាញ់គ្រាប់មីស៊ីលរបស់កូរ៉េខាងជើងដែរឬទេ។
នាង Felicia Walker បានឆ្លើយថា៖ «ខ្ញុំបារម្ភខ្លះដែរ។ ប៉ុន្តែខ្ញុំមានការជឿជាក់ខ្លាំង ដូច្នេះខ្ញុំជឿថាគ្រប់យ៉ាងនឹងស្ថិតក្នុងភាពប្រក្រតី»។
ចម្ងាយប្រមាណ ២០ គីឡូម៉ែត្រ ពីតំបន់ទីប្រជុំជនក្នុងទីក្រុង Los Angeles គឺជាតំបន់មួយដែលមានឈ្មោះថា Koreatown។ តំបន់នេះនៅក្នុងសង្កាត់មួយដែលមានចំនួនប្រជាជនកូរ៉េច្រើនជាងគេបំផុតនៅក្នុងសហរដ្ឋអាមេរិក។
នាង Young Ja Bae និយាយថា នាងបារម្ភពីរឿងនេះ។
នាងនិយាយថា៖ «យើងគួរតែវាយប្រហារមុន។ យើងត្រូវតែចាត់វិធានការអ្វីមួយ។ ពួកគេ [កូរ៉េខាងជើង] មិនដឹងថាពួកគេកំពុងលេងជាមួយអ្នកណានោះទេ។ យើងនឹងមិនបណ្ដោយឲ្យវាកើតឡើងឡើយ»។
លោក Daniel Son បារម្ភខ្លាំងពីសាច់ញាតិរបស់លោកដែលរស់នៅក្នុងប្រទេសកូរ៉េខាងត្បូង។
លោក Daneil Son និយាយថា៖ «ខ្ញុំគិតថាពួកគេស្ថិតក្នុងគ្រោះថ្នាក់ជាងយើង ពីព្រោះប្រទេសកូរ៉េខាងត្បូងនៅជិតប្រទេសកូរ៉េខាងជើងណាស់»។
មិត្តភក្តិរបស់លោក Son ដែលជាជនជាតិចិនគឺលោក David Lee និយាយថាលោកគ្មានការព្រួយបារម្ភអ្វីឡើយ។
លោក Lee ដែលជាអ្នករស់នៅទីក្រុង Los Angeles បាននិយាយថា៖ «ទោះបីជាប្រទេសកូរ៉េខាងជើងខ្លាំងខាងផ្នែកយោធា ខ្ញុំមានអាម្មណ៍ថា ពួកគេមិនល្ងង់ដល់ថ្នាក់ វាយប្រហារសហរដ្ឋអាមេរិកនោះទេ ពីព្រោះបើសិនជាពួកគេវាយប្រហារសហរដ្ឋអាមេរិក ពិភពលោកទាំងមូលនឹងស្ថិតក្នុងភាពវឹកវរ»។
សួរថាតើលោកប្រធានាធិបតី Donald Trupm អាចគ្រប់គ្រងស្ថានការណ៍បានដែរឬទេ នាង Young Ja Bae ឆ្លើយថា៖ «ខ្ញុំជឿថាលោកគ្រប់គ្រងបាន»។
ប៉ុន្តែលោក David Lee ឆ្លើយថា៖ «លោក Trump ប្រាកដជាមិនមែនជាបេក្ខជនល្អបំផុតសម្រាប់ការដោះស្រាយជម្លោះរវាងប្រទេស និងប្រទេសនោះទេ»។
សម្រាប់ពេលនេះ នៅក្នុងទីក្រុង Los Angeles ជីវិតរស់នៅប្រចាំថ្ងៃរបស់ប្រជាជនដំណើរការទៅធម្មតា ស្របពេលដែលទាំងអ្នករស់នៅទីនោះ និងអ្នកទេសចរណ៍តាមដានព័ត៌មានច្រើនជាងមុន៕
ប្រែសម្រួលដោយ៖ សឿន វឌ្ឍនា