អង្គការលីកាដូអំពាវនាវឲ្យសប្បុរសជនបរិច្ចាគសំឡីអនាម័យដើម្បីចែកចាយដល់ស្ត្រី និងកុមារីនៅក្នុងពន្ធនាគារប្រើប្រាស់បានគ្រប់គ្រាន់ និងអាចគ្រប់គ្រងវដ្តរដូវមានប្រសិទ្ធភាព។
បើតាមសារលើទំព័រហ្វេសប៊ុករបស់អង្គការលីកាដូនៅថ្ងៃព្រហស្បតិ៍នេះបញ្ជាក់ថា ស្រ្តីនិងកុមារីជាច្រើននាក់ដែលកំពុងជាប់ក្នុងពន្ធនាគារ មិនមានលទ្ធភាពគ្រប់គ្រាន់ក្នុងការប្រើប្រាស់សំឡីអនាម័យស្រ្តី និងមិនអាចគ្រប់គ្រងវដ្តរដូវប្រកបដោយសុវត្ថិភាព និងសមរម្យបាន។
សារនោះបានឲ្យដឹងថា៖ «គម្រោង កុមារតាមម្តាយក្នុងពន្ធនាគាររបស់អង្គការលីកាដូ កំពុងធ្វើការងារលើកកម្ពស់សិទិ្ធស្រ្តី និងកុមារីនៅក្នុងពន្ធនាគារ និងខិតខំព្យាយាមផ្តល់ឲ្យអ្នកទាំងនោះនូវសំឡីអនាម័យដោយឥតគិតថ្លៃ និងលទ្ធភាពក្នុងការប្រើប្រាស់សំឡីអនាម័យឲ្យបានជាប់លាប់។ ហេតុដូចនេះហើយ យើងខ្ញុំត្រូវការការគាំទ្របន្ថែមពីអ្នក ដើម្បីឱ្យការប្រឹងប្រែងខាងលើទទួលបានជោគជ័យ»។
អង្គការលីកាដូបានបញ្ជាក់នៅក្នុងសារអំពាវនាវនោះឲ្យសប្បុរសជនបរិច្ចាគកញ្ចប់សំឡីអនាម័យថ្មី គ្រប់ទំហំ ឬម៉ាក នៅការិយាល័យអង្គការលីកាដូផ្ទាល់ ដែលមានអាសយដ្ឋាន ផ្ទះលេខ១៦ ផ្លូវលេខ៩៩ សង្កាត់បឹងត្របែក ខណ្ឌចំការមន ឬបរិច្ចាគជាទឹកប្រាក់តាមរយៈប្រព័ន្ធធនាគារ ឬ QR code លើទំព័រហ្វេសប៊ុករបស់អង្គការលីកាដូ ដើម្បីទិញសំឡីអនាម័យ និងចែកចាយដល់ស្ត្រី និងកុមារីក្នុងពន្ធនាគារដោយតម្លាភាព។
នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការការពារសិទ្ធិមនុស្ស លីកាដូ លោក អំ សំអាត ប្រាប់វីអូអេថា ការរៃអង្គាសដើម្បីផ្គត់ផ្គង់សំឡីអនាម័យដល់ស្រ្តីនៅក្នុងពន្ធនាគារ គឺជាការចូលរួមចំណែកជួយបំពេញភាពខ្វះខាតក្នុងពន្ធនាគារ ទៅតាមលទ្ធភាពដែលអាចធ្វើទៅបាន។
លោកថ្លែងថា៖ «សំឡីអនាម័យវាសំខាន់សម្រាប់ស្រ្តីដែលជាកុមារី អ៊ីចឹងលក្ខខណ្ឌក្នុងពន្ធនាគារជាលក្ខខណ្ឌចាំបាច់បំផុតដែរសម្រាប់ពួកគាត់ ទាក់ទងនឹងបញ្ហាទាំងអស់នេះដើម្បីសុខភាពនិងអនាម័យ។ យើងដឹងហើយថា ពួកគាត់ក្នុងពន្ធនាគារមិនដូចស្រ្តី និងកុមារដែលនៅខាងក្រៅទេ ដែលយើងចង់បានទៅរកសំឡីអនាម័យទីណាក៏បាន ឬក៏មជ្ឈដ្ឋានសុខភាពស្រ្តីពេលណាក៏បាន អ៊ីចឹងក្នុងពន្ធនាគារមិនជាការងាយស្រួលទេ វាជាផលលំបាកសម្រាប់គាត់»។
លោក អំ សំអាត បានថ្លែងបន្ថែមថា បញ្ហានៃការខ្វះខាតក្នុងពន្ធនាគារ គ្រប់ភាគីពាក់ព័ន្ធគួរតែចូលរួមដើម្បីជួយឲ្យមានភាពប្រសើរឡើង។
អ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារ លោក ឃៀង សុណាឌីន ប្រាប់វីអូអេនៅថ្ងៃព្រហស្បតិ៍ថា ពន្ធនាគារតែងតែផ្តល់របបផ្គត់ផ្គង់ដល់ស្រ្តីដែលជាជនជាប់ឃុំជាប្រចាំឆ្នាំ។
លោកថ្លែងថា៖ «របបសុខភាពអនាម័យសម្រាប់ស្រ្តីនៅក្នុងពន្ធនាគារដែលជាជនជាប់ឃុំ ខ្ញុំចង់បញ្ជាក់ថា យើងមានរបបជាប្រចាំឆ្នាំ ហើយក្នុងនោះក៏មានការស្នើសុំឲ្យមានការគិតគូរផ្តល់សំឡីអនាម័យជនជាប់ឃុំជាស្រ្តីដែរ ជារបបដែលរដ្ឋផ្តល់ឲ្យជាប្រចាំឆ្នាំ»។
លោក ឃៀង សុណាឌីន ក៏បានស្នើឲ្យអង្គការលីកាដូបង្ហាញនូវទិន្នន័យឲ្យបានច្បាស់លាស់អំពីការខ្វះខាតសំឡីអនាម័យនៅក្នុងពន្ធនាគារនីមួយៗ។
បើតាមនាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការការពារសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត អង្គការលីកាដូបានសហការជាមួយអគ្គនាយកដ្ឋានពន្ធនាគារដោយអនុវត្តការងារជាមួយពន្ធនាគារចំនួន ១៩ ក្នុងចំណោមពន្ធនាគារទូទាំងប្រទេស។ លោកថា ពន្ធនាគារទាំង ១៩ នោះ មានស្រ្តីចំនួន ២.៧៤០ នាក់ ក្នុងនោះកុមារីមានចំនួន ១១៧ នាក់៕
វេទិកាបញ្ចេញមតិ