ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អង្គការលីកាដូស្វែងរកជំនួយជួយកុមារ និងទារកក្នុងពន្ធនាគារ


រូបឯកសារ៖ ស្ត្រីដែលជាអ្នកទោស​និង​កូនៗរបស់ពួក​ទទួលបាន​ជំនួយ​នៅ​គុក​ព្រៃស រាជធានីភ្នំពេញ កាលពីថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៥។
រូបឯកសារ៖ ស្ត្រីដែលជាអ្នកទោស​និង​កូនៗរបស់ពួក​ទទួលបាន​ជំនួយ​នៅ​គុក​ព្រៃស រាជធានីភ្នំពេញ កាលពីថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៥។

ខណៈ​កុមារ​ដែល​រស់​នៅ​ក្នុង​មណ្ឌល​កែ​ប្រែ ​ឬ​ពន្ធនាគារ​ជាមួយ​ម្តាយ ​ជួប​ប្រទះ​នូវ​បញ្ហា​ការ​លូត​លាស់​ផ្នែក​រាង​កាយ ​និង​ស្មារតី ​ដោយ​សារ​កង្វះ​អាហារូបត្ថម្ភ ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ​បាន​ប្រកាស​ស្វែង​រក​ការ​បរិច្ចាគ​ពី​សាធារណ​ជន​ដើម្បី​ជួយ​ដល់​កុមារ​ទាំង​នោះ។​

កាល​ពី​ពេល​ថ្មីៗ​នេះ​ អង្គការ​លីកាដូ​បាន​ស្វែង​រក​ជំនួយ​ក្នុង​ការ​បរិច្ចាគ​សម្ភារៈ​ប្រើ​ប្រាស់​សម្រាប់​កុមារ ​និង​ទារក​ដែល​រស់​នៅ​ជាមួយ​ម្តាយ​នៅ​តាម​ពន្ធនាគារ​រាជ​ធានី-ខេត្ត​ចំនួន​ ១៩ ​ទីតាំង​ទូទាំង​ប្រទេស។​ ការ​ស្វែង​រក​ជំនួយ​ក្នុង​ការ​បរិច្ចាគ​សម្ភារៈ​នេះ​ស្ថិត​ក្រោម​គម្រោង ​«កុមារ​រស់​នៅ​តាម​ម្តាយ​ក្នុង​ពន្ធនាគារ»​ ដើម្បី​បង្កើត​ឱ្យ​មាន​ការ​ជួយ​ទំនុក​បម្រុង​ដល់​ទារក​ និង​កុមារ​ដែល​រស់​នៅ​តាម​បណ្តា​ពន្ធនាគារ​រាជ​ធានី ខេត្ត​ ទាំង​ ១៩។ ​នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​អង្គការ​លីកាដូ។​

លោក ​អំ សំអាត ​នាយក​ទទួល​បន្ទុក​កិច្ច​ការ​ទូទៅ​នៃ​អង្គ​ការ​លីកាដូ ​ប្រាប់​វីអូអេ​ថា​ គម្រោង​ «កុមារ​រស់​នៅ​តាម​ម្តាយ​ក្នុង​ពន្ធនាគារ»​ ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​គោល​បំណង​ជួយ​ដល់​កុមារ ​និង​អនីតិ​ជន​ដែល​រស់​នៅ​ជាមួយ​ម្តាយ​ក្នុង​ពន្ធនាគារ។ ​លោក​បន្ថែម​ថា​ ក្នុង​ឱកាស​ទិវា​សិទ្ធិ​កុមារ​ថ្ងៃ​ ១ ​ខែ​មិថុនា​ខាង​មុខ​នេះ ​អង្គការ​នឹង​យក​សម្ភារៈ​ដែល​ទទួល​បាន​ពី​សប្បុរស​ជន​ទៅ​ចែក​ជូន​កុមារ ​និង​ទារក​នៅ​ពន្ធនាគារ​ទាំង ​១៩ ​នៅ​ទូទាំង​ប្រទេស។​

លោក ​អំ សំអាត​ថ្លែង​ថា៖​ «ដើម្បី​ជា​ការ​លើក​កម្ពស់​ដល់​សិទ្ធិ​កុមារ​ ដូច​ជា​អនីតិ​ជន​ អង្គការ​លីកាដូ​រៀប​ចំ​ឱ្យ​មាន​ការ​ចែក​ជា​សម្ភារៈ ​ឬ​ក៏​អាហារូបត្ថម្ភ​មួយ​ចំនួន​សម្រាប់​កុមារ​ដែល​នៅ​តាម​ម្តាយ​ អនីតិ​ជន​មួយ​ចំនួន​ដើម្បី​ឱ្យ​គាត់​ទទួល​បាន​ការ​ដឹង​ឮ​នៃ​ទិវា​សិទ្ធិ​កុមារ​អន្តរ​ជាតិ​ផង​ដែរ»។​

លោក ​អំ សំអាត ​ឱ្យ​ដឹង​ថា​ ពន្ធនាគារ ​ឬ​មណ្ឌល​កែ​ប្រែ​មិន​មែន​ជា​កន្លែង​សម្រាប់​កុមារ​និង​អនីតិជន​រស់​នៅ​នោះ​ទេ​ ព្រោះ​ថា​ កុមារ​ដែល​រស់​នៅ​ក្នុង​ពន្ធនាគារ​មិន​មាន​ឱកាស​ដូច​កុមារ​ផ្សេង​ទៀត​ឡើយ ​ហើយ​ពួក​គេ​ច្រើន​ទទួល​រង​នូវ​ការ​ប៉ះពាល់​ផ្នែក​រាង​កាយ ​ស្មារតី ​និង​កង្វះ​អាហារូបត្ថម្ភ​ដែល​ប៉ះ​ពាល់​ការ​លូត​លាស់​របស់​ពួក​គេ។​

លោក​ នុត សវនា ​អ្នក​នាំ​ពាក្យ​នៃ​អគ្គ​នាយកដ្ឋាន​ពន្ធនាគារ​នៃ​ក្រសួង​មហា​ផ្ទៃ ​ប្រាប់​វីអូអេ​ថា​ កន្លង​ទៅ​ ពន្ធនាគារ​បាន​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​ចំពោះ​កុមារ​ និង​ទារក​ដែល​រស់​នៅ​ក្នុង​ពន្ធនាគារ​ជា​មួយ​ម្តាយ រួម​មាន​ការ​ផ្គត់​ផ្គង់​តាម​តម្រូវ​ការ​របស់​កុមារ​ និង​ស្រ្តី​មាន​ផ្ទៃ​ពោះ។ ​

លោក​បន្ថែម​ថា​ បច្ចុប្បន្ន​កុមារ​ និង​ទារក​ដែល​រស់​នៅ​ជាមួយ​ម្តាយ​ក្នុង​ពន្ធនាគារ​មាន​សរុប​ចំនួន​ ១១២ ​នាក់ ​ទូទាំង​ប្រទេស។​ លោក​បន្ត​ថា​ កន្លង​មក​អង្គការ​លីកាដូ​បាន​ជួយ​ទំនុក​បម្រុង​ដល់​កុមារ​តូច ​និង​ទារក​ដែល​ទើប​នឹង​កើត​នៅ​ក្នុង​ពន្ធនាគារ​ ដោយ​ផ្គត់​ផ្គង់​ជា​ម្សៅ​បំប៉ន​សុខភាព​ ម្សៅ​ទឹក​ដោះ​គោ ​សាប៊ូ​ និង​សេវា​ថែទាំ​សុខភាព​ជាដើម។​

លោក ​នុត សវនា ​ថ្លែង​ថា៖​ «ជា​ទូទៅ​យើង​តែង​សង្កេត​ឃើញ​ថា​ កុមារ​នៅ​ក្នុង​ពន្ធនាគារ ​បញ្ហា​តែ​មួយ​ទេ ​ដែល​គាត់​ប្រឈម​នោះ​គឺ​ការ​លូត​លាស់​ផ្នែក​សតិ​បញ្ញា​ដែល​ខុស​ប្លែក​ពី​ក្មេង​នៅ​ខាង​ក្រៅ។ ​គាត់​កើត​ឬ​ធំ​នៅ​ក្នុង​នោះ​ គាត់​បាន​ទទួល​តែ​ការ​អប់រំ​មួយ​ចំនួនទៅ​តាម​កម្មវិធី​ទេ​ហើយ​ការ​លេង​កម្សាន្ត​ក៏​មិន​សូវ​បាន​ទូលំ​ទូលាយ​ដូច​ក្មេង​ខាង​ក្រៅ​ដែរ»។​

លោក ​នុត​ សវនា ​បញ្ជាក់​ថា​ ក្មេង​នៅ​ក្នុង​ពន្ធនាគារ​ដែល​មាន​អាយុ​ចាប់​ពី​ ៣​ ឆ្នាំ​ឡើង​ទៅ​ នឹង​ត្រូវ​បញ្ជូន​ទៅ​រស់​នៅ​ជាមួយ​ក្រុម​គ្រួសារ​ដែល​នៅ​ក្រៅ​ ឬ​អង្គការ​ក្រៅ​រដ្ឋាភិបាល​ ដើម្បី​ទទួល​យក​ទៅ​ចិញ្ចឹម​បន្ត។​

តំណាង​អង្គការ​ UNICEF ​ប្រចាំ​នៅ​កម្ពុជា​លោក ​Will Parks​ ប្រាប់​វីអូអេ​តាម​សារ​អ៊ីម៉ែល​ថា​ កុមារ​ទាំង​អស់​សុទ្ធ​តែ​មាន​សិទ្ធិ​ក្នុង​ការ​រស់​នៅ​ដូច​គ្នា ​ទោះ​បី​ជា​ពួក​គេ​រស់​ជាមួយ​ម្តាយ​ក្នុង​ពន្ធនាគារ​ក៏​ដោយ។ ​លោក​បន្ថែម​ថា​ ពួក​គេ​គួរ​តែ​ទទួល​បាន​សិទ្ធិ​ថែទាំ​ពី​រដ្ឋាភិបាល​ ដូច​ក្មេង​ដទៃ​ទៀត ​ដូច​ជា​ការ​ថែ​ទាំ​សុខភាព ​និង​សេវា​កម្ម​ផ្សេងៗ​ទៀត។​

លោក​ Will Parks ​បញ្ជាក់​ថា៖​ «កុមារ​ដែល​រស់​នៅ​ក្នុង​ពន្ធនាគារ​បាត់បង់​សិទ្ធិ​សិទ្ធិ​សេរី​ភាព​ក្នុង​ការទទួល​សេវា​កម្ម​ថែទាំ​សុខភាព ​ការ​អប់រំ ​ការ​អភិវឌ្ឍ ​និង​រង​ការ​គំរាម​កំហែង»។​

លោក​បន្ថែម​ថា​ អង្គការ​ UNICEF ​ក៏​បាន​ធ្វើ​ការ​តស៊ូ​មតិ​ជា​មួយ​រដ្ឋាភិបាល​ក្នុង​ការ​អនុគ្រោះ​មិន​ឃុំ​ខ្លួន​ឪពុក​ម្តាយ​ដែល​មាន​កូន​តូច​នៅ​ជា​មួយ​ខ្លួន​នៅ​ក្នុង​បន្ទុក ​ព្រម​ទាំង​លើក​ទឹក​ចិត្ត​ដល់​អាជ្ញាធរ​ពិគ្រោះ​ឡើង​វិញ​អំពី​ការ​ដាក់​ទោស​ដល់​បុគ្គល​ណា​មួយ​ដែល​មាន​កូន​តូច​ក្នុង​បន្ទុក​ ដោយ​គិត​ពី​ផល​លំបាក​ដែល​ពួកគេ​ជួប​ប្រទះ៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG