ក្រសួងអប់រំ យុវជន និងកីឡា គ្រោងនឹងដាក់បញ្ចូលមុខវិជ្ជាមួយទាក់ទងនឹង«អប់រំសុខភាព» សម្រាប់សិស្សានុសិស្ស ចាប់ពីថ្នាក់ទី១ដល់ថ្នាក់ទី១២ ដែលអាចនឹងអនុវត្តចាប់ពីឆ្នាំ២០២២។ នេះបើយោងតាមមន្រ្តីក្រសួងអប់រំ។
មុខវិជ្ជា«អប់រំសុខភាព»ថ្មីនេះ នឹងសិក្សាលម្អិតអំពីសុខភាពរបស់សិស្សប្រុសស្រីបន្ថែមពីលើមុខវិជ្ជាជីវវិទ្យាដែលមានស្រាប់។ ការស្វែងយល់ស៊ីជម្រៅអំពីបញ្ហាសុខភាពទាំងផ្លូវកាយ និងចិត្តនេះ រួមចំណែកកាត់បន្ថយហានិភ័យនានាបង្កើនទំនុកចិត្តដល់សិស្ស ក៏ដូចជារៀបចំឲ្យសិស្សក្លាយជាធនធានមនុស្សមានសុខភាពប្រសើរជាងមុន។
លោកស្រី ឆាយគីម សុទ្ធាវី ប្រធាននាយកដ្ឋានសុខភាពសិក្សានៃក្រសួងអប់រំដែលទទួលបន្ទុកបង្កើត និងអនុត្តកម្មវិធីសិក្សាប្រាប់VOAថា៖ «រឿងពាក់ព័ន្ធថ្មីៗនេះដូចជាការបៀតបៀនអីយើងដាក់ពីថ្នាក់៥ទៅ... ពីព្រោះក្មេងហ្នឹងវាចេះមករដូវ ហើយចេះមានទំនាក់ទំនង រឿងការលូតលាស់រឿងរូបរាងកាយគាត់បានផ្លាស់ប្តូរខុសពីមុន។ អ៊ីចឹងយើងត្រូវប្រាប់គាត់ ហើយបណ្តុះបណ្តាលគាត់ឲ្យយល់ច្បាស់អំពីសុខភាពអស់ហ្នឹង»។
បើតាមមន្រ្តីក្រសួងអប់រំរូបនេះ មុខវិជ្ជាអប់រំសុខភាពនេះ ផ្តោតសំខាន់លើចំណេះដឹង ៦ចំណុច គឺសុខភាពបឋម សុខភាពផ្លូវចិត្ត សុខភាពបន្តពូជ និងសុខភាពផ្លូវភេទសុខភាពនិងបរិស្ថាន សុខភាព និងសេដ្ឋកិច្ច សុខភាពនិងជំនឿ។ មុខវិជ្ជាទាំងនេះតម្រូវឲ្យសិស្សសិក្សាមួយម៉ោងក្នុងមួយសប្តាហ៍ ឬ៣៥ម៉ោងនៅក្នុងមួយឆ្នាំ។
លោកស្រី ឆាយគីម សុទ្ធាវី ប្រធាននាយកដ្ឋានសុខភាពសិក្សា ពន្យល់ថាចំណេះដឹងផ្នែកសុខភាពទាំងនេះនឹងជួយឲ្យសិស្សដឹងពីរបៀបថែទាំសុខភាពខ្លួន និងគ្រួសារ និងចេះដោះស្រាយបញ្ហានានាពាក់ព័ន្ធនឹងការរំលោភបំពានដែលអាចប៉ះពាល់ដល់សុខភាពសិស្សទាំងផ្លូវកាយ និងផ្លូវចិត្ត។
លោកស្រីបន្ថែមថា៖ «មានជំនាញផ្សេងៗទៀតនៅក្នុងការថែទាំសុខភាព ដូចជាជំនាញដោះស្រាយបញ្ហា ហើយចេះឆ្លើយថា “ទេ”។ [ពួកគេ] ត្រូវយល់ដឹងអំពីសិទ្ធិមួយចំនួន ដូចថា ក្នុងការរៀបការប្តីប្រពន្ធហ្នឹង គឺអត់មានអ្នកណាបង្ខំអ្នកណា ហើយត្រូវគោរពគ្នាទៅវិញទៅមករវាងប្តីប្រពន្ធក្នុងគ្រួសារ»។
លោកស្រីបន្ថែមទៀតថា ក្រៅពីចំណេះដឹងពាក់ព័ន្ធលើសុខភាពរូបរាងកាយ មុខវិជ្ជាអប់រំសុខភាពនេះនឹងបញ្ចូលចំណេះដឹងគួបផ្សំផ្សេងទៀត ដើម្បីអប់រំកែប្រែឥរិយាបថមិនត្រឹមត្រូវមួយចំនួន ដែលសង្គមមានពីមុនមក ដែលប៉ះពាល់ការលូតលាស់សុខភាពផ្លូវកាយ និងផ្លូវចិត្តរបស់សិស្សទាំងស្រី និងប្រុស។
«ឥឡូវហ្នឹងសូម្បីតែពាក្យសម្តីក៏យើងចាត់បញ្ចូលទៅក្នុងការរំលោភបំពានហ្នឹងដែរ។ [...] អ្នកខ្លះគេថា ហឹម...គេនិយាយលេងទេ តែវាអាចប៉ះពាល់ដល់អារម្មណ៍គេ។ ឧទាហរណ៍ថា បុរសម្នាក់ គាត់និយាយថា គាត់មកពីប្រជុំគាត់អស់កម្លាំង គាត់ថា ឃើញហ្អែងមកអ៊ីចឹងដូចមានកម្លាំងហ្មងហ្អា! មានកម្លាំងឆេវហ្មង! ឧទាហរណ៍អ៊ីចឹងណា។ ការនិយាយអ៊ីចឹងវាលេងសើច ប៉ុន្តែវាប៉ះពាល់។ អ៊ីចឹងក្នុងសៀវភៅរបស់យើង យើងបានដាក់ ហើយវាមានការអប់រំឲ្យស្គាល់ និងគោរពគ្នា»។
លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំថ្លែងថា បច្ចុប្បន្នក្រសួងចងក្រងរៀបចំសៀវភៅពុម្ពទាក់ទងនឹងការអប់រំសុខភាពនេះ បានកម្រិតអប់រំ៨ថ្នាក់ ហើយនៅសល់៤ថ្នាក់ទៀត ដែលគ្រោងនឹងបញ្ចប់នៅឆ្នាំក្រោយ។
លោកមានប្រសាសន៍ថា៖ «មេរៀនទាំងនេះ គឺមានសារៈសំខាន់ណាស់ សម្រាប់សិស្សានុសិស្សក្នុងការរៀនសូត្រជាចំណេះដឹង ដើម្បីយកទៅអនុវត្តដើម្បីថែទាំសុខភាពរបស់ពួកគាត់ ឲ្យគ្រប់ជ្រុងជ្រោយក្នុងជីវិតប្រចាំថ្ងៃ ក៏ដូចជាសម្រាប់អនាគត ដែលអាចរស់នៅប្រកបដោយសុខភាពល្អ ទាំងផ្លូវកាយ ផ្លូវចិត្ត និងសង្គម»។
ការសិក្សាថ្នាក់ជាតិមួយបោះពុម្ពផ្សាយឆ្នាំ២០១៨ ស្តីអំពី «ការអប់រំនៅកម្ពុជា៖ លទ្ធផលស្រាវជ្រាវពីបទពិសោធន៍កម្ពុជាក្នុងកម្មវិធីវាយតម្លៃសិស្សជាលក្ខណៈអន្តរជាតិសម្រាប់ការអភិវឌ្ឍ» រកឃើញថា ៣៥ភាគរយនៃសិស្សនៅកម្ពុជា រាយការណ៍ថាសុខភាពរបស់ពួកគេ«ខ្សោយ» ឬ«មធ្យម»។
ការសិក្សាដែលគេធ្វើឡើងក្នុងចំណោមសិស្សប្រមាណ៥ពាន់នាក់ ដែលមានអាយុ១៥ឆ្នាំ និងលើសតិចតួច ឲ្យដឹងថា ការវាយតម្លៃសុខភាពខ្លួនក្នុងចំណោមពួកគេ នៅមានកម្រិតទាប។ ការវាយតម្លៃសុខភាពខ្លួនថា មានកម្រិតទាបនេះ អាចឆ្លុះបញ្ចាំងពីការណ៍ពិតដែលថា សិស្សកម្ពុជា អាចជួបប្រទះបញ្ហាសុខភាពជាក់ស្តែងក្នុងអំឡុងពេលសិក្សា ក៏ប៉ុន្តែបញ្ហាសុខភាពនេះប្រហែលជាមិនបានដឹងឮដល់ថ្នាក់ដឹកនាំសាលារៀនទេ។
របាយការណ៍នេះបន្ថែមថា៖ «នៅកម្ពុជាសុខភាពខ្សោយហាក់ដូចជាពាក់ព័ន្ធយ៉ាងខ្លាំងជាមួយនឹងបញ្ហាសុខភាពនានាដូចជាបញ្ហាក្រពះពោះវៀន ការថប់អារម្មណ៍ និងការធ្លាក់ទឹកចិត្ត ជំងឺរ៉ាំរ៉ៃ ឬការអស់កម្លាំងឬឈឺចាប់យូរអង្វែង ការគេងមិនលក់ និងជំងឺផ្តាសាយ»។
សិស្សដែលបានវាយតម្លៃថាខ្លួនមានសុខភាព 'ខ្សោយ' បានរាយការណ៍ថា ពួកគេធ្លាប់មានបញ្ហាក្រពះពោះវៀន ការភ័យស្លន់ស្លោ និងការថប់អារម្មណ៍ ឬការអស់កម្លាំងខ្លាំង ឬឈឺចាប់ ជាដើម។
ប្រធានអង្គការចលនា ដើម្បីសុខភាពកម្ពុជា លោក ម៉ម គង់ បានថ្លែងប្រាប់វីអូអេថា លោកបានដឹងអំពីគោលបំណងនៃការបង្កើតមុខវិជ្ជាអប់រំសុខភាពនេះតាំងពីឆ្នាំ១៩៩៨ ឬ១៩៩៩។ លោកសង្ឃឹមថា ក្រសួងនឹងបញ្ចូលកម្មវិធីអប់រំសុខភាពនេះ តាមគោលដៅឆ្នាំ២០២២ ដែលលោកថា មានកត្តាជាច្រើនរាំងស្ទះ រួមទាំងបញ្ហាថវិកាគាំទ្រផងដែរ។
ចំពោះការបង្កើតកម្មវិធីអបរំសុខភាពនេះ អង្គការរបស់លោក ម៉ម គង់ បានទទួលបន្ទុកជួយប្រឹក្សាទាក់ទងនឹងការបង្កើតកម្មវិធីរៀនផ្នែកជំងឺមិនឆ្លង ដូចជាជំងឺបេះដូង ជំងឺសរសៃឈាមជំងឺមហារីកជំងឺផ្លូវដង្ហើមរ៉ាំរ៉ៃ និងជំងឺទឹកនោមផ្អែម ដែលសុទ្ធតែជាជំងឺគួរឲ្យព្រួយបារម្ភខ្លាំងក្លា បើធៀបនឹងជំងឺឆ្លង។ លោកថា កត្តាហានិភ័យនានា ដូចជាគ្រឿងស្រវឹង ថ្នាំជក់ កង្វះកាយវប្បកម្ម និងបញ្ហាអាហារូបត្ថម្ភ សុទ្ធសឹងតែជាចំណេះដឹងសំខាន់ដែលត្រូវបញ្ចូលក្នុងកម្មវិធីសិក្សាថ្មីនេះ។
លោក ម៉ម គង់ មានប្រសាសន៍ថា៖ «ទាក់ទងនឹងការបញ្ចូលកម្មវិធីអប់រំសុខភាពហ្នឹង វាគឺជាបំនិនដើម្បីអប់រំក្មេងៗឲ្យដឹងតាំងពីនៅក្មេងៗទៅ តើអ្វីដែលគាត់គួរចៀសវាង? អ្វីដែលគាត់គួរប្រព្រឹត្ត? ដោយសារខ្ញុំធ្វើការពាក់ព័ន្ធនឹងថ្នាំជក់ និងគ្រឿងស្រវឹងអ៊ីចឹងយើងត្រូវបង្រៀនសិស្សឲ្យដឹងថា តើគ្រឿងស្រវឹងនេះ នៅពេលដែលគាត់សេពទៅ វានាំឲ្យគាត់មានបញ្ហាអ្វីខ្លះដល់ខ្លួនគាត់ និងដល់សង្គម ហើយការធ្វើទីផ្សាររបស់គ្រឿងស្រវឹង នឹងវាមានគោលបំណងយ៉ាងណា? កុំឲ្យគាត់ឃើញពាណិជ្ជកម្មអីចេះតែជឿៗ។ នេះជាផ្នែកមួយនៃការអប់រំ។ ហើយដើម្បីបង្ការជំងឺមិនឆ្លង គាត់ត្រូវធ្វើដូចម្តេច?»
លោក ហូយ គឹមសែ នាយកសាលាបឋមសិក្សាវត្តកោះនៅរាជធានីភ្នំពេញ ប្រាប់វីអូអេថា លោកបារម្ភអំពីបញ្ហាសុខភាពផ្លូវចិត្តរបស់កុមារ ដោយសារបរិយាសកាសសាលារៀន ត្រូវបានរំខានដោយក្រុមក្មេងទំនើងនៅជុំវិញរបងសាលារៀនរបស់លោក។លោករំពឹងថា កម្មវិធីអប់រំសុខភាពថ្មីនេះ អាចបញ្ជ្រាបចំណេះដឹងស៊ីជម្រៅពាក់ព័ន្ធសុខភាពដល់សិស្ស។
លោកថ្លែងថា៖ «វាមានសារៈសំខាន់ ដើម្បីអប់រំក្មេងឲ្យចេះថែទាំសុខភាពខ្លួនឯងយកចំណេះដឹងនេះទៅប្រាប់បងប្អូនគាត់ ឪពុកម្តាយគាត់ អ្នកជុំវិញខ្លួនគាត់ ដើម្បីយល់ដឹងពីបញ្ហាសុខភាពគ្រប់បែបយ៉ាង ទាំងផ្លូវចិត្ត និងអនាម័យ»។
លោក តូច កន្តាល់ នាយកវិទ្យាល័យបាក់ទូនៅភ្នំពេញ យល់ថា មុខវិជ្ជា«អប់រំសុខភាព» នឹងរួមចំណែកដល់ការអភិវឌ្ឍធនធានមនុស្សឲ្យមានសុខភាពល្អរឹងមាំ។លោកថា មុខវិជ្ជាអប់រំសុខភាពនេះ គួរផ្តោតលម្អិតបន្ថែមអំពីមុខវិជ្ជាជីវវិទ្យាដែលមានស្រាប់។
«ស្រុកយើងភាគច្រើនខ្មាសអៀន បញ្ហាអនាម័យផ្លូវភេទ។ អាយុប៉ុណ្ណេះ គេត្រូវចាក់ថ្នាំការពារស្បូន អាយុប៉ុណ្ណាអាចរួមភេទបាន និងច្រើនទៀតពាក់ព័ន្ធនឹងរោគស្ត្រី និងការរក្សាអនាម័យខ្លួនប្រាណស្ត្រីជាដើម»។
លោកនាយកវិទ្យាល័យបាក់ទូករូបនេះ បន្ថែមថា សុខភាពផ្លូវចិត្តល្អ ក៏មានសារៈសំខាន់ខ្លាំងចំពោះការសិក្សា និងសុខុមាលភាពរបស់សិស្សផងដែរ។
លោកមានប្រសាសន៍ថា៖ «ជួយសិស្សដែលរៀនយឺត ជួយសិស្សដែលបាត់បង់ការសិក្សា។ ជួនកាលក្រុមគ្រួសារគាត់លំបាកក្នុងសេដ្ឋកិច្ចគ្រួសារជាផ្លូវចិត្តមួយ។ ក្រុមគ្រួសារគាត់លែងលះគ្នាជាផ្លូវចិត្តមួយ។ គាត់មករៀន អ្នកគ្រូ លោកគ្រូគាបគាត់ជាផ្លូវចិត្តមួយ។ អ៊ីចឹងយើងត្រូវយល់ពីបរិយាកាសសង្គមទាំងអស់ ធ្វើម៉េចឲ្យគាត់មានចិត្តចង់មកសាលា មានចិត្តចង់រៀន។ អាហ្នឹងផ្លូវចិត្តល្អហើយ»។
លោកបន្ថែមថា នៅក្នុងបរិវេណវិទ្យាល័យបាក់ទូក មានតែក្រុមយុវជនមួយក្រុមដែលធ្វើការងារស្ម័គ្រចិត្ត ដើម្បីសម្រួលការងារពាក់ព័ន្ធសុខភាពសិស្សប្រចាំសាលា។
លោកបញ្ជាក់ថា៖ «[សិស្ស] មួយចំនួនចូលវិទ្យាល័យខ្លះចាប់ផ្តើមមករដូវ។អ្នកគ្រូនាយិការងខ្ញុំគាត់មានទូមួយ សម្រាប់សំឡីអនាម័យ ស្រីៗគ្នាគាត់។ គាត់ដឹងរឿងគ្នាគាត់។ ហើយបន្ទប់សង្គ្រោះបឋមនៅវិទ្យាល័យបាក់ទូកមានបរិក្ខារសព្វបែបយ៉ាង»។
អ្នកស្រី Katheryn Bennett ប្រធានផ្នែកអប់រំ នៃអង្គការយូនីសេហ្វបាន ប្រាប់វីអូអេតាមសារអេឡិចត្រូនិចថាអង្គការយូនីសេហ្វបានគាំទ្រគម្រោងកម្មវិធីអប់រំសុខភាពរបស់រដ្ឋាភិបាលកម្ពុជា លើផ្នែកបង្កើតសម្ភារៈបង្រៀន និងកៀរគរធនធានមនុស្ស។
អ្នកស្រីថា៖ «ការងារនេះ មានសារៈសំខាន់យ៉ាងខ្លាំងចំពោះសុខភាពរាងកាយ និងផ្លូវចិត្ត ក៏ដូចជាសុខុមាលភាពទូទៅរបស់កុមារ។ហើយការងារនេះកើតឡើងនៅពេលដែលបញ្ហាសុខភាពជាបញ្ហាដ៏មានសារៈសំខាន់ខ្លាំងនៅក្នុងបរិបទនៃជំងឺរាតត្បាតជាសាកលកូវីដ១៩ ដែលសម្ពាធនៃជំងឺរាតត្បាត នេះកំពុងកើតមានលើកុមារ និងក្រុមគ្រួសាររបស់ពួកគេ»។
លោកស្រី ឆាយ គីម សុទ្ធាវី ប្រធាននាយកដ្ឋានសុខភាពសិក្សានៃក្រសួងអប់រំ បានប្រាប់វីអូអេថា ក្រសួងបានស្នើសុំថវិកាជាតិរួចហើយ ប៉ុន្តែស្របពេលដែលពិភពលោកកំពុងរងផលប៉ះពាល់ពីវិបត្តិជំងឺកូវីដ១៩ គម្រោងនេះអាចនឹងត្រូវបន្តព្យួរសិន៕