កាលពីថ្ងៃព្រហស្បតិ៍លោកប្រធានាធិបតីលីបង់ Michel Aoun បានសម្តែងបំណងចង់ជួបជាមួយពួកបាតុករដើម្បីពិភាក្សាអំពីដំណោះស្រាយវិបត្តិសេដ្ឋកិច្ចរបស់ប្រទេសនិងពន្ធដារត្រូវស្នើថ្មីៗដែលនាំឱ្យមានបាតុកម្មនៅទូទាំងប្រទេស។
សេចក្តីប្រកាសនេះរបស់លោក Aoun មានឡើងនៅក្នុងសុន្ទរកថាមួយដែលលោកបានថ្លែងតាមទូរទស្សន៍ផ្សាយពេញប្រទេសដែលនៅក្នុងនោះលោកបានសន្យាថានឹងធ្វើការឆ្ពោះទៅកាន់កំណែទម្រង់ខ្លាំងក្លាដោយមានរួមបញ្ចូល«សេចក្តីត្រូវការពិនិត្យសើរើរដ្ឋាភិបាលបច្ចុប្បន្ន»ផងដែរ។
អត្ថាធិប្បាយទាំងនេះរបស់លោក Aoun ជាអត្ថាធិប្បាយដំបូងៗរបស់លោកចាប់តាំងពីមានបាតុកម្មកាលពីថ្ងៃទី១៧ខែតុលាហើយចាប់តាំងពីពេលនោះមកបានក្លាយទៅជាការបះបោរនៅទូទាំងប្រទេសប្រឆាំងនឹងពួកមេដឹកនាំរដ្ឋាភិបាលដែលក្រុមបាតុករចោទប្រកាន់ថាពុករលួយនិងចាត់ចែងកិច្ចការមិនល្អ។
ប្រធានាធិបតីលីបង់រូបនេះបានថ្លែងថាលោកនឹងគាំទ្រច្បាប់ថ្មីៗដើម្បីបំបាត់អំពើពុករលួយដោយមានរួមបញ្ចូលច្បាប់លប់ចោលការសម្ងាត់រវាងធនាគារនិងការមិនអនុញ្ញាតឱ្យមានអភ័យឯកសិទ្ធិសម្រាប់ប្រធានាធិបតី ពួករដ្ឋមន្ត្រីក្នុងគណៈរដ្ឋមន្ត្រីនិងពួកសមាជិកសភា។
លោកនាយករដ្ឋមន្ត្រី Saad Hariri បានលាតត្រដាងកញ្ចប់កំណែទម្រង់សេដ្ឋកិច្ចមួយកាលពីថ្ងៃចន្ទដែលបានត្រូវរចនាឡើងដើម្បីធ្វើឱ្យសេដ្ឋកិច្ចមានដំណើរការល្អឡើងវិញ ដោយមានរួមបញ្ចូលទាំងការកាត់បន្ថយប្រាក់បៀវត្សរ៍រដ្ឋមន្ត្រីផងដែរ។
ក៏ប៉ុន្តែទោះជាយ៉ាងណាក៏ដោយក៏ក្រុមបាតុករបានបរិហាររិះគន់សំណើទាំងនេះថាជាការសន្យាទទេរត្រូវរចនាឡើងដើម្បីបំបាត់បាតុកម្មដែលនៅតែធ្វើឱ្យគាំងដំណើរនៅក្នុងក្រុង Beirut និងក្រុងធំៗឯទៀតៗនៃប្រទេសលីបង់៕