ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បញ្ហា​សេដ្ឋកិច្ច​របស់ស៊ីរី ​អាច​មាន​ផល​ប៉ះពាល់​យូរ​អង្វែង


កុមារ​ស៊ីរី​ដែល​បាន​គេចចេញពី Idlib នៅ​ស៊ីរី​ដើរនៅ​ក្នុង​ពេល​ធ្លាក់​ព្យុះព្រិល​នៅខាងក្រៅ​ជំរុំជន​ភៀសខ្លួន​នៅជិត​ព្រំដែនតួកគី​និង​ស៊ីរី​ នៅ​ថ្ងៃទី១៦ កុម្ភៈ ២០១២។
កុមារ​ស៊ីរី​ដែល​បាន​គេចចេញពី Idlib នៅ​ស៊ីរី​ដើរនៅ​ក្នុង​ពេល​ធ្លាក់​ព្យុះព្រិល​នៅខាងក្រៅ​ជំរុំជន​ភៀសខ្លួន​នៅជិត​ព្រំដែនតួកគី​និង​ស៊ីរី​ នៅ​ថ្ងៃទី១៦ កុម្ភៈ ២០១២។

ក្នុង​ពេល​មាន​ការវាយបង្រ្កាបយ៉ាងឃោរឃៅទៅលើ​ក្រុម​អ្នកតវ៉ា​និង​កងកម្លាំង​ប្រឆាំងរដ្ឋាភិបាល ប្រជាពលរដ្ឋ ស៊ីរី (Syria) មិនត្រឹមតែ​ទទួលរង​នូវ​អំពើ​ហិង្សា​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំងទទួល​រងគ្រោះពី​ការធ្លាក់ចុះ​ផ្នែក​សេដ្ឋកិច្ចយ៉ាង​ឆាប់រហ័ស​ ដែលបាន​គំរាម​កំហែង​បំផ្លាញ​ដល់​អ្នកទាំងឡាយ​ណា ដែល​នឹង​ឡើងមក​គ្រប់គ្រង​ប្រទេស​នេះ នៅក្នុង​រយៈ​ពេល​ប៉ុន្មានខែ​ឬ​ប៉ុន្មានឆ្នាំខាងមុខ​នេះ។

ក្រុម​សកម្មជន​និង​ក្រុមមនុស្សធម៌ បានខិតខំ​ព្យាយាម​ប្រមូលជំនួយដែល​ត្រូវការ​ចាំបាច់បំផុត ដើម្បី​ផ្តល់ទៅឱ្យ​ទីក្រុង ហូមស៍ (Homs) និង​ទីក្រុង ហាម៉ា (Hama) ដែល​ទទួលរង​ការប៉ះទង្គិច​យ៉ាងខ្លាំង ដែល​នៅ​ទីនោះ​តម្រូវការ​ជាមូលដ្ឋាន​ ​ដូចជាអាហារ ទឹក​បរិភោគ និង​ថ្នាំពេទ្យ​ មានការ​ផ្គត់ផ្គង់​តិចតួច។

ប៉ុន្តែ សូម្បីតែនៅក្នុង​តំបន់​ដែល​រួចផុត​ពីការប្រយុទ្ធ​គ្នា​ធ្ងន់ធ្ងរ​បំផុត ស្ថានភាព​សេដ្ឋកិច្ច​ហាក់ដូចជាមានភាពធ្ងន់ធ្ងរ​នៅ​ថ្ងៃនោះ​តែ​ម្តង។ លោក ហ្សាការ៉ាយ៉ា ដាបា (Zakaraya Daba) ជនជាតិ ស៊ីរី ដែល​និរទេស​ខ្លួននៅក្នុង​ទីក្រុង គៀរ​ និយាយ​ថា សាច់ញាតិ​នៅក្នុង​ស្រុក​កំណើត​របស់​លោក ឈ្មោះ អាលែប៉ូ (Aleppo) ប្រឈម​មុខ​នឹង​បញ្ហា​ជាច្រើន​ ទាក់ទង​នឹងការប្រកប​កិច្ចការ​ប្រចាំ​ថ្ងៃ​របស់​ខ្លួន​។

លោក ដាបា (Daba) ថ្លែងថា គ្មានការងារ​ធ្វើ គ្មានប្រេង​សម្រាប់​ម៉ាស៊ីន​កំដៅ ហើយ​ការផ្គត់ផ្គង់​អាហារ​មាន​កម្រិត​ទៀត​ផង។ លោក​ និយាយ​ថា ស្ថានភាព​សេដ្ឋកិច្ច​កំពុង​តែធ្ងន់ធ្ងរទៅៗ ប៉ុន្តែថា អ្នក​ដែល​លោក​ពណ៌នា​ថាជា​«ពួកក្រុម​អ្នក​មេដឹកនាំ» មិនខ្វាយ​ខ្វល់ទាល់​តែ​សោះ។

នៅទូទាំង​ ស៊ីរី តម្លៃ​ទំនិញចាំបាច់​ទាំងឡាយ​ ​បាន​ឡើង​ថ្លៃ​កប់​ពពក ដោយតម្លៃ​នំបុ័ងឡើងថ្លៃ​ទ្វេរដងក្នុងពេល​ថ្មីៗ​នេះ ហើយ​តម្លៃ​អាហារ​ផ្សេងៗ​ទៀត មានតម្លៃ​ថេរ​ក្នុង​ចំនួន​៥០​ភាគ​រយ ​ដែលលើស​ពី​មុន​ពេលការបះបោរបាន​ចាប់ផ្តើម ​កាលពី​ជិត​មួយឆ្នាំ​មុន។

ស្រដៀង​គ្នា​នេះ​ដែរ តម្លៃ​រូបិយវត្ថុ​របស់ ស៊ីរី បាន​ដាំ​ក្បាលចុះ ​ខណៈ​ពេលដែលទណ្ឌកម្ម​អន្តរជាតិ​ បាន​បង្អាក់ប្រតិបត្តិការ​សេដ្ឋកិច្ច​សំខាន់ៗ​ មាន​ដូចជា​ការប្រើប្រាស់​ម៉ាស៊ីន​សម្រាប់​ដកប្រាក់ អេធីអឹម (ATM) និង​កាតឥណទាន​ជាដើម។

ខណៈ​ដែល​ មនុស្ស​មួយ​ចំនួន​នៅក្នុង​សហគមន៍អន្តរជាតិ ​កំពុង​ពិចារណាដាក់​ទណ្ឌកម្ម​យ៉ាង​តឹងរ៉ឹង​ជាងមុន​បន្ថែម​ទៀត លោក ណាឌីម ស្សេហាឌី (Nadim Shehadi) នៃអង្គការ​ ឆា​ថាមហោស៍ (Chatham House) ដែល​មាន​មូលដ្ឋាន​នៅទីក្រុង ឡុងដ៍ (London) និយាយ​ថា ទ័ណ្ឌកម្មនេះ​ ប្រហែលជា​មិនមែន​ជា​ចម្លើយ​នោះទេ។

«តាម​ទស្សនៈ​មួយ​នោះ​គឺ​ថា ការដាក់​ទណ្ឌកម្ម​ ​តែងតែពិបាកអនុវត្ត​ណាស់​ ហើយ​ជាពិសេស ប្រទេស​ជិតខាង​ដែល​មាន​ទំនាក់ទំនង​ដ៏យូរអង្វែង​ជាមួយប្រទេស​នេះ តែងតែស្វែងរកប្រហោង​ចន្លោះ​ដើម្បី​ជម្នះ​ទណ្ឌកម្មនេះ។ ដូច្នេះ នេះជា​រឿង​ធម្មតា ហើយការដាក់​ទណ្ឌកម្ម ​ពិតជា​មិន​ទាន់​គ្រប់គ្រាន់ឡើយ»។

សូម្បី​តែ ​ទេសចរណ៍​ដែល​ធ្វើ​ដំណើរ​ទៅកាន់​រដ្ឋធានី​របស់​ ស៊ីរី ក៏អាច​គេច​ផុតពី​ការដាក់​កម្រិត​នេះដែរ ដែល​ជំនួញ​ក្នុង​ទី​ផ្សារងងឹត​ ប្រើប្រាស់ភ្នាក់ងារ​ធនាគារ​នៅប្រទេស លីបង់ (Lebanon) ដើម្បី​ផ្តល់​រូបិយប័ណ្ណ​បរទេស។ ជាការ​ពិតណាស់ រដ្ឋាភិបាល ​នឹង​គ្មានបញ្ហា​អ្វីទាំងអស់ក្នុងការប្រឆាំងនឹង​ការដាក់​ទណ្ឌកម្ម ក្នុង​ទ្រង់ទ្រាយ​ធំ​ជាង​មុន​នេះ។

អ្នក​ធ្វើការ​នៅទីនោះ ​មានផល​ប្រយោជន៍ចំពោះមនុស្ស​មួយចំនួន​នៅក្នុង​តំបន់ ដាម៉ាស្គូស (Damascus) ដែលសូម្បី​តែមានទំនាក់​ទំនង​តិចតួចជាមួយរដ្ឋាភិបាល​ក៏​ដោយ។ អ្នកភូមិ​មួយរូប​ដែល​បាន​សុំ​មិនឱ្យ​បញ្ចេញអត្ត​សញ្ញាណ បាន​និយាយ​កាលពី​ថ្ងៃ​ច័ន្ទ​ថា ស្ថានភាព នៅនឹងនរ​ដដែល ហើយ​លោក មាន​លទ្ធភាពរក​ចំណី​អាហារ​និង​ប្រេងឥន្ធនៈ​ទៀត​ផង។

លោក​និយាយ​ថា ​ជួនកាល ចរន្ត​អគ្គីសនី ​ត្រូវបាន​កាត់ផ្តាច់ ប៉ុន្តែ លោក​បាន​បន្ទោស ​បញ្ហានេះ​ទៅលើ​ក្រុមឧទ្ទាម ដែល​បាន​កាត់ផ្តាច់​បណ្តាញ​ប្រេង​ដែលផ្គត់ផ្គង់​ថាមពល​អគ្គីសនី​មកឱ្យទីក្រុង។

រដ្ឋាភិបាល ស៊ីរី ក៏បានបន្ទោស «ក្រុមជ្រុលនិយមប្រដាប់​អាវុធ» ចំពោះការ​វាយប្រហារ ដែលធ្វើ​ឲ្យអាក់​ខានដល់​ការផ្គត់ផ្គង់។ ផ្ទុយ​ទៅ​វិញ​ ក្រុម​ប្រឆាំង​បាន​បន្ទោស​រដ្ឋាភិបាល ដោយ​ការអះអាង​ទាំងពីរ​នេះ​ ​ពិបាកបញ្ជាក់ឲ្យបាន​ច្បាស់​លាស់ណាស់។

វាជា​ការពិបាក​ក្នុង​កំណត់​ថាតើ​ការលំបាក​ផ្នែក​សេដ្ឋកិច្ច ​នឹងមានអត្ថ​ន័យ​យ៉ាងដូច​ម្តេច​ខ្លះ ​នៅក្នុង​ពេល​ដ៏ខ្លី​ខាងមុខ។ បញ្ហា​ទាំងឡាយ​ហាក់​ដូចជាពង្រឹង​ឡើង​វិញ​នូវ​គោល​ជំហរ​របស់​ប្រជាពលរដ្ឋ សម្រាប់ភាគី​ទាំងសងខាង។

ប៉ុន្តែ លោក ស្សេហាឌី (Shehadi) អ្នក​វិភាគ​របស់អង្គការ ឆាថាមហោស៍ មាន​ប្រសាសន៍ថា រឿង​មួយ​ មានភាពច្បាស់លាស់​គឺថា ការខូចខាត​ហេដ្ឋា​រចនា​សម្ព័ន្ធ ​បាន​ប៉ះពាល់​ដល់មនុស្ស​គ្រប់រូប ដោយ​រាប់​បញ្ចូល​ទាំង​ក្រុម​ប្រឆាំង​ផងដែរ។

«នៅក្នុង​ពេល​ដំណាល​គ្នា មនុស្ស​ម្នាក់ៗត្រូវតែ​គិតអំពីរយៈកាល​អន្តរកាល នាពេល​អនាគត ដែល​រាល់​ការ​ខូចខាត​ទាំងឡាយដែល​អ្នកបង្ក​ឡើង​ ក្នុងពេលឥឡូវនេះ នឹង​ត្រូវតែ​ធ្វើការ​ជួសជុល​ឡើងវិញ។ ដូច្នេះ អ្នក​កំពុងតែ​បំផ្លាញខ្លួនឯង ដោយសារ​របប​នេះ​ នឹង​រលាយ​បាត់នៅទី​បំផុត»។

ថាតើ​ពាក្យ«នៅទីបំផុត» ​នឹង​ត្រូវ​ការ​ពេលយូរប៉ុន​ណា​នោះ​ បានចោទ​ជា​បញ្ហាមួយ​ផ្សេង​ទៀត។ លោក ស្សេហាឌី និយាយ​ថា ប្រសិនបើ​សភាពការណ៍​នេះ បន្ត​កាន់តែ​យូរ សេដ្ឋកិច្ច​និង​អំពើ​ហិង្សា​ ​នឹង​កាន់តែ​ អាក្រក់ទៅៗ​ ជាក់​ជាពុំខាន៕

ប្រែសម្រួលដោយ ឌី ខាំបូលី

XS
SM
MD
LG