កាលពីថ្ងៃទី ១៥ ខែធ្នូកន្លងទៅនេះ រដ្ឋសភាលីបង់បានបោះឆ្នោតយល់ព្រមឱ្យលោក Joseph Aoun បន្តអាណត្តិជាមេបញ្ជាការកងទ័ពលីបង់សម្រាប់រយៈពេលមួយឆ្នាំទៀត។
អ្នកវិភាគនិយាយថា វិធានការនេះបានបញ្ចៀសវិបត្តិនៅក្នុងតួនាទីដឹកនាំដ៏សំខាន់នេះ នៅពេលដែលប្រទេសនេះនៅមិនទាន់មានប្រធានាធិបតីនៅឡើយនិងមានតែក្រុមរដ្ឋមន្ត្រីរដ្ឋាភិបាលចាំផ្ទះប៉ុណ្ណោះ ដោយសារតែក្រុមនយោបាយនានាមិនអាចឯកភាពគ្នាថាតើបេក្ខជនរូបណាដែលអាចធ្វើជាប្រធានាធិបតីបានតាំងពីពេលដែលអាណត្តិរបស់លោកអតីតប្រធានាធិបតី Michel Aoun បានបញ្ចប់ទៅកាលពីឆ្នាំមុនមក។
អរិភាពបានកើតឡើងនៅតាមព្រំដែនរបស់ប្រទេសលីបង់ជាមួយនឹងអ៊ីស្រាអែល។ អរិភាពនេះបង្កឡើងដោយក្រុមជីវពលហេសបូឡា (Hezbollah) ដែលកាន់សាសនាអ៊ិស្លាមនិកាយស៊ីអ៊ីតដែលគាំទ្រដោយអ៊ីរ៉ង់។ ក្រុមនេះបំពាក់ដោយអាវុធយ៉ាងច្រើននិងត្រូវបានគេមើលឃើញថាជាក្រុមដែលមានអំណាចផ្នែកយោធាខ្លាំងជាងកងទ័ពលីបង់ទៅទៀត។ ក្រុមនេះទទួលបានការហ្វឹកហ្វឺនយ៉ាងល្អ និងមានមីស៊ីលប្រហែល ១៥០.០០០ គ្រាប់។
កាលពីថ្ងៃទី ២៧ ខែធ្នូកន្លងទៅនេះ ការបាញ់គ្រាប់រ៉ុក្កែតដាក់គ្នាទៅវិញទៅមកដ៏ខ្លាំងក្លារវាងក្រុមហេសបូឡានិងអ៊ីស្រាអែលបានកើតឡើងបន្ទាប់ពីសមាជិកក្រុមហេសបូឡាម្នាក់និងមនុស្ស ២ នាក់ទៀតបានស្លាប់នៅក្នុងការវាយប្រហារដែលគេសង្ស័យថាធ្វើឡើងដោយអ៊ីស្រាអែល។
លោក Benny Gantz ដែលជាសមាជិកខុទ្ទកាល័យសង្គ្រាមរបស់អ៊ីស្រាអែល បានព្រមានលីបង់ខ្លាំងៗ ដោយលោកបានប្រាប់អ្នកយកព័ត៌មានថា៖ «ប្រសិនបើពិភពលោកនិងរដ្ឋាភិបាលលីបង់មិនចាត់វិធានការទប់ស្កាត់ការបាញ់ប្រហារលើពលរដ្ឋអ៊ីស្រាអែលនៅភាគខាងជើងនិងរុញក្រុមហេសបូឡាចេញពីព្រំដែននោះទេ នោះយោធាអ៊ីស្រាអែលនឹងធ្វើរឿងនេះដោយខ្លួនឯង»។
អ្នកស្រី Dania Koleilat Khatib ដែលជាប្រធានមជ្ឈមណ្ឌលស្រាវជ្រាវសម្រាប់កិច្ចសហប្រតិបត្តិការនិងការកសាងសន្តិភាព (Research Center for Cooperation and Peace Building) នៅទីក្រុងបេរូតនៃប្រទេសលីបង់ បានប្រាប់ VOA ថា អ្នកស្រីមើលឃើញថា អ៊ីស្រាអែលកំពុងធ្វើការប្ដេជ្ញាចិត្តថាតើនឹងមានស្ថានការណ៍វិវត្តន៍កាន់តែអាក្រក់ឬយ៉ាងណាជាមួយនឹងប្រទេសលីបង់។
អ្នកស្រីបានបន្ថែមថា លោកមេបញ្ជាការ Aoun កំពុងកាន់តួនាទីដ៏លំបាកមួយ។
អ្នកស្រីថ្លែងដូច្នេះថា៖ «តើកងទ័ពលីបង់អាចរារាំងសង្គ្រាមបានឬទេ? លោក Aoun មិនអាចរារាំងបានទេ។ ប៉ុន្តែសហគមន៍អន្តរជាតិទុកចិត្តលោក ហើយគេជឿថាលោកអាចគ្រប់គ្រងស្ថានការណ៍បានប្រសើរជាងពេលគ្មានមេបញ្ជាការ។ កន្លងមក កងទ័ពលីបង់មានលទ្ធភាពរារាំងក្រុមប៉ាឡេស្ទីននៅតាមព្រំដែនដែលព្យាយាមវាយប្រហារលើអ៊ីស្រាអែល។ លោក Aoun បានបញ្ឈប់ពួកគេ ហើយពួកយោធាកំពុងព្យាយាមរក្សានូវតំបន់ទ្រនាប់»។
អ្នកស្រី Maha Yahya ប្រធានមជ្ឈមណ្ឌល Carnegie Middle East Center នៅទីក្រុងបេរូត បានថ្លែងក្នុងសិក្ខាសាលាតាមអនឡាញមួយដោយលើកឡើងពីក្ដីបារម្ភអំពីលទ្ធភាពដែលសមាជិកក្រុមហាម៉ាស់ (Hamas) អាចចូលមកក្នុងប្រទេសលីបង់នៅក្រោយសង្គ្រាម និងអំពីសកម្មភាពយោធាប៉ាឡេស្ទីននៅក្នុងប្រទេសនេះ។
អ្នកស្រីនិយាយដូច្នេះថា៖ «ករណីនេះនឹងមានឥទ្ធិពលខ្លាំងក្លាទៅលើទិដ្ឋភាពនយោបាយរបស់លីបង់។ កាលពីពេលថ្មីៗនេះ យើងឃើញមានការអំពាវនាវជាច្រើនដើម្បីជ្រើសរើសយុវជនប៉ាឡេស្ទីននៅក្នុងទឹកដីលីបង់។ ករណីនេះបង្កឱ្យមានក្ដីបារម្ភយ៉ាងខ្លាំងក្នុងចំណោមសាធារណជនលីបង់»។
អ្នកស្រី Yahya បានបន្តថា លីបង់នៅដិតដាមដោយអនុស្សាវរីយឈឺចាប់ថ្មីៗនៅឡើយអំពីសកម្មភាពយោធារបស់ប៉ាឡេស្ទីននៅមុនសង្គ្រាមស៊ីវិលក្នុងប្រទេសលីបង់រវាងឆ្នាំ ១៩៧៥ និងឆ្នាំ ១៩៩០ និងការឈ្លានពានរបស់អ៊ីស្រាអែលលើប្រទេសនេះកាលពីឆ្នាំ ១៩៨២។
អ្នកស្រីបានបន្ថែមថា ទាំងនេះ «នឹងជំរុញបន្ថែមទៀតដល់ភាពតានតឹងដែលកើនឡើងស្រាប់នៅមូលដ្ឋាន»៕
ប្រែសម្រួលដោយលោក នៀម ឆេង