ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្ម​វិធី​នយោ​បាយ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ប្រកាន់​យក​ការ​ពង្រឹង​ទំនាក់​ទំនង​ចិន-កម្ពុជា​ជា​សំខាន់


រូបឯកសារ៖ នាយក​រដ្ឋមន្រ្តី​កម្ពុជា លោក ហ៊ុន សែន (ឆ្វេង) និង​ប្រធានាធិបតី​ចិន លោក ហ្ស៊ី ជីនពីង (ស្តាំ) ចាប់​រលាក់ដៃគ្នា​មុន​បើក​ពិធី​នៅ​ឯ​សន្និសីទ​«អន្តរសកម្មភាព​និង​វិធានការ​កសាង​ទំនុក​ចិត្ត​នៅ​អាស៊ី»​ហៅ​កាត់​ថា​ CICA ក្នុង​ទីក្រុង​ស៊ៀងហៃ​ នៅ​ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៤។ (រូបថត AP)
រូបឯកសារ៖ នាយក​រដ្ឋមន្រ្តី​កម្ពុជា លោក ហ៊ុន សែន (ឆ្វេង) និង​ប្រធានាធិបតី​ចិន លោក ហ្ស៊ី ជីនពីង (ស្តាំ) ចាប់​រលាក់ដៃគ្នា​មុន​បើក​ពិធី​នៅ​ឯ​សន្និសីទ​«អន្តរសកម្មភាព​និង​វិធានការ​កសាង​ទំនុក​ចិត្ត​នៅ​អាស៊ី»​ហៅ​កាត់​ថា​ CICA ក្នុង​ទីក្រុង​ស៊ៀងហៃ​ នៅ​ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៤។ (រូបថត AP)

មហា​សន្និបាត​វិសាមញ្ញ​ប្រចាំឆ្នាំរបស់​គណបក្ស​កាន់​អំណាច បាន​ដាក់​ចេញ​កម្មវិធី​នយោបាយ​​ដឹកនាំ​៥ឆ្នាំ​ទៅ​មុខ​​ក្រោយ​ការ​បោះឆ្នោត​ខែ​កក្កដា។​ ហើយ​កម្ម​វិធី​នយោ​បាយ​ការបរទេស​គឺ​​ពង្រឹង​ទំនាក់​ទំនង​ចិន-កម្ពុជា​ជា​សំខាន់។

ថ្លែង​ពី​ស្រុក​កំណើត​របស់​លោកក្នុង​ស្រុក​ស្ទឹងត្រង់​ ខេត្ត​កំពង់ចាម​ដើម្បី​បើក​ការដ្ឋាន​សាងសង់​ស្ពាន​ឆ្លង​ទន្លេ​មេគង្គមួយ​ទៀតជា​ជំនួយ​របស់​ប្រទេស​ចិន​ ​លោក​នាយក​រដ្ឋ​មន្ត្រី ​ហ៊ុន សែន​បាន​ព្រលយ​ពាក្យ​ពេជន៍​ថា​ ​លោក​សូវ​ចង់​ស្និទ្ធ​នឹងប្រទេស​ចិន​ ដែល​ផ្ដល់​ជំនួយ​តាម​តម្រូវ​ការ​របស់​រដ្ឋាភិបាល​របស់​លោកនិង​ប្រទេស​កម្ពុជាជា​ជាង​ជំនួយ​ពី​បស្ចិម​ប្រទេស​ដែលលោក​ថា​ ​មាន​បរិមាណ​តិច​តួចតែ​មានការ​ទេសនា​ប្រៀន​ប្រដៅ​មិន​ចេះចប់​ មិន​ចេះហើយ។​

ការ​ថ្លែង​បែប​នេះ​កាល​ពី​សប្ដាហ៍​មុន​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​កម្ពុជាមិន​មែន​ធ្វើ​ឡើង​នៅ​ក្រៅ​បរិបទ​រួម​នៃ​ខ្សែ​បន្ទាត់នយោបាយ​នៃ​របប​គ្រប់​គ្រង​របស់​លោក​នោះ​ទេ។​

ឯកសារ​ដែល​មាន​កម្រាស់​៤៦​ទំព័រ​ ក្រោម​ចំណង​ជើង​ថា​«កម្មវិធី​នយោបាយ​របស់​គណបក្ស​ប្រជាជន​កម្ពុជាសម្រាប់​ការ​កសាង​និង​ការពារ​មាតុភូមិ​ ​ឆ្នាំ​២០១៨-២០២៣»​ ​បង្ហាញ​ផង​ដែរ​នូវ​គោល​គំនិត​គោល​នយោបាយ​ការ​បរទេសរបស់​គណ​បក្ស​សម្រាប់​៥​ឆ្នាំ​ទៅ​មុខ​ ​ក្រោយ​ការ​បោះ​ឆ្នោត​រដ្ឋ​សភា​ខែ​កក្កដា​ខាង​មុខ​ ​ដែល​ជ័យ​ជម្នះ​របស់​គណ​បក្ស​ប្រជាជន​កម្ពុជាទំនង​ជា​រឿងដែល​ជៀស​មិន​ផុត​ ​ក្រោយ​ពី​គូ​ប្រជែង​គឺ​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​បាន​រំលាយ​កាល​ពី​បីខែ​កន្លង​ទៅ។​

ឯកសារ​ដដែល​ ​ដែល​ VOA​ ទទួល​បាន​ក្នុង​សប្ដាហ៍​នេះ​ ​បាន​ចែង​ថា ​រដ្ឋាភិបាល​គណបក្ស​ប្រជាជន​កម្ពុជា​នឹង​បន្ត​ដាក់​ទីតាំង​គោល​នយោ​បាយ​ការ​បរទេស​របស់​ប្រទេស​កម្ពុជា ​ក្នុង​ពិភព​លោក​ដែល​ដឹកនាំ​ដោយ​ពហុប៉ូល​ ​ដែល​«បណ្ដា​ប្រទេសមហា​អំណាច​បន្ត​ប្រកួត​ប្រជែង​គ្នា​ដើម្បី​ឧត្ដមភាព​ ​និង​ឥទ្ធិពល​លើ​រណសិរ្ស​នានា​ ​ទាំង​នយោបាយ​ សេដ្ឋកិច្ច​ ​យោធា​ ​បច្ចេក​វិទ្យា ​វិទ្យា​សាស្ត្រ​ ​វប្បធម៌។ល។»។​

គណបក្ស​ប្រជាជន​កម្ពុជា​បាន​ប្រកាស​ថា​ ខ្លួន​នឹង​បន្ត​ការ​ធ្វើ​កំណែ​ទម្រង់​ទិដ្ឋភាព​ទំនាក់​ទំនង​ការ​បរទេស​ពី​«នយោបាយការ​ទូត​ប្រពៃណី» ​មក​ជា​«នយោបាយ​ការ​ទូត​ដែល​ផ្ដល់​សារៈ​សំខាន់​ដល់​សកម្មភាព​សេដ្ឋកិច្ច»​ ​ហើយ​ក៏​បានបង្ហាញ​ផង​ដែរអំពី​សារៈ​សំខាន់​នៃ​ទំនាក់​ទំនង​ជាមួយ​ប្រទេស​ចិន។​

ឯកសារ ​ដែល​ចុះ​ហត្ថលេខា​ដោយ​លោក​ ​ហ៊ុន សែន​ ​ក្នុង​នាម​ជា​ប្រធាន​គណបក្ស​ ​មាន​ខ្លឹម​សារ​ដើម​ដូច្នេះ​ថា៖​

«បន្ត​ប្រកាន់​ខ្ជាប់ ​"នយោបាយ​ចិន​តែ​មួយ" ​និង​ចាត់​ទុក​ការ​ងើប​ឡើង ​រីក​ចម្រើន​ខ្លាំង​ក្លា​របស់​ប្រទេស​ចិន​ ជា​ការ​រួម​ចំណែកដល់​ការ​រីក​ចម្រើន​លូត​លាស់​នៃ​សេដ្ឋ​កិច្ច​ ក៏​ដូច​ជា​ការ​ពង្រឹង​នូវ​គ្រឹះ​សន្តិភាព​ ​និង​ស្ថិរភាព​សម្រាប់​តំបន់​ ​និង​ពិភព​លោកទាំង​មូល»។​

ឯកសារ​ដដែល​បាន​បន្ត​ទៀត​ថា៖​

«បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ចំពោះ​ការ​ប៉ុនប៉ង​អនុវត្ត​បដិវត្តន៍​ពណ៌​របស់​មជ្ឈដ្ឋាន​ខាង​ក្រៅ ​សំដៅ​ផ្ដួល​រំលំ​រាជ​រដ្ឋាភិបាលស្រប​ច្បាប់​ ​ប្រឆាំង​ការ​ជ្រៀត​ជ្រែក​របស់​បរទេស​ចូល​កិច្ចការ​ផ្ទៃ​ក្នុង​កម្ពុជា​ និង​ធ្វើការ​វាយ​បក​ល្បិច​កល​ដ៏​ខ្មៅ​ងងឹត​របស់​ពួក​ទាំង​នោះ»។​

កាល​ពី​ខែ​វិច្ឆិកា​ ​រដ្ឋាភិបាល​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ឈ្នះ​ក្ដី​នៅ​តុលាការ​កំពូល​ក្នុង​បណ្ដឹង​សុំ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ជាក្រុម​ជំទាស់​ធំ​ជាង​គេ​នៅ​ក្នុង​ប្រទេស ​ហើយ​ប្រធាន​គណបក្ស​គឺ​លោក​កឹម សុខា​ត្រូវ​បាន​ដាក់​បញ្ចូលក្នុង​ពន្ធនាគារ ​ហើយ​ប្រឈម​មុខ​នឹង​បទ​ចោទ​ក្នុង​សំណុំ​រឿង​រួម​គំនិត​នឹង​បរទេស​ប៉ុនប៉ង​ផ្ដួល​រំលំ​របប​ដឹកនាំ។​

បរទេសដែលត្រូវបាន​ចោទ​នោះ​គ្មាន​នរណា​ក្រៅ​តែ​ពី​សហ​រដ្ឋ​អាមេរិក​ ​ដែល​ជា​បន្ត​បន្ទាប់​បាន​បដិសេធ​ការ​ចោទ​ប្រកាន់​ ​ខណៈ​ដែល​ទំនាក់​ទំនង​រវាង​រដ្ឋាភិបាល​ទីក្រុង​ភ្នំពេញ​ ​និងរដ្ឋាភិបាល​ទីក្រុង​វ៉ាស៊ិនតោន​បាន​រអិល​ធ្លាក់​ចុះ​ដល់​ចំណុច​ទាប​បំផុត​មិន​ធ្លាប់​មាន​ក្នុង​ប្រវត្តិ​សាស្ត្រ​នយោបាយ​ក្រោយ​សង្គ្រាម​របស់​កម្ពុជា។​

ផ្ទុយ​ទៅ​វិញ​ រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង​បាន​បន្ត​តាំង​ទី​យ៉ាង​រឹង​មាំ​ក្នុង​នាម​ជា​សម្ព័ន្ធ​មិត្ត​របស់​របប​ដឹកនាំ​កម្ពុជា ​ជាមួយ​នឹង​ការ​ថែ​ថួនការពារ​កម្ពុជា​ចំពោះ​ការ​បង្ក្រាប​នយោបាយ​យ៉ាង​ជ្រាល​ជ្រៅ។​ ​ប្រទេស​ចិន ​ដែល​ជា​ម្ចាស់​ជំនួយ ​និង​ជា​ប្រភព​វិនិយោគពីបរទេស​ធំ​បំផុត​សម្រាប់​ប្រទេស​កម្ពុជា​ ​ទើប​នឹង​បាន​ចុះ​កិច្ច​ព្រម​ព្រៀង​ជាមួយ​នឹង​កម្ពុជា​លើគំរោង​ចំនួន​១៩​កាល​ពី​ខែ​មករា​ ​ដែល​មាន​ការ​ប៉ាន់​ប្រមាណ​ជា​ទឹក​ប្រាក់​ប្រមាណ​រាប់​ពាន់​លាន​ដុល្លារ​អាមេរិក។​

ខណៈ​ដែល​កងទ័ព​ប្រទេស​ទាំង​ពីរ​គ្រោង​នឹង​រៀប​ចំ​ធ្វើ​លំហាត់​ហ្វឹកហ្វឺន​យោធា​រួម​គ្នា​នៅ​ខែ​មីនា​ខាង​មុខ​ ​ប្រទេស​ចិនក៏​នឹង​គ្រោង​ផ្ដល់​ឱ្យ​មក​ដល់​កម្ពុជា​នូវ​រថពាស​ដែក​ចំនួន​១០០​គ្រឿង​ជា​ជំនួយ​យោធា​ផង​ដែរ។​ ​

ការ​ពង្រឹង​ទំនាក់​ទំនង​យោធា​ដ៏​ល្អ​រវាង​កម្ពុជា​ និង​ចិន​ដូច្នេះបាន​ធ្វើ​ឡើង​ភ្លាមៗ​ក្រោយ​ពី​ប្រទេស​មួយ​នេះប្រកាស​បញ្ជប់​ការ​ធ្វើ​សមយុទ្ធ​យោធា​រួម​គ្នា​ជា​មួយ​ ​មហា​អំណាច​អាមេរិក​កាល​ពី​ឆ្នាំ​ទៅ​មិញ។​

VOA ​មិន​អាច​ទាក់​ទង​អ្នក​នាំ​ពាក្យម្នាក់​នៃ​ស្ថានទូត​ចិន ​ដើម្បី​សុំ​ការ​ឆ្លើយ​តប​បាន​ទេ ​នៅ​សប្តាហ៍​នេះ។​

​លោក​សួស ​យ៉ារ៉ា ​អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ ​បាន​និយាយ​ថា​ ​ការ​ប្រើ​ពាក្យ​ពេជន៍​ទាក់​ទង​នឹង​«ល្បិច​កល​ដ៏​ខ្មៅ​ងងឹត»​នោះ​ ​មិន​បាន​សំដៅ​លើ​ប្រទេស​ណា​មួយ​នោះ​ទេ។​ ​ ​លោក​ថា​ ការ​ទទួល​ស្គាល់​អំពី​ភាព​រីក​ត្រដែត​ឡើង​របស់​ចិន​ជា​និន្នាការ​សាកល ​មិន​មែន​មាន​តែ​កម្ពុជា​នោះ​ដែរ។​

«អត់​មាន​សំដៅ​លើ​ពី​ណា​ទេ។​ ប្រទេស​កម្ពុជា​ជា​ប្រទេស​អធិបតេយ្យ ​ប្រទេស​ឯករាជ្យ ​អីចឹង​ប្រទេស​ណា​ក៏​ដោយ ​បើ​គេ​គោរព​យើង ​យើង​គោរព​គេ​វិញ។​ ​ប្រទេស​ណា​គេ​ចង់​ធ្វើ​បាប​យើង​ យើង​ប៉ះ​គេ​វិញ​ទៅ»។​

លោក​ ​Miguel ​Chanco​ ​អ្នក​វិភាគ​កិច្ចការ​តំបន់​អាស៊ាន​ ​របស់អង្គភាពស៊ើប​អង្កេតនៃទស្សនាវដ្ដី​ Economist (EIU) ​បាន​និយាយ​ថា​ ការ​បញ្ជាក់​នៅ​ក្នុង​សៀវភៅ​គោល​នយោបាយ​របស់​គណបក្ស​កាន់​អំណាច​នៅ​កម្ពុជា​គ្រាន់​តែ​ជា​ការ​បញ្ជាក់​សារជា​ថ្មី​ម្ដង​ទៀត​អំពី​ដំណើរ​ងាក​ទៅ​រកប្រទេស​ចិន​តែ​ប៉ុណ្ណោះ។​

អ្នក​ជំនាញ​កិច្ចការ​តំបន់​រូប​នេះ​ឯកភាព​នឹង​លោក​សួស យ៉ារ៉ា​ ​ដែល​ថា​ កម្ពុជាមិន​មែន​ជា​ប្រទេស​តែ​ឯក​ឯងនោះ​ទេ​នៅ​ក្នុងតំបន់​ដែល​បន្ត​កាច់​ចង្កូត​នយោបាយ​ការ​បរទេស​តម្រង់​ទៅ​រក​ប្រទេស​ចិននោះ។​

​លោក ​Chanco ​បាន​ប្រាប់​ VOA​ តាម​សារ​អេឡិច​ត្រូនិក​ ក្នុង​ន័យ​ដើម​ទាំង​ស្រុង​ថា៖​

«ប្រទេស​ថៃក្រោយ​រដ្ឋ​ប្រហារ​ឆ្នាំ​២០១៤​ ប្រទេស​ម៉ាឡេស៊ីក្រោយ​រឿង​អាស្រូវ​ពុក​រលួយ​1MDB​ពាក់​ព័ន្ធ​នឹង​នាយក​រដ្ឋ​មន្ត្រី​ ប្រទេស​មីយ៉ាន់ម៉ា​ក្នុង​បរិបទ​នៃ​វិបត្តិ​រ៉ូហ៊ីងយ៉ា ​សុទ្ធ​តែ​បាន​ចាក​ឆ្ងាយ​ពី​ក្រុម​បស្ចិម​លោក​ ហើយ​ឱប​ក្រសោបស្វះ​ស្វែងរកការ​គាំទ្រ​ពី​ប្រទេស​ចិន ​ដែល​គេ​គិត​ថា​ មក​សហការ​ជា​ដោយ​មានជំនួយ​ឥត​ចំណង ​នៅ​ពេល​ដែល​និយាយ​ដល់​ប្រធានរឿង​កិច្ច​ការ​ផ្ទៃ​ក្នុង»។​

យ៉ាង​ណា​ក្ដី ​ឯកសារ​កម្មវិធី​គោល​នយោបាយ​ដដែល​បានបញ្ជាក់​ផង​ដែ​រអំពីការ​ចូល​រួម​សហការ​នឹង​បណ្ដា​ប្រទេស​ក្នុង​តំបន់ក្នុង​ការ​កសាង​សហគមន៍​អាស៊ាន ​និង​លើក​ទឹក​ចិត្ត​ឱ្យ​បន្ត​ធ្វើការ​ជាមួយ​ប្រទេស​ជិត​ខាង​ដើម្បី​ពង្រឹង​ការ​កំណត់​ ​និង​បោះ​បង្គោល​ព្រំដែន​ និង​បង្គាប់​ឱ្យ​ប្រកាន់​យក​ជំហរ​អព្យាក្រឹត្យ​លើ​បញ្ហា​អន្តរជាតិ​នានា៕

XS
SM
MD
LG