ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អនុក្រឹត្យ​ស្តី​អំពី​ការ​បង្កើត​ច្រក​ទ្វារ​អ៊ីនធឺណិត​ជាតិ​នឹង​ប៉ះពាល់​សេរីភាព​បញ្ចេញ​មតិ​របស់​អ្នក​ប្រើប្រាស់​អ៊ីនធឺណិត​


រូបឯកសារ៖ បុរសម្នាក់កំពុងប្រើប្រព័ន្ធអ៊ីនធឺណិតដើម្បីចូលក្នុងគណនីហ្វេសប៊ុកផ្ទាល់ខ្លួន នៅរាជធានីភ្នំពេញ ថ្ងៃទី ៩ ខែកញ្ញា ឆ្នាំ២០១១។

សេចក្តី​ព្រាង​អនុក្រឹត្យ​ស្តី​អំពី​ «ការ​បង្កើត​ច្រក​ទ្វារ​អ៊ីនធឺណិត​ជាតិ» ​នឹង​អនុញ្ញាត​ឲ្យ​រដ្ឋាភិបាល​គ្រប់គ្រង​ការ​ត​ភ្ជាប់​បណ្តាញ​អ៊ីនធឺណិត ​ដែល​អ្នក​ការពារ​សិទ្ធិ​មនុស្ស​ថា​ អាច​ប៉ះ​ពាល់​សិទ្ធិ​របស់​ប្រជា​ពលរដ្ឋ​ក្នុង​ការ​បញ្ចេញ​មតិ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត។​

យោង​តាម​មាត្រា​មួយ​ ​អនុក្រឹត្យ​នេះ​មាន​គោល​បំណង​កំណត់​អំពី​ការ​បង្កើត​ច្រក​ទ្វារ​អ៊ីនធឺណិត​ជាតិ​ដើម្បី​សម្រួល​ដល់​ការ​តភ្ជាប់​អ៊ីនធឺណិត​ពង្រឹង​ប្រសិទ្ធភាព​ និង​ស័ក្តិសិទ្ធិ​ភាព​នៃ​ការ​កៀរ​គរ​ចំណូល​ជាតិ​ ការ​ការពារ​សន្តិសុខ​ជាតិ ​និង​ការ​ថែ​រក្សា​របៀប​រៀបរយ​សណ្តាប់​ធ្នាប់​សង្គម។​

លោកស្រី​ Naly Pilorge​ នាយិកា​អង្គការ​សិទ្ធិមនុស្ស​លីកាដូ​ បាន​ថ្លែង​ថា​ សេចក្តី​ព្រាងច្បាប់​នេះ​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការ​បញ្ចេញ​មតិ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត។​

«អនុក្រឹត្យ​នេះ​នឹង​ផ្តល់​នូវ​អំណាច​ធំ​ទូលាយ​ និង​ឥត​ដែន​កំណត់​ដល់​រដ្ឋាភិបាល​ ដើម្បី​រាំង​ខ្ទប់​តាម​ចិត្ត​នូវ​ការ​បញ្ចេញ​មតិ​ដោយ​សេរី​ ហើយ​រដ្ឋាភិបាល​អាច​ទប់​ស្កាត់​ការ​ទទួល​បាន​ព័ត៌មាន​ សម្រាប់​ប្រជា​ពលរដ្ឋ​កម្ពុជា​ដែល​កំពុង​ប្រើប្រាស់​អ៊ីនធឺណិត​កាន់​តែ​ច្រើន»។​

លោក​ស្រី​បន្ថែម​ថា៖​ «ពេល​វេលា​នៃ​ការ​ជំរុញ​ឲ្យ​បង្កើត​ច្រក​ទ្វារ​អ៊ីនធឺណិត​ជាតិ​ នៅ​ពេល​ដែល​ប្រជា​ពលរដ្ឋ​កម្ពុជា​កាន់​តែ​ច្រើន​ឡើង​កំពុង​ត្រូវ​បាន​យាយី​ ឬ​ត្រូវ​បាន​ចាប់​ដាក់​ពន្ធនាគារ​ ដោយសារ​ការ​ផ្សាយ​ ឬ​ចែកចាយ​មតិ​នៅ​លើ​ប្រព័ន្ធ​សង្គម​ កំពុង​តែ​មាន​ការ​ព្រួយ​បារម្ភ​ខ្លាំង»។​

ចំណុច​មួយ​នៃ​មាត្រា ​១២ ​សរសេរ​ថា ​ប្រតិបត្តិករ​នៃ​ច្រក​អ៊ីនធឺណិត​ជាតិ​ដែល​នឹង​ត្រូវ​តែង​តាំង​ដោយ​រដ្ឋាភិបាល​ ត្រូវ​សហការ​ជាមួយ​អាជ្ញាធរ​មាន​សមត្ថកិច្ច​ ដើម្បី​កៀរគរ​ចំណូល​ជាតិ​ធានា​សុវត្ថិភាព​ សណ្តាប់​ធ្នាប់​សាធារណៈ​ សីលធម៌​ ប្រពៃណី ទំនៀម​ទម្លាប់​សង្គម​ ព្រម​ទាំង​បង្ការ​ទប់ស្កាត់​ និង​បង្ក្រាប​បទ​ល្មើស​នានា។​

រូបឯកសារ៖ កម្មវិធី​ទូរស័ព្ទ Instagram Snapchat Twitter Facebook Google និង Messenger នៅ​លើ​អេក្រង់ទូរស័ព្ទ​ទំនើប​មួយ ដែល​បាន​ថត​នៅ​ថ្ងៃទី១ ខែតុលា ឆ្នាំ ២០១៩។
រូបឯកសារ៖ កម្មវិធី​ទូរស័ព្ទ Instagram Snapchat Twitter Facebook Google និង Messenger នៅ​លើ​អេក្រង់ទូរស័ព្ទ​ទំនើប​មួយ ដែល​បាន​ថត​នៅ​ថ្ងៃទី១ ខែតុលា ឆ្នាំ ២០១៩។

ទោះបី​ជាយ៉ាង​ណា​ក៏​ដោយ​ លោក​ Stephen Higgins ​ស្ថាបនិក​នៃ​ក្រុមហ៊ុន​ផ្ដល់​ប្រឹក្សា​វិនិយោគ​ឈ្មោះ ​Mekong Strategic Partners ​បាន​ប្រាប់​វីអូអេ​ថា៖​

«ខ្ញុំ​គិត​ថា វា​នឹង​ធ្វើ​ឲ្យ​មាន​ការ​ចំណាយ​កាន់​តែ​ច្រើន ​និង​មាន​ភាព​ស្មុគស្មាញ​ជាង​មុន។​ វា​មិន​ច្បាស់​សោះ​ថា ​អនុក្រឹត្យ​នេះ​នឹង​មាន​ប្រយោជន៍​អ្វី ក្រៅ​ពី​ធ្វើ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​អាច​កាន់កាប់​ទៅ​លើ​ចរាចរណ៍​អ៊ីនធឺណិត​ច្រើន​ជាង​មុន​ ហើយ​ប្រជា​ពលរដ្ឋ​ភាគ​ច្រើន ​នឹង​មើល​ឃើញ​ថា ​វា​មិនមែន​ជា​រឿង​វិជ្ជមាន​នោះ​ទេ»។​

ប្រជា​ពលរដ្ឋ​កម្ពុជា​ជិត ​៩ ​លាន​នាក់ ​ប្រើប្រាស់​បណ្តាញ​សង្គម​ហ្វេសប៊ុក​ នៅ​ក្នុង​ឆ្នាំ ​២០១៩។ ៧០ ​ភាគរយ​នៃ​អ្នក​ទាំង​នោះ​មាន​វ័យ​ពី ​១៨ ​ទៅ​ ៣០ ​ឆ្នាំ។ ប្រជា​ពលរដ្ឋ​កម្ពុជា​កាន់​តែ​ច្រើន​ឡើង​ប្រើ​បណ្តាញ​សង្គម​ដូចជា​ YouTube,​Tik Tok ​និង​ Twitter​ ដើម្បី​បញ្ចេញ​មតិ។​

កន្លង​មក ​ប្រជា​ពលរដ្ឋ​មួយ​ចំនួន​ត្រូវ​បាន​ចាប់​ខ្លួន​ ដោយ​សារ​ពួក​គេ​បង្ហាញ​ការ​យល់​ឃើញ​នៅ​លើ​ប្រព័ន្ធ​អ៊ីនធឺណិត។​

មាត្រា​ ៦​ នៃ​សេចក្តីព្រាង​អនុក្រឹត្យ​ដែល​ចេញ​កាល​ពី​ខែ​កក្កដា​នេះ​ ឲ្យ​ដឹង​ថា ​ប្រតិបត្តិករ​នៃ​ច្រកទ្វារ​អ៊ីនធឺណិត​ជាតិ​មាន​មុខងារ​មួយ​ចំនួន​ ដែល​ក្នុង​នោះ​មាន​កិច្ច​សហការ​ជាមួយ​ក្រសួង​ប្រៃសណីយ៍​ និង​ទូរ​គមនាគមន៍​និយ័តករ​ទូរគមនាគមន៍​កម្ពុជា ​និង​អាជ្ញាធរ​មាន​សមត្ថ​កិច្ច​ ពាក់ព័ន្ធ​ «ក្នុង​ការ​ចាត់​វិធានការ​ទប់ស្កាត់​ និង​កាត់​ផ្តាច់​ចោល​រាល់​ការ​ត​ភ្ជាប់​បណ្តាញ​ទាំង​ឡាយ ​ដែល​ប៉ះពាល់​ដល់​សុវត្ថិភាព​ចំណូល​ជាតិ​ របៀប​រៀប​រយ​សណ្តាប់​ធ្នាប់​សង្គម​ សីលធម៌ ​ប្រពៃណី ​និង​ទំនៀម​ទម្លាប់។​

លោក ​អ៊ិត សូធឿត​ នាយក​ផ្នែក​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៃ​មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​ បាន​ប្រាប់​វីអូអេ​ថា ​ភាសា​ដែល​ត្រូវ​បាន​ប្រើ​នៅ​ក្នុង​សេចក្តី​ព្រាង​អនុក្រឹត្យ​នេះ​ មិន​ច្បាស់លាស់​ដែល​គេ​អាច​បកស្រាយ​ខុស​ពី​គ្នា​រៀងៗ​ខ្លួន។​

«ដោយសារ​តែ​ពាក្យ​ពេចន៍​ទាំង​អស់​នោះ ​វា​រាង​ទូលាយ​ ដូច្នេះ​វា​ងាយ​ស្រួល​សម្រាប់​រាជ​រដ្ឋាភិបាល​ ក៏​ដូច​ជា​អាជ្ញាធរ​ក្នុង​ការ​ប្រើ​អនុក្រឹត្យ​ ឬ​ក៏​ខ្លឹមសារ​នៃ​ច្បាប់​ទាំង​នេះ​ មាន​ន័យ​ថា ​លុប​ឬ​ក៏​កាត់​ចេញ​នូវ​ព័ត៌មាន​ណា ​ដែល​ខ្លួន​មិន​ពេញ​ចិត្ត​ ឬ​មិន​សប្បាយ​ចិត្ត​ជាមួយ»។​

លោក​ Phil Robertson ​នាយក​រង​អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​ (Human Rights Watch) ​ប្រចាំ​នៅ​តំបន់​អាស៊ី​ពន្យល់​ថា៖​ «ភាសា​និង​គោល​បំណង​នៃ​អនុក្រឹត្យ​នេះ ​បង្ហាញ​ពី​ការ​រំលោភ​បំពាន​សិទ្ធិ​មនុស្ស​ និង​គំនិត​ផ្តាច់​ការ​ដែល​ចង់​គ្រប់គ្រង​អ្វី​គ្រប់​យ៉ាង​ ដែល​ប្រជា​ពលរដ្ឋ​កម្ពុជា​ឃើញ​និង​ឮ»។​

លោក​បាន​បន្ថែម​ នៅ​ក្នុង​ន័យ​ដើម​ថា៖​ «បំណង​ប្រាថ្នា​របស់​រដ្ឋាភិបាល​ក្នុង​ការ​ត្រួត​ពិនិត្យ ​និង​[គ្រប់គ្រង]​ កាន់​កាប់​អ្វី​ដែល​ប្រជា​ពលរដ្ឋ​ឃើញ​នៅ​លើ​ប្រព័ន្ធ​អ៊ីនធឺណិត​ ដោយ​ប្រើប្រាស់​ប្រព័ន្ធ​ច្រក​ទ្វារ​អ៊ីនធឺណិត​តែ​មួយ​នោះ​ គួរបង្កើត​នូវ​ការ​ភ្ញាក់ផ្អើល​នៅ​ក្នុង​សហគមន៍​អ្នក​វិនិយោគ។ មូលហេតុ​គឺ​ថា​ ច្រកចេញ​ចូល​ព័ត៌មាន​តែ​មួយ ​អាច​ដូច​ជា​ការ​ត្រង​ទឹក​ទន្លេ​ដែល​ហូរ​លឿន​តាម​បំពង់​តូច​មួយ​ដែល​មាន​ទឹក​ច្រើន​ចាំ​ចេញ។ ​នេះ​ហើយ​គឺ​ជា​អ្វី​ដែល​ធ្វើ​ឲ្យ​គំនិត​ល្អៗ ​នៅ​ប្រទេស​ថៃ​លិច​បាត់។​ នៅ​ពេល​ដែល​សហគមន៍​អ្នក​វិនិយោគ ​រើ​បម្រាស​បះបោរ​ប្រឆាំង​នឹង​កិច្ច​ប្រឹង​ប្រែង​របស់​របប​យោធា​ NCPO ​ក្នុង​ការ​បង្ខំ​ឱ្យ​ចរាចរណ៍​អ៊ីនធឺណិត​ទាំង​អស់ ​ដំណើរ​ការ​តាម​រយៈ​បណ្តាញ​តែ​មួយ»។​

រូបឯកសារ៖ អ្នកចូលរួមដើរកាត់បច្ចេកវិទ្យាគ្រប់គ្រងប្រព័ន្ធទន្និន័យតាមអ៊ីនធឺណិតរបស់ចិន នៅក្នុងសិក្ខាសលាស្តីពីការប្រើប្រាស់ប្រព័ន្ធអ៊ីនធឺណិតជាសកលតាមទូរស័ព្ទ នៅទីក្រុងប៉េកាំង ប្រទេសចិន កាលពីថ្ងៃទី ២៦ ខែមេសា ឆ្នាំ២០១៨។
រូបឯកសារ៖ អ្នកចូលរួមដើរកាត់បច្ចេកវិទ្យាគ្រប់គ្រងប្រព័ន្ធទន្និន័យតាមអ៊ីនធឺណិតរបស់ចិន នៅក្នុងសិក្ខាសលាស្តីពីការប្រើប្រាស់ប្រព័ន្ធអ៊ីនធឺណិតជាសកលតាមទូរស័ព្ទ នៅទីក្រុងប៉េកាំង ប្រទេសចិន កាលពីថ្ងៃទី ២៦ ខែមេសា ឆ្នាំ២០១៨។

លោក​បន្ថែម​ថា៖ ​«ដោយសារ​ការ​ព្យាយាម​គ្រប់គ្រង​អ៊ីនធឺណិត ​កម្ពុជា​អាច​នឹង​ធ្វើ​ឲ្យ​អ្នក​វិនិយោគ​ជាតិ​និង​អន្តរ​ជាតិ​ មិន​អាច​ប្រមូល​និង​សិក្សា​ព័ត៌មាន​ទាក់ទង​និង​ទំនាក់ទំនង​ដោះស្រាយ​ជាមួយ​អតិថិជន​ និង​ទាក់ទង​ជាមួយ​ក្រុមហ៊ុន ​និង​អ្នក​ផ្សេង​ទៀត​បាន​ទេ»។​

លោក ​មាស ប៉ូ​ អ្នក​នាំ​ពាក្យ​ក្រសួង​ប្រៃសណីយ៍​និង​ទូរ​គមនាគមន៍​ មាន​ប្រសាសន៍​ថា​ នេះ​គ្រាន់​តែ​ជា​សេចក្តី​ព្រាង​អនុក្រឹត្យ​តែ​ប៉ុណ្ណោះ​ ហើយ​ពី​មុន​មក​ក្រសួង​មាន​តែ​ការ​ចេញ​ជា​ប្រកាស​ចែង​អំពី​ចំណុច​ទាំង​នេះ។​ លោក​បាន​បដិសេធ​មិន​អត្ថាធិប្បាយ​បន្ត​ ដោយ​លើក​ឡើង​ថា​ កំពុង​រវល់​ប្រជុំ​នៅ​តាម​បណ្តា​ខេត្ត។

កាល​ពី​ខែ​កក្កដា ​ឆ្នាំ​ ២០១៨​ ពោល​នៅ​មុន​ការ​បោះ​ឆ្នោត​ជាតិ ដែល​មិន​មាន​វត្តមាន​គណបក្ស​សង្រ្គោះ​ជាតិ​ រដ្ឋាភិបាល​បាន​បញ្ជា​ឲ្យ​ក្រុម​ហ៊ុន​ផ្ដល់​សេវា​អ៊ីនធឺណិត​ និង​បណ្ដាញ​ទូរស័ព្ទ​ទាំង​អស់​នៅ​ក្នុង​ប្រទេស ​បិទ​ការ​ចូល​អាន​វេបសាយ​ព័ត៌មាន​យ៉ាង​ហោច​ចំនួន​ ១៥​ ដែល​រិះគន់​រដ្ឋាភិបាល ​ក្នុង​នោះ​មាន​វេបសាយ ​VOA ​ផង​ដែរ ​ក្រោម​ហេតុផល​ថា​ «រំខាន​ដល់​ការ​បោះ​ឆ្នោត»។​

នៅ​ក្នុង​ខែ​កក្កដា ​ឆ្នាំ ​២០១៨​ នោះ លោក​នាយក​រដ្ឋមន្រ្តី​ ហ៊ុន សែន​ បាន​ថ្លែង​ថា ​រដ្ឋាភិបាល​របស់​លោក ​មាន​មធ្យោបាយ​គ្រប់គ្រាន់​ក្នុង​ការ​ដំឡើង​ប្រព័ន្ធ​នានា​ ដើម្បី​ចាប់​ទីតាំង​ដែល​អ្នក​បង្ហោះ​រិះគន់​ស្នាក់​នៅ។​

លោក​ថ្លែង​កាល​នោះ​ថា៖​ «ហើយ​អា​យុទ្ធនាការ​ហ្វេសប៊ុក​ ដំឡើង​ម៉ាស៊ីន​ទាំង​អស់​ដើម្បី​ចាប់​Location ​(ទីតាំង)​ អ្ហែង​បង្ហោះ​ចេញ​ពី​កន្លែង​ណា។​ ចាប់​ទាំង​អស់​ ព្រោះ​យើង​មាន​មធ្យោបាយ ​ដើម្បី​នឹង​ធ្វើ​ទៅ»។​

លោក ​ផៃ​ ស៊ីផាន ​អ្នក​នាំពាក្យ​រដ្ឋាភិបាល​កម្ពុជា ​និយាយ​ថា ​លោក​មិន​ទាន់​បាន​ឃើញ​អនុក្រឹត្យ​នេះ​ទេ​ ប៉ុន្តែ​លោក​ថា​ លោក​នឹង​អញ្ជើញ​មន្ត្រី​ពាក់ព័ន្ធ​ ដើម្បី​មក​បកស្រាយ​អំពី​អនុក្រឹត្យ​នេះ។​

លោក​មាន​ប្រសាសន៍​ថា៖​ «[ខ្ញុំ]​ចង់​ជំរាប​ជូន​ថា​ យើង​ធ្វើ​ទៅ​តាម​អ្វី​ដែល​ជា​កាតព្វកិច្ច​របស់​រាជ​រដ្ឋាភិបាល ​ក្នុង​ការ​ធានា​នូវ​សន្តិសុខ​ជាតិ»។​

លោក​បន្ថែម​ថា៖ ​«វា​មិន​ប៉ះពាល់​នឹង​អ្នក​រក​ស៊ី​ទទួល​ទាន​ទេ។ ​អ្នក​បណ្តាក់​ទុន​ស្រប​ច្បាប់​ អាហ្នឹង​យើង​អត់​មាន​បញ្ហា​អ្វី​ទេ។ ​ខ្លាច​តែ​ពួក​លាង​លុយលាង​អី​ទេ ​ដែល​ខ្លាច​អ្វី​ដែល​លើក​ឡើង​មក​នេះ»។​

លោក​បន្ថែម​ថា​ ច្បាប់​នេះ​នឹង​មិន​ប៉ះពាល់​ដល់​សិទ្ធិ​ស៊ីវិល​នោះ​ទេ​ ប្រសិន​បើ​ជន​នោះ​មិន​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ណាមួយ៕

រាយការណ៍​បន្ថែម​ដោយ​ ​ស៊ុន ​ណារិន

ផែនទីលទ្ធផលការបោះឆ្នោតប្រធានាធិបតីអាមេរិកពីឆ្នាំ ១៩៩២-បច្ចុប្បន្ន

XS
SM
MD
LG