ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តុលាការ បញ្ចាំង​វីដេអូ​អំពី​ចលនា​សង្គ្រោះ​ជាតិ​ក្នុង​សំណុំ​រឿង​ញុះញង់​​របស់​សកម្មជន​បក្ស​ជំទាស់


រូបឯកសារ៖ សាលាដំបូង​រាជធានី​ភ្នំពេញ ថត​នៅ​​ថ្ងៃ​ទី​១៩ ខែ​មករា​ ឆ្នាំ​២០២២។ (ហ៊ាន សុជាតា​/វីអូអេ)
រូបឯកសារ៖ សាលាដំបូង​រាជធានី​ភ្នំពេញ ថត​នៅ​​ថ្ងៃ​ទី​១៩ ខែ​មករា​ ឆ្នាំ​២០២២។ (ហ៊ាន សុជាតា​/វីអូអេ)

ការ​ធ្វើ​ឱ្យ​គណបក្ស​សង្គ្រោះ​ជាតិ​ មាន​ចលនារំកិល​ទៅមុខ និង​ការ​រួបរួម​របស់​អ្នកប្រជាធិបតេយ្យ​ដើម្បី​ប្រឆាំង​អំណាច​ផ្តាច់ការ​ ជា​សារនយោបាយ​ក្នុង​ឃ្លីប​វីដេអូ​មួយ​ ដែល​បាន​បង្ហាញ​ពីការប្រកាស​ដំណើរ​ការ​ចលនា​សង្គ្រោះ​ជាតិ​ ហើយត្រូវតុលាការ​ក្រុង​ភ្នំពេញ​យក​មក​ប្រើ​ប្រាស់​ជាភស្តុតាង​គាំទ្រ​ការ​ចោទ​ប្រកាន់​បទ​ញុះញង់​ និង​រួម​គំនិត​ក្បត់លើថ្នាក់​ដឹកនាំ​ និង​អតីត​សកម្មជន​បក្សជំទាស់​២១​នាក់​ ដែល​មាន​១៣នាក់​ កំពុង​ជាប់​ឃុំ។

​ឃ្លីបវីដេអូ​មាន​រយៈពេល​ជាង​៣​ម៉ោងនោះ​ ត្រូវ​តុលាការ​ចាក់​បញ្ចាំង​តាម​ប្រព័ន្ធ​កុំព្យូទ័រ​នៅចំពោះមុខ​ជន​ជាប់​ចោទ​ទាំង​១៣​នាក់​ ដែលបាន​មក​បង្ហាញ​ខ្លួន​ក្នុង​សាល​សវនាការ​កាលពី​ព្រឹកថ្ងៃព្រហស្បតិ៍។ នេះ ជា​ភស្តុតាងមួយ​ថ្មី​បន្ថែម​ទៀត​ ក្នុង​ចំណោម​ភស្តុតាង​យ៉ាងហោច​ណាស់​ជាង​១០​ ដែល​ត្រូវបាន​តុលាការ​បញ្ចេញ​កន្លង​មក។ ភស្តុតាង​ទាំងនោះ​ មានខ្លះ​ ជា​ឃ្លីបវីដេអូខ្លីៗ​ ខ្លះ​ជា​ការសន្ទនាតាម​ទូរសព្ទ និង​ខ្លះ​ទៀត​ ជា​ការ​អត្ថា​ធិប្បាយ​លើ​បណ្តាញ​សង្គម​ហ្វេសប៊ុក​អម​ដោយ​រូបភាព​មួយ​ចំនួន។ ​

បើតាម​ឃ្លីប​វីដេអូ​នោះ​ ចលនា​សង្គ្រោះ​ជាតិ​ដែល​ត្រូវបាន​ប្រកាស​នៅក្នុងទីក្រុង​ឡុងប៊ិច ​(Long Beach)​ រដ្ឋកាលីហ្វ័រញ៉ា​ (California) ​កាលពី​ថ្ងៃទី​២៨ ខែ​មករា​ ឆ្នាំ២០១៨ មានគោល​ដៅ​សំខាន់​ៗពីរ​ គឺ​ធ្វើ​ឱ្យ​គណបក្ស​សង្គ្រោះ​ជាតិ បាន​វិល​មក​ចូលរួម​ការ​បោះ​ឆ្នោត​វិញ​ និង​ទាមទារ​សិទ្ធិ​សេរីភាព​ឱ្យ​លោក​ កឹម សុខា​។ ចលនា​នោះ ក៏មាន​បំណង​ជំរុញ​ឱ្យ​មាន​ការ​គោរព​សិទ្ធិ​មនុស្ស​ និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​ក្នុង​ប្រទេស​កម្ពុជា។

ក្នុង​ឃ្លីប​វីដេអូ​ដែលមាន​រយៈពេល​ជាង​បីម៉ោង​នោះ​ គេឃើញ​មាន​វត្តមាន​អតីតថ្នាក់​ដឹកនាំ​ និងតំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ជាច្រើនរូប​ ដែល​រួម​មាន​លោក​ សម រង្ស៊ី​ ភរិយា​របស់​លោក គឺ​អ្នក​ស្រី​ ជូឡុង សូមូរ៉ា ​លោក ​អេង ឆៃអ៊ាង ​លោក​ តុ វ៉ាន់​ចាន់ លោក​ នុត រំដួល​ និង​លោក​ ហូរ វ៉ាន់។ ​សកម្មជន​ការពារ​សិទ្ធិដីធ្លី​លោក​ សៀ ភារម្យ ដែល​ជា​នាយក​ប្រតិបត្តិ​នៃ​អង្គការ​ក្រុមការងារ​ពិសេស​សិទ្ធិ​លំនៅដ្ឋាន ពេលលោក​រស់​នៅប្រទេស​កម្ពុជា​ ក៏​បង្ហាញមុខ​ក្នុងពិធីប្រកាស​ចាប់​ផ្តើម​ចលនា​សង្គ្រោះ​ជាតិនោះដែរ។

លោក​ សៀ ភារម្យ​ បាន​រិះគន់​ធ្ងន់​ៗលើរដ្ឋាភិបាល​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន​ ពាក់​ព័ន្ធ​នឹង​ការប្រើ​ប្រាស់​អំណាច​ផ្តាច់​ការ​ ​ប្រព្រឹត្ត​អំពើ​ពុករលួយ និង​ការ​បណ្តេញ​ចេញ​ពលរដ្ឋ​ពីផ្ទះសម្បែង​ដោយ​បង្ខំ​ និង​ថា​ រដ្ឋាភិបាល​ប្រទេស​កម្ពុជា​ ក៏​បាន​បង្ក​ការ​រឹតត្បិត​សិទ្ធិ​សេរីភាព​មូល​ដ្ឋាន​ពលរដ្ឋ​ និង​ការ​ចាប់ខ្លួន​សកម្មជន​សិទ្ធិមនុស្ស​ និង​ដីធ្លីដែល​ចេះតែ​កើតមាន​ ក្រោយ​កម្ពុជា​ចុះ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុងប៉ារីស​ ថ្ងៃ​ទី២៣​ ខែ​តុលា​ ឆ្នាំ​១៩៩១​។

អ្នកការពារ​សិទ្ធិលំនៅដ្ឋាន​រូបនេះ​បន្ថែមថា​ លោក​បាន​គេចខ្លួន​មក​ស្នាក់​នៅ​សហរដ្ឋ​អាមេរិក ​ដោយ​សារ​អង្គការ​របស់​លោក​ និង​អង្គការ​ក្រៅរដ្ឋាភិបាល​ក្នុងប្រទេស​កម្ពុជា​ពីរផ្សេង​ទៀត​ ត្រូវបាន​ក្រសួង​មហាផ្ទៃ​ដាក់​ក្នុង​បញ្ជី​ខ្មៅនៃអ្នកមាន​ទំនាក់​ទំនង​នឹង​ការ​ប៉ុនប៉ង​ធ្វើ​បដិវត្តន៍​ពណ៌។

ដោយ​ឡែក អនុប្រធាន​អតីត​គណបក្ស​សង្គ្រោះជាតិ​លោក​ អេង ឆៃអ៊ាង​ ​បាន​និយាយ​ថា អ្នក​ប្រជា​ធិប​តេយ្យ​ និង​អ្នកសេ្នហា​ជាតិ​ គួរ​បញ្ឈប់​ការ​បង្ក​ជម្លោះដាក់​គ្នា​ បន្ទាប់​ពីគណបក្ស​សង្គ្រោះជាតិ​ ត្រូវ​បាន​រដ្ឋា​ភិបាល​លោក ​ហ៊ុន សែន​ រំលាយចោល​ និង​ងាក​មក​ចូល​រួម​ទាម​ទារឱ្យ​គណបក្ស​សង្គ្រោះជាតិ​ដំណើរ​ការ​ឡើ​ង​វិញ​ និង​ទាម​ទារ​ឱ្យ​លោក ​កឹម សុខា​ និង​អ្នកទោស​មនសិការ​ផ្សេង​ទៀត​មាន​សេរីភាព​ឡើងវិញ។

លោក​លើក​ឡើង​ថា៖ «​ពេល​វេលានេះ អត់​ត្រូវមាន​អរិភាព​នឹង​គ្នា​ទេ គឺត្រូវ​សម្រេច​គោលដៅ​ឱ្យ​គណបក្ស​សង្គ្រោះ​ជាតិ​ដំណើរ​ការ​»។ លោក ​អេង ឆៃអ៊ាង​ បន្ថែម​ថា៖​ «អ្វី​ដែល​ខ្ញុំ​ភ័យ​បំផុត ​គឺ​ សម​ រង្ស៊ី​ ឈប់​ចេញមុខ​ធ្វើ​នយោបាយ»។

គួរ​រំឭក​ផងដែរ​ថា​ នៅ​ក្នុងសំណុំរឿង​ញុះញង់ និងរួម​គំនិត​ក្បត់ ដែល​តុលាការ​ក្រុងភ្នំពេញ​ កំពុង​បន្ត​ជំនុំ​ជម្រះ​នោះ​ មានជាប់​ពាក់​ព័ន្ធ​នឹង​ជនជាប់ចោទ​ ​ដែល​ជា​ថ្នាក់​ដឹកនាំ​ និង​មន្ត្រី​ជាន់​ខ្ពស់​របស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ រួម​មានលោក ​សម រង្ស៊ី​ ភរិយា​របស់​លោក ​គឺ​អ្នក​ស្រី ជូឡុង សូមូរ៉ា ​អ្នកស្រី មូរ សុខ​ហួរ​ លោក ​អេង ឆៃអ៊ាង ​លោក ​ហូរ វ៉ាន់​ លោក​ តុ វ៉ាន់​ចាន់ និង​លោក​ នុត រំដួល ​ដែល​កំពុង​ភៀស​ខ្លួន​ចេញ​ពី​ប្រទេស​។

បើ​តាម​ឃ្លីបវីដេអូដែល​បាន​ចាក់​បញ្ចាំងក្នុង​សាល​សវនាការ​នៅ​តុលាការ​ក្រុង​ភ្នំពេញ​ កាល​ពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នោះ​ លោក​ សម រង្ស៊ី​ ត្រូវបាន​គេឃើញ​អម​ដំណើរ​ពី​ក្រោយ​ដោយលោក ​ហូរ​ វ៉ាន់​ និង​អ្នកស្រី ​ជូឡុង សូមូរ៉ា ដើម្បី​ចូល​រួម​ប្រកាស​ចលនា​សង្គ្រោះជាតិ ដែល​លោក ​សម រង្ស៊ី​ ធ្លាប់​អះ​អាង​ថា ​ជា​រូបមន្ត​ល្អ​ប្រសើរ​មួយ​ដើម្បី​តទល់​នឹង​រដ្ឋាភិបាល​របស់​លោក ​ហ៊ុន សែន​។

​មេធាវីការ​ពារ​ក្តី​ឱ្យ​ជនជាប់ចោទ​លោក ​សំ សុគង់​ បាន​ប្រាប់​វីអូអេ​ ក្រោយ​សវនាការ​នៅថ្ងៃ​ព្រហស្បតិ៍ថា ភស្តុតាង​ជា​វីដេអូ​ដែល​មាន​រយៈពេល​ជាង​បីម៉ោង​ មិន​ជាប់ទាក់​ទង​នឹង​កូនក្តីទាំង​១៣នាក់ដែល​កំពុង​ស្ថិត​ក្នុង​ឃុំ​ទេ។ ដូច្នេះ​លោកថា​ ភស្តុតាង​នេះ ​ក៏មិនសូវ​មាន​ប្រយោជន៍​ដល់​សវនាការ​កូនក្តី​របស់​លោក​ដែរ ហើយ​កូនក្តី​លោក​ក៏​ប្រាប់លោក​ថា ពួក​គាត់​មិន​ដែល​បាន​ឃើញ​ឃ្លីបវីដេអូ​នោះទេ​។ លោក​ថ្លែង​ថា៖

«អ៊ីចឹង​ យើង​ឃើញ​ថា​ បើ​ខ្ញុំ​ធ្លាប់​ជួប​ពួក​គាត់​ នៅ​ក្រៅ​បន្ទប់​សវនាការ​ ក៏ដូច​នៅ​ពេល​ដែល​កំពុង​សវនាការ​ពេល​សម្រាកហ្នឹង ​គឺ​ពួកគាត់​ថា​ វីដេអូ​នេះ​ គឺ​គាត់​មិន​បាន​ដឹង​ក៏មិនបាន​ឃើញ​ ហើយ​ក៏មិនបាន​មាន​ពេល​វេលា​ក្នុង​ការ​ស្តាប់ ក្នុង​ថ្លែង​សារ​អីផ្សេង​ៗរបស់​អ្នកនយោបាយ​ដែរ»។

លោកបន្ថែមថា៖ «​ហើយ​វីដេអូនេះ​ បើយើង​មើល​គឺជា​វោហារសាស្ត្រ...គឺជា​ថ្នាក់​ដឹកនាំ​គណបក្ស​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ថ្លែង​វោហាសាស្ត្រ​នយោបាយ​ នៅ​ក្នុង​អំឡុង​ពេល​ដែល​គណបក្ស​សង្គ្រោះ​ជាតិត្រូវ​បាន​រំលាយ​ ហើយ​ពួកគាត់​ត្រូវ​បាន​និរទេស​ទៅ​រស់​នៅ​ក្រៅ​ប្រទេស​តែ​ប៉ុណ្ណោះ»។

​យ៉ាង​ណាក៏ដោយប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះលោកចៅក្រម រស់​ ពិសិដ្ឋ​ បាន​លើកពេល​សវនាការ​របស់​ជន​ជាប់​ចោទ​ទាំង​១៣​នាក់​ទៅ​បន្តធ្វើនៅ​ថ្ងៃ​ទី​២៧ ខែមករា​ ឆ្នាំ​២០២២ បន្ទាប់ពី​មន្ត្រី​រដ្ឋបាល​តុលាការ​បាន​ចាក់​បញ្ចាំង​ឃ្លីបវីដេអូនោះ​ បាន​ជាង​២ម៉ោង។

សវនាការ​សប្តាហ៍​ក្រោយ​ តុលាការ​ នឹង​ចាក់​បញ្ចាំង​បញ្ចប់​វីដេអូ ដែល​មាន​រយៈ​ពេល​សរុប​៣ម៉ោង ១៩នាទី និង​១៣វិនាទី។

អ្នកតវ៉ា​ជាស្រ្តី លើក​បដា​នៅ​មុខ​សាលាដំបូង​រាជធានី​ភ្នំពេញ ទាមទារ​ឱ្យ​តុលាការ​ដោះលែង សកម្មជន​នយោបាយ​ជំទាស់​១៣នាក់ ដែល​កំពុង​ជាប់​ឃុំ នៅ​រាជធានីភ្នំពេញ ថ្ងៃទី ២០ ខែមករា ឆ្នាំ​២០២២។ (ហ៊ុល រស្មី/វីអូអេ)
អ្នកតវ៉ា​ជាស្រ្តី លើក​បដា​នៅ​មុខ​សាលាដំបូង​រាជធានី​ភ្នំពេញ ទាមទារ​ឱ្យ​តុលាការ​ដោះលែង សកម្មជន​នយោបាយ​ជំទាស់​១៣នាក់ ដែល​កំពុង​ជាប់​ឃុំ នៅ​រាជធានីភ្នំពេញ ថ្ងៃទី ២០ ខែមករា ឆ្នាំ​២០២២។ (ហ៊ុល រស្មី/វីអូអេ)
កម្លាំងសន្តិសុខ​មួយចំនួន​របស់​ខណ្ឌ៧មករា ប្រឈមមុខ​ដាក់​គ្នា​ជាមួយ​ក្រុម​អ្នកតវ៉ា​ជាស្ត្រី និង​ដណ្តើមយក​បដា​មួយផ្ទាំង ដែល​មានសំណេរ​អំពាវនាវឱ្យតុលាកា​រ​ដោះលែង​សកម្មជន​នយោបាយ​ជំទាស់​១៣នាក់​ដែល​កំពុង​ជាប់​ឃុំ នៅ​រាជធានីភ្នំពេញ ថ្ងៃទី ២០ ខែមករា ឆ្នាំ២០២២។ (
កម្លាំងសន្តិសុខ​មួយចំនួន​របស់​ខណ្ឌ៧មករា ប្រឈមមុខ​ដាក់​គ្នា​ជាមួយ​ក្រុម​អ្នកតវ៉ា​ជាស្ត្រី និង​ដណ្តើមយក​បដា​មួយផ្ទាំង ដែល​មានសំណេរ​អំពាវនាវឱ្យតុលាកា​រ​ដោះលែង​សកម្មជន​នយោបាយ​ជំទាស់​១៣នាក់​ដែល​កំពុង​ជាប់​ឃុំ នៅ​រាជធានីភ្នំពេញ ថ្ងៃទី ២០ ខែមករា ឆ្នាំ២០២២។ (
ស្ត្រី​អ្នកតវ៉ា​ម្នាក់ បង្ហាញ​ស្នាម​ហើម​លើដៃ​ខាង​ឆ្វេង ក្រោយពេល​កម្លាំង​សន្តិសុខ​ខណ្ឌ៧មករា ដណើ្តម​យក​ផ្ទាំងបដា ដែល​មានសំណេរ​អំពាវនាវឱ្យតុលាកា​រ​ដោះលែង​សកម្មជន​នយោបាយ​ជំទាស់​១៣នាក់​ដែល​កំពុង​ជាប់​ឃុំ នៅ​រាជធានីភ្នំពេញ ថ្ងៃទី ២០ ខែមករា ឆ្នាំ២០២២។ (ហ៊ុល រស
ស្ត្រី​អ្នកតវ៉ា​ម្នាក់ បង្ហាញ​ស្នាម​ហើម​លើដៃ​ខាង​ឆ្វេង ក្រោយពេល​កម្លាំង​សន្តិសុខ​ខណ្ឌ៧មករា ដណើ្តម​យក​ផ្ទាំងបដា ដែល​មានសំណេរ​អំពាវនាវឱ្យតុលាកា​រ​ដោះលែង​សកម្មជន​នយោបាយ​ជំទាស់​១៣នាក់​ដែល​កំពុង​ជាប់​ឃុំ នៅ​រាជធានីភ្នំពេញ ថ្ងៃទី ២០ ខែមករា ឆ្នាំ២០២២។ (ហ៊ុល រស

នៅ​ឯក្រៅ​របង​តុលាការ​ក្រុងភ្នំពេញ​ ការតវ៉ា​មួយរបស់​ស្ត្រីមួយក្រុម​ប្រឆាំង​ការ​ឃុំខ្លួន​សកម្មជន​១៣នាក់របស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ មិន​ទាន់​បញ្ចប់ ​នៅពេល​តុលាការ​ប្រកាស​បិទ​សវនាការ​ កាលពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​។

ក្រុម​អ្នកតវ៉ា​ជាស្ត្រីយ៉ាង​ហោច​ណាស់​៦នាក់​ បាន​កាន់​បដាស្រែក​ទាមទារ​តុលាការ​ឱ្យ​ដោះ​លែង​ជនជាប់​ចោទ​ ដែល​ភាគ​ច្រើន​ជា​ស្វាមីរបស់​ពួកគាត់​។

ទន្ទឹម​នឹង​ពេល​ដែលស្ត្រី​ទាំងនោះ​ឈរ​ស្រែក​រក​យុត្តិធម៌​ជូន​ជនជាប់​ចោទ​នៅមុខ​តុលាកា​រក្រុងភ្នំពេញ​ ពួក​គាត់​ត្រូវ​គេ​ឃើញ​ថា​ បាន​ប្រឈមនឹង​ការប្រើ​ហិង្សា​ពីសំណាក់​កង​សន្តិសុខ​មួយ​ក្រុម​មានគ្នា​ប្រហែល​១០​នាក់​ក្នុងខណ្ឌ​៧មករា​ ដែល​បាន​ដណ្តើម​ឆក់​យក​បដា​មួយ​សន្លឹក​ដែល​សរសេរ​ជា​ភាសា​បារាំង​ និង​មាន​បកប្រែជា​ភាសាខ្មែរ​ថា​៖ «យុត្តិធម៌​ត្រូវតែ​មាន​ដល់​អ្នក​ស្នេហាជាតិ»។ ​

ជន​ជាប់​ចោទ​១៣​នាក់​ ដែល​ស្ត្រីអ្នកតវ៉ា​ទាំងនោះ​ ទាមទារ​ឱ្យបាន​ចេញ​ពីពន្ធនាគារ ​រួម​មាន​លោក ​ឆុន ប៊ុនឆាត​ លោក ​យឹម សារ៉េត ​លោក ជុំ​ ចាន់ ​លោក​ កែវ ថៃ​ លោក​ ស៊ុន ធន់​ លោក​ ឡុង ផារី​ លោក​ ពៀត ម៉ាប់​ លោក​ សុខ ចាន់ថា ​លោក​ ឃឹម ភាណា​ លោក ​ឃុត ច្រឹក ​លោក ​ញ៉ែម វ៉ាន​ លោក ​ថៃ គន្ធា​ និង​លោក ងិន ឃាន​៕

XS
SM
MD
LG