មេដឹកនាំគណបក្សប្រឆាំង លោក កឹម សុខា ដែលជាអតីតប្រធានគណបក្សសង្គ្រោះជាតិ នឹងប្តឹងទាស់ប្រឆាំងនឹងសាលក្រមរបស់សាលាដំបូងរាជធានីភ្នំពេញ ដែលកាត់ទោសលោកដាក់ពន្ធនាគារ២៧ឆ្នាំ។ នេះបើតាមមេធាវីការពារក្តីរបស់លោក។
សហមេធាវីការពារក្តីមួយរូបរបស់លោក កឹម សុខា គឺអ្នកស្រី ម៉េង សុភារី ដែលបានជួបលោក កឹម សុខា នៅថ្ងៃអង្គារនេះ តាមការអនុញ្ញាតរបស់តុលាការ ប្រាប់វីអូអេតាមប្រព័ន្ធទំនាក់ទំនងតេឡេក្រាមថា លោក កឹម សុខា បានសម្រេចប្តឹងឧទ្ធរណ៍ចំពោះសាលក្រមរបស់សាលាដំបូងរាជធានីភ្នំពេញ ត្រង់ចំណុចទាំងមូល។
អ្នកស្រីបញ្ជាក់ថា៖ «ឯកឧត្តម កឹម សុខា គាត់បានសម្រេចប្តឹងឧទ្ធរណ៍ទៅនឹងសាលក្រមរបស់សាលាដំបូងរាជធានីភ្នំពេញ គឺត្រង់ចំណុចទាំងមូល។ ហើយការដាក់បណ្តឹងឧទ្ធរណ៍របស់គាត់ គឺយើងនឹងយកទៅដាក់នៅសាលាដំបូងយ៉ាងយូរ គឺត្រឹមថ្ងៃព្រហស្បតិ៍ នៅក្នុងសប្តាហ៍នេះ»។
ចំពោះមូលហេតុដែលលោក កឹម សុខា សម្រេចប្តឹងឧទ្ធរណ៍នេះ អ្នកស្រីមេធាវី បញ្ជាក់ថាដើម្បីបង្ហាញអំពីជំហររបស់លោកថាមិនបានប្រព្រឹត្តកំហុស ដូចការចោទប្រកាន់ឡើយ។
កាលពីកន្លងទៅ មេធាវីរបស់លោក កឹម សុខា បានថ្លែងថា ការកាត់ទោសលោក កឹម សុខា ជារឿងនយោបាយ។ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីពេលថ្មីៗនេះ បានប្រកាសថា លោកមិនលើកលែងទោសឲ្យមេដឹកនាំនយោបាយជំទាស់ឡើយ។ ការលើកលែងទោសអាចធ្វើឡើង លុះត្រាតែសាលក្រមរបស់តុលាការចូលជាស្ថាពរ។
លោក កឹម សុខា មានរយៈពេល១ខែ ក្នុងការប្រើប្រាស់សិទ្ធិប្តឹងឧទ្ធរណ៍ ដែលរាប់ចាប់ពីថ្ងៃប្រកាសសាលក្រមរបស់តុលាការ គឺកាលពីថ្ងៃទី៣ ខែមីនា។
គួរបញ្ជាក់ថា សាលាដំបូងរាជធានីភ្នំពេញបានផ្តន្ទាទោសលោក កឹម សុខា ដាក់ពន្ធនាគាររយៈពេល២៧ឆ្នាំ ពីបទសន្ទិដ្ឋិភាពជាមួយបរទេស ឬឃុបឃិតត្រូវរ៉ូវគ្នាជាមួយបរទេស ដែលត្រូវបានចោទប្រកាន់តាំងពីឆ្នាំ២០១៧។ តុលាការបានដាក់បម្រាមមិនឱ្យលោក កឹម សុខា ធ្វើនយោបាយ មិនឱ្យចេញពីផ្ទះ មិនអនុញ្ញាតឱ្យជួបបរទេស លើកលែងតែមានការអនុញ្ញាតពីតុលាការ៕