ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សហមេធាវី​៖ ការ​រារាំង​មេធាវី​មិន​ឱ្យ​ជួប​លោក​​ កឹម សុខា​ ​រំលោភ​បំពាន​ធ្ងន់​ធ្ងរ​លើ​សិទ្ធិ​ទទួល​បាន​ជំនួយ​ផ្លូវច្បាប់


លោក កឹម សុខា អតីតមេដឹកនាំគណបក្សសង្គ្រោះជាតិ លើកដៃស្វាគមន៍ក្រុមអ្នកសារព័ត៌មាន ខណៈលោកចាកចេញពីគេហដ្ឋានរបស់លោក មុនសេចក្តីប្រកាសសាលក្រមកាត់ក្តីរូបលោកពីបទក្បត់ជាតិ នៅរាជធានីភ្នំពេញ ថ្ងៃទី ៣ ខែមីនា ឆ្នាំ ២០២៣។ (កាន់ វិច្ឆិកា/វីអូអេ)
លោក កឹម សុខា អតីតមេដឹកនាំគណបក្សសង្គ្រោះជាតិ លើកដៃស្វាគមន៍ក្រុមអ្នកសារព័ត៌មាន ខណៈលោកចាកចេញពីគេហដ្ឋានរបស់លោក មុនសេចក្តីប្រកាសសាលក្រមកាត់ក្តីរូបលោកពីបទក្បត់ជាតិ នៅរាជធានីភ្នំពេញ ថ្ងៃទី ៣ ខែមីនា ឆ្នាំ ២០២៣។ (កាន់ វិច្ឆិកា/វីអូអេ)

សហមេធាវី​ការ​ពារ​ក្តី​មេដឹកនាំ​នយោបាយ​ជំទាស់​លោក ​កឹម សុខា​ បាន​ប្រតិកម្ម​នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយថា​ ពួក​គេ​ត្រូវបាន​រារាំង​ដោយ​បុគ្គល​ដែល​ស្លៀកពាក់​ឯកសណ្ឋាន​ស៊ីវិល ​មិន​ឱ្យ​ចូល​ជួប​កូនក្តី​ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​សិទ្ធិ​របស់​មេធាវី។

ក្នុង​សេចក្តី​ថ្លែងការណ៍​ចុះ​ថ្ងៃ​ទី ​១៤ ខែមីនានេះ​ សហ​មេធាវី​ការពារ​ក្តីលោក ​កឹម សុខា​ បាន​ឱ្យ​ដឹងថា​ ពួក​គេ​ព្យាយាម​ចូល​ជួប​កូនក្តី​ ដើម្បី​ពិភាក្សា​អំពី​ការ​រៀប​ចំ​ដាក់​បណ្តឹង​សារទុក្ខ​ទៅ​សាលា​ឧទ្ធរណ៍​ជំទាស់​នឹង​សាលក្រម​របស់​សាលា​ដំបូង​រាជធានី​ភ្នំពេញ​។ ក៏ប៉ុន្តែ​ការ​ចូល​ទៅជួប​កូនក្តី​បាន​បរាជ័យ​ ដោយសារ​ការ​រាំងខ្ទប់​ពី​សំណាក់​សមត្ថកិច្ចដែល​នៅ​ឃ្លាំមើល​ពីមុខ​ផ្ទះ​លោក ​កឹម សុខា​ ក្នុងសង្កាត់​បឹងកក់​ទី ​២ ខណ្ឌ​ទួល​គោក រាជធានី​ភ្នំពេញ។​

សេចក្តី​ថ្លែង​ការណ៍​បាន​លើក​ឡើង​ទៀតថា​ សហ​មេធាវី​ត្រូវបាន​ណែនាំ​ឱ្យសុំ​ការ​អនុញ្ញាត​ពី​ព្រះរាជអាជ្ញា​ជាមុន​សិន​ ដើម្បីបាន​ចូលជួប​កូនក្តី។

សហមេធាវី​ផ្តល់​ការ​អត្ថាធិប្បាយ​ក្នុង​សេចក្តីថ្លែង​ការណ៍​នោះ ​ក្នុងន័យដើមថា៖ «សហ មេធាវី​មិន​អាច​អនុវត្ត​តាម​ការ​ណែនាំ​ ដែល​ផ្ទុយ​នឹង​ច្បាប់​ ក្រម​ និង​វិធានជា​ធរមាន​ដែល​គ្រប់​គ្រង​វិជ្ជាជីវៈ​មេធាវី​នោះ​ឡើយ​»។

សហ​មេធាវី​លើកឡើង​បន្ថែម​ថា​៖ «ដូច្នេះ​ ចាប់​ពីពេល​នេះ​តទៅ​ សហមេធាវី​មិន​អាច​អនុវត្ត​សិទ្ធិ​ បំពេញ​កាតព្វកិច្ច​ និង​ទំនួល​ខុស​ត្រូវ​ចំពោះ​ឯក​ឧត្តម កឹម សុខា​ និង​រឿងក្តី​បច្ចុប្បន្ន​របស់​គាត់​តទៅទៀតបាន​ឡើយ​ ហើយ​សិទ្ធិ​ទទួល​បាន​ជំនួយ​មេធាវី ​ដែល​មាន​ចែង​ក្នុង​ច្បាប់​ដែល​ឯកឧត្តម​ កឹម សុខា​ ត្រូវ​ទទួល​បាន​ក៏ត្រូវបាន​រំលោភ​យ៉ាង​ធ្ងន់​ធ្ងរ​ វៀរ លែង​តែ​មាន​ការ​កែប្រែ​ជា​វិជ្ជមាន​ និង​ទាន់​ពេល​វេលា​»។

សហ​មេធាវី​ការពារ​ក្តី​លោក​ កឹម សុខា ​មួយរូបគឺ​លោក ​អាង​ ឧត្តម​ បាន​ប្រាប់សំឡេង​សហរដ្ឋ​អាមេរិក​វីអូអេ​នៅ​ថ្ងៃ​ពុធនេះ​ថា​ បើតាម​ក្រឹត្យ​ក្រម​នៃវិជ្ជាជីវៈ​ជាអ្នក​ការពារក្តី​ សហ​មេ​ធាវី​ការ​ពារ​សំណុំ​រឿង​លោក ​កឹម សុខា មិន​អាច​សុំការ​អនុញ្ញាត​ពីស្ថាប័ន​អយ្យការ ​ដើម្បី​បាន​មាន​លទ្ធភាព​ចូល​ជួប​កូនក្តីនោះទេ។

លោក​ថ្លែង​ថា​៖ «យើង​ធ្វើ​អត់​កើត។ យើង​មិន​អាច​ មិនថា​ចេះទេ​ថា ធ្វើ​វា​ទៅវា​ខុស​ក្រឹត្យក្រម​ខុសនឹង​ច្បាប់​ ខុស​វិធាន​ យើង​អត់​ធ្វើ​ចឹង​កើត​ទេ​ ព្រោះ​ឯក​ឧត្តម ​កឹម សុខា​ នៅ​តែ​មាន​សិទ្ធិ​មាន​មេធាវី មាន​មេធាវី​ មាន​សិទ្ធិ​ធ្វើ​ទំនាក់​ទំនង​ ធ្វើ​ការ​ទាក់​ទង​ជាមួយ​កូន​ក្តី​បាន​គ្រប់​កាលៈទេសៈ​ អ៊ីចឹងហើយ​ដល់​ឱ្យ​យើង​ទៅ​សុំ​ពី​ស្ថាប័ន​ផ្សេង​ វាប៉ះពាល់​ដល់​វិធាន​នៃ​ការ​អនុវត្ត​ វិជ្ជាជីវៈ​មេធាវី​របស់​យើង​»។

លោក​ អាង ឧត្តម ​ក៏បាន​ធ្វើ​ការ​ប្រៀបធៀប​ភាព​មិន​ប្រក្រតី​ក្នុង​ការអនុវត្ត​អំណាច​របស់​មន្ត្រី​មាន​សមត្ថកិច្ចក្នុង​ករណី​លោក​ កឹម សុខា ទៅ​នឹង​ករណី​នៃ​ការ​អនុវត្ត​សិទ្ធិ​របស់​មេធាវី​ការពារ​ក្តី​របស់​អតីត​មេដឹកនាំ​ខ្មែរ​ក្រហម​ជាន់​ខ្ពស់​ នៅ​សាលាក្តី​ខ្មែរ​ក្រហម​ ដែល​បាន​បិទបញ្ចប់​ទៅ​កាលពី​ពេល​ថ្មីៗ​កន្លងទៅនេះ។ លោក​អះអាងថា​ មេធាវី​របស់​អតីត​មេដឹកនាំ​ខ្មែរ​ក្រហម​ទាំង​នោះ មិន​ត្រូវបាន​រារាំង ដូច​ក្នុង​ករណី​លោក កឹម សុខា​ ឡើយ។

លោក​ថ្លែង​ថា​៖​ «ទីនោះ​ អត់​មាន​ឧប្បត្តិហេតុ​អ៊ីចឹង​កើត​ឡើង​ទេ​ គេ​អនុវត្ត​ត្រឹម​ត្រូវ​តាម​ក្រឹត្យ​ក្រម​តាម​វិធាន​ត្រឹមត្រូវ​របស់​គេ​ យើង​អត់​ដែល​មាន​បញ្ហា​ប្រឈម​ បញ្ហា​បែបនេះ​ទេ»​។ ​

វីអូអេ​ព្យាយាម​សុំការ​អត្ថាធិប្បាយ​ពី​អ្នក​នាំពាក្យ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​លោក​ ប្លង់ សុផល​ តាម​ប្រព័ន្ធ​ទំនាក់​ទំនង​តេឡេក្រាម​ តែ​គ្មានការ​ឆ្លើយ​តប។

ទោះជាយ៉ាង​ណាក្តី​ អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌​ លោក ​ជិន ម៉ាលីន បាន​ផ្តល់​ការ​អត្ថាធិប្បាយ​លើ​បណ្តាញទំនាក់​ទំនង​សង្គម​ហ្វេសប៊ុក​ ដោយ​ប្រតិកម្មទៅនឹង​សេចក្តីថ្លែង​ការណ៍​សហ​មេធាវី​របស់​លោក ​កឹម សុខា ​ថា​ សហមេធាវី​គួរ​សុំការ​អនុញ្ញាត​ពីព្រះរាជអាជ្ញា​ ដើម្បីបាន​ចូល​ជួបកូនក្តី​ ដូចមាន​ចែង​ហើយ​ស្រេចក្នុង​សាលក្រម​តុលាការ​ដែល​មាន​អំណាច​តាម​ផ្លូវច្បាប់។ ។

លោក​ ជិន ម៉ាលីន ​បាន​សរសេរ​ថា​៖ «​ប្រសិន​បើព្រះរាជអាជ្ញា​មិនអនុញ្ញាត​នោះ ​ទើប ជាការ​រំលោភ​បំពាន​សិទ្ធិ​មេធាវី​ក្នុង​ការ​ជួប​ជា​មួយ​កូន​ក្តី​»។

អ្នក​នាំ​ពាក្យ​ក្រសួងយុត្តិធម៌​រូប​នេះ​ លើក​ឡើង​ទៀត​ថា​ ប្រសិន​បើមាន​ចេតនាជួប​ជា​មួយ​កូនក្តី​ពិត​ប្រាកដ​មែន មេធាវី​អាច​ធ្វើការ​ស្នើ​ដល់​ស្ថាប័ន​អយ្យការ​ លើកលែង​តែ​មាន​ចេតនា​ផ្សេង​ពីនេះ​។ លោក​បន្ថែមថា ​សូម្បី​តែ​ចូល​ជួប​កូនក្តី​ខ្លួន​ក្នុង​ពន្ធនាគារ​ ក៏មេធាវី​ត្រូវ​តែ​សុំ​ការ​អនុញ្ញាត​ពី​អ្នក​គ្រប់​គ្រង​ពន្ធនាគារ​ដែ​រ។​

កាល​ពីថ្ងៃទី ៣ ខែ​មីនានេះ​ ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ បានកាត់​ទោស​លោក ​កឹម សុខា ឲ្យ​ជាប់​ពន្ធនាគារ​រយៈពេល​ ២៧ ឆ្នាំ ដោយ​ត្រូវដាក់​ឱ្យ​ស្ថិត​ក្រោម​ការ​ឃុំខ្លួន​ក្នុង​ផ្ទះ​ និង​ស្ថិត​ក្រោម​ការ​ឃ្លាំមើល​របស់​តុលាការ​។ ​អតីត​មេដឹកនាំ​អតីត​គណបក្ស​សង្គ្រោះជាតិ​រូបនោះ​ ក៏ត្រូវ​បាន​តុលាការ​ដកហូត​ជា​ស្ថា​ពរ​នូវ​«សិទ្ធិ​បោះ​ឆ្នោត​ សិទ្ធិ​ឈរឈ្មោះ​ឱ្យ​គេ​បោះឆ្នោត​ និង​សិទ្ធិធ្វើ​សកម្មភាព​នយោ​បាយ​ផ្សេង​ទៀត​ តាម​បញ្ញត្តិ​មាត្រា​៤៥០​នៃ​ក្រម​ព្រហ្មទណ្ឌ​»​។ នេះ​បើតាម​សេចក្តី​ប្រកាស​របស់​អ្នកនាំពាក្យ​នៃ​អយ្យការ​អមសាលា​ដំបូង​រាជធានីភ្នំពេញ ​ចុះ​ថ្ងៃ​ទី​ ៣ ខែមីនា​នេះ​។

បើតាម​សេចក្តី​ប្រកាស​នោះ​ លោក​ កឹម សុខា មិន​ត្រូវបាន​អនុញ្ញាត​ឱ្យចេញ​ពី​បរិវេណ​នៃ​លំនៅ​ដ្ឋាន មិនត្រូវ​ជួប​បុគ្គល​ណាម្នាក់​ទាំង​សញ្ជាតិ​ខ្មែរ និង​បរទេស​ ដោយ​ផ្ទាល់​ ឬដោយ​ប្រយោល​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ ក្រៅពី​សមាជិក​គ្រួសារ​ លើកលែង​តែ​មាន​ការ​អនុញ្ញាត​ដោយ​ព្រះរាជអាជ្ញា​នៃ​អយ្យការ​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ ដោយ​យោងលើ​តម្រូវការ​ចាំបាច់​តែ​ប៉ុណ្ណោះ​។

នាយក​ទទួលបន្ទុក​កិច្ចការ​ទូទៅ​នៃ​អង្គការ​សិទ្ធិមនុស្ស​លីកាដូ​ លោក ​អំ​ សំអាត ​ប្រាប់​វីអូអេ​នៅ​ថ្ងៃពុធ​នេះ​ថា​ សំណុំរឿង​លោក កឹម សុខា​ ដែល​គេជឿថា​ ជា​រឿង​នយោបាយ​នោះ នឹង​មិន​អាច​បញ្ចប់​ត្រឹម​អំណាច​សាលក្រម​តុលាការ​ទេ​ ដោយថា​ រឿងនេះ​អាច​ជម្រះ​ឱ្យ​ដាច់​ស្រឡះបាន​តែ​តាម​ការ​ចរចា​នយោបាយ​ប៉ុណ្ណោះ។​

ទាក់​ទងនឹង​ជំនួយ​ផ្លូវច្បាប់​សម្រាប់​លោក ​កឹម សុខា ​ក្នុងការ​ដាក់​បណ្តឹង​សារទុក្ខ​នោះ​ លោក​ អំ សំអាត ថា​ សហមេធាវី​គួរតែ​ត្រូវបាន​អនុញ្ញាត​ឱ្យ​ជួបកូនក្តី​ ស្របតាម​ច្បាប់​ដែល​មាន​ចែង​ ដើម្បី​អនុញ្ញាត​ឱ្យពួកគេ​មាន​លទ្ធភាពបន្ត​នីតិវិធី ក្រោយ​ការ​ចេញ​សាល​ក្រម​។​

លោក​ថ្លែងថា៖ «អ៊ីចឹង​បើសិន​ជាសមត្ថកិច្ច​ដែលយាម​ផ្ទះ​ឯក​ឧត្តម ​កឹម សុខា​ មិន​អនុញ្ញាត​ឱ្យ​មេធាវី​ជួប​ ហើយ​សុំ​ ឱ្យ​សុំការ​អនុញ្ញាត​ពី​ព្រះ​រាជអាជ្ញា​សិន​ វា​ប៉ះពាល់​សម្រាប់​សិទ្ធិ​ ក៏ដូច​ជា​នីតិវិធី​របស់​មេធាវី​ក្នុង​ការ​ជួប​កូន​ក្តី​ ពីព្រោះ​បើសិន​ជា​ នៅ​ក្នុង​ពន្ធនាគារ ​ក៏មេធាវី​មានសិទ្ធិ​ទៅ​ជួប​កូនក្តី​របស់​ខ្លួន​ដូច​គ្នា​ដែរ»។

បើតាម​លោក ​អំ សំអាត​ ស្ថាប័ន​អយ្យការ​គួរ​ចេញ​សេចក្តី​បង្គាប់​ឱ្យ​អាជ្ញាធរ​មាន​សមត្ថ​កិច្ច​សម្រួល​ឱ្យ​មេធាវី​បាន​ជួប​លោក ​កឹម សុខា ដើម្បី​កុំឱ្យមាន​ការ​រាំង​ស្ទះ​ក្នុង​កិច្ច​ពិគ្រោះ​យោបល់​ខាង​ច្បាប់​។

លោក​បន្ថែមថា៖ «អ៊ីចឹង ករណីនេះ​ ខ្ញុំយល់​ថា​ សមត្ថកិច្ច​លើក​ឡើង​ថា​ ទាល់​តែ​មាន​ការ​អនុញ្ញាត​ពី​ព្រះរាជអាជ្ញា ​ចុះបើសិន​ជា​ជួប​ម្តង​ សុំម្តង​ ជួប​ម្តង​ សុំ​ម្តង​ តើ​វា​ប៉ះពាល់​ទៅ​ដល់​ដំណើរ​ការ​នីតិវិធី​របស់​មេធាវី​ និង​សិទ្ធិ​មេធាវី​យ៉ាង​ម៉េច?​ អាហ្នឹង​ហើយ​បាន​ ខ្ញុំគិត​ថា​ រឿង​នេះ​បើយកល្អ​ ព្រះ​រាជអាជ្ញា​គួរ​តែ​បង្គាប់​ទៅ​សមត្ថកិច្ចដែល​យាម​ផ្ទះ​ឯក​ឧត្តម​ហ្នឹង​ គឺ​អនុញ្ញាត​ឱ្យមេធាវី​គេ​ចូល​ជួប​ជាមួយ​នឹង​ឯកឧត្តម ​កឹម សុខា ​ទៅ»។​

សំណុំ​រឿង​ក្បត់ជាតិ​របស់​លោក ​កឹម សុខា ត្រូវ​បាន​អាជ្ញាធរ​កម្ពុជា​សង្ស័យ​ថា​មាន​ការ​ជាប់​ពាក់​ព័ន្ធ​នឹង​សហ​រដ្ឋ​អាមេរិក តែ​ក្រោយ​មក ​នាយក​រដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន ​បាន​បញ្ជាក់​ថា ​បទ​ចោទ​ប្រកាន់​លើ​លោក កឹម សុខា នោះ​ គឺ​សំដៅ​តែ​លើ​លោក ​កឹម សុខា ប៉ុណ្ណោះ​។ ​

សហរដ្ឋ​អាមេរិក​ក៏ធ្លាប់​បញ្ជាក់​ថា ​ខ្លួន​មិន​មាន​ការជាប់​ពាក់​ព័ន្ធ​នឹង​សំណុំរឿង​លោក កឹម សុខា ទេ​ ហើយ​លោក កឹម សុខា ក៏​បានប្រាប់​តុលាការ​ក្នុងសវនាការ​មុន​ៗ​ថា ​លោក​មិន​បាន​ពឹង​បរទេស​ឱ្យ​មក​ឈ្លាន​ពាន​ប្រទេស ដើម្បី​ឡើង​កាន់​អំណាច ហើយ​ក៏​មិន​មាន​ផែន​ការ​ធ្វើ​បដិវត្តន៍​នោះ​ដែរ។ មេដឹកនាំ​នយោ​បាយ​ជំទាស់​រូប​នោះបាន​លើក​ឡើង​ក្នុង​សវនាការនា​ពេល​កន្លង​មក​ថា ​ជម្រើស​ឈ្នះ​ចាញ់​ក្នុង​នយោ​បាយ​កម្ពុជា គឺ​តាម​ការបោះឆ្នោត​។

​ក្រោយ​ការ​ប្រកាស​សាលក្រម​លើ​សំណុំរឿងក្បត់​ជាតិ​លោក កឹម សុខា​ កាល​ពី​ថ្ងៃទី​ ៣ ខែមីនា​ ឆ្នាំ​ ២០២៣​ បណ្តា​ប្រទេស​នៅបស្ចិម​លោក​ និង​អង្គការ​សិទ្ធិ​មនុស្ស​អន្តរ​ជាតិ​មួយ​ចំនួនបាន​ចេញ​សារ​ថ្កោលទោស​ការផ្តន្ទា​ទោស​នោះថា​ មានចេតនា​រុញ​អ្នក​នយោ​បាយ​ជំទាស់​ចាស់​វស្សា​រូបនោះ​ឱ្យ​នៅ​ឆ្ងាយ​ពី​ឆាក​នយោបាយ​កម្ពុជា​ ហើយ​ការ​ផ្តន្ទាទោស​ដ៏ធ្ងន់​នេះទៀត​សោត​ បង្ហាញ​តម្រុយ​នៃ​ការ​ធ្វើ​ឱ្យប៉ះពាល់​ដល់​ភាពត្រឹមត្រូវ​នៃ​ដំណើរ​ការរៀបចំការ​បោះ​ឆ្នោត​ជាតិ ​នៅ​ខែកក្កដា​ ឆ្នាំ​ ២០២៣ ខាង​មុខនេះ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG