ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សភាសហភាពអឺរ៉ុបនឹងជជែកដេញដោលគ្នាលើករណីផ្តន្ទាទោសលោក កឹម សុខា


រូបឯកសារ៖ សមាជិក​សភា​សហភាព​អឺរ៉ុបចូលរួម​កិច្ចពិភាក្សា នៅទីស្នាក់ការ​របស់​សភាអឺរ៉ុប ក្នុងទីក្រុង Strasbourg ប្រទេសបារាំង កាលពីថ្ងៃទី ១៧ ខែមករា ឆ្នាំ ២០២៣។
រូបឯកសារ៖ សមាជិក​សភា​សហភាព​អឺរ៉ុបចូលរួម​កិច្ចពិភាក្សា នៅទីស្នាក់ការ​របស់​សភាអឺរ៉ុប ក្នុងទីក្រុង Strasbourg ប្រទេសបារាំង កាលពីថ្ងៃទី ១៧ ខែមករា ឆ្នាំ ២០២៣។

មិន​ដល់​ពីរ​សប្តាហ៍បន្ទាប់ពី​ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញបាន​ផ្តន្ទាទោស​ដ៏ធ្ងន់​លើ​លោក កឹម សុខា សភា​សហភាព​អឺរ៉ុប​នឹង​បើក​កិច្ច​ពិភាក្សា​ជជែក​ដេញ​ដោល​គ្នា ពាក់ព័ន្ធ​នឹង​ការ​ផ្តន្ទាទោស​អតីត​មេដឹកនាំ​គណបក្ស​ប្រឆាំង​រូបនេះ។

កិច្ច​ជជែក​ដេញដោល​គ្នា​នេះ នឹង​ធ្វើឡើង​នៅ​រសៀល​ថ្ងៃ​ព្រហស្បតិ៍ ទី១៦ ខែ​មីនា​នេះ ម៉ោង​នៅ​ទីក្រុង Strasbourg នៃ​ប្រទេស​បារាំង ដែល​ត្រូវនឹង​ពេលល្ងាច​ម៉ោង​នៅ​ប្រទេស​កម្ពុជា។

កាលពី​ថ្ងៃ​ទី ៣ ខែ​មីនា​កន្លងទៅ​នេះ លោក កឹម សុខា អតីត​មេដឹកនាំ​គណបក្ស​សង្គ្រោះជាតិ ដែល​ត្រូវបាន​តុលាការ​កំពូល​រំលាយ ត្រូវបាន​ចៅក្រម​ជនុំជម្រះ​ក្តី​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​ផ្តន្ទាទោស​ឱ្យ​ជាប់​ពន្ធនាគារ​រយៈពេល ២៧ ឆ្នាំ​ ដោយ​លោក​ត្រូវ​ឃុំ​នៅ​ក្នុង​ផ្ទះ ដោយ​មានការ​យាមកាម​យ៉ាង​តឹងរ៉ឹង។

បន្ថែម​លើ​នេះ អ្នក​នយោបាយជំទាស់ជើង​ចាស់​រូប​នេះ ក៏បាន​បាត់បងសិទ្ធិ​ធ្វើ​នយោ​បាយ​ទាំង​ស្រុង​ និង​សិទ្ធិពាក់​ព័ន្ធ​នឹង​ការ​បោះឆ្នោត​ជារៀង​រហូត​ផង​ដែរ​។

ទោះ​ជា​យ៉ាងណាក្តី មេធាវីការពារ​ក្តី​របស់​លោក កឹម សុខា នឹង​ប្តឹង​ជំទាស់​នឹង​សាលក្រម​នេះ នៅសាលា​ឧទ្ធរណ៍នាពេល​ឆាប់ៗនេះ។ ក៏ប៉ុន្តែ នៅ​ដើម​សប្តាហ៍​នេះ សហមេធាវីពីរ​រូប​របស់​លោ​ក កឹម សុខា ត្រូវបាន​សមត្ថកិច្ច​ហាម​ឃាត់​មិន​ឱ្យ​ចូល​ជួប​មេដឹកនាំ​នយោបាយ​ជំទាស់​រូបនេះ ក្រោម​ហេតុផល​ថា​គ្មាន​លិខិត​អនុញ្ញាត​ពី​ព្រះរាជអាជ្ញា។

ក្រោយ​ពី​ការ​ប្រកាស​សាលក្រមលើសំណុំរឿង​ក្បត់​ជាតិ​ដ៏ចម្រូងចម្រាស​របស់​លោក ​កឹម សុខា ​នោះ​ សហគមន៍​អន្តរជាតិ​ដូចជា​សហរដ្ឋអាមេរិក ចក្រភព​អង់​គ្លេស អូស្ត្រាលី សហភាព​អឺរ៉ុប អង្គការ​សហប្រជាជាតិ​ និង​អង្គការ​សិទ្ធិមនុស្ស​ក្នុង​តំបន់​ជាច្រើន បានប្រតិកម្ម​នឹង​ការ​ផ្តន្ទាទោស​នោះ​ ដោយបាន​ថ្លែង​ថ្កោល​ទោស និង​បង្ហាញ​ក្តី​បារម្ភ​អំពី​ភាពត្រឹមត្រូវនៃដំណើរការ​បោះឆ្នោត​ថ្នាក់​ជាតិ​នៅខែកក្កដា និង​អំពាវ​នាវ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ដោះលែង​លោក​ កឹម សុខា និង​ស្តាស្ថានភាព​សិទ្ធិមនុស្ស​និង​នយោបាយ​ដ៏​ដុនដាប​ក្នុង​ប្រទេស​កម្ពុជា​ឡើង​វិញ​៕

XS
SM
MD
LG