មេធាវីការពារក្តីឱ្យកញ្ញា សេង ច័ន្ទធារី ឬហៅថាសេង ធារី ដែលជាពលរដ្ឋខ្មែរអាមេរិកាំងបានស្នើទៅអាជ្ញាធរឱ្យផ្ទេរកូនក្តីរបស់លោកពីមណ្ឌលឃុំឃាំងក្នុងខេត្តព្រះវិហារ មករាជធានីភ្នំពេញវិញ និងស្នើសាលាឧទ្ធរណ៍ពិចារណាដោះលែងកូនក្តីលោកឱ្យមានសេរីភាពឡើងវិញ។
មេធាវីការពារក្តីឱ្យកញ្ញា សេង ធារី គឺលោក ជូង ជូងី បានដាក់លិខិតទៅអគ្គនាយកពន្ធនាគារ កាលពីថ្ងៃទី២៤ ខែសីហា ដោយសុំផ្ទេរកូនក្តីពីពន្ធនាគារខេត្តព្រះវិហារមកមណ្ឌលអប់រំកែប្រែទី២ (ម២) ឬហៅថាពន្ធនាគារព្រៃសវិញ។ នេះបើតាមលិខិតរបស់មេធាវី ដែលវីអូអេទទួលបាន។
ចំណែកនៅក្នុងលិខិតមួយច្បាប់ទៀត ចុះថ្ងៃទី២៤ ខែសីហា លោក ជូង ជូងី បានស្នើឱ្យសាលាឧទ្ធរណ៍ដោះលែងកូនក្តីរបស់លោក។
លោក ជូង ជូងី បញ្ជាក់ថាការឃុំខ្លួនកញ្ញា សេង ធារី គឺខុសច្បាប់ ពីព្រោះសាលក្រមមិនទាន់ចូលជាស្ថាពរនៅឡើយ ហើយកូនក្តីបានប្តឹងទាស់នឹងការសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញរួចហើយ កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២។
មេធាវីរូបនេះសំអាងតាមផ្លូវច្បាប់ថា នៅពេលណាដែលមានការប្តឹងទាស់ទៅសាលាឧទ្ធរណ៍ ដូច្នេះការអនុវត្តសាលក្រមត្រូវតែបង្អង់សិន ខណៈសាលក្រមមិនទាន់ចូលជាស្ថាពរទេ។ ចំណែកមាត្រាក្នុងក្រមព្រហ្មទណ្ឌមួយចំនួនទៀតបញ្ជាក់ថា តុលាការអាចបង្គាប់ឱ្យដោះលែងជនជាប់ចោទដែលជាប់ឃុំឱ្យមានសេរីភាព។ ចំណែកជនជាប់ចោទដែលត្រូវឃុំអាចសុំតុលាការឱ្យដោះលែងខ្លួនឱ្យមានសេរីភាព។
លោកមេធាវី ជូង ជូងី ថ្លែងថា៖«ករណីកញ្ញា សេង ច័ន្ទធារី សាលក្រមត្រូវបានប្តឹងឧទ្ធរណ៍ កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២២រួចហើយ ដូច្នេះសាលក្រមមិនទាន់ស្ថាពរនៅឡើយទេ។ តាមស្មារតីមាត្រា៣៨ នៃរដ្ឋធម្មនុញ្ញ កញ្ញា សេង ច័ន្ទធារី នៅតែជាមនុស្សឥតមានទោស។ ដូច្នេះការចាប់ខ្លួនកញ្ញា សេង ច័ន្ទធារី ឃុំខ្លួនគឺជាការខុសច្បាប់»។
មាត្រា៣៨នៃរដ្ឋធម្មនុញ្ញកម្ពុជាចែងថា ការចោទប្រកាន់ ការចាប់ខ្លួន ការឃាត់ខ្លួន ឬការឃុំខ្លួនជនណាមួយ នឹងអាចធ្វើបាន លុះត្រាតែអនុវត្តត្រឹមត្រូវតាមបញ្ញត្តិច្បាប់។ ជនជាប់ចោទណាក៏ដោយ ត្រូវទុកជាមនុស្សឥតទោស ដរាបណាតុលាការមិនទាន់កាត់ទោសជាស្ថាពរ។
កញ្ញា សេង ធារី ត្រូវបានតុលាការរាជធានីភ្នំពេញ សម្រេចផ្ទន្ទាទោសដាក់ពន្ធនាគារកំណត់៦ឆ្នាំពីបទរួមគំនិតក្បត់ និងបទញុះញង់ឱ្យមានភាពវឹកវរដល់សន្តិសុខសង្គម កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២។ កញ្ញា សេង ធារី ដែលជាមេធាវីមួយរូបមានសញ្ជាតិអាមេរិកត្រូវបានចាប់ខ្លួនភ្លាមៗ ក្រោយតុលាការប្រកាសសាលក្រម។
ការចោទប្រកាន់នេះ ចៅក្រមសាលាដំបូងរាជធានីភ្នំពេញសំអាងលើភ័ស្តុតាង ដែលកញ្ញាបង្ហោះហ្វេសប៊ុករិះគន់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងការគាំទ្រលោក សម រង្ស៊ី មេដឹកនាំគណបក្សប្រឆាំងចូលប្រទេសវិញ។ រដ្ឋមន្រ្តីការបរទេសអាមេរិក លោក Antony Blinken ដែលបានមកបំពេញទស្សនកិច្ចនៅកម្ពុជាក៏បានស្នើឱ្យរដ្ឋាភិបាលកម្ពុជាដោះលែងកញ្ញា សេង ធារី ផងដែរ។
លោកមេធាវីជូង ជូងី បានថ្លែងការពារកូនក្តីរបស់លោកថា មិនបានប្រព្រឹត្តសកម្មភាពដូចការចោទប្រកាន់ទេ ព្រោះកូនក្តីមិនដែលមានទំនាក់ទំនងអ្វីជាមួយលោក សម រង្ស៊ី ឡើយ។ ម្យ៉ាងទៀតលោកថា ការចែករំលែកព័ត៌មានលើបណ្តាញសង្គម មិនមែនជាការរួមគំនិតក្បត់ និងញុះញង់ឱ្យមានភាពវឹកវរក្នុងសង្គមឡើយ។
លោកថ្លែងថា៖ «គាត់គ្មានទៅរួមគំនិតក្បត់អ្វីអត់ទាំងអស់។ គាត់អត់ដែលជួបប្រធាន ឬក៏ថ្នាក់ដឹកនាំគណបក្ស អតីតគណបក្សសង្គ្រោះជាតិផងហ្នឹង ក្រោយពីគណបក្សសង្គ្រោះជាតិត្រូវបានរំលាយ។ ប៉ុន្តែបែរជាដាក់ទោសគាត់ពីបទរួមគំនិតក្បត់ ហើយញុះញង់ អ៊ីចឹង។ ខ្ញុំយល់ឃើញថាអ្វីដែលជាសំអាងតុលាការដាក់ទោសគាត់គឺអត់ត្រឹមត្រូវ អយុត្តិធម៌សម្រាប់គាត់»។
លោក ជា ម៉េត អ្នកនាំពាក្យសាលាឧទ្ធរណ៍ ប្រាប់វីអូអេនៅថ្ងៃព្រហស្បតិ៍នេះថា ក្រុមប្រឹក្សាជំនុំជម្រះមិនទាន់កំណត់ពេលសវនាការនៅឡើយទេ។
លោកថ្លែងថា៖ «ធម្មតាបើមានបណ្តឹងឧទ្ធរណ៍របស់គាត់ សាលាឧទ្ធរណ៍នឹងដាក់កម្មវិធី ដើម្បីសវនាការសម្រេចទាក់ទងចំណុចប្តឹងឧទ្ធរណ៍អ៊ីចឹង»។
វីអូអេមិនទាន់អាចសុំការអធិប្បាយពីលោក ឆែម សាវុធ អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធនាគារ និងលោក នុត សវនា អ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារបាននៅឡើយនៅថ្ងៃព្រហស្បតិ៍នេះ។
លោក អំ សំអាត នាយករងទទួលបន្ទុកឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការលីកាដូ ប្រាប់វីអូអេនៅថ្ងៃព្រហស្បតិ៍នេះថា ការចោទប្រកាន់ និងការបញ្ជូនកញ្ញា សេង ធារី ទៅឃុំនៅពន្ធនាគារខេត្តព្រះវិហារធ្វើឱ្យមានការរិះគន់ខ្លាំង។ ដូច្នេះករណីមេធាវីជនជាប់ចោទស្នើសុំតាមនីតិវិធីនេះ លោកសង្ឃឹមថា សាលាឧទ្ធរណ៍នឹងផ្តល់យុត្តិធម៌ដល់កញ្ញា សេង ធារី។
លោកថ្លែងថា៖ «យើងឃើញហើយថា ករណីនេះមានការរិះគន់ច្រើនថា ការចោទប្រកាន់ ការផ្តន្ទាទោសទៅលើកញ្ញា សេង ធារី វាពាក់ព័ន្ធនឹងរឿងនយោបាយច្រើនជាងការអនុវត្តច្បាប់។ អ៊ីចឹងការដាក់ពាក្យបណ្តឹងរបស់មេធាវីការពារសិទ្ធិរបស់កញ្ញា សេង ធារី ទៅសាលាឧទ្ធរណ៍នេះ យើងសង្ឃឹមថា សាលាឧទ្ធរណ៍លោកនឹងពិចារណាទៅលើបណ្តឹងនេះ និងដោះលែងកញ្ញា សេង ធារី ឱ្យមានសេរីភាព»។
លោក អំ សំអាត បន្ថែមថា អ្នកនយោបាយកម្ពុជាគួរវិលទៅរកវប្បធម៌សន្ទនាគ្នាដូចពីមុន ដើម្បីបញ្ចប់វិបត្តិនយោបាយក្នុងប្រទេស និងឈានដល់ការដោះលែងសកម្មជននយោបាយ៕