ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មេធាវី​សកម្មជន​បក្ស​ប្រឆាំង​ដើរ​ចេញ​ពី​សវនាការ​តវ៉ា​នឹង​ការ​ហាមឃាត់​អ្នក​តំណាងរាស្រ្ត​


លោក​មេធាវី​ជូង ជូងី​បញ្ជាក់​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​ពី​ការសម្រេច​ចិត្ត​ដើរ​ចេញ​ពី​សវនាការ​ដោយ​សារ​តែ​ចៅក្រម​បាន​ហាម​ឃាត់​អ្នក​តំណាងរាស្រ្ត​មិន​ឱ្យ​ចូល​ស្តាប់​។
លោក​មេធាវី​ជូង ជូងី​បញ្ជាក់​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​ពី​ការសម្រេច​ចិត្ត​ដើរ​ចេញ​ពី​សវនាការ​ដោយ​សារ​តែ​ចៅក្រម​បាន​ហាម​ឃាត់​អ្នក​តំណាងរាស្រ្ត​មិន​ឱ្យ​ចូល​ស្តាប់​។

ក្រុម​មេធាវី​ការ​ពារក្តី​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន​១១​នាក់​បាន​សម្រេច​ដើរ​ចេញពី​បន្ទប់​សវនាការ​បន្ទាប់​ពី​ប្រធាន​ចៅ​ក្រម​ជំនុំជម្រះ​នៃ​សាលា​ដំបូង​ក្រុង​ភ្នំពេញ​ បាន​បដិសេធ​មិន​ឱ្យ​អ្នក​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះជាតិ​អង្គុយ​ស្តាប់​ក្នុង​បន្ទប់​សវនាការ។​

អ្នក​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះជាតិ​ដែល​តុលាការ​បាន​បដិសេធមិន​ឱ្យអង្គុយ​ស្តាប់​ក្នុង​បន្ទប់​សវនាការ​ជា​អ្នក​តំណាង​រាស្ត្រ​ដែល​មាន​រឿង​ក្តីក្តាំ​នៅ​លើ​ស្ពាន​នាគ​កាល​ពី​ថ្ងៃទី​១៥​ខែកក្កដា​ ហើយ​ត្រូវ​បាន​តុលាការ​ក្រុង​ភ្នំពេញ​បាន​សម្រេច​ឱ្យនៅ​ក្រៅ​ឃុំ​ជា​បណ្តោះ​អាសន្ន​កាល​ពី​ថ្ងៃទី​២២​ខែកក្កដា​ដោយ​មាន​ការ​សម្រប​សម្រួល​ផ្នែក​នយោបាយ។​

អ្នក​តំណាង​រាស្ត្រ​ទាំង​នោះ​រួម​មាន​អ្នក​ស្រី មូរ សុខហួរ​ លោក​ ឡុង រី​ និង លោក​ ហូរ វ៉ាន់​ បាន​មក​អង្គុយ​ស្តាប់​ក្នុង​បន្ទប់​សវនាការក៏ប៉ុន្តែ​ដោយ​មាន​ការជំទាស់​ពី​មេធាវី​ការពារក្តី ​ខាងភាគី​ដើមបណ្តឹងថា​រឿង​ក្តី​នេះ​ជាប់​ពាក់​ព័ន្ធ​នឹង​អ្នក​តំណាង​រាស្ត្រ​ទាំង​នោះ​និង​ដើម្បី​ឱ្យដំណើរ​ការ​កាត់​ក្តី​នេះ​មាន​ភាព​យុត្តិធម៌នោះ​លោក​ តាំង ស៊ុនឡាយ​ ប្រធាន​ចៅ​ក្រម​ជំនុំ​ជម្រះ​បាន​ប្រកាស​បដិសេធ​អ្នក​តំណាង​រាស្ត្រ​មិន​ឱ្យអង្គុយ​ស្តាប់​ក្នុង​បន្ទប់​សវនាការ។​

ក្រោយ​ពី​បាន​ស្តាប់​ការប្រកាស​របស់​លោក​ប្រធាន​ចៅ​ក្រម​ជំនុំជម្រះក្រុម​មេធាវី​ការ​ពារ​ក្តី​សកម្មជន​គណបក្ស​សង្គ្រោះជាតិ​បាន​ប្រកាស​ជាបន្ត​បន្ទាប់​ដើរ​ចេញពី​បន្ទប់​សវនាការ​ដោយ​បាន​លើក​ហេតុផល​ថា​សវនាការ​នេះ​ធ្វើ​ឡើងជា​សាធារណៈ​ត្រូវ​តែ​អនុញ្ញាត​ឱ្យអ្នក​តំណាង​រាស្ត្រ​បាន​ចូល​ស្តាប់​ថា​តើ​តុលាការ​ដំណើរ​ការ​រឿង​ក្តី​នេះ​មាន​យុត្តិធម៌​ដែរ​ឬយ៉ាង​ណា?​

លោក​ ប្រធាន​ចៅ​ក្រម​ តាំង ស៊ុនឡាយ​ ក៏បាន​ប្រកាស​លើកពេល​សវនាការ​ថា​នឹង​ធ្វើ​ឡើង​នៅ​ពេល​ក្រោយ​ទៀត​តែ​លោក​មិន​បាន​កំណត់ថា​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ណាមួយ​ពិត​ប្រាកដ​ទេ។​

ក្រោយពី​បាន​ដើរ​ចេញពី​បន្ទប់​សវនាការ​ លោក ជួង ជូងី​ មេធាវី​មួយ​រូប​ក្នុងចំណោម​មេធាវី​១០​រូប​ដែល​បាន​ការពារក្តី​សកម្មជន​គណបក្ស​សង្គ្រោះជាតិ​ទាំង​១១​រូប​បាន​ប្រាប់​ក្រុម​អ្នក​កាសែត​ថា​៖«​ខ្ញុំ​សម្រេច​ដើរ​ចេញពី​បន្ទប់​សវនាការ​ពីព្រោះ​ប្រធាន​ក្រុម​ប្រឹក្សា​បាន​សម្រេច​រឿង​ដែល​មិន​ត្រូវ​សម្រេច។ ​គ្រាន់​តែ​មេធាវី​ដើម​បណ្តឹង​មាន​ការ​កត់​សម្គាល់​និង​បដិសេធ​វត្តមាន​អ្នក​តំណាង​រាស្ត្រ​ក្នុង​បន្ទប់​សវនាការ​ប៉ុន្តែ​តំណាង​អយ្យការ​អត់​មាន​ជំទាស់​ពី​វត្តមាន​តំណាង​រាស្ត្រ​ក្នុង​បន្ទប់​សវនាការទេ​ ហើយ​អត់​មាន​មាត្រា​ណា​ អត់​មាន​ច្បាប់ណា​ជំទាស់​ពី​វត្តមាន​អ្នក​តំណាង​រាស្ត្រ​នៅ​ក្នុង​បន្ទប់​សវនាការ​ដែរ»។​

លោក​ ស្រី​ មូរ សុខហួរ​ អ្នក​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​មាន​ប្រសាសន៍​ថា​ការ​ចូលរួម​ស្តាប់​សវនាការ​គឺ​ជា​កាតព្វកិច្ច​ និង​ ជាសិទ្ធិ​របស់​អ្នក​តំណាង​រាស្ត្រ។ ​លោក​ស្រី​បាន​បញ្ជាក់​ថា​ការ​មិន​អនុញ្ញាត​ឱ្យអ្នក​តំណាង​រាស្ត្រ​ចូល​ស្តាប់​ក្នុង​បន្ទប់ ​សវនាការ​វា​ខុស​នឹង​ច្បាប់​រដ្ឋធម្មនុញ្ញ។​

លោក​ស្រី​បញ្ជាក់​ថា៖​«អត់​មាន​ច្បាប់​ណា​ចែង​ថា​មិន​ឱ្យអ្នក​តំណាង​រាស្ត្រ​នៅ​ស្តាប់​សវនាការ​ដោយ​សារ​សវនាការ​សាធារណៈ​ទេ។ ដូច្នេះ​ខ្ញុំ​សូម​ថ្លែង​អំណរ​គុណ​ហើយ​កោតសរសើរ​ដល់​មេធាវី​ដែល​យក​ច្បាប់​និយាយ​អំពី​ថា​ឱ្យសវនាការ​នេះ​ជា​សាធារណៈ»។​

លោក​ អឿ ណារិទ្ធ​ សកម្មជន​គណបក្ស​សង្គ្រោះជាតិ​ដែល​ជា​ជន​ជាប់​ចោទ​ក្នុង​សំណុំ​រឿង​សួន​ប្រជាធិបតេយ្យ​បាន​បញ្ជាក់​ថា​លោក​បាន​សម្តែង​ការ​ខក​ចិត្ត​នៅ​ពេល​ដែល​តុលាការ​បាន​ពន្យាពេល​រឿង​ក្តី​នេះ​ដែល​លោក​ទន្ទឹង​រង់ចាំ​យុត្តិធម៌​ជាយូរ​មក​ហើយ។​

លោក​និយាយ​ថា៖​«ការ​ពន្យាពេល​ម្តង​ហើយ​ម្តង​ទៀត​ធ្វើ​ឱ្យខ្ញុំ​មាន​បញ្ហា​ ពេល​វាលា​ ខាតពេល​វេលា​ និង​មាន​បញ្ហា​ផ្លូវ​ចិត្ត ​ខ្លះ​ដែល​ធ្វើ​ឱ្យខ្ញុំ​គិតហើយ​គិត​ទៀត»។​

លោក​ អំ សំអាត ប្រធាន​ក្រុម​ស៊ើប​អង្កេត​របស់​អង្គការ​សិទ្ធិមនុស្ស​លីកាដូ​បាន​បញ្ជាក់ថា​រឿង​នេះ​មិន​គួរ​កើត​មាន​ក្នុង​បន្ទប់​សវនាការ។​ដោយ​សារ​សវនាការ​នេះ​ជា​ដំណើរ​ការ​អង្គសេចក្តី​ដូច្នេះ​អ្នក​តំណាង​រាស្ត្រ​មាន​សិទ្ធិ​ក្នុង​ការ​ចូល​ស្តាប់​ក្នុង​បន្ទប់​សវនាការ។​

លោក​និយាយថា៖​«ពីព្រោះ​តំណាង​រាស្រ្ត​ទាំង​អស់​គាត់​ជា​តំណាង​រាស្ត្រ​របស់​ពលរដ្ឋ​អញ្ចឹង​គាត់​មាន​សិទ្ធិ​ក្នុង​ការ​ចូល​ស្តាប់​នៅ​គ្រប់​សវនាការ​ដែល​ជា​សាធារណៈ​គ្រប់​ពេល។​ប៉ុន្តែ​នេះ​ដល់​ពេល​យើង​សម្រេច​អញ្ចឹង​ទៅ​វាធ្វើ​ឱ្យប៉ះពាល់​ដល់​សិទ្ធិ​សេរីភាព​របស់​តំណាង​រាស្ត្រ​ទៅវិញ»។​

តុលាការ​ក្រុង​ភ្នំពេញ​ក្រោយ​ពី​បាន​ប្រកាស​ផ្អាក​កាល​ពី​ចុង​ឆ្នាំ​ទៅ​ បាន​បន្តបើក​សវនាការ​ពេញ​អង្គសេចក្តី​ចំពោះ​សកម្មជន​គណបក្ស​សង្គ្រោះជាតិ​ចំនួន​១១​នាក់។ក្នុង​នោះ​៦​នាក់​បាន​នៅ​ក្រៅ​ឃុំ​ជា​បណ្តោះ​អាសន្ន​ និង​ ៥​នាក់​កំពុង​ជាប់​ឃុំ​ឃាំង​ក្នុង​ពន្ធនាគារ​ព្រៃស​ ដែល​រួម​មាន​លោក​ មាជ សុវណ្ណារ៉ា​ ប្រធាន​នាយកដ្ឋាន​ព័ត៌មាន​នៃ​គណបក្ស​សង្គ្រោះជាតិ៕

XS
SM
MD
LG