ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​ច្បាប់៖​ បណ្តឹង​លោក ​ហ៊ុន សែន​ ប្តឹង​លោក​សម រង្ស៊ី ​មិន​មាន​មូលដ្ឋាន​រឹងមាំ


លោកនាយករដ្ឋ​មន្ត្រី ហ៊ុន សែន (ឆ្វេង) និង​លោក សម រង្ស៊ី (ស្តាំ) ប្រធាន​គណបក្ស​សង្គ្រោះជាតិ។ (Reuters/Leng Len/VOA Khmer)
លោកនាយករដ្ឋ​មន្ត្រី ហ៊ុន សែន (ឆ្វេង) និង​លោក សម រង្ស៊ី (ស្តាំ) ប្រធាន​គណបក្ស​សង្គ្រោះជាតិ។ (Reuters/Leng Len/VOA Khmer)

កាលពី​ថ្ងៃទី​១៨ ​ខែ​មករា​ លោក​គី តិច ​មេធាវី​តំណាង​ឲ្យ​លោក​នាយក​រដ្ឋមន្រ្តី​ហ៊ុន សែន ​បាន​ដាក់​ពាក្យ​បណ្តឹង​ទៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ ប្តឹង​លោក​សម រង្ស៊ី ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ​ដែល​កំពុង​និរទេស​ខ្លួន​នៅ​ប្រទេស​បារាំង ​ពី​បទ​បរិហារ​កេរ្តិ៍​ជា​សាធារណៈ​ និង​ទាមទារ​សំណង​ចំនួន​៤​ពាន់​លាន​រៀល​ គឺ​ស្មើ​នឹង​១​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក។

ក្រុម​អ្នក​ច្បាប់​លើក​ឡើង​ថា​ ​មេធាវី​តំណាង​ឲ្យ​លោក​នាយក​រដ្ឋមន្រ្តី​ហ៊ុន សែន​មិន​អាច​ប្តឹង​ទាមទារ​សំណង​១​លានដុល្លារ​ពី​លោក​សម រង្ស៊ី ​ប្រធាន​គណបក្ស​សង្គ្រោះជាតិ​ពី​បទ​បរិហារ​កេរ្តិ៍នោះ​ទេ ​ប្រសិនបើ​ការ​លើក​ឡើង​របស់​លោក​សម រង្ស៊ី​ពាក់ព័ន្ធ​នឹង​សារ​នៅតាម​បណ្តាញ​សង្គម​ដែល​ចោទ​ថា​ លោក​ហ៊ុន សែន​ ឲ្យ​លុយ​១លាន​ដុល្លារ​ទៅ​កញ្ញា​ធី សុវណ្ណថា​ គឺ​ជា​ការពិត​នោះ។​

កាលពី​ថ្ងៃទី​១៨ ​ខែ​មករា​ លោក​គី តិច ​មេធាវី​តំណាង​ឲ្យ​លោក​នាយក​រដ្ឋមន្រ្តី​ហ៊ុន សែន ​បាន​ដាក់​ពាក្យ​បណ្តឹង​ទៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ ប្តឹង​លោក​សម រង្ស៊ី ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ​ដែល​កំពុង​និរទេស​ខ្លួន​នៅ​ប្រទេស​បារាំង ​ពី​បទ​បរិហារ​កេរ្តិ៍​ជា​សាធារណៈ​ និង​ទាមទារ​សំណង​ចំនួន​៤​ពាន់​លាន​រៀល​ គឺ​ស្មើ​នឹង​១​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក។​

បណ្តឹង​របស់​លោក​ហ៊ុន សែន​ ធ្វើ​ឡើង​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ​ បន្ទាប់​ពី​លោក​សម រង្ស៊ី ​ថ្លែង​តាម​បណ្តាញ​អ៊ីនធឺណិត​ពី​ប្រទេស​បារាំង ​ទៅ​កាន់​សកម្មជន​របស់​លោក​ដោយ​និយាយ​ថា​ លោក​ហ៊ុន សែន ​បាន​ផ្តល់​លុយ​ចំនួន​១​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក​ដល់​កញ្ញា​ធី សុវណ្ណថា ​ដែល​ជា​អតីត​អ្នក​គាំទ្រ​គណបក្ស​ប្រឆាំង​ ដោយ​បាន​រិះគន់​លោក​ហ៊ុន សែន​ មិន​សំចៃមាត់ ហើយ​ក្រោយ​មក​ក្លាយ​ជា​អ្នក​គាំទ្រ​គណបក្ស​កាន់​អំណាច​នេះវិញ។​

ពាក្យ​បណ្តឹង ​ដែល​លោក​គី តិច ​ដាក់​ទៅ​តុលាការ​ដើម្បី​ប្តឹង​លោក​សម រង្ស៊ី ​នោះ​ បាន​ដកស្រង់​សម្តី​ដើម​របស់​លោក​សម រង្ស៊ី ​ដែល​និយាយ​នៅ​ក្នុង​វេទិកា​សាធារណៈ​មួយ​ក្នុង​ទីក្រុង​ប៉ារីស ​កាលពី​ថ្ងៃទី​១៤ ខែ​មករា​ថា៖​

«នៅ​ក្នុង​វេទិកា​នោះ​ឈ្មោះ​សម រង្ស៊ី​ បាន​និយាយ​ថា ​‘ចុះ​ហ៊ុន សែន​ សូក ​ធី សុវណ្ណថា​១​លាន​ដុល្លារ​ ម៉េច​មិនមាន​នរណា​ធ្វើអី​ហ៊ុន សែន​ផង?…​១​លាន​ដុល្លារ​ និយាយ​លុយ​នោះ ​លុយ​ពុក​រលួយ… សូក​ឲ្យ​មនុស្ស​ធ្វើ​អាក្រក់ ​វាយ​ប្រហារ ​រក​រឿង​គណបក្ស​សង្គ្រោះជាតិ​ ឲ្យ​ធ្វើ​បាតុ​កម្ម»។​

នាយក​ប្រតិបត្តិ​ក្រុម​អ្នក​ច្បាប់​ការពារ​សិទ្ធិ​កម្ពុជា​គឺ​លោក​ហុង គឹមសួន​ បាន​ប្រាប់ ​VOA​ ថា​ ប្រសិន​បើ​ការ​ថ្លែង​របស់​លោក​សម រង្ស៊ី ដែល​ថា​ លោក​ហ៊ុន សែន ​ផ្តល់​លុយ​១លាន​ដុល្លារ​ឲ្យ​កញ្ញា​ធី សុវណ្ណថា​ នោះ​គឺ​ជា​ការ​លើក​ឡើង​របស់​លោក​សម រង្ស៊ី​ដោយ​ខ្លួន​ឯង ​មិន​យោង​លើ​សារ​សន្ទនា​ដែល​បង្ហោះ​លើ​បណ្តាញ​សង្គម​ហ្វេសប៊ុក ​ហើយ​សារ​នោះ​មិនមែន​ជា​ការណ៍ពិត​ ​នោះ​លោក​សម រង្ស៊ី​ នឹង​ត្រូវ​ប្រឈម​នឹង​ការ​ចោទ​ប្រកាន់។ ​លោក​បន្ត​ថា ​ក្នុង​ករណី​ដែល​លោក​សម រង្ស៊ី​ លើក​ឡើង​យ៉ាង​ដូច្នេះ​ ប៉ុន្តែ​ប្រសិន​បើ​សារ​នោះ​ជា​សារ​សន្ទនា​ពិត​ប្រាកដ​នោះ នោះ​លោក​មិន​ត្រូវ​ប្រឈម​នឹង​ការ​ចោទ​ប្រកាន់​នោះ​ទេ។

លោក​មាន​ប្រសាសន៍​ថា៖

«បើ​រក​ទៅ​ថា​ មិនមែន​ទេ​ អា​ហ្នឹង​ជន​ដែល​ត្រូវ​ចោទ​ហ្នឹង​ត្រូវ​បង្ហាញ​ភស្តុ​តាង​ជូន​ដល់​ចៅក្រម​អង្កេត។ ​ចៅក្រម​អង្កេត​មាន​សិទ្ធិ​ថា​ មែន​ ឬ​មិន​មែន។​ មាន​សិទ្ធិ​ថា​ មែន ឬ​មិន​មែន​ ក៏​ផ្អែក​ទៅ​លើ​ការ​ស៊ើប​អង្កេត​ផង​ដែរ​ មិនមែន​សម្រេច​តែ​លើ​គាត់​ម្នាក់​ឯង​ទេ ព្រោះ​វា​ទាក់ទង​អ្នក​ជំនាញ​ ថា​តើ​អ្នកបាន​សារ​ហ្នឹង ឬ​បាន​សំឡេង​ហ្នឹង​ពី​ណា​មក គឺ​ត្រូវ​រក​ប្រភព​ដើម​មក​ទៀត។​ អាហ្នឹង​បើ​ធ្វើ​ការ​តាម​ផ្លូវ​ច្បាប់​ហ្នឹង​ណា»។​

លោក​មេធាវី ​សុក សំអឿន ​លើក​ឡើង​ថា ​តើ​ការ​ចោទ​ប្រកាន់​លោក​សម រង្ស៊ី​ ពី​បទ​បរិហារ​កេរ្តិ៍ធ្វើទៅ​បាន​ ឬ​មិន​បាន​នោះ​ គឺ​អាស្រ័យ​លើ​ការ​ថ្លែង​របស់​លោក​សម រង្ស៊ី ​ថា​តើ​លោក​ថ្លែង​ចោទ​ប្រកាន់​លោក​ហ៊ុន សែន ដោយ​គំនិត​របស់​លោក​សម រង្ស៊ី ផ្ទាល់ ​ឬលោក​លើក​ឡើង​តាម​សារ​ដែល​បាន​បង្ហោះ​លើ​ទំព័រ​ Facebook។​

លោក​បញ្ជាក់​ថា៖​

«យើង​មិន​ដឹង​ថា ​តើ​សម្តី​របស់​លោក​សម រង្ស៊ី​ គាត់​និយាយ​ថា​ គាត់​ដឹង​ដោយ​ខ្លួន​ឯង ​ឬក៏​គាត់ ​Quote ​[ស្រង់សម្តី] គេ​ផ្សាយ​ក្នុង ​Facebook។​ បើសិន​គាត់ Quote ​អាហ្នឹង​វា​មិន​មែន​ជា​ការ​បរិហារ​កេរ្តិ៍​ទេ។ បើសិន​គាត់​យក​អាហ្នឹង​ជា​ព័ត៌មាន​ពិត​តែម្តង​ អាហ្នឹង​ជា​បញ្ហា​មួយ»។​

មាត្រា​៣០៥​នៃ​ក្រម​ព្រហ្មទណ្ឌ​ចែង​ថា​ គ្រប់​កា​រអះអាង​ដោយ​បំផ្លើស ​ឬ​ការ​ទម្លាក់​កំហុស​ដោយ​អសុទ្ធ​ចិត្ត​លើ​អំពើ​ណាមួយ​ដែល​នាំ​ឲ្យ​ប៉ះពាល់​ដល់​ កិត្តិយស​ ឬ​កិត្តិ​ស័ព្ទ​នៃ​បុគ្គល​ ឬស្ថាប័ន គឺ​ជា​ការ​បរិហារ​កេរ្តិ៍​ ហើយ​ត្រូវ​ពិន័យ​ជា​ប្រាក់​ពី​១០០.០០០​ (មួយ​សែន)​រៀល​ទៅ​១០.០០០.០០០​(ដប់​លាន)​រៀល ​សម្រាប់​បទ​បរិហារ​កេរ្តិ៍​ដែល​ប្រព្រឹត្ត​តាម​គ្រប់​មធ្យោបាយ។​

ក្រោយ​ពី​ឆ្លើយ​បំភ្លឺ​តាម​ការ​កោះ​ហៅ​របស់​លោក​សៀង សុខ ​តំណាង​អយ្យការ​សាលា​ដំបូង​រាជធានី​ភ្នំពេញ ​នា​រសៀល​ថ្ងៃ​ព្រហស្បតិ៍ ​ទី​២៦ ​ខែ​មករា​នេះ​ ​លោក​មេធាវី​គី តិច​ ប្រាប់​អ្នក​សារ​ព័ត៌មាន​ថា ​លោក​ប្តឹង​ការ​លើក​ឡើង​របស់​លោក​សម រង្ស៊ី ​ដែល​បាន​ចោទ​ថា ​លោក​ហ៊ុន សែន ​ឲ្យ​លុយ​ទៅ​កញ្ញា​ធី សុវណ្ណថា​ ១​លាន​ដុល្លារ។ ​លោក​ថ្លែង​ថា ​ចំពោះ​ករណី​សារ​ដែល​បាន​បង្ហោះ​លើ​ទំព័រ​ហ្វេសប៊ុក​នោះ លោក​ទុក​ឲ្យ​សមត្ថកិច្ច​ជា​អ្នក​សម្រេច។​

លោក​បញ្ជាក់​ថា៖​

«សូម​បញ្ជាក់​ថា​ ទុក​ជូន​សមត្ថកិច្ច​តុលាការ​ជា​អ្នក​ចាត់​ការ​សិន​ចុះ​ បើសិនជា​តុលាការ​រក​ឃើញ​ថា​ សារ​នេះ​ជា​សារ​មិន​ពិតប្រាកដ ​សារ​ប្រឌិត​ឡើង ​សារ​ក្លែងក្លាយ​ អាហ្នឹង​តុលាការ​នឹង​សម្រេច​រឿង​ក្តី​ហ្នឹង​ ឲ្យ​បង​ប្អូន​សារ​ព័ត៌មាន ​សាធារណជន​ដឹង​តាម​រយៈ​សាលក្រម​របស់​តុលាការ​នៅ​ថ្ងៃ​ហ្នឹង​ហើយ»។​

​លោក​លី សុផាណា ​អ្នក​នាំ​ពាក្យ​សាលា​ដំបូង​រាជធានី​ភ្នំពេញ ​មិន​បាន​បញ្ជាក់​ថា​តើ​តុលាការ​នឹង​បើក​ការ​ស៊ើប​អង្កេត​ស្វែង​រក​អ្នក​ដែល​បង្ហោះ​សារ​នោះ​ ឬ​យ៉ាងណា​នោះ​ទេ ​ដោយ​លោក​ប្រាប់​ថា ​ការ​ស៊ើប​អង្កេត​ត្រូវ​រក្សា​ទុក​ជា​ការណ៍​សម្ងាត់។

លោក​សម រង្ស៊ី​ បាន​ប្រាប់ ​VOA ​ក្នុង​ពេល​កន្លង​មក​ថា​ សម្តី​ដែល​លោក​បាន​ថ្លែង​ទៅ​កាន់​សកម្មជន​កាល​ពី​ថ្ងៃទី​១៤​ ខែ​មករា​នេះ ​គឺ​សំដៅ​លើ​សារ​ឆ្លើយឆ្លង​គ្នា​រវាង​អ្នក​ប្រើ​ប្រាស់​កម្មវិធី ​Line ​ពីរនាក់​ដែល​ហៅ​គ្នា​ទៅ​វិញ​ទៅ​មក​ថា​ «តា» ​និង​«ចៅ»​ ហើយ​កិច្ច​សន្ទនា​នោះត្រូវ​បាន​បង្ហោះ​លើ​ទំព័រ​ Facebook ​របស់​កញ្ញា​ធី សុវណ្ណថា កាលពី​ខែ​វិច្ឆិកា​កន្លង​ទៅ។ ​សារ​ដែល​អ្នក​ប្រើប្រាស់​ Facebook សង្ស័យ​ថា​ ជា​ការ​សន្ទនា​គ្នា​រវាង​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន និង​កញ្ញា ធី សុវណ្ណថា ទាក់ទង​នឹង​ការ​ផ្តល់​លុយ​ចំនួន​១​លាន​ដុល្លារ​ទៅ​ឲ្យ​កញ្ញា​ធី សុវណ្ណថា ​នោះ ត្រូវ​បាន​ដក​ចេញ​ពី​ទំព័រ​ Facebook ​របស់​នាង​វិញ​យ៉ាង​ឆាប់​រហ័ស។

លោក​សម រង្ស៊ី ​ក៏​បាន​បញ្ជាក់​ដែរ​ថា ​លោក​មិន​ខ្វល់​នឹង​បណ្តឹង​របស់​លោក​ហ៊ុន សែន នោះ​ទេ ​ដោយ​លោក​អះអាង​ថា ​លោក​និយាយ​តាម​ការណ៍​ពិត។​

លោក​បន្ថែម​ក្នុង​សម្តី​ដើម​ថា៖​

«ហ៊ុន សែន ​លោក​និយាយ​ខ្លួន​គាត់​ ហើយ​គេ​ចុះ​ផ្សាយ​ព្រោងព្រាត​ គាត់​អត់​បដិសេធ​ ដូច្នេះ​ជា​ការណ៍​ពិត។ ​ហើយ​ខ្ញុំ​គ្មាន​ខ្វល់​អំពី​អ្នក​ណា​គេ​ប្តឹង​ខ្ញុំ​ទេ​ ដរាប​ណា​ខ្ញុំ​និយាយ​ការណ៍​ពិត»។​

ពាក់ព័ន្ធ​នឹង​ការ​ថ្លែង​របស់​លោក​សម រង្ស៊ី ​ដែល​ថា ​លោក​ហ៊ុន សែន ​បាន​ឲ្យ​លុយ​ទៅ​កញ្ញា​ធី សុវណ្ណថា ​ចំនួន​១​លាន​ដុល្លារ ​ដើម្ប​បំបែក​គណបក្ស​ប្រឆាំង​នោះ​ កញ្ញា​ធី សុវណ្ណថា ​ក៏​បាន​ប្តឹង​លោកសម រង្ស៊ី​ ពី​បទ​បរិហារកេរ្តិ៍​ដែរ​ ដោយ​ទារ​សំណង​ជំងឺ​ចិត្ត​ចំនួន​២៥០.០០០​ដុល្លារ។​

អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​របស់​រដ្ឋាភិបាល​ធ្លាប់​បាន​លើក​ឡើង​ថា ​មិន​មាន​គម្រោង​ស៊ើប​អង្កេត​លើ​សារ​ទាំងនោះ​ឡើយ។​

រហូត​មក​ដល់ពេល​នេះ ​លោក​សម រង្ស៊ី ​កំពុង​រង​នូវ​ការ​ចោទ​ប្រកាន់​ និង​កាត់​ទោស​ចំនួន​៧ករណី​ រួម​មាន​បទ​សម​គំនិត​ក្លែង​ឯកសារ​សាធារណៈ ការ​បរិហារ​កេរ្តិ៍​មេដឹកនាំ​គណបក្ស​កាន់​អំណាច​ ដែល​មាន​ដូចជា​ការ​បរិហារ​កេរ្តិ៍​លោក​ហ៊ុន សែន​ លោក​ហេង សំរិន​ និង​លោក​ហោ ណាំហុង៕

XS
SM
MD
LG