កម្ពុជាអំពាវនាវស្វែងរកគ្រូពេទ្យស្ម័គ្រចិត្ត ខណៈករណីឆ្លងវីរុសកូរ៉ូណាកំពុងកើនឡើង
នៅរាត្រីថ្ងៃច័ន្ទនេះ ក្រសួងសុខាភិបាលកម្ពុជាបានប្រកាសស្វែងរកគ្រូពេទ្យ និងអ្នកជំនាញវេជ្ជវិទ្យាស្ម័គ្រចិត្ត ដើម្បីចូលរួមបំពេញកិច្ចការចាំបាច់នានាក្នុងការទប់ស្កាត់ការឆ្លងរាលដាលនៃវីរុសកូរ៉ូណា ឬកូវីដ១៩ នៅក្នុងប្រទេស។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានថ្មីមួយរបស់ក្រសួង។
ការអំពាវនាវនេះធ្វើឡើង បន្ទាប់ពីរដ្ឋាភិបាលកម្ពុជាបានសម្រេចប្រកាសបិទសាលារៀន និងគ្រឹះស្ថានអប់រំទូទាំងប្រទេស ខណៈករណីឆ្លងវីរុសក្នុងប្រទេសបានកើនដល់ ១២ករណី ក្នុងនោះរួមមានជនជាតិខ្មែរយ៉ាងតិច៣នាក់។
នៅក្នុងសេចក្តីប្រកាសព័ត៌មានចុងក្រោយនោះ ក្រសួងសុខាភិបាលបានឲ្យដឹងថា ដោយសារមានការស្នើសុំធ្វើតេស្តរកវីរុសកូរ៉ូណាកាន់តែកើនឡើង ក្រសួងបានពង្រីកគម្រោងព្យាបាល និងធ្វើតេស្តរបស់ខ្លួនមួយកន្លែងទៀត នៅអតីតមណ្ឌលសុខភាពចាក់អង្រែ ក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដែលមានចំណុះគ្រែចំនួន ១០០ បន្ថែមទៀត។
ចំនួនករណីឆ្លង៖ សរុប ២៤ ករណីត្រឹមព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០
កម្ពុជាបានរកឃើញពលរដ្ឋកម្ពុជាចំនួន ១២នាក់ទៀត ឆ្លងវីរុសកូវីដ១៩ (COVID-19) ដែលចំនួនសរុបនៃការឆ្លងនេះបានឡើងទៅដល់ ២៤ករណីនៅទូទាំងប្រទេស កើនទ្វេដងក្នុងរយៈពេលមួយថ្ងៃ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានក្រសួងសុខាភិបាលនៅថ្ងៃអង្គារនេះ។
មកទល់ព្រឹកនេះ គេរកឃើញចំនួន១៣ករណី ដែលកើតលើអ្នកដែលបានត្រឡប់មកពីការចូលរួមពិធីសាសនាមួយនៅប្រទេសម៉ាឡេស៊ី នៅក្បែរទីក្រុងកូឡាឡាំពួរ។ ពិធីសាសនានោះប្រព្រឹត្តទៅនៅចន្លោះពីថ្ងៃទី២៨ ខែកុម្ភៈ ដល់ខែទី០១ ខែមីនា ឆ្នាំ២០២០។ នៅតំបន់អាស៊ីគេរកឃើញ អ្នកឆ្លងកូវីដ១៩ រាប់រយករណីដែលបានពាក់ព័ន្ធនឹងការជួបជុំគ្នាក្នុងពិធីសាសនា ដែលមានមនុស្សប្រមាណ ១៦ ០០០ នាក់មកពីបណ្តាប្រទេសផ្សេងចូលរួម នេះបើតាមសារព័ត៌មានក្នុងស្រុករបស់ប្រទេសម៉ាឡេស៊ី។
ក្រសួងកំពុងតាមដានរកអ្នកដែលបានទៅចូលរួមពិធីសាសនានោះ ហើយដែលបានត្រឡប់មកកម្ពុជាវិញ នៅដើមខែមីនា និងកំពុងបន្តស្រាវជ្រាវរកអ្នកប៉ះពាល់សកម្មជាមួយពួកគេ។
ពង្រីកទីតាំងព្យាបាលអ្នកជំងឺកូវីដ១៩ នៅភ្នំពេញ
ក្រសួងសុខាភិបាលប្រកាសថ្ងៃអង្គារ ទី១៧ ខែមករានេះ ប្រកាសថា ខ្លួននឹងប្រើប្រាស់សណ្ឋាគារ Great DUKE (អតីតសណ្ឋាគារអាំងទែកុងទីណង់តាល់) ជាមន្ទីរពេទ្យសម្រាប់ពិនិត្យថែទាំ និងព្យាបាលអ្នកជំងឺកូវីដ១៩។ កាលពីយប់ម្សិលមិញ ក្រសួងក៏បានប្រកាសដែរថា បានរៀបចំទីតាំងសម្រាប់ព្យាបាលអ្នកជំងឺកូវីដនៅអតីតមណ្ឌលសុខភាពចាក់អង្រែ ជាអគារមួយដែលអាចដាក់បាន១០០គ្រែ។
ក្រសួងប្រកាសសុំកម្លាំងបន្ថែម
កន្លងមក ក្រសួងសុខាភិបាលធ្លាប់បានបញ្ជាក់ថា ខ្លួនបានត្រៀមមន្ត្រីជាង២០០០នាក់សម្រាប់ទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩។ ទោះជាយ៉ាងណា ក្រសួងសុខាភិបាលព្រឹកនេះ បានអំពាវនាវសុំជំនួយពីកងកម្លាំងសុខាភិបាលនៃកងយោធពលខេមរភូមិន្ទរបស់ក្រសួងការពារជាតិ និងកងកម្លាំងសុខាភិបាលនៃនគរបាលជាតិរបស់ក្រសួងមហាផ្ទៃ។ នេះជាការប្រកាសសុំកម្លាំងបន្ថែម ធ្វើឡើងមួយថ្ងៃក្រោយពីក្រសួងបានប្រកាសឲ្យមានការចូលរួមពីក្រុមគ្រូពេទ្យស្ម័គ្រចិត្តមួយក្រុម ដែលក្រុមនោះដឹកនាំដោយកូនប្រុសច្បងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គឺលោក ហ៊ុន ម៉ាណែត និងកូនប្រសារស្រីរបស់លោក គឺលោកស្រី ពេជ ចន្ទមុន្នី។ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តនោះ តម្រូវឲ្យទាក់ទងក្រសួងដើម្បីចុះឈ្មោះ និងទទួលបានការបណ្តុះបណ្តាលបន្ថែម មុននឹងចូលខ្លួនជួយការងារវិស័យសុខាភិបាលប្រយុទ្ធនឹងការរាតត្បាតជំងឺកូវីដ១៩។