ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី
ស្ត្រីម្នាក់ប្រើក្រមាធ្វើជាម៉ាស់ការពារ ខណៈបុគ្គលិកប្រចាំអង្គការមូលនិធិកុមារកម្ពុជា (CCF) កំពុងបាញ់ថ្នាំសម្លាប់មេរោគដើម្បីជួយទប់ស្កាត់ការឆ្លងរាលដាលនៃវីរុសកូរ៉ូណាប្រភេទថ្មី នៅតំបន់ស្ទឹងមានជ័យ ជាយរាជធានីភ្នំពេញ ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០។
ស្ត្រីម្នាក់ប្រើក្រមាធ្វើជាម៉ាស់ការពារ ខណៈបុគ្គលិកប្រចាំអង្គការមូលនិធិកុមារកម្ពុជា (CCF) កំពុងបាញ់ថ្នាំសម្លាប់មេរោគដើម្បីជួយទប់ស្កាត់ការឆ្លងរាលដាលនៃវីរុសកូរ៉ូណាប្រភេទថ្មី នៅតំបន់ស្ទឹងមានជ័យ ជាយរាជធានីភ្នំពេញ ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០។

ព័ត៌មានចុងក្រោយ៖ ពុំ​មាន​ករណី​ឆ្លង​វីរុស​ថ្មី​ជាង​២​សប្តាហ៍ ​ប៉ុន្តែ​ WHO ​ជំរុញ​​ឲ្យ​កម្ពុជា​បន្ត​​ប្រុង​ប្រយ័ត្ន​ខ្ពស់

វីរុសកូរ៉ូណា ឬកូវីដ១៩ ដែលជាជំងឺរលាកផ្លូវដង្ហើមដ៏ប្រល័យមួយ កំពុងឆ្លងរាលដាលនៅបណ្តាប្រទេសជាង ១២០ ទូទាំងពិភពលោក។ អង្គការសុខភាពពិភពលោក (WHO) បានប្រកាសជាផ្លូវការថា វីរុសនេះគឺជារោគរាតត្បាតសកល ដែលតម្រូវឲ្យមានការយកចិត្តទុកដាក់ខ្លាំងពីរដ្ឋាភិបាលនៃបណ្តាប្រទេសនីមួយៗ ក្នុងការតាមដាន ស្វែងរក ធ្វើតេស្ត ព្យាបាល និងប្រមូលផ្តុំប្រជាពលរដ្ឋរបស់ខ្លួន ដើម្បីទប់ស្កាត់ការឆ្លងរាលដាលកាន់តែខ្លាំងឡើងនៃវីរុសកូរ៉ូណានេះ។ វីរុសកូរ៉ូណា ឬកូវីដ១៩ បានផ្ទុះឡើងនៅទីក្រុងវូហាន ខេត្តហ៊ូបេ ប្រទេសចិន កាលពីចុងឆ្នាំ ២០១៩។ មកទល់ពេលនេះ វីរុសនេះបានសម្លាប់មនុស្សយ៉ាងហោចណាស់ជិត ៧ពាន់នាក់ ហើយបណ្តាលឲ្យមនុស្សជាង ១៦ម៉ឺននាក់ឆ្លងវីរុសនេះ នៅទូទាំងពិភពលោក។

២០:៤៥ ២៧.៣.២០២០

ហាង​អាហារ​នៅ​ភ្នំពេញ​ប្រឈម​បិទទ្វារ ខណៈកម្ពុជា​មានការ​ឆ្លង​វីរុស​កូរ៉ូណា

អ្នកស្រី ចាន់ណា សុឃីម ម្ចាស់ហាងបុកល្ហុងស្នាដៃប្តីខ្ញុំ នៅរាជធានីភ្នំពេញ កំពុងអង្គុយក្នុងហាង កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០។ (កាន់ វិច្ឆិកា/VOA Khmer)
អ្នកស្រី ចាន់ណា សុឃីម ម្ចាស់ហាងបុកល្ហុងស្នាដៃប្តីខ្ញុំ នៅរាជធានីភ្នំពេញ កំពុងអង្គុយក្នុងហាង កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០។ (កាន់ វិច្ឆិកា/VOA Khmer)

ភ្នំពេញ — អ្នកស្រី​ ចាន់ណា សុឃីម ​អាច​នឹង​បង្ខំចិត្ត​បិទ​ហាង​បុក​ល្ហុងឈ្មោះ ​«ស្នា​ដៃ​ប្តី​ខ្ញុំ» ​របស់​អ្នកស្រី​ដែល​មាន​ទីតាំង​នៅ​ខាង​ក្រោយ​ព្រះ​បរម​រាជវាំង។ អ្នកស្រី​បាន​ចាប់​ផ្តើម​បើក​ហាង​លក់​បុក​ល្ហុង​ អស់​រយៈពេល​ជាង​២​ឆ្នាំ ​តាំង​ពី​ហាង​នៅ​តូច​ រហូត​ដល់​ហាង​ធំ។​

ហាង​ដែល​អ្នកស្រី​ធ្លាប់​រក​ចំណូល​បានជាង​ ១​ពាន់​ដុល្លារ​ក្នុង​មួយថ្ងៃ ​តែ​ថ្ងៃ​នេះ​មិន​មាន​ភ្ញៀវ​ដូច​មុនទេ​ ដោយសារ​ប្រជា​ពលរដ្ឋ​ចាប់​ផ្តើម​ភ័យ​ខ្លាច​វីរុស​កូរ៉ូណា ​ដែល​កំពុងឆ្លង​ជិត​ ១០០ករណី​នៅ​កម្ពុជា។​

កំពុង​អង្គុយក្នុង​ហាង​ដែល​មាន​តុ​ចំនួន​ជាង​ ៥០ ទាំង​ជាន់​លើ ​និង​ជាន់​ក្រោម​ អ្នកស្រី ​សុឃីម​ អាយុ​៣៧​ឆ្នាំ ​ប្រាប់ ​ VOA ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ថា ហាង​របស់​អ្នកស្រី​ចាប់​ផ្តើម​ធ្លាក់​ភ្ញៀវ​ជា​បន្ត​បន្ទាប់​ និង​ធ្លាក់​ចំណូល​ពី​មួយ​ថ្ងៃ​ ១២០០​ដុល្លារ​ មក​នៅ​ត្រឹម​ប្រមាណ​ជា​ ១០០​ដុល្លារ​ប៉ុណ្ណោះ​ ​ចាប់​តាំង​ពី​ដើម​ខែ​មីនា​មក ពោល​គឺ​នៅ​ពេល​មាន​ករណី​ជនជាតិ​ខ្មែរ​មួយ​រូប​នៅ​ខេត្ត​សៀមរាប​បាន​ឆ្លង​វីរុស​កូរ៉ូណា។​

«ពី​ថ្ងៃ​ទី​៣​ ដែល​គេ​តេស្ត​ឃើញ​មក​ ការ​ធ្លាក់​របស់​យើង​ធ្លាក់​សល់​ ៤០០​ជាង​ ឬ​៥០០ ហើយ​ចាប់​ផ្តើម​ចុះ​អ៊ីចឹង​រហូត​ រហូត​ដល់​គេ​តេស្ត​កាន់​តែ​ឃើញ។ ​បងប្អូន​ខ្មែរ​ឥស្លាម​យើង​ ឃើញ​អ្នកកូវីដ​កាន់​តែ​ច្រើន ​គឺទៅ​តែម្តង។ ពេល​ល្ងាច​គឺ​អត់​មាន​ភ្ញៀវ​ធ្វើ​ដំណើរ ​ ភ្ញៀវ​ឆ្លង​កាត់​ទេ ​ហើយ​បានរាល់​ថ្ងៃ​គឺ​យើង​លក់​បាន​ដោយ​សារ​តែ​ភ្ញៀវ​ខ្ចប់​ទេ»។​

ការ​រកស៊ី​ទាំង​តូច ទាំង​ធំ​នៅ​ភ្នំពេញ ​ក៏​ដូច​ជា​នៅ​តាម​បណ្តា​ខេត្ត ​បាន​ធ្លាក់​ភ្ញៀវ ​បិទ​ហាង​ចោល ​បើ​ទោះ​បី​រដ្ឋាភិបាល​មិន​ទាន់​ហាម​ឃាត់​មិន​ឲ្យ​ប្រជា​ពលរដ្ឋ​ធ្វើ​ដំណើរ​ចេញ​ពី​ផ្ទះ ​ដើម្បី​ទប់​ស្កាត់​លទ្ធភាព​នៃ​ការ​ឆ្លង​វីរុស​នេះ​ក្តី។ រដ្ឋាភិបាល​បាន​បិទ​ការ​ជួប​ជុំ​ជា​ទ្រង់​ទ្រាយ​ធំ ដូច​ជា​ការ​ប្រគំ​តន្រ្តី ​កន្លែង​ច្រៀង​កម្សាន្ត​ ខារ៉ាអូខេ​ ក្លឹប​កម្សាន្ត ​និង​បៀរ​ហ្គាឌិន​ជាដើម។​

ប៉ុន្តែ​ ហាង​បុក​ល្ហុង​របស់​អ្នកស្រី ​សុឃីម ​មិន​ត្រូវ​បាន​ហាម​ប្រាម​ទេ។​ ម្ចាស់​ហាង​ដដែល​នេះ​រៀបរាប់​ថា ដោយ​សារ​ចំណូល​ដែល​អ្នកស្រី​ទទួល​បាន​ក្នុង​រយៈពេល​ជិត​មួយ​ខែ​នេះ ​មិន​គ្រប់​សម្រាប់​ថ្លៃ​ហាង​ ២៥០០​ដុល្លារ ​និង​សម្រាប់​ប្រាក់​ខែ​ ​បុគ្គលិក​អ្នកស្រី​បាន​សម្រេច​កាត់​បន្ថយ​បុគ្គលិក​ពី ​១៥​នាក់​មក​នៅ​ត្រឹម​ ៤​នាក់។ ​អ្នកស្រី​បន្ត​ថា ​ ប្រសិន​បើ​មេរោគ​នេះ​នៅ​អូស​បន្លាយ​ត្រឹម​រយៈ​ពេល​ពីរ​ខែ​ទៀត ​អ្នកស្រី​នឹង​ត្រូវ​ក្ស័យ​ធន​សម្រាប់​មុខ​របរ ​ដែល​អ្នកស្រី​ខំ​បង្កើត​អស់​រយៈពេល​ពីរ​ឆ្នាំ​នេះ។

«ម្នាក់ៗ​ព្យាយាម​លួង​ចិត្ត​ខ្លួន​ឯង​ថា កុំ​ឲ្យ​បាក់​ទឹក​ចិត្ត ប៉ុន្តែ​អ្នក​ដែល​រក​ស៊ី​គឺ​ត្រូវ​ការ​ចំណូល។ អ្នក​ណា​ក៏​ចង់​បាន​លុយ​ដែរ តែ​នៅ​ពេល​ដែល​យើង​រកអត់​បាន កម្លាំង​ចិត្ត​យើង​ក៏​ចេះ​តែ​ខ្សោយ​ទៅ​ដែរ។ ហើយ​បញ្ហា​បំណុល បញ្ហា​គ្រប់​យ៉ាងនៅជុំ​វិញ​យើង​ ធ្វើ​ឲ្យ​យើង​អត់​មាន​ថាមពល​ក្នុង​ខ្លួន​ទេ។ ​ទោះបីយើង​ព្យាយាមប្រឹង​ប្រែង​លក់ ប៉ុន្តែ​យើង​នៅ​តែ​ហត់​ ហើយ​នឹក​ឃើញ​ថា​ អ្វី​ដែល​យើង​ខំ​ប្រឹង​មក​ ហេតុ​អី​ក៏​វា​ត្រូវ​ទៅ​អ៊ីចឹង?»

គិត​ត្រឹម​ថ្ងៃទី២៦ ខែ​មីនា​នេះ កម្ពុជា​មាន​ករណី​អ្នក​កើត​ជំងឺ​កូវីដ-១៩ ​ចំនួន​៩៨​នាក់។

អានព័ត៌មានលម្អិត

០២:០២ ២៧.៣.២០២០

ស្ថានទូត​ស្នើ​និស្សិត​កម្ពុជា​នៅ​សហរដ្ឋ​អាមេរិកផ្អាក​ដំណើរ​ទៅ​មាតុភូមិ​ដោយ​ហានិភ័យវីរុស​កូរ៉ូណា

វ៉ាស៊ីនតោន — ស្ថានទូត​កម្ពុជាបាន​ស្នើសុំ​ឱ្យ​សិស្ស​និង​និស្សិត​កម្ពុជា​ដែល​កំពុង​សិក្សា​នៅ​សហរដ្ឋ​អាមេរិក ជៀស​វាង​ការធ្វើ​ដំណើរ​វិល​ត្រឡប់​ទៅ​មាតុភូមិ​វិញ​ជាបណ្តោះ​អាសន្ន​ បើ​ទោះ​បីជា​សាលារៀន​ជាច្រើន​នៅ​សហរដ្ឋ​អាមេរិកបាន​ផ្អាក​ការសិក្សា​ដើម្បី​ទប់ស្កាត់​ការឆ្លងវីរុស​កូរ៉ូណា​ក៏ដោយ។

នៅក្នុង​សេចក្តី​អំពាវនាវ​មួយ​ កាលពី​ថ្ងៃពុធ​ដែល​វីអូអេ​ទទួល​ បាន​បញ្ជាក់​ថា៖ «រាជរដ្ឋាភិបាល​កម្ពុជា​ពុំមាន​ផែនការ​ជម្លៀស​សិស្ស-និស្សិត​យើង​ដែល​កំពុង​សិក្សា​នៅ​តាម​បណ្តា​ប្រទេស​នានា​ឡើយ​រួមទាំងនៅ​សហរដ្ឋ​អាមេរិក​ផងដែរ។ ទន្ទឹមនឹង​នេះ​ក្នុងគោលដៅ​ទប់ស្កាត់​ការរីករាលដាល​នៃ​ COVID-19​ នៅ​កម្ពុជា​និង​ដោយ​ផ្អែក​លើ​ហានិភ័យ​ខ្ពស់​នៃ​ការធ្វើ​ដំណើរ​តាម​យន្តហោះ​រាជ​រដ្ឋាភិបាល​កម្ពុជា សូម​ធ្វើការ​អំពាវនាវ​ដោយ​ទទូច​សូម​សិស្ស​-និស្សិត​ជៀសវាង​បណ្តោះ​អាសន្ន​ការធ្វើ​ដំណើរ​ទៅ​កាន់​មាតុប្រទេស​នា​ពេល​បច្ចុប្បន្ន»។

សាលារៀន​នៅ​ក្នុង​រដ្ឋ​ជាច្រើន​នៅ​សហរដ្ឋ​អាមេរិក​បាន​បិទទ្វារ​តាំង​ពី​ដើម​ខែ​មីនា ហើយ​រដ្ឋខ្លះ​នឹងបន្ត​បិទ​រហូត​ដល់​ដំណាច់ឆ្នាំ​សិក្សានេះ ដើម្បី​ទប់​ស្កាត់​ការឆ្លង​រាលដាល​ជំងឺកូវីដ​១៩​ដែល​បង្ក​ឡើង​ដោយ​វីរុស​កូរ៉ូណា​ថ្មី។ សាលារៀន​និង​មហាវិទ្យាល័យ​ខ្លះ​បាន​បង្កើត​កម្មវិធី​បង្រៀន​តាម​អនឡាញ​សម្រាប់​ពេល​វេលា​សេសសល់​ មុន​នឹង​ដល់វិស្សមកាល​នៅ​រដូវក្តៅ។

ស្ថានទូត​កម្ពុជា​ក៏បាន​ស្នើ​ឱ្យ​និស្សិត​ដែល​បញ្ចប់​ការសិក្សា​ត្រូវ​ពន្យា​ការធ្វើ​ដំណើ​មាតុភូមិនិវត្តន៍​មួយ​រយៈសិន​ និងបាន​ស្នើ​ឱ្យ​សិស្ស​និង​និស្សិត​ទាំងអស់​ប្រុងប្រយ័ត្ន​ការពារខ្លួន​ចំពោះ​គ្រោះថ្នាក់​នៃ​ការរីករាលដាល​នៃ​វីរុស​កូរ៉ូណាដោយជៀសវាង​ការ​ជួបជុំ​គ្នា​ និង​ការចេញ​ទៅក្រៅ​ជាដើម។

អានព័ត៌មានលម្អិត

១៩:៤៦ ២៦.៣.២០២០

ថៃ​ឲ្យ​ពលករ​ខ្មែរ​ស្នាក់ដល់​ចុង​ខែ​មិថុនា ​ខណៈ​ពួកគេ​ជាង​៤ម៉ឺន​នាក់​សម្រុក​មក​ប្រទេស​វិញ

រូបឯកសារ៖ ពលករចំណាកស្រុកកម្ពុជាដែលធ្វើការនៅប្រទេសថៃ ធ្វើដំណើរតាមរថយន្តក្រុងឆ្លងព្រំដែនមកកាន់ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៤។
រូបឯកសារ៖ ពលករចំណាកស្រុកកម្ពុជាដែលធ្វើការនៅប្រទេសថៃ ធ្វើដំណើរតាមរថយន្តក្រុងឆ្លងព្រំដែនមកកាន់ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៤។

ភ្នំពេញ — ខណៈរដ្ឋាភិបាល​ថៃ​ដាក់​ប្រទេស​ក្នុង​គ្រា​អាសន្ន ​ចាប់​ពី​ថ្ងៃ​ព្រហស្បតិ៍​នេះ​ ស្ថានទូត​កម្ពុជា​ប្រចាំ​នៅ​ប្រទេស​ថៃឲ្យ​ដឹង​ថា​ ថៃ​បាន​អនុញ្ញាត​ឲ្យ​ពលករ​ខ្មែរ​អាច​បន្ត​រស់​នៅ​និង​ធ្វើ​ការ​រហូត​ដល់​ចុង​ខែ​មិថុនា ​បើ​ទោះ​ជា​ឯកសារ​ហួស​សុពល​ភាព​ក៏​ដោយ។​

ប្រទេស​ថៃ​កំពុង​តែ​រឹត​បន្តឹង​ការ​ធ្វើ​ដំណើរ​ក្នុង​ប្រទេស ​និង​បាន​បិទ​ព្រំដែន​ជាមួយ​កម្ពុជា​កាល​ពី​ថ្ងៃ​ច័ន្ទ​ ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​រាត​ត្បាត​វីរុស​កូរ៉ូណា។​

បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ស្ថានទូត​កម្ពុជា​ប្រចាំ​នៅ​ប្រទេស​ថៃ​ចេញ​ផ្សាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ ពលរដ្ឋ​ខ្មែរ​នៅ​ប្រទេស​ថៃ​អាច​បន្ត​ស្នាក់​នៅ​បណ្តោះ​អាសន្ន​ដល់​ថ្ងៃ​ទី​៣០​ ខែ​មិថុនា​ដោយ​លើក​លែង​ការ​ផាក​ពិន័យ​ចំពោះ​ការ​ស្នាក់​នៅ​លើស​កំណត់។ ​ស្ថានទូត​ខ្មែរ​បញ្ជាក់​ថា ការ​ដាក់​ប្រទេស​ក្នុង​គ្រា​អាសន្នរបស់ថៃ​អាច​ធ្វើ​រហូត​ដល់ថ្ងៃ​ទី​៣០​ខែ​មេសា។​

ការណ៍​នេះ​អាច​ធ្វើ​ឲ្យពលរដ្ឋខ្មែរ​មួយ​ចំនួន​ប្រឈម​នឹង​ការ​ផុត​សុ​ពលភាព​ស្នាក់​នៅ ​និង​បណ្ណ​អនុញ្ញាត​ការងារ ​ដោយ​សារ​ពួកគេ​មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ធ្វើ​ដំណើរ​នោះ​ទេ។​

ស្ថានទូត​ខ្មែរបន្ត​ថា​ ក្នុង​ករណី​ពលករ​ខ្មែរ​ត្រូវ​ការ​ធ្វើ​ការ​បន្ត ​ថៅកែ​ត្រូវ​បញ្ជូន​បញ្ជី​ឈ្មោះ​ទៅ​ក្រសួង ​ឬ​មន្ទីរ​ការងារ​ក្រុង​/ខេត្ត ​តាម​រយៈ​ប្រព័ន្ធ​អនឡាញ​ឲ្យ​បាន​រួច​រាល់​ត្រឹម​ថ្ងៃ​ទី​៣១ ​ខែ​មីនា ​ដើម្បី​បន្ត​ធ្វើ​ការ​ជា​បណ្តោះ​អាសន្ន​បាន​រហូត​ដល់​ចុង​ខែ​មិថុនា។​

រដ្ឋាភិបាល​ថៃ​ កាល​ពី​ថ្ងៃ​ច័ន្ទ​ បាន​ចាប់​ផ្តើម​បិទ​ច្រក​ព្រំដែន​កម្ពុជា​ថៃ​សំខាន់ៗ ​ដែល​នាំ​ឲ្យ​ពលករ​ និង​ពលរដ្ឋ​ខ្មែរ​រាប់​ពាន់​នាក់ធ្វើ​ដំណើរ​ត្រឡប់​ចូល​មក​ប្រទេស​កម្ពុជា​វិញ ​ដែល​ការណ៍​នេះ​នាំ​ឲ្យ​មាន​ការ​ព្រួយ​បារម្ភ​អំពី​លទ្ធភាព​ច្រើន​នៃ​ការ​រីករាល​ដាល​នៃ​វីរុស​កូរ៉ូណា។​

អានព័ត៌មានលម្អិត

១៩:២២ ២៦.៣.២០២០

រស់​នៅ​១០​ថ្ងៃក្នុង​បន្ទប់​កញ្ចក់ ពលរដ្ឋ​កម្ពុជា​រៀបរាប់​ក្រោយ​ជា​សះស្បើយ​ពី​វីរុស​កូរ៉ូណា​

ភ្នំពេញ — ក្នុង​រយៈ​ពេល​១០​ថ្ងៃ​នៅ​មន្ទីរ​ពេទ្យ​ក្នុង​ខេត្ត​បាត់​ដំបង​ លោក​ អែល ម៉ាត់លី ​មិន​មាន​សេរីភាព​ដើរ​ហើរ​នោះ​ទេ។ ​លោក​ត្រូវ​បាន​ដាក់​ក្នុង​បន្ទប់​កញ្ចក់​ដែល​អាច​មើល​ឃើញ​ពី​ខាង​ក្រៅ ​ដើម្បី​សម្រាក​ព្យាបាល​ជំងឺ​កូវីដ​១៩។​

ជា​រៀង​រាល់​ថ្ងៃ​ លោក​ទាក់ទង​ជាមួយ​គ្រូពេទ្យ​តាម​ទូរស័ព្ទ​ ដែល​ប្រាប់​ឲ្យ​លោកវាស់​កម្តៅ ​វាស់​ចង្វាក់​បេះដូង ​និង​វាស់​កម្រិត​ឈាម​ជាដើម។​

លោក​ ម៉ាត់លី ​អាយុ​៤១​ឆ្នាំ ​ត្រូវ​បាន​គ្រូពេទ្យ​បញ្ជាក់​ថា​ លោក​បាន​ជា​សះ​ស្បើយ ​លែង​មាន​វីរុស​កូរ៉ូណា​ត​ទៅ​ទៀត​ហើយ។ លោក​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ទៅផ្ទះ​វិញ​ក្នុង​ភូមិ​សំភី​២​ សង្កាត់រតនៈ ​ក្រុង​បាត់​ដំបង ​កាល​ពី​ថ្ងៃ​ទី​២៤ ​ខែ​មីនា​ ​ប៉ុន្តែ​លោក​ត្រូវ​ធ្វើ​តេស្ត​ម្តង​ទៀត​នៅ​ខែ​ក្រោយ​នេះ។​

លោក​ ម៉ាត់លី ​ជា​មនុស្ស​ម្នាក់​ក្នុង​ចំណោម​ពលរដ្ឋ​កម្ពុជា៧៩​នាក់ ​ដែល​បាន​ទៅ​ចូលរួម​ពិធី​សាសនាមួយ​នៅ​ប្រទេស​ម៉ាឡេស៊ី ​កាល​ពី​ចុង​ខែ​កុម្ភៈ។​ លោកបាន​ឆ្លង​វីរុស​កូរ៉ូណា​នេះ។​

លោក​បាន​ត្រឡប់​មក​ពី​ប្រទេស​ម៉ាឡេស៊ីវិញ ​កាល​ពី​ថ្ងៃទី​៣ ​ខែមីនា ​ហើយ​ជាង​មួយ​សប្តាហ៍​ក្រោយ​មក​ លោក​ត្រូវ​បាន​ស្វែង​រក​ដោយ​អាជ្ញាធរ ​និង​ត្រូវ​បាន​ធ្វើ​តេស្ត​ ហើយ​ក៏​រក​ឃើញ​ថា​ មាន​ផ្ទុក​វីរុស​នោះ ​កាល​ពី​ថ្ងៃទី​១៤ ​ខែ​មីនា។​

អស់​រយៈ​ពេល​១០​ថ្ងៃ​ លោក​បាន​សម្រាក​នៅ​មន្ទីរ​ពេទ្យ ​ហើយ​ភរិយា​និង​កូន​របស់​លោក​ពីរ​នាក់ ​ដែល​មិន​ឆ្លង​វីរុស​នេះ​ ​សម្រាក​នៅផ្ទះ។ ​លោក​មាន​ប្រសាសន៍​ថា ​លោក​បច្ចុប្បន្ន​នេះ​កំពុង​ស្នាក់​នៅ​ផ្ទះ​របស់​លោក​ ក្រោយ​លោក​ត្រូវ​បាន​បញ្ជាក់​ពី​គ្រូ​ពេទ្យ​ថា លែង​មាន​វីរុស​កូរ៉ូណា​ត​ទៅ​ទៀត។​

លោក​បាន​ថ្លែង​ប្រាប់ ​VOA ​តាម​ទូរស័ព្ទនៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា៖​ «ការ​ពិនិត្យ​ហ្នឹង​គឺ​ឃើញ​អវិជ្ជមាន​ពីរ​ដង។​ គេ​តេស្ត​កំហាក​របស់​យើង។ ​ហើយ​ក្នុង​រយៈ​ពេល​ពីរ​បី​ថ្ងៃ​ គេ​ចេញ​លទ្ធផល​អវិជ្ជមាន។ ហើយ​ក្រោយ​មក​គេពិនិត្យ​ម្តង​ទៀត ​ក្នុង​រយៈ​ពេល​ពីរ​បី​ថ្ងៃ ​គេ​ពិនិត្យ​ឃើញ​អវិជ្ជមាន​ទៀត»។​

បើ​តាម​លោក ​ម៉ាត់​លី ​ដែល​ជា​អ្នក​រក​ស៊ី​លក់​ដូរ​ទូរ​ស័ព្ទ​ដៃ ស្ថានភាព​សុខភាព​របស់​លោក​បាន​ប្រែ​ប្រួល ​ដោយ​សារ​ពី​មុន​មកលោក​ផ្តាសាយ​ធំ​ ហើយ​អស់​កម្លាំង​រាល់​ពេល។​

លោក​បន្ត​ថា៖​ «សំខាន់​ដូច​ពេល​ហ្នឹង​ ខ្ញុំ​រាង​ដូច​ស្រស់ស្រាយ។ ​សុខភាព​រាង​ល្អ​ ដោយសារ​ពី​មុន​ហ្នឹង ​ខ្ញុំ​ចូល​លក្ខណៈ​ដូច​ផ្តាសាយ​ធំ ​ដល់​ពេល​ឥឡូវ​ហ្នឹង វា​ដូច​ជា​អត់ ​មាន​ស្អី​ទាំង​អស់។ សុខភាព​យើង​ធម្មតា​វិញ»។​

លោក​រៀបរាប់​ទៀត​ថា ការ​យក​សំណាក​ទៅ​ធ្វើ​តេស្ត​ម្តងៗ​គឺ​ជា​រឿង​លំបាក​មួយ​សម្រាប់​រូប​លោក​ ដែល​ធ្វើ​ឲ្យ​លោក​ពិបាក​ទ្រាំ។​

លោក​មាន​ប្រសាសន៍​ថា៖ ​«គេ​យក​សំឡី​រាង​វែង​បន្តិច​ទៅ។ ​គេ​រុក​ចូល​អា​ច្រមុះ​ស្តាំ​យើង​ទៅ​ រុក​ឲ្យ​ផុត ​ចូល​ក្នុង​រហូត​ដល់​យើង​ដង្ហក់។ ​ព្រោះ​អាហ្នឹង​ គេ​មើល​ដល់​ក្នុង។ ​ហើយ​កំហាក​ក៏​ដោយ​ គេរុក​បុក​ដល់​ក្នុង​ហ្នឹង​ដែរ​ ដល់​ពេល​យើង​ឡើងឈ្លក់»។

លោក​ជឿ​ថា​ ​លោក​មាន​វីរុស​កូរ៉ូណា​នេះ​ តែ​លោក​ថា​ ​ដោយសារ​លោក​មាន​អង់ទីករ​ខ្លាំងដូច្នេះ​ហើយ​ទើប​លោក​អាច​ជា​សះ​ស្បើយ​បាន​លឿន​ ហើយ​វីរុស​នេះប្រហែល​ស្ថិត​នៅ​ក្នុង​ខ្លួន​របស់​លោក ​តាំង​ពី​ថ្ងៃ​ទី​៣ ​ខែមីនា ​ពេលលោក​ត្រឡប់​មក​ពី​ប្រទេស​ម៉ាឡេស៊ី​វិញ។​

នៅ​ក្នុង​បន្ទប់​កញ្ចក់​ លោក​ស្នាក់​នៅ​ក្បែរអ្នក​ជំងឺ​ម្នាក់​ទៀត ​តែ​កន្លែង​គេង​របស់​ពួកគេ​ស្ថិត​នៅ​ចម្ងាយ​១ម៉ែត្រ​កន្លះ​ពី​គ្នា។ ​នេះ​បើ​តាម​លោក​ ម៉ាត់លី។ ​អ្នក​ជំងឺនៅ​ក្បែរ​នោះមិន​ទាន់​ជា​ជា​សះ​ស្បើយ​ពី​ជំងឺ​កូវីដ​១៩​នៅ​ឡើយ​ទេ។​

អានព័ត៌មានលម្អិត

ព័ត៌មាន​​​​​​ផ្សេង​​​ទៀត

XS
SM
MD
LG