ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

វេទិកា​សួរ​ដេញដោល​គ្នា​របស់​គណបក្ស​សាធារណរដ្ឋ​ជា​លើកចុង​ក្រោយ​ក្នុង​ឆ្នាំ​នេះ​​ផ្តោត​លើ​បញ្ហា​ភេរវកម្ម​ និង​សន្តិសុខ​ជាតិ


លោក​ Donald Trump (កណ្តាល) និយាយ​ ខណៈ​ពេល​មាន​ការ​សម្លឹង​ពី​លោក Ben Carson (ខាងឆ្វេង) និង Ted Cruz នៅ​អំឡុងពេល​វេទិកា​ជជែក​ដេញ​ដោល​បេក្ខជន​ប្រធានាធិបតី​គណបក្ស​សាធារណរដ្ឋ​នា​ថ្ងៃ​ទី១៥ ខែ​ធ្នូ ឆ្នាំ​២០១៥។

បេក្ខជន​ប្រកួត​ប្រជែងតំណែង​ប្រធានាធិបតី​នាំ​មុខ​គេ​ ចំនួន​៩​រូប​ខាង​គណបក្ស​សាធារណរដ្ឋ បាន​ប៉ះ​ទង្គិច​ពាក្យ​សម្តី​គ្នា​អំពី​បញ្ហា​សន្តិសុខ​ជាតិ​កាល​ពី​ថ្ងៃ​អង្គារ​ នៅ​ក្នុង​វេទិកា​សួរដេញដោល​គ្នា​មួយ ដែល​មាន​ការ​សួរ​ និង​ឆ្លើយ​សំណួរ​យ៉ាង​ក្លៀវក្លា​ក្នុង​ចំណោម​បេក្ខជន​កំពូលៗ​របស់​គណបក្ស​នេះ។

វេទិកា​សួរដេញ​ដោល​គ្នា​នៅ​ក្នុង​ទីក្រុង Las Vegas រដ្ឋ Nevada នោះ ​បាន​ធ្វើឡើង មិន​ដល់​ពីរ​ខែ​ផង មុនពេល​គេ​បើក​មហាសន្និបាត​របស់​គណបក្ស​នេះ​នៅរដ្ឋ Iowa។ មហាសន្និបាត​បក្ស​នៅ​ពេល​នោះ គឺ​ជា​ព្រឹត្តិការណ៍​ដ៏​សំខាន់​ ក្នុង​ការ​តែងតាំង​បេក្ខជន​តំណាង​ឲ្យ​គណបក្ស​ដំបូង​គេ​នៅ​ក្នុង​រដូវ​កាល​បោះឆ្នោត​បឋម។

វេទិកា​សួរដេញដោល​គ្នា​កាល​ពី​ថ្ងៃ​អង្គារ​ដំបូង​ឡើយ​ផ្តោត​ទៅ​លើ​ការ​អំពាវនាវ​របស់​លោក Donald Trump ដែល​ជា​បេក្ខជន​នាំ​មុន​គេ​ឲ្យ​ហាមឃាត់​ជា​បណ្តោះអាសន្ន​កុំ​ឲ្យ​អ្នក​កាន់សាសនា​ឥស្លាម​ចូល​ក្នុង​ទឹកដី​សហរដ្ឋអាមេរិក បន្ទាប់​ពី​មាន​ការ​វាយ​ប្រហារ​ភេរវកម្ម​ជា​ច្រើន​ក្នុង​ពេល​ថ្មីៗនេះ។

លោក ​Donald Trump ដែល​ជា​តារា​ក្នុង​កម្មវិធី​ជីវិត​ពិត​តាមទូរទស្សន៍ ​និង​ជា​សេដ្ឋី​អចលន​ទ្រព្យ​ផង​នោះ​បាន​ការពារ​សំណើរ​របស់​លោក ដោយ​ចាត់​ទុក​ថា​វា​ពិត​ជា​សម​ហេតុផល។ លោក​បាន​ទទូច​ថា «យើង​មិន​មែន​និយាយ​អំពី​បញ្ហា​សាសនា​ទេ។ យើង​កំពុង​និយាយ​អំពី​បញ្ហា​សន្តិសុខ​»។

​ទោះ​បី​ជា​មេដឹកនាំ​គណបក្ស​សាធារណរដ្ឋ​ជាច្រើន​រូប បាន​រិះគន់​សំណើ​ររបស់​លោក​Trump ក៏ដោយ ក៏​បេក្ខជន​ភាគច្រើន​ដែល​បាន​សួរដេញដោល​គ្នា​កាល​ពី​ថ្ងៃ​អង្គារ​នោះ ហាក់​ដូច​ជា​ស្ទាក់ស្ទើរ​ក្នុង​ការ​ប្រឈមមុខជាមួយ​នឹង​លោក Trump ដោយ​ផ្ទាល់​ជុំវិញ​បញ្ហា​ហាម​ប្រាម​អ្នក​កាន់​សាសនា​ឥស្លាម​កុំ​ឲ្យ​ចូល​ក្នុង​ទឹកដី​អាមេរិក​នេះ៕

XS
SM
MD
LG