ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សកម្មជន​នយោបាយ​ឡាវ​ត្រូវ​បាន​បាញ់​សម្លាប់​នៅ​ហាង​កាហ្វេ


ខេត្ត​បូកែវ​ប្រទេស​ឡាវ
ខេត្ត​បូកែវ​ប្រទេស​ឡាវ

សកម្មជន​ល្បី​ឈ្មោះ​ម្នាក់​និង​ជា​អ្នក​រិះគន់​រដ្ឋាភិបាល​ឡាវ​ត្រូវ​បាន​គេ​បាញ់​សម្លាប់​នៅ​ឯ​ហាង​កាហ្វេ​មួយ​កន្លែង​ក្នុង​រដ្ឋធានី​វៀងចន្ទន៍ ប្រទេស​ឡាវ ដោយ​រូបភាព​នៃ​អំពើ​ឃាតកម្ម​នេះ​ត្រូវ​បាន​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​បង្ហោះ​អនឡាញ។ នេះ​បើ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP។

ប្រទេស​ឡាវ​ត្រូវ​បាន​គេ​រិះគន់​ជា​យូរ​មក​ហើយ​ថា​មាន​ប្រវត្តិ​សិទ្ធិ​មនុស្ស​មិន​ល្អ និង​ថា​បាន​បរាជ័យ​ក្នុង​ការ​ធ្វើការ​ស៊ើប​អង្កេត​ឱ្យ​បាន​ត្រឹមត្រូវ​លើ​ការ​បាត់​ខ្លួន​អ្នក​រិះគន់​រដ្ឋាភិបាល។
អង្គការ​សិទ្ធិ​មនុស្ស Human Rights Watch និង​អង្គការ​សិទ្ធិ​មនុស្ស Amnesty International បាន​ថ្កោលទោស​អំពើ​ឃាតកម្ម​នេះ​និង​បាន​ជំរុញ​អាជ្ញាធរ​ឡាវ​ឱ្យ​ធ្វើ​ការ​ស៊ើប​អង្កេត​ឱ្យ​បាន​ត្រឹមត្រូវ។

រូបភាព​ក្នុង​កាមេរ៉ា​សុវត្ថិភាព​ដែល​ទីភ្នាក់ងារ​ព័ត៌មាន​រដ្ឋ KPL បាន​បង្ហោះ​តាម​អនឡាញ​កាល ពី​ថ្ងៃ​ចន្ទ​បាន​បង្ហាញ​ឱ្យ​ឃើញ​ខ្មាន់​កាំភ្លើង​ពាក់​អាវ​ពណ៌​ត្នោត​និង​មួក​ខ្មៅ​បាញ់​ទៅ​លើ​លោក Anousa «Jack» Luangsuphom ពីរ​ដង​កាលពី​ថ្ងៃ​សៅរ៍​សប្ដាហ៍​មុន។

ខ្មាន់​កាំភ្លើង​បាន​ដើរ​ចូល​ក្នុង​ហាង​កាហ្វេ​បាន​មួយ​ភ្លែត​ក្នុង​បំណង​ហាក់​មើល​ឱ្យ​ច្បាស់​ថា​លោក Anousa ពិតជា​នៅ​ទី​នោះ​ឬ​ក៏​អត់ មុន​ពេល​ទាញ​កាំភ្លើង​ខ្លី​ចេញ​ពី​ចង្កេះ​ហើយ​ដើរ​ចូល​ក្នុង​ហាង​នោះ​ម្ដង​ទៀត​បាញ់​ពីរ​គ្រាប់​ទៅ​លើ​លោក។

លោក Anousa បាន​ដួល​លើ​ដី​ហើយ​នៅ​ពេល​នោះ​ស្ត្រី​ពីរ​នាក់​ដែល​នៅ​ក្នុង​ហាង​កាហ្វេ​នោះ​បាន​ស្រែក​រក​ជំនួយ ហើយ​ខ្មាន់​កាំភ្លើង​បាន​រត់​គេច​ខ្លួន។

រូបភាព​វីដេអូ​នេះ​បាន​បង្ហាញ​ថា ខ្មាន់​កាំភ្លើង​បាន​ប្រើ​កន្សែង​ដៃ​ដោយ​ប្រុង​ប្រយ័ត្ន​ដើម្បី​បើក​និង​បិទ​ទ្វារ​ហាង​កាហ្វេ​នោះ ក្នុង​បំណង​ហាក់​ធ្វើ​យ៉ាង​ណា​មិន​ឱ្យ​បន្សល់​ទុក​នូវ​ស្នាម​ក្រយៅ​ដៃ។

សេចក្ដី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន KPL បាន​បញ្ជាក់​ថាប៉ូលិស​កំពុង​ធ្វើការ​ស៊ើប​អង្កេត​លើ​ហេតុការណ៍​នេះ​និង​តាម​ស្វែងរក​ជន​សង្ស័យ។

លោក Anousa គឺ​ជា​ម្ចាស់​ទំព័រ Facebook «Driven by Keyboard» ដ៏​មាន​ប្រជាប្រិយ​មួយ ដែល​តែងតែ​បង្ហោះ​អំពី​ទស្សនៈ​រិះគន់​លើ​រដ្ឋាភិបាល​ឡាវ។

អង្គការAmnesty Internationalបាន​បញ្ជាក់​ថា មិត្តភក្តិ​ម្នាក់​របស់​លោកAnousa បាន​និយាយ​ថាការ​បាញ់​ប្រហារ​នេះ​បាន​ធ្វើ​ឱ្យ​សកម្មជន ៧ នាក់​ទៀត​ដែល​នៅ​សល់​មិន​ហ៊ាន​និយាយ​រិះគន់​រដ្ឋាភិបាល៕

XS
SM
MD
LG