ប្រែសម្រួលដោយ ឌី ខាំបូលី
អង្គការពាណិជ្ជកម្មពិភពលោក (World Trade Organization) បានផ្តល់សមាជិកភាពដល់ប្រទេស ឡាវ (Laos) ដែលជារដ្ឋកុម្មុយនីស្ត ឯកបក្សនិងប្រកបដោយភាពក្រីក្រមួយ។ បន្ទាប់ពី ការចរចាដ៏យឺតអស់រយៈពេលរាប់ឆ្នាំរួចមក ប្រទេសក្នុងតំបន់អាស៊ីអគ្នេយ៍មួយនេះ បានផ្លាស់ប្តូរសេដ្ឋកិច្ចរបស់ខ្លួនចេញពីការគ្រប់គ្រងបែបមជ្ឈការទៅជាសេដ្ឋកិច្ចដែលតម្រង់ទៅរកទីផ្សារ។
បន្ទាប់ពីការចរចាអស់រយៈពេល១៥ឆ្នាំរួចមក កាលពីថ្ងៃសុក្រសប្តាហ៍មុន អង្គការពាណិជ្ជកម្មពិភពលលោក បានអញ្ជើញប្រទេស ឡាវ ឱ្យក្លាយទៅជាសមាជិកមួយរបស់អង្គការនេះជាផ្លូវការ។
ការអញ្ជើញនេះគឺជាការទទួលស្គាល់ដល់កិច្ចប្រឹងប្រែងទាំងឡាយរបស់ប្រទេសនេះ ក្នុងការផ្លាស់ប្តូរច្បាប់និងគោលនយោបាយ ដើម្បីគោរពតាមតម្រូវការរបស់ក្លឹបពាណិជ្ជកម្មមួយនេះ និងការទាមទារសិទ្ធិ ចូលទៅកាន់ទីផ្សារ របស់ប្រទេសសមាជិកជាង១៥០របស់អង្គការនេះ។
ការអញ្ជើញនេះក៏ត្រូវបានធ្វើឡើង បន្ទាប់ពីរយៈពេលជាច្រើនឆ្នាំ នៃកំណើនសេដ្ឋកិច្ចជាលំដាប់ប្រចាំឆ្នាំ ដែលមានអត្រាជាមធ្យមច្រើនជាង៦ភាគរយ។ នៅក្នុងឆ្នាំនេះ អត្រានេះ អាចកើនឡើងខ្ពស់ដល់៨ភាគរយ ដែលជាអត្រាខ្ពស់បំផុតនៅក្នុងតំបន់អាស៊ីអគ្នេយ៍។
លោក ម៉ៃឃើល យូអ៊ីងជូ (Michael Ewing-Chow) គឺជាប្រធានអង្គការពាណិជ្ជកម្មពិភពលោក WTO នៅឯមជ្ឈមណ្ឌលសម្រាប់ច្បាប់អន្តរជាតិ (Center for International Law) នៅក្នុងប្រទេស សឹង្ហបុរី (Singapore)។ លោកថ្លែងថា សមាជិកភាពសម្រាប់ប្រទេស ឡាវ ផ្តល់សិទ្ធិឱ្យប្រទេសនេះទទួលបានអត្ថប្រយោជន៍ពីអង្គការ WTO ប៉ុន្តែ សមាជិកភាពនេះ បានផ្តល់សញ្ញាសម្រាប់ការផ្លាស់ប្តូរជាមូលដ្ឋានកាន់តែច្រើនសម្រាប់ប្រទេសនេះ។
«តម្លៃពិតប្រាកដសម្រាប់ប្រទេស ឡាវ គឺពិតណាស់ថា ពួកគេកំពុងផ្លាស់ប្តូរសេដ្ឋកិច្ចរបស់ពួកគេ ពីទម្រង់សេដ្ឋកិច្ចផែនការនិងមជ្ឈការកាលពីអតីតកាល ទៅជាសេដ្ឋកិច្ចមួយ ដែលពួកគេពិតជាសម្លឹងមើលថាតើត្រូវបង្កើតសហគ្រិនភាពដ៏ល្អបំផុតមួយ និងទីផ្សារសេរីនៅក្នុងប្រទេសរបស់ពួកគេយ៉ាងដូចម្តេច»។
ប្រទេសឡាវយ៉ាងតូច ក្រីក្រ និងមិនជាប់សមុទ្រនេះ ត្រូវបានគ្រប់គ្រងដោយបក្សកុម្មុយនីស្តតែមួយ ដែលបានកាន់កាប់អំណាចនៅក្នុងឆ្នាំ១៩៧៥។
ដូចរដ្ឋកុម្មុយនីស្តភាគច្រើនដែរ សេដ្ឋកិច្ចរបស់ប្រទេស ឡាវ ត្រូវបានគ្រប់គ្រងបែបមជ្ឈការ ហើយប្រទេសនេះបានចងសម្ព័ន្ធភាពជាមួយនឹងបណ្តាប្រទេស ដែលស្ថិតនៅក្នុងប្លុករបស់អតីតសហភាពសូវៀត (Soviet)។ ប៉ុន្តែ ចាប់តាំងពីពាក់កណ្តាលទសវត្សរ៍ឆ្នាំ១៩៨០ រដ្ឋាភិបាលទីក្រុង វៀងច័ន្ទ (Vientiane) បានផ្លាស់ប្តូរយ៉ាងយឺតៗឆ្ពោះទៅកាន់សេដ្ឋកិច្ចទីផ្សារកាន់តែខ្លាំងឡើង។
ឥឡូវនេះ ប្រទេសមួយដែលធ្លាប់ពឹងផ្អែកទៅលើជំនួយបរទេស កំពុងក្លាយទៅជាទិសដៅដ៏ចម្បងមួយ សម្រាប់វិនិយោគទុនបរទេស ដែលនៅក្នុងឆ្នាំនេះ បានកើនឡើងរហូតដល់ពីរពាន់លានដុល្លា។
ប្រទេសនេះ ជាប្រទេសចុងក្រោយបង្អស់ នៅក្នុងចំណោមប្រទេសសមាជិកសមាគមប្រជាជាតិអាស៊ីអគ្នេយ៍ទាំង១០ ដែលត្រូវបានស្វាគមន៍ចូលទៅក្នុងក្លឹបពាណិជ្ជកម្មសកលលោកនេះ។
លោក ភីតធឺ អ៊ុងផាខន (Peter Ungphakorn) មន្រ្តីព័ត៌មានរបស់អង្គការ WTO ថ្លែងថា នៅពេលដែលប្រទេស ឡាវ ផ្តល់សច្ចាប័នដល់កិច្ចព្រមព្រៀងនេះ ប្រទេសក្នុងសមាគម អាស៊ាន (ASEAN) នឹងអាចនិយាយក្នុងនាមជាសម្លេងមួយនៅឯអង្គការ WTO។
លោកនិយាយថា សមាជិកភាពក៏នឹងអាចផ្តល់ឱ្យសេដ្ឋកិច្ចរបស់ប្រទេស ឡាវ នូវកម្លាំងជំរុញមួយ ដូចដែលអង្គការនេះបានធ្វើសម្រាប់អតីតប្រទេសដែលមានសេដ្ឋកិច្ចផែនការមជ្ឈការដទៃទៀត ដូចជាប្រទេស ចិន (China) និង វៀតណាម (Vietnam)ជាដើម។
«វាក៏អាចធ្វើឱ្យឡាវមានភាពទាក់ទាញជាងមុនសម្រាប់ការវិនិយោគបរទេស ពីព្រោះវានឹងបង្ហាញថា វាអាចអនុវត្តគោលការណ៍ប្រកបដោយការអាចប៉ាន់ស្មានបាន តម្លាភាព និងផ្អែកលើគោលការណ៍ច្បាប់ ចំពោះសេដ្ឋកិច្ចរបស់ខ្លួន»។
វិនិយោគិនធំបំផុតនៅ ឡាវ ក៏ជាដៃគូពាណិជ្ជកម្មចម្បងនិងជាប្រទេសអ្នកជិតខាង មានដូចជាប្រទេសចិន ថៃ និង វៀតណាម។
ប៉ុន្តែ វិនិយោគភាគច្រើនគឺការវិនិយោគទៅលើធនធានធម្មជាតិ ដូចជាកសិកម្ម វារីអគ្គីសនី និងការរុករករ៉ែ ដែលភាគច្រើននៃធនធានទាំងនេះ ត្រូវបានលក់ទៅឱ្យប្រទេសជិតខាងរបស់ខ្លួន។
ក្រុមអ្នកវិភាគនិយាយថា សមាជិកភាពនៅក្នុងអង្គការ WTO គួរតែអាចជួយពង្រីកការវិនិយោគបរទេសនិងពាណិជ្ជកម្មទៅលើវិស័យផ្សេងៗទៀត។
លោក នីកូឡៃ អ៊ីមបូដិន (Nicolai Imboden) គឺជានាយកប្រតិបត្តិនៃមជ្ឈមណ្ឌលគំនិត (Idea Center) នៅក្នុងទីក្រុង ហ្សឺណែវ (Geneva) ដែលជាក្រុមមួយ ដែលបានជួយប្រទេសកំពុងអភិវឌ្ឍន៍ដូចជាប្រទេស ឡាវ ដើម្បីធ្វើសមាហរណកម្មទៅក្នុងសេដ្ឋកិច្ចពិភពលោក។ ថ្លែងទៅកាន់វីអូអេតាមប្រព័ន្ធ Skype លោក និយាយថា ប្រទេស ឡាវ មិនទាន់មានលទ្ធភាពដើម្បីប្រកួតប្រជែង ទៅលើមូលដ្ឋានផលិតកម្មមួយនៅឡើយទេ ដូច្នេះ ក្រុមហ៊ុនអឺរ៉ុបនិងក្រុមហ៊ុនអាមេរិកាំង នឹងមានភាពយឺតយ៉ាវជាងមុននៅក្នុងវិនិយោគ។
«ប្រទេស ថៃ មានការវិនិយោគយ៉ាងធំធេង។ ប្រទេស វៀតណាម បានចាប់ផ្តើមហើយ នាពេលឥឡូវនេះ។ អ្នកដឹងទេ ប្រទេស សឹង្ហបូរី កំពុងធ្វើការវិនិយោគយ៉ាងច្រើន។ ខ្ញុំគិតថា ប្រទេស កូរ៉េ នឹងមកវិនិយោគដែរ។ ដូចដែលអ្នកបានដឹងហើយថា ជាការច្បាស់ណាស់ថា មាននិន្នាការនៃការផ្លាស់ប្តូរផលិតកម្មដែលមានតម្លៃទាបចេញពីប្រទេស ចិន ឆ្ពោះទៅកាន់ភាគខាងត្បូង ហើយខ្ញុំគិតថា ឡាវ នឹងទទួលបានផលប្រយោជន៍ពីនិន្នាការនោះ»។
សមាគមអាស៊ានមានផែនការបង្កើតសហគមសេដ្ឋកិច្ចមួយ នៅត្រឹមឆ្នាំ២០១៥ ដើម្បីតភ្ជាប់ប្រទេសក្នុងតំបន់។
រដ្ឋាភិបាលទីក្រុង ប៉េកាំង (Beijing) មានផែនការចំណាយថវិការរាប់ពាន់លានដុល្លាទៅលើការតភ្ជាប់ផ្លូវរថភ្លើងនិងផ្លូវថ្នល់ តាមប្រទេស ឡាវ។
លោក យូអ៊ីងជូ និយាយថា ប្រការនេះនឹងធ្វើឲ្យ ឡាវ នៅក្នុងតួនាទីដ៏សំខាន់មួយ ដើម្បីក្លាយទៅជាច្រកឆ្លងកាត់សម្រាប់ពាណិជ្ជកម្មរវាងអាស៊ាននិងប្រទេសចិន។
«ចិនគឺជាប្រទេសជិតខាងយ៉ាងធំរបស់ខ្លួននៅភាគខាងជើង ហើយក៏ជាប្រទេសជិតខាងសំខាន់របស់ខ្លួននៅភាគខាងត្បូង គឺជាប្រទេស ថៃ។ ប្រទេសជិតខាងទាំងពីរគឺជាតួរអង្គដែលកាន់តែមានតួនាទីកើនឡើង នៅក្នុងសេដ្ឋកិច្ចរបស់ឡាវ ហើយនឹងបន្តតួនាទីនេះសម្រាប់រយៈពេលច្រើនឆ្នាំខាងមុខទៀត។ ទោះជាយ៉ាងនេះក្តី ប្រសិនបើ ឡាវ ក្លាយទៅជាច្រកដ៏ចម្បងមួយសម្រាប់តំបន់ ប្រទេសនេះនឹងមានលទ្ធភាពចូលទៅក្នុងបណ្តាញនៃសេដ្ឋកិច្ចរបស់ប្រទេសផ្សេងៗទៀត ដែលនឹងស្វែងរកដើម្បីបញ្ជូនទំនិញនិងសេវាកម្ម និងមនុស្សចុះឡើង ដែលជាផ្លូវតភ្ជាប់រវាង ចិន និងអាស៊ាន»។
ទោះបីជាមានការអភិវឌ្ឍន៍និងកំណើនយ៉ាងឆាប់រហ័សនៅក្នុងប្រទេស ឡាវក៏ដោយ ក៏ជាងមួយភាគបួននៃប្រជាពលរដ្ឋ៦លានកន្លះរបស់ប្រទេសនេះ កំពុងរស់ក្នុងភាពក្រីក្រ។ អង្គការសហប្រជាជាតិចាត់ថ្នាក់ប្រទេស ឡាវ ក្នុងលំដាប់ទី១៣៨ក្នុងចំណោមប្រទេសចំនួន១៨៧ ទាក់ទងទៅនឹងការអភិវឌ្ឍន៍។
ឡាវ សង្ឃឹមថា សមាជិកភាពនៅក្នុងអង្គការ WTO នឹងជួយឱ្យប្រទេសនេះរួចចាកផុតពីឋានៈជា «ប្រទេសអភិវឌ្ឍន៍តិចបំផុត»។
ក្រុមអ្នកតាក់តែងច្បាប់របស់ប្រទេសនេះ ត្រូវបានរំពឹងថានឹងទទួលយកការផ្តល់ជូនជាសមាជិកភាពពីអង្គការ WTO នៅក្នុងខែធ្នូ ជាផ្លូវការ៕