ធនាគារអភិវឌ្ឍអាស៊ី និងម្ចាស់ជំនួយអន្តរជាតិដទៃទៀត បាននិងកំពុងជួយប្រទេសឡាវលើកកម្ពស់គម្រោងអភិវឌ្ឍន៍ផ្សេងៗជំនួសឲ្យផលិតកម្មអាភៀន។ ក្រុមអ្នកវិភាគក៏បានចង្អុលបង្ហាញពីមុខងាររបស់អាភៀននៅក្នុងសង្គមកុលសម្ព័ន្ធជនជាតិភាគតិចជើងភ្នំ ដែលរួមមានការប្រើប្រាស់ជាឱសថ ដោយព្រមានថា កម្មវិធីលុបបំបាត់អាភៀនត្រូវមានការគាំទ្រពីកិច្ចខំប្រឹងប្រែងដ៏ជោគជ័យក្នុងការកាត់បន្ថយភាពក្រីក្ររ៉ាំរ៉ៃ ។
ប្រទេសឡាវ ដែលកាលពីមុនជាផ្នែកមួយនៃតំបន់ត្រីកោណមាស ដែលរួមមានប្រទេសមីយ៉ាន់ម៉ា និងថៃ ដែលតំបន់នោះជាចំណុចក្តៅនៃពាណិជ្ជកម្មគ្រឿងញៀននៅតំបន់អាស៊ីអាគ្នេយ៍ ត្រូវបានចាត់ទុកជារឿងរ៉ាវជោគជ័យមួយនៅក្នុងការលុបបំបាត់ដំណាំអាភៀន។
ដំណាំអាភៀននៅឡាវបានធ្លាក់ចុះពីកម្រិតខ្ពស់បំផុត ២៦.៨០០ ហិចតា ក្នុងឆ្នាំ១៩៩៨ រហូតដល់ ១.៨០០ ហិចតា ឆ្នាំ២០០៥។ នេះដោយសារតែកម្មវីធីលុបបំបាត់អាភៀនដ៏ខ្លាំងក្លាមួយ។ ក្នុងឆ្នាំ ២០០៦ រដ្ឋាភិបាលឡាវបានប្រកាសខ្លូនថា ជាប្រទេសដែលគ្មានគ្រឿងញៀន។
ក្នុងការស្ទាបស្ទង់មតិទាក់ទិននឹងបញ្ហាអាភៀនក្នុងឆ្នាំ២០១៤ របស់ការិយាល័យអ.ស.បប្រយុទ្ធប្រឆាំងគ្រឿងញៀន និងឧក្រិដ្ឋកម្ម (UNODC) បានឲ្យដឹងថា ដំណាំអាភៀននៅប្រទេសឡាវមានការកើនឡើងដល់ទៅប្រមាណ ៦២០០ ហិចតា។ ក៏ប៉ុន្តែ អាភៀនដែលដាំក្នុងប្រទេសឡាវត្រូវបានប្រើប្រាស់ក្នុងស្រុក ខុសពីប្រទេសមីយ៉ាន់ម៉ាដែលបញ្ជូនអាភៀនទៅលក់នៅបរទេស ឬបំលែងជាប្រភេទHeroin ដើម្បីនាំចេញ។
មន្ត្រីការិយាល័យ UNODC បានបន្តទៀតថា ផលិតកម្មអាភៀន ការញៀនអាភៀន និងភាពក្រីក្រសុទ្ធតែមានទំនាក់ទំនងជាមួយនឹងការខ្វះជម្រើសក្នុងរបរជីវភាព។
ប្រធានការិយាល័យ UNODC ប្រចាំប្រទេសឡាវ លោក Cheikh Ousmane Toure និយាយថា ជាទូទៅអ្នកភូមិគ្រាន់តែដាំថ្នាំជក់ ឬអាភៀនដើម្បីសេចក្តីត្រូវការសម្រាប់ជីវភាពប្រចាំថ្ងៃ ជាជាងការជូញដូរជាលក្ខណៈអាជីវកម្ម។
«អ្នកដាំអាភៀនមិនមែនជាមនុស្សអាក្រក់នោះទេ។ ពួកគេជាប្រជាជនក្រីក្រ ដែលចង់បញ្ជូនកូនឲ្យបានចូលរៀន។ ពូកគេមិនមែនកំពុងតែធ្វើអាជីវកម្មជួញដូរនោះទេ។ សម្រាប់ពួកគាត់មួយភាគធំ អាភៀនត្រូវបានប្រើប្រាស់សម្រាប់តម្រូវការខ្លួនឯង»។
នៅតាមបណ្តាខេត្តនៅតំបន់ខ្ពង់រាប សហគមន៍ជនជាតិភាគតិច Akha Hmong និង Khmu គឺជាជនជាតិដែលនិយមដាំអាភៀន។ នេះបើយោងតាមរបាយការណ៍ អ.ស.ប ពួកគេក៏ជាក្រុមប្រជាជនស្ថិតក្នុងចំណោមខេត្តដែលក្រីក្រជាងគេនៃប្រទេសឡាវ ដែលក្នុងនោះមាន៤០ភាគរយស្ថិតក្រោមបន្ទាត់នៃភាពក្រីក្រ។ ចំណូលរបស់មនុស្សម្នាក់ក្នុងមួយឆ្នាំ ទទួលបានតែប្រមាណ៣០០ ដុល្លាក្នុងមួយឆ្នាំប៉ុណ្ណោះ ដែលផ្ទុយពីតំបន់ផ្សេងៗទៀតក្នុងប្រទេសឡាវដែលប្រាក់ចំណូលម្នាក់ៗស្មើនឹង ១០០០ ដុល្លារក្នុងមួយឆ្នាំ។
ទោះជាយ៉ាងណាក៏ដោយ ការជំរុញឲ្យបោសសម្អាតចម្ការថ្នាំជក់ (អាភៀន)ទាំងគំហុកបែបនេះមិនអាចកើតឡើងដោយមិនមានការប៉ះពាល់នោះទេ។ ជារឿយៗ វាធ្វើឲ្យគ្រួសារក្នុងសហគមន៍ជួបប្រទះនឹងភាពអស់សង្ឃឹម និងមិនទទួលចំណូលប្រភពផ្សេងៗទៀត។
កាលពីឆ្នាំ ២០០៨ កម្មវិធីស្បៀងអាហារពិភពលោកត្រូវបានបង្ខំឲ្យចាត់ឡើងនូវគម្រោងជំនួយបន្ទាន់រយៈពេលពីរឆ្នាំ ដើម្បីបំពេញកង្វះខាតស្បៀងក្នុងខេត្តចំនួនបី។ មន្ត្រី UNODC បាននិយាយថា បញ្ហាសេដ្ឋកិច្ចរបស់សហគមន៍ដែលពឹងផ្អែកទៅលើការលក់អាភៀន គឺពោរពេញទៅដោយភាពមិនជាក់លាក់។
ក៏ប៉ុន្តែកម្មវិធីអភិវឌ្ឍអន្តរជាតិ ដែលទ្រទ្រង់ដោយជំនួយពីធនាគារអភិវឌ្ឍអាស៊ី (ADB) សហគមន៍អ៊ឺរ៉ុប និងជំនួយពីប្រទេសជប៉ុនសុទ្ធធ្វើឡើងដើម្បីផ្សារភ្ជាប់នូវគម្លាតនៃការអភិវឌ្ឍដើម្បីលើកកម្ពស់ការអភិវឌ្ឍក្នុងបែបផែនផ្សេង។
លោកToure នៃការិយាល័យ UNODC បាននិយាយថា មានកសិករច្រើនជាងមុនបានទទួលផលប្រយោជន៍ពីគម្រោងទាំងនេះ។
«នៅខេត្ត Oudomxai សព្វថ្ងៃនេះ អ្នកនឹងឃើញការងារដែលរដ្ឋាភិបាលឡាវសហការជាមួយនឹង UNODC រួមនឹង Royal Thai projects ណែនាំតិចនិចថ្មី ប្រភេទអាហារថ្មីៗ និង ឃើញអំពីបៀបដែលអតីតគ្រួសារអ្នកដាំអាភៀនអាចបង្កើនប្រាក់ចំណូលបាន»។
ក៏ប៉ុន្តែអ្នកវិភាគមួយចំនួនបានចោទសួរទៅលើគុណតម្លៃនៃការលុបបំបាត់ដំណាំអាភៀន និងទៅលើកម្មវិធីអភិវឌ្ឍផ្សេងៗ ដោយលើកឡើងថា ជារឿយៗអ្នកភូមិមិនមានចំណេះដឹងគ្រប់គ្រាន់អំពីទិសដៅនៃកម្មវិធីទាំងនោះទេ។
អ្នកប្រឹក្សាឯករាជ្យ លោក David Mansfield ដែលបានសរសរអំពីអាណត្តិសកលលើគោលនយោបាយគ្រប់គ្រងគ្រឿងញៀនកាលពីឆ្នាំ២០១១ បាននិយាយថា ការលុបបំបាត់ដំណាំអាភៀននឹងធ្វើឲ្យតម្លៃដំណាំអាភៀនហាមឃាត់កើនឡើង ដែលជាកត្តាបំផុសឲ្យមានកំណើនផលិតកម្ម និងជម្រុញឲ្យមានអស្ថេរភាពកាន់តែខ្លាំងឡើង។
នរវិទូជនជាតិអាមេរិក លោក David Feingold ដែលមានបទពិសោធន៍សិក្សាអំពីអាភៀនក្នុងភូមិភាគអាស៊ីអាគ្នេយ៍ជាង៤០ឆ្នាំ និយាយថាសហគមន៍នៅតំបន់ខ្ពង់រាបប្រើប្រាស់អាភៀនក្នុងគោលបំណងជាច្រើនដូចជាថ្នាំបុរាណ។ លោកបន្ថែមថា មួយឯកតាអាភៀន ដែលមានចំនួនប្រមាណ១,៦ គីឡូក្រាម កាលពីមុនមក មានភាពងាយស្រួលក្នុងការដឹកជញ្ជូន និងដោះដូរ។
«វាគឺជា ថ្នាំសង្កូវដែលល្អបំផុតដែលពួកគេមានសម្រាប់ការប្រើជាឱសថ។ វាជាជំនួយមួយ នៅពេលយើងប្រសិនបើយើងមានជំងឺរាគមួល ក្អក ផ្តាសាយ ហើយវាក៏ជួយបំបាត់ការចុកចាប់ផងដែរ។ វាមានសារៈសំខាន់ដូចជារូបិយបណ្ណដូច្នោះដែរ។ វាហាក់ដូចជាអ្នកដំណើរតាមជើងយន្តហោះAmercian Expressយ៉ាងអញ្ចឹង ពួកគាត់មិនចាកចេញដោយគ្មានអាភៀននោះឡើយ ហើយពួកគាត់អាចកាត់បន្ថយទំងន់ និងចំណាយទៅលើអ្វីផ្សេងៗ»។
Feingold បន្ថែមទៀតថា ជោគជ័យ និងបរាជ័យនៃកម្មវិធីអភិវឌ្ឍផ្សេងៗគឺស្ថិតនៅលើទីផ្សារនៃដំំណាំអាភៀន ដែលទ្រទ្រង់ដោយតម្រូវការដែលមានស្ថេរភាព។ រាល់ការបរាជ័យណាមួយនឹងធ្វើឲ្យកសិករវិលទៅរកការដាំដុះអាភៀនវិញ។
ទីភ្នាក់ងារជំនួយអន្តរជាតិនិយាយថា ដើម្បីរក្សាស្ថេរភាពក្នុងការកាត់បន្ថយដំណាំអាភៀន វាត្រូវការគោលនយោបាយលុបបំបាត់ភាពក្រីក្រ និងការប្រមើលមើលទាំងមូលទៅលើការអភិវឌ្ឍដែលគ្របដណ្តប់លើផ្នែកផ្សេងៗដូចជា ការអប់រំ សុខាភិបាល និងហេដ្ឋារចនាសម្ព័ន្ធ៕
ប្រែសម្រួលដោយ៖ ខាន់ សុគុំមនោ