ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នករងគ្រោះ​ទំនាស់​ដីធ្លី​គ្រោង​ធ្វើ​បាតុកម្ម​មួយខែ


អ្នកគាំទ្រ​ផ្តុំគ្នា​នៅ​មុខ​ស្លាក​សញ្ញា​ដែល​សរសេរ​ថា ​«យុត្តិធម៌​​សកម្មជន​​ដីធ្លី​​បឹងកក់» នៅ​លើ​ផ្លូវ​ដែល​បាន​បិទ​មួយ​ក្នុង​ទីក្រុង​ភ្នំពេញ​កាលពី​ថ្ងៃ​ទី៣០ ខែឧសភា ឆ្នាំ២០១៤។
អ្នកគាំទ្រ​ផ្តុំគ្នា​នៅ​មុខ​ស្លាក​សញ្ញា​ដែល​សរសេរ​ថា ​«យុត្តិធម៌​​សកម្មជន​​ដីធ្លី​​បឹងកក់» នៅ​លើ​ផ្លូវ​ដែល​បាន​បិទ​មួយ​ក្នុង​ទីក្រុង​ភ្នំពេញ​កាលពី​ថ្ងៃ​ទី៣០ ខែឧសភា ឆ្នាំ២០១៤។

ក្រុម​អ្នក​រង​គ្រោះ​ដោយ​សារ​ទំនាស់​ដីធ្លី​ក្នុង​ប្រទេស​កម្ពុជា​ចំនួន​៤​សហគមន៍ផ្សេងៗ​គ្នាបាន​ប្រកាស​ថា​ នឹង​ដឹក​នាំ​ធ្វើ​បាតុកម្ម​រយៈ​ពេល​១​ខែ​ ចាប់ពី​ថ្ងៃទី​២០​ ខែ​មករា​ខាង​មុខ​នេះ​ រហូត​ដល់​ថ្ងៃទី​២០​ខែ​កុម្ភៈ ​នៅ​ទីលាន​ប្រជា​ធិបតេយ្យ។​

សហគមន៍​ទាំង​៤ ​ដែល​គ្រោង​ធ្វើ​បាតុកម្ម​នោះ​ រួម​មាន​សហគមន៍នៅ​តំបន់​បឹងកក់​ សហគមន៍ (SOS)​ នៅជិត​ព្រលាន​យន្តហោះ​ ​ ​សហគមន៍បូរីកីឡា​ និង​សហគមន៍​៣​មករា។​

ពលរដ្ឋ​នៅ​ភូមិ​ត្រពាំង​ល្វា​ក្នុង​សហគមន៍​អាកាស​យានដ្ឋាន​អន្តរ​ជាតិ​ភ្នំពេញ​ដែល​ហៅ​កាត់​ថា «SOS» នាំ​គ្នា​សរសេរ​អក្សរ​ថា «SOS» លើ​ដំបូល​ផ្ទះ​របស់​ពួក​គេ ដើម្បី​ឲ្យ​មាន​ការ​ចាប់​អារម្មណ៍​ពី​លោក ហ៊ុន សែន ពេល​លោក​ត្រលប់​មក​ពី​កិច្ចប្រជុំ​កំពូល​អាស៊ាន នៅ​ថ្ងៃ​ទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៤។
ពលរដ្ឋ​នៅ​ភូមិ​ត្រពាំង​ល្វា​ក្នុង​សហគមន៍​អាកាស​យានដ្ឋាន​អន្តរ​ជាតិ​ភ្នំពេញ​ដែល​ហៅ​កាត់​ថា «SOS» នាំ​គ្នា​សរសេរ​អក្សរ​ថា «SOS» លើ​ដំបូល​ផ្ទះ​របស់​ពួក​គេ ដើម្បី​ឲ្យ​មាន​ការ​ចាប់​អារម្មណ៍​ពី​លោក ហ៊ុន សែន ពេល​លោក​ត្រលប់​មក​ពី​កិច្ចប្រជុំ​កំពូល​អាស៊ាន នៅ​ថ្ងៃ​ទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៤។

នៅ​ក្នុង​សេចក្តី​ជូន​ដំណឹង​របស់​សហគមន៍ទាំង​៤​ ដែល​បាន​ផ្ញើរ​ជូន​ដល់​សាលា​ក្រុង​ភ្នំពេញ ​បាន​បញ្ជាក់​ថា​ គោល​បំណង​នៃ​ការ​ធ្វើ​បាតុកម្ម​រយៈពេល​១​ខែ​នេះ​គឺ​ដើម្បី​ទាម​ទារ​ឲ្យរដ្ឋាភិបាល​កម្ពុជា​ដោះ​ស្រាយ​រឿង​ទំនាស់​ដីធ្លី​នៅ​សហគមន៍ទាំង​៤។​

ទាម​ទារ​ឲ្យដោះ​លែង​សកម្ម​ជន​ដីធ្លី​ ព្រះ​សង្ឃ​ និង​សកម្ម​ជន​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន​១៩​នាក់​ ដែល​កំពុង​ជាប់​ឃុំ​ឃាំង​ក្នុង​ពន្ធនាគារ​ និង​ស្នើ​សុំ​ឲ្យគណបក្ស​គ្រប់​គ្រង​បញ្ចប់​ភាពទាល់​ច្រក​ផ្នែក​នយោបាយ​ និង​បញ្ឈប់​ការ​គាប​សង្កត់​មក​លើ​គណបក្ស​ដែល​មានសំឡេងភាគ​តិច។

លោក​ស្រី​យ៉ោម បុប្ជា​ តំណាង​អ្នក​តវ៉ា​មកពី​សហគមន៍បឹងកក់​ និង​ជា​ម្ចាស់​ពាន​រង្វាន់​អហិង្សា​ពី​មជ្ឈមណ្ឌល​អហិង្សា​នៅ​សហ​រដ្ឋ​អាមេរិក​កាល​ពី​ឆ្នាំ​២០១៤​ បាន​បញ្ជាក់​ថា​ រហូត​មក​ដល់​ពេល​នេះ​ គណបក្ស​សង្គ្រោះ​ជាតិ​បាន​ចូល​រួម​ប្រជុំ​សភា​ក៏​ពិត​មែន​ ក៏​ប៉ុន្តែ​គណបក្ស​គ្រប់​គ្រង​អំណាច​នៅ​តែ​បន្ត​លេង​ល្បែង​នយោបាយ​គាប​សង្កត់​មក​លើ​គណបក្ស​សំឡេងភាគ​តិច​ដែល​រួម​មាន​ការ​ចាប់​ខ្លួន​សកម្មជន​គណបក្ស​ដាក់​ពន្ធនាគារ​ជា​ដើម។

លោក​ស្រី​និយាយ​ថា៖​ «តាម​ពិត​យើង​អត់​ចង់​ធ្វើ​បាតុកម្ម​អ្វី​ទេ។​ ​ប៉ុន្តែ​ដោយ​សារ​យើង​អត់​មាន​ជម្រើស ពី​ព្រោះ​ថា​ យើង​រង់​ចាំ​ដំណោះ​ស្រាយ​ហ្នឹង​យូរ​ឆ្នាំ​មក​ហើយ​ នៅ​តែអត់​មាន​ដំណោះ​ស្រាយ​ ហើយ​នៅ​តែ​បន្ត​ការ​ចាប់​ខ្លួន»។​

លោក​ឡុង ឌីម៉ង់​ អ្នក​នាំ​ពាក្យ​សាលា​ក្រុង​ភ្នំពេញ ​បាន​បញ្ជាក់​ថា ​លោក​មិន​ទាន់​បាន​ពិនិត្យ​សេចក្តី​ជូន​ដំណឹង​ស្តីពី​ការ​ធ្វើ​បាតុកម្ម​នេះ​នៅ​ឡើយ​ទេ។ ​ប៉ុន្តែ​ជាទូទៅ ​សាលា​ក្រុង​ភ្នំពេញ​មិន​អនុញ្ញាត​ឲ្យមាន​ការ​ដឹក​នាំ​ធ្វើ​បាតុកម្មប្រឆាំង​រដ្ឋាភិបាល​ទេ ​ដោយ​លើក​ហេតុ​ផល​ថា​ វា​ប៉ះពាល់​និង​ខូច​ខាត​សណ្តាប់​ធ្នាប់​សាធារណៈ។​

លោក​និយាយ​ថា៖​ «បើ​មិន​ទាន់​បាន​ដាក់​សុំ​គោល​ការ​ថ្នាក់​ដឹក​នាំ​ផង​ ម្ត៉េះ​បាន​ដឹង​ថា ​សុំ​បាន​ឬ​មិន​បាន?»​

លោក​ស្រី​មូរ សុខហួរ​ អ្នក​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ បាន​បញ្ជាក់​ថា​ គណបក្ស​សង្គ្រោះ​ជាតិ​មិន​ចូល​រួម​ការ​ដឹក​នាំ​ធ្វើ​បាតុកម្ម​នេះ​ទេ។​ ក៏​ប៉ុន្តែ ​ប្រសិន​ណា​បើ​ក្រុម​បាតុកម្ម​ដង្ហែ​ញត្តិ​មក​រដ្ឋសភា​ ឬ​មក​កាន់​ទីស្នាក់​ការ​គណបក្ស​សង្គ្រោះជាតិ ​នោះគណបក្ស​នឹង​ត្រៀម​ចាំ​ទទួល។​

លោក​ស្រី​និយាយថា៖ ​«ជា​គោល​ការណ៍​ ​យើង​ជា​អ្នក​តំណាង​រាស្ត្រ​ យើង​គាំទ្រ»។​

លោក​អំ សំអាត​ ប្រធាន​ក្រុម​ស៊ើប​អង្កេត​របស់​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ​បាន​បញ្ជាក់​ថា​ ការ​ធ្វើ​បាតុកម្មនេះ​វា​ជា​សញ្ញា​មួយ​ឲ្យ​រដ្ឋាភិបាល​ដោះ​ស្រាយ​ឲ្យបាន​ល្អិត​ល្អន់​រឿង​វិវាទ​ដីធ្លី​ និង​ការ​ចាប់​ខ្លួន​សកម្មជន​គណបក្ស​នយោបាយ​ឡើង​វិញ ​និង​កុំ​យក​ប្រព័ន្ធ​តុលាការជា​ឧបករណ៍​នយោបាយ។​

លោក​និយាយ​ថា៖​«ប្រព័ន្ធ​តុលាការ​ត្រូវ​តែ​ឯក​រាជ្យ​ មិនមែន​ប្រព័ន្ធ​តុលាការ​ជា​ឧបករណ៍​អ្នក​នយោបាយ​នោះ​ទេ។ ​នេះ​គឺ​ជា​សិទ្ធិ​ទាម​ទារ​របស់​ពួក​គាត់​ដើម្បី​ចង់​បាន​ប្រទេស​មួយ ​ដែល​ប្រកប​ទៅ​ដោយ​លទ្ធិ​ប្រជា​ធិបតេយ្យ​និង​នីតិរដ្ឋ»។​

យ៉ាង​តិច​មាន​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ ព្រះ​សង្ឃ​ និង​សកម្មជន​ដីធ្លី​នៅ​តំបន់​បឹងកក់​ចំនួន​១៩​នាក់​ត្រូវ​បាន​តុលាការ​សម្រេចឃុំ​ខ្លួន​ក្នុង​ពន្ធនាគារ​ក្រោម​បទ​ចោទ​ប្រកាន់​ផ្សេងៗ​គ្នា​ ដែល​រហូតមក​ដល់​ពេល​នេះ​មាន​រយៈពេល​ជិត​២​ខែ ​ហើយ​មិន​ទាន់​ត្រូវ​បាន​ដោះ​លែង​មក​វិញ​នៅ​ឡើយ៕

XS
SM
MD
LG