ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុម​មន្ត្រី​ប្តឹង​ឲ្យ​ដក​​ថ្នាក់​ដឹកនាំ​មន្ទីរ​រៀបចំ​ដែនដី​ខេត្ត​ប៉ៃលិន


មន្ត្រី​នៃ​មន្ទីរ​រៀបចំ​ដែនដី​ខេត្ត​ប៉ៃលិន​នាំ​គ្នា​ឈរ​គោរព​ទង់ជាតិ។ (រូបថត​ពី​ទំព័រ​ហ្វេសប៊ុក​មន្ទីរ​រៀបចំ​ដែនដី​ខេត្ត​ប៉ែលិន)
មន្ត្រី​នៃ​មន្ទីរ​រៀបចំ​ដែនដី​ខេត្ត​ប៉ៃលិន​នាំ​គ្នា​ឈរ​គោរព​ទង់ជាតិ។ (រូបថត​ពី​ទំព័រ​ហ្វេសប៊ុក​មន្ទីរ​រៀបចំ​ដែនដី​ខេត្ត​ប៉ែលិន)

ក្រុម​មន្ត្រី​នៃ​មន្ទីរ​រៀប​ចំ​ដែនដី​ក្នុង​ខេត្ត​ប៉ៃលិន​បាន​រួម​គ្នា​ស្នើ​រដ្ឋមន្ត្រី​ក្រសួងរៀបចំ​ដែនដី ដក​តំណែងថ្នាក់​ដឹកនាំមន្ទីរ​មួយ​នេះ ក្រោម​ហេតុ​ផល​មួយ​ចំនួន​ក្នុង​នោះ​មាន«អសមត្ថភាព»ក្នុង​ការ​ដឹកនាំ​មន្ទីរ។

ថ្នាក់​ដឹកនាំ​មន្ទីរ​នោះ រួម​មាន​លោក ​សូ សុខុន​ ប្រធាន​មន្ទីរ​រៀប​ចំ​ដែន​ដី​ខេត្ត​ប៉ៃលិន និង​អនុ​ប្រធាន​របស់​លោក គឺ​លោក កែវ សុវត្ថិ ដែល​ពួកគេ​ត្រូវ​បាន​មន្ត្រី​៩​នាក់ ចោទ​ថាអសមត្ថភាព​ចាត់​ចែង​ការងារ​ដែល​បណ្តាលឲ្យ​មាន​ការ​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​ក្នុង​ការ​ចុះ​បញ្ជី​កាន់​កាប់​ដី​ធ្លី។

សំណើ​របស់​ក្រុម​មន្ត្រី​ធ្វើ​ឡើង​តាម​រយៈ​លិខិត​មួយ ចុះ​ថ្ងៃ​ទី​៥ ខែ​កុម្ភៈ។ ក្នុង​លិខិត​នោះ​ ក្រុម​មន្ត្រី​នៃ​មន្ទីរ​រៀប​ចំ​ដែន​ដី​ខេត្ត​ បានចោទ​ប្រកាន់​ធ្ងន់ៗ​លើ​លោក​ សូ សុខុន​ និង​លោក កែវ សុវត្ថិ​ ថា​បំពេញ​តួនាទី​ដោយ​ខ្វះ​តម្លាភាព​ និង​មិន​ចេះ​ប្រើ​បុគ្គលិក​ឲ្យ​ចំ​កិច្ចការ​ជំនាញ​ ហើយ​ថែម​ទាំង​ចាយ​វាយ​ថវិកា​រដ្ឋ​មិន​ចំ​គោលដៅ។

លិខិត​ដែល​មាន​ឈ្មោះ និង​ស្នាម​មេ​ដៃ​របស់​ក្រុម​មន្ត្រី​ទាំង​៩​រូប​នោះ​ បញ្ជាក់​ថា៖«យើង​ខ្ញុំ​ទាំង​អស់​គ្នា​មិន​ពេញ​ចិត្ត​ការ​ដឹកនាំ​របស់​លោក​ប្រធាន​មន្ទីរ​លោក សូ សុខុន​ និង​លោក​អនុ​ប្រធាន​មន្ទីរ​ទទួល​បន្ទុក​កែវ សុវត្ថិ​ ពុំ​មាន​សមត្ថ​ភាព​ដឹកនាំ​ និង​គ្មាន​ជំនាញ​លើ​កិច្ចការ​សុរិយោ​ដី បក្ស​ពួក​និយម​ ខ្វះ​ការ​ចូលរួម​មតិ​ និង​ការ​សម្រេច​ចិត្ត​នានា​ពុំ​ស្ថិត​ក្នុង​គន្លង​នៃ​រចនា​សម្ព័ន្ធ​នៃ​ការ​ចាត់​តាំង​ និង​សេចក្តី​សម្រេច»។

ក្រុម​មន្ត្រី​ចោទ​ប្រកាន់​លើ​ថ្នាក់​ដឹកនាំ​មន្ទីរ​ដែន​ដី​ខេត្ត​ប៉ៃលិន​ជា​ច្រើន​ចំណុច​ទៀត​ ចំពោះ​ការ​បំពេញ​ការងារ​មិន​ត្រឹមត្រូវ​តាម​រចនា​សម្ព័ន្ធ​មន្ទីរ និង​មិន​ទទួល​យក​យោបល់​ពី​មន្ត្រី​ពាក់​ព័ន្ធ​ក្នុង​មន្ទីរ។

ក្រុម​ម​ន្ត្រី​ទាំង​៩​រូប​ចោទថ្នាក់​ដឹកនាំ​របស់​មន្ទីរ​ថា៖ «ដឹកនាំ​មន្ទីរ​ដែល​នាំ​ទៅ​រក​ការ​ប្រេះឆា​ផ្ទៃ​ក្នុង​ដ៏​ជ្រាលជ្រៅ​ ប្រកាន់​បក្ស​ពួក និង​រើស​អើង​ បញ្ឈរ​ជើង​មន្ត្រី​ក្របខណ្ឌ មិន​ឲ្យ​បំពេញ​ភារកិច្ច​ ប្រើប្រាស់​តែ​មន្ត្រី​កម្មសិក្សា មិន​ទទួល​យក​មតិ​កែលម្អ​ និង​ប្រើប្រាស់​ថវិកា​រដ្ឋ​មិន​ចំ​គោលដៅ»។

ក្រុម​មន្ត្រី​រៀបរាប់​បន្ថែម​ថា៖ «លោក​ប្រធាន​ និង​អនុប្រធាន​តែងតែ​ឃប់ឃិត​គ្នា​ចេញ​បណ្ណ​ខុស​ប្រក្រតី​ ដើម្បី​តែ​ផល​ប្រយោជន៍​ លោក​អនុ​ប្រធាន​ទទួល​បន្ទុក​ការងារ​សុរិយោដី​ បែរ​ជា​យក​អ្នក​មាន​បរិញ្ញា​បត្រ​សំណង់​មក​ធ្វើ​ការងារ​ជា​អនុប្រធាន​ទទួល​ការងារ​ដី​ធ្លី លោក​អនុ​ប្រធាន​ប្រើប្រាស់​ជំនួយការ​កាន់​ឯកសារ​បម្រើ​តែ​ផល​ប្រយោជន៍​ផ្ទាល់​ខ្លួន​ មិន​គាំទ្រ​ការ​ចេញ​បណ្ណ​ជា​ប្រព័ន្ធ​ ព្យាយាម​ពន្យារពេល​ មិន​ដោះស្រាយ​បញ្ហា​ តែងតែ​ទម្លាក់​បញ្ហា​ឲ្យ​ក្រុម​ចុះ​បញ្ជី​ជា​ប្រព័ន្ធ​ លោក​អនុប្រធាន​ទទួល​បន្ទុក​ព្រោះ​តែ​ផល​ប្រយោជន៍​ផ្ទាល់​ខ្លួន​រត់​ការ​ប្លង់​ចុះ​បញ្ជី​ដាច់​ដោយ​ដុំ​ក្នុង​តំបន់​ប្រកាស​ធ្វើ​ការ​វិនិច្ឆ័យ​ចុះ​បញ្ជី​ជា​ប្រព័ន្ធ»។

VOA ​មិន​អាច​សុំ​ការ​បញ្ជាក់​ពីម្ចាស់​ពាក្យ​បណ្តឹង​ទាំង​៩​រូប​ដែល​ប្តឹង​សុំ​ដក​តួនាទី​ថ្នាក់​ដឹកនាំ​បាន​ទេ។

វីអូអេ​ក៏​មិន​អាច​ទាក់​ទង​សុំ​ការ​អធិប្បាយ​ពី​លោក​ សូ សុខុន​ ប្រធាន​មន្ទីរ​រៀបចំ ដែនដី​ នគរូបនីយកម្ម​ សំណង់​ និង​សុរិយោ​ដី​ខេត្ត​ប៉ៃលិន​ និង​អនុប្រធាន​មន្ទីរ លោក ​កែវ សុវត្ថិ​ បាន​ទេ​នៅ​ថ្ងៃ​ច័ន្ទ​នេះ។

បើ​តាម​សេចក្តី​រាយការណ៍​របស់​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​ចេញ​ផ្សាយ​នៅ​ថ្ងៃ​ច័ន្ទ​នេះ​ លោក​ សូ សុខុន​ ប្រធាន​មន្ទីរ​រៀបចំ​ដែនដីខេត្ត​ប៉ៃលិន បញ្ជាក់​ថា​ លោក ​ជា សុផារ៉ា រដ្ឋមន្រ្តី​ក្រសួង​ បាន​ដឹង​ឮ​បណ្តឹង​របស់​ក្រុម​មន្ត្រី​រួច​ហើយ។ ប៉ុន្តែ​លោក​អះអាង​ថា​ លោក​រដ្ឋ​មន្ត្រី​មិន​មាន​ចំណាត់​ការ​លើ​ពាក្យ​បណ្តឹង​នោះ​ទេ។

លោក ហែម ឫទ្ធី នាយក​រដ្ឋបាល​សាលា​ខេត្ត​ប៉ៃលិន​ មាន​ប្រសាសន៍​ថា​លោក​មិន​បាន​ដឹង​អំពី​ការ​ប្តឹង​ផ្តល់​របស់​ក្រុម​មន្ត្រី​មន្ទីរ​រៀបចំ​ដែន​ដី​ខេត្ត​ទេ​ ដោយ​បាន​បង្វែរ​សំណួរ​ទៅ​កាន់​មន្ទីរ​រៀបចំ​ដែនដី​ខេត្ត​ប៉ៃលិន។

ចំណែក​ឯ​លោក ​សេង ឡូត​ អ្នកនាំពាក្យ​ក្រសួង​រៀបចំ​ដែន​ដី​ បដិសេធ​មិន​ផ្តល់​ការ​អធិប្បាយ​នៅ​ពេល​ត្រូវ​បាន​សួរ​អំពី​បណ្តឹង​របស់​ក្រុម​មន្ត្រី​ដោយ​ថា​លោក​ស្នើ​ឲ្យ​មន្ត្រី​របស់​លោក​ពិនិត្យ​រឿង​នេះ​សិន។

«ពួក​ខ្ញុំ​អត់​ទាន់​បាន​ទទួល​ផង​ ចាំ​មើល​ខ្ញុំ​មើល​ដំណឹង​ហ្នឹង​លម្អិត​បន្តិច​ ចាំ​ទាក់​ទង​គ្នា...ខ្ញុំ​ឲ្យ​គេ​មើល​បន្តិច»។​

អ្នក​យក​ព័ត៌មាន​របស់​សំឡេង​សហរដ្ឋ​អាមេរិក​ព្យាយាម​ទាក់​ទង​លោក​ សេង ឡូត ជាច្រើន​ដង​នៅ​រសៀល​ថ្ងៃ​ច័ន្ទ​នេះ​ ​ដើម្បី​សុំ​ការ​អធិប្បាយ​បន្ថែម​ ប៉ុន្តែ​លោក​មិន​លើក​ទូរស័ព្ទ។ លោក​ក៏មិនឆ្លើយតប​សំណួរ​ដែល​បាន​ផ្ញើ​តាម​ប្រព័ន្ធ​ទំនាក់​ទំនង​តេឡេក្រាម​ផងដែរ។ ​

លោក យិន​ ម៉េងលី​ អ្នក​សម្របសម្រួល​សិទ្ធិ​មនុស្ស​របស់​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក​ប្រចាំ​ខេត្ត​បាត់​ដំបង​ តែ​ក៏​ឃ្លាំមើល​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​ខេត្ត​ប៉ៃលិន​ ប្រាប់​វីអូអេ​ថា​ ការប្តឹង​ផ្តល់​របស់ក្រុម​មន្ត្រី​នៅ​មន្ទីរ​ដែន​ដី​ខេត្ត​ប៉ៃលិន​ ជា​រឿង​កម្រ​ក្នុង​ជួរ​មន្ត្រី​រាជការ។

លោក​មាន​ប្រសាសន៍​លោក​រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែន​ដី​ គួរ​ផ្តល់​ការ​ការពារ​សុវត្ថិភាព​ការងារ​របស់​ក្រុម​មន្ត្រី​ដែល​បាន​ប្តឹង​ថ្នាក់​ដឹកនាំ​របស់​ខ្លួន។

«នៅ​ពេល​ដែល​ប្តឹង​ទៅ​ ពេល​ខ្លះ​មន្ត្រី​ដែល​ប្តឹង​ហ្នឹង​អាច​ប្រឈម​ទៅ​នឹង​ការ​ ដក​នូវ​មុខ​តំណែង​ តួនាទី​សំខាន់​ៗ​ ដោយ​សារ​តែ​គាត់​ហ៊ាន​ប្តឹង​មេ។ អ៊ីចឹង​ យើង​លើក​ទឹក​ចិត្ត​ឲ្យ​មាន​ការ​អង្កេត​ស្រាវ​ជ្រាវ​ឲ្យ​ច្បាស់​លាស់​ ហើយ​និង​កុំ​ឲ្យ​មាន​ការ​យក​គំនុំ​មក​សង​សឹក​ចំពោះ​មន្ត្រី​ដែល​ធ្វើ​ការ​ប្តឹង​ផ្តល់​នេះ​បាទ»។

លោក​បន្ថែម​ថា​៖ «អ៊ីចឹង​បើសិន​ជា​ឯកឧត្តម​រដ្ឋមន្ត្រី​គាត់​បាន​ទទួល​នូវ​ពាក្យ​បណ្តឹង​ហើយ​ត្រូវ​ធ្វើការ​អង្កេត​ ប្រមូល​ព័ត៌មាន​ឲ្យ​បាន​ច្បាស់លាស់​ ដើម្បី​ធ្វើ​ការ​ឈាន​ទៅ​រក​ធ្វើការ​ដោះស្រាយ​បញ្ចប់​បញ្ហា​ហ្នឹង។ អ្វី​ដែល​ខ្ញុំ​មាន​ការ​បារម្ភ​ជាង​គេ​ គឺ​បារម្ភ​ទៅ​លើ​មន្ត្រី​ដែល​ប្តឹង​ទេ​ ព្រោះ​យើង ជា​បទ​ពិសោធន៍​ មន្ត្រី​ដែល​ប្តឹង​តវ៉ា​ច្រើន​តែ​រង​នូវ​ការ​គំរាម​កំហែង​ ឬ​ក៏​បាត់​បង់​អ្វី​មួយ​វិញ​ ពី​អ្នក​ដែល​យើង​ត្រូវ​ប្តឹង​នោះ»។

អ្នក​សម្រប​សម្រួល​សិទ្ធិ​មនុស្ស​រូប​នេះកត់​សម្គាល់​ថា​ មន្ទីរ​រៀបចំ​ដែន​ដី​ដដែល​នេះ​ ធ្លាប់​ជួប​រឿង​អាស្រូវ​នៃ​ការ​ធ្វើ​ឲ្យ​បាត់​បង់​បណ្ណកម្ម​សិទ្ធិ​ដី​ធ្លី​របស់​ប្រជាពលរដ្ឋ​កាល​ពី​ពេល​កន្លងមក​។

លោក​ យូ ពៅ ប្រធាន​មន្ទីរ​ព័ត៌មាន​ខេត្ត​ប៉ៃលិន​ បញ្ជាក់​ថា​ លោក​បាន​ដឹង​អំពីវិវាទ​ក្នុង​មន្ទីរ​រៀបចំ​ដែនដី​ខេត្ត​ខ្លះ​ៗ​ដែរ​ ក៏​ប៉ុន្តែ​លោក​សុំ​មិន​ផ្តល់​ការ​អធិប្បាយ។ យ៉ាង​ណា​ក៏​ដោយ​ លោក​លើក​ឡើង​ថា លោក​ទទួល​ដំណឹង​ថា​ មន្ត្រី​ក្រសួង​រៀបចំ​ដែនដី​ និង​អភិបាលរង​ខេត្ត​មួយ​រូប​កំពុង​សម្របសម្រួល​ដោះស្រាយ​វិវាទ​នេះ។​

លោក ​ហុក​ សុផល ​អភិបាល​រង​ខេត្ត​ប៉ៃលិន​ មាន​ប្រសាសន៍​ថា​អភិបាល​ខេត្ត​ប៉ៃលិន​គឺ​លោក​ស្រី​ បាន ស្រីមុំ កំពុងរក​ដំណោះ​ស្រាយ​បញ្ចប់​ជម្លោះ។

«អាហ្នឹង​ឃើញ​លោក​ជំទាវ​ គណៈ​អភិបាល​ខេត្ត​គាត់​កំពុង​ដោះស្រាយ​ហើយ​ហ្នឹង។ ខ្ញុំ​អត់​ដឹង​ដែរ​ហ្នឹង​បាទ»។

VOA ​មិន​ទាន់​អាច​ទាក់​ទង​លោក​ស្រី បាន ស្រីមុំ ​អភិបាល​ខេត្ត​ប៉ៃលិន​បាន​ទេ។

កាលពី​ខែ​មិថុនា ឆ្នាំ​២០២០ លោក សូ សុខុន​ និង​មន្ត្រី​រាជការ​នៃ​មន្ទីរ​រៀបចំ​ដែនដី​ខេត្ត​ប៉ៃលិន​ ក្រោម​ការ​ដឹកនាំ​របស់​អតីត​អភិបាល​ខេត្ត​លោក ផាន់ ចាន់​ធុល​ ត្រូវ​គេ​ឃើញ​នាំ​គ្នា​ទៅ​ស្បថ​ស្បែ​នៅ​មុខ​រូប​សំណាក​លោក​យាយ​យ៉ាត​ថា​ពួក​គាត់​នឹង​មិន​យក​បញ្ហា​ផ្ទៃ​ក្នុង​ទៅ​ដើរ​បរិហារ​ឲ្យ​គេ​ដឹង​ឮ ហើយ​ក៏គ្មាន​គំនិត​លួច​រក្សា​ទុកវិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ​ដែល​ក្រសួង​រៀបចំ​ដែន​ដី​ផ្តល់​ឲ្យ​ដើម្បីចេញ​ជូន​ប្រជាពលរដ្ឋ​ទៅ​ប្រើប្រាស់​ខុស​ពី​គោល​ការណ៍​ច្បាប់​នោះ​ដែរ។ នេះ​បើ​តាម​ឃ្លីប​វីដេអូ​ខ្លី​មួយ​ដែល​បង្ហោះ​ដោយ​អង្គភាព​ព័ត៌មាន​ក្នុង​ស្រុក​ Fresh News៕

XS
SM
MD
LG