ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ពលរដ្ឋ​បុរី​កីឡា​ស្នើ​ឲ្យ​ប្រេសិត​ពិសេស​សហប្រជាជាតិ​ខាង​សិទ្ធិមនុស្ស​ជួយ​រក​ដំណោះស្រាយ

  • ពិន ស៊ីសុវណ្ណ

ការ​ដាក់​ញត្តិ​នេះ ធ្វើ​ឡើង​ខណៈ​ដែល​តំណាង​ពិសេស​របស់​​អង្គការ​សហ​ប្រជាជាតិនេះ កំពុង​ធ្វើ​​ទស្សនកិច្ច​រយៈពេល​១០​ថ្ងៃ ដើម្បី​វាយ​តម្លៃ​ការ​គោរព​សិទ្ធិ​មនុស្ស​ ​នៅ​កម្ពុជា។

អ្នក​តំណាង​ប្រជាពលរដ្ឋ​ចំនួន​១៥​គ្រួសារ​រស់​នៅ​ប្លុក​បុរី​កីឡា​ ដែល​មិន​ទាន់​បាន​ទទួល​សំណង​នៅឡើយ បាន​ដាក់​ញត្តិ​ជូន​អ្នកស្រី ​រ៉ូណា​ ស្មីត ​(Rhona Smith) ផ្ទាល់ ​ដើម្បី​សុំ​ឲ្យ​ការិយាល័យ​អង្គការ​សហប្រជាជាតិ​ផ្នែក​សិទ្ធិ​មនុស្សនៅ​កម្ពុជា​ ជួយ​រក​ដំណោះ​ស្រាយ​បញ្ហា​ផ្ទះ​សម្បែង​ឲ្យ​ពួកគេ។

ការ​ដាក់​ញត្តិ​នេះ ធ្វើ​ឡើង​ខណៈ​ដែល​តំណាង​ពិសេស​របស់អង្គការ​សហ​ប្រជាជាតិ​ផ្នែក​សិទ្ធិ​មនុស្ស​រូប​នេះ កំពុង​ធ្វើទស្សនកិច្ច​រយៈពេល​១០​ថ្ងៃ ដើម្បី​វាយ​តម្លៃ​ការ​គោរព​សិទ្ធិ​មនុស្ស​ សិទ្ធិ​ស្ត្រី​ និង​សិទ្ធិ​ជនជាតិ​ដើម​ភាគ​តិច​នៅ​កម្ពុជា។

អ្នកស្រី ភោគ សុភី តំណាង​ប្រជាជន​បុរី​កីឡា​ទាំង​ចំនួន​១៥​គ្រួសារ​នេះ​បាន​និយាយ​ថា ​អ្នកស្រី​មាន​សង្ឃឹម​ ព្រោះ​អ្នក​រាយការណ៍​ពិសេស​របស់អង្គការ​សហប្រជាជាតិ​ផ្នែក​សិទ្ធិមនុស្ស​នេះ​ បាន​ស្ដាប់​និង​សួរ​ដេញ​ដោល​យ៉ាង​យកចិត្ត​ទុក​ដាក់​នៅ​ពេល​ចេញ​មក​ទទួល​ញត្តិ​ពី​អ្នកស្រី។

«ខ្ញុំ​សប្បាយ​រីករាយ​ថា ​ខ្ញុំ​នឹង​ទទួល​បាន​ដំណោះ​ដោះស្រាយ​ក្នុង​ពេល​ឆាប់ៗ​នេះ។ ​ខ្ញុំ​សប្បាយ​ចិត្ត​ដែល​គាត់​មក​ទទួល​ញត្តិ​ ហើយ​គាត់​សួរ​ព័ត៌មាន​ពី​ខ្ញុំ​ រក​ឫស​ រក​គល់​ អញ្ចេះ​មួយៗ ​រក​ហេតុ​ផល»។​

អ្នកស្រី ​រ៉ូណា​ ស្មីត ​(Rhona Smith)​ ដែល​បាន​មក​ដល់​ប្រទេស​កម្ពុជា​កាលពី​ថ្ងៃ​ច័ន្ទ​ បាន​ប្រាប់អ្នក​តំណាង​ប្រជាជន​ចំនួន​១៥​គ្រួសារ​ថា ​អ្នកស្រី​នឹង​ពិភាក្សា​ជាមួយ​លោក​ សូរិយា ​ប្រាសាទ សូប៊េឌី​ ដែល​កាន់​តំណែង​មុន​អ្នកស្រី ​ព្រោះ​រឿង​នេះ​កើត​តាំងពី​ក្នុង​អាណត្តិ​របស់​លោក។​ អ្នកស្រី​បាន​បន្ថែម​ថា ​អុ្នក​ស្រី​នឹង​ពិនិត្យ​ឯកសារ​នេះ​ឲ្យ​បាន​ហ្មត់ចត់​ជាមុន​សិន​ ទើប​អ្នក​សម្រេច​ចិត្ត​ថា ​ត្រូវ​ធ្វើ​យ៉ាង​ណា។

«អ្វី​ដែល​ខ្ញុំ​អាច​ធ្វើ​បាន​គឺ​យក​ព័ត៌មាន​ដែល​គាត់​ផ្តល់​មក​ឲ្យ​ខ្ញុំ​នេះ​ ហើយ​ខ្ញុំ​ក៏​នឹង​ធ្វើការ​ស្រាវជ្រាវ​បន្ថែម​ ហើយ​បន្ទាប់​មក​ខ្ញុំ​អាច​និយាយ​ជា​មួយ​អាជ្ញាធរ​នានា​ក្នុង​រដ្ឋាភិបាល»។

ក្រៅ​ពី​នេះ ​អ្នក​តំណាងអង្គការ​សហប្រជាជាតិ​ខាង​សិទ្ធិ​មនុស្សបាន​ប្រាប់​ VOA ថា​ អ្នក​ស្រី ក៏​ត្រូវ​ប្រឹក្សា​ជាមួយ​បុគ្គលិកការិយាល័យ​នេះ​ដែរ។​

«ខ្ញុំ​នឹង​អាន​ឯកសារ​គាត់​ឲ្យ​ខ្ញុំ​ ហើយ​ស្រាវជ្រាវ​បន្ថែម​ និង​ពិភាក្សា​ជាមួយ​បុគ្គលិក​សិទ្ធិ​មនុស្ស​អង្គការ​សហប្រជាជាតិ​អំពី​បញ្ហា​នេះ»។​

តំណាង​ពលរដ្ឋ​បុរីកីឡា អ្នកស្រី ​ភោគ សុ​ភី បាន​ថ្លែង​ថា ​យ៉ាង​ណា​ក៏​ដោយ មន្ត្រីអង្គការ​សហប្រជាជាតិ​ខុស​ពី​មន្ត្រី​សាលា​ក្រុង​ភ្នំពេញ​ដែល​មិន​បាន​ចេញ​មក​ទទួល​ញត្តិ​ពួក​គាត់​ទេ ​ទោះ​ជា​ពួក​គាត់ ​បាន​ស្រែក​អំពាវនាវ​ឲ្យ​មន្ត្រី​សាលា​ក្រុង​ចេញ​មក​ទទួលញត្តិ​ក៏​ដោយ។

ទោះ​ជា​យ៉ាង​ណា​ក្តី​ ​លោក ​ឡុង ឌីម៉ង់ ​អ្នក​នាំ​ពាក្យ​សាលា​រាជធានី​ភ្នំពេញ​ បាន​ប្រាប់​ VOA​ តាម​ទូរស័ព្ទ​ថា ​រឿង​នេះ​ជា​រឿង​ចាស់ ​ហើយ​សាលា​ក្រុង​បាន​ដឹង​ព័ត៌មាន​ និង​បាន​ធ្វើ​ការ​ដោះស្រាយ​ ដោយ​ផ្ដល់​គោល​នយោបាយ​ គឺ​សំណង​ជា​ផ្ទះ ​ជា​ថវិកា​ និង​ជា​ដី​ដល់​គ្រួសារ​ទាំង​អស់​ លើក​លែងប្រជាជន​១៥​គ្រួសារ​នេះ ​ដែល​មិន​បាន​បំពេញ​បែប​បទ​ទទួល​គោល​នយោបាយ​សំណង​នោះ​។ លោក​ថា ហេតុនេះហើយ​បាន​ជា​គ្រួសារ​ទាំង​នេះ​មិន​ទាន់​ទទួល​សំណង។

«អត់​មាន​អី​ស្រមេមស្រមាម​ទេ។​ ចប់​សព្វ​គ្រប់​អស់​ហើយ ​ដោះស្រាយ​ផល​ប៉ះពាល់​សឹងតែ​ទាំង​អស់​ទៅ​ហើយ ​សល់​តែ​ប៉ុន្មាន​គ្រួសារ​ទៀត​ទេ​ដែល​គាត់​មិន​ទទួល​ការ​ដោះស្រាយ​របស់​យើង»។

លោក​បន្ត​ថា ​ក្រុម​ការងារ​របស់​សាលាក្រុង​ កំពុងរក​ដំណោះស្រាយ​ដោយ​ពន្យល់ប្រជាពលរដ្ឋ​១៥​គ្រួសារ​នេះ​ឲ្យ​ទទួល​យក​គោល​នយោបាយដែល​ក្រុម​ការងារ​រក​ដំណោះ​ស្រាយ​បាន​កំណត់។​

​ប្រជាជន​១៥​គ្រួសារ​ដែល​បន្ត​ការ​តវ៉ា​នេះ​និយាយ​ថា ​គោល​នយោបាយ​សំណង ​ដែល​សាលា​ក្រុងបាន​កំណត់​នោះ​ គឺ​ជា​សំណងមាន​តម្លៃ​ទាប ​មិន​យុត្តិធម៌ ​ដែល​ពួក​គាត់​មិន​អាច​ទទួល​យក​បាន។

អ្នកស្រី ​គឹម អេង​ ​អាយុ ​៧៥​ ដែល​រស់​ក្នុង​តង់​កៅស៊ូ​នៅ​បុរី​កីឡា​ក្រោយ​ពី​ផ្ទះ​របស់​អ្នកស្រី​ត្រូវ​រុះរើ​កាលពី​ជាង​៥​ឆ្នាំមុន បាន​ប្រាប់​ VOA ​ថា​ អ្នកស្រីសុំ​តែ​សំណង​ដែល​សមស្រប​ យុត្តិធម៌​ ហើយ​ដែល​គ្រួសារ​របស់​អ្នកស្រី​អាច​រស់​នៅ​បាន​ប៉ុណ្ណោះ គឺ​អ្នកស្រី​មិន​លោភ​លន់​ទេ។

«សូម​ឲ្យ​តែ​សាលាក្រុង​ជួយ​ដោះស្រាយ​រឿង​ផ្ទះ​សម្បែង​របស់​ខ្ញុំ​ទេ។​ ខ្ញុំ​អត់​ចង់​បាន​អី​ទាំងអស់ ​បាន​តែ​ផ្ទះ ​ព្រោះ​ផ្ទះ​ខ្ញុំ​គាត់​ឈូស​ឆាយ​អស់​រយៈ​៥​ឆ្នាំ​ហើយ»។

​គោល​នយោបាយ​សំណង​សម្រាប់​ទំនាស់​ដី​ធ្លី ​និង​ផ្ទះ​សម្បែង​របស់​ប្រជា​សហគមន៍​បុរី​កីឡា​គឺ​៣.០០០​ដុល្លារ​ ៥.០០០​ដុល្លារ​ ឬ​ផ្ទះ​ល្វែង​តូច​មួយនៅ​ភូមិ​អណ្តូង​ ភ្នំបាត ​និង​សំបុកចាប​ ជាយ​រាជធានី​ភ្នំពេញ។

​គ្រួសារ​ខ្លះ​ចាប់​ឆ្នោត​បាន​ផ្ទះល្វែង​នៅ​បុរី​កីឡា​ ដោយ​តម្រូវ​តាម​ចំនួន​បន្ទប់​ដែល​នៅ​សល់​នៅ​អគារទី៨​ ហើយ​នៅ​ជាន់​លើ​គេ។

ក្រុមហ៊ុន​ ផាន អ៊ីម៉ិច​ របស់​អ្នកស្រី​ ស៊ុយ សុផាន​ បាន​សង់​អាគារ​តែ​៨អគារ​ប៉ុណ្ណោះ​សម្រាប់​ជា​សំណង​គឺ​មិន​បាន​សង់​១០​អគារ​ដូច​បាន​យល់​ព្រមក្នុងកិច្ច​សន្យា​ទេ។

សំណង​នេះ​មាន​លក្ខណៈ​ខុស​គ្នា​ ​ទាក់ទង​នឹង​លក្ខខណ្ឌ​ជាច្រើន​ ដូចជា​ទំហំ​ផ្ទះ ​ទំហំ​គ្រួសារ​ ​ទីតាំង​ផ្ទះ​ចាស់ ឯកសារ​ និង​រយៈពេល​នៃ​ការ​រស់​នៅ​របស់​គ្រួសារនៅ​ក្នុង​បុរី​កីឡា។

​ក្នុង​ចំណោម​ប្រជាពលរដ្ឋ​សហគមន៍​បុរី​កីឡា​ចំនួន១៥៤​គ្រួសារ​ មាន​តែ​៣៦​គ្រួសារ​ប៉ុណ្ណោះ​បាន​ទទួលបាន​ផ្ទះ​នៅ​បុរី​កីឡា។​ នេះ​បើ​យោង​តាម​ញត្តិ​របស់​អ្នក​តវ៉ា។

នៅ​ពេល​ការ​បណ្ដេញ​ចេញ​ បាន​ចាប់​ផ្ដើម​កាលពី​ចុង​ឆ្នាំ២០១១​ និង​ដើម​ឆ្នាំ​២០១២ គ្រួសារ​ខ្លះ​ទៀត​ត្រូវ​បង្ខំចិត្ត​ទៅ​រស់​នៅ​នៅ​ភូមិ​អណ្ដូង​ ភ្នំបាត ​និង​សំបុកចាប ​ដែល​នៅ​ឆ្ងាយ​ពី​សេវា​សាធារណៈ​ ដូច​ជា​មន្ទីរ​ពេទ្យ ​សាលារៀន​ និង​ទីផ្សារ​ជាដើម៕

XS
SM
MD
LG