ក្រសួងការពារជាតិតៃវ៉ាន់បានបញ្ជាក់កាលពីថ្ងៃទី ២១ ខែមេសាថាខ្លួននឹងពិភាក្សាជាមួយសហរដ្ឋអាមេរិកអំពីថាតើត្រូវប្រើប្រាស់យ៉ាងដូចម្ដេចនូវថវិកាជំនួយរបស់សហរដ្ឋអាមេរិកសម្រាប់តៃវ៉ាន់ដែលបានអនុម័តកាលពីពេលថ្មីៗនេះ។ ថវិកាជំនួយនេះគឺជាផ្នែកមួយនៃកញ្ចប់ថវិកាជំនួយអាមេរិកចំនួន ៩៥ ពាន់លានដុល្លារដែលភាគច្រើនគឺជាជំនួយផ្នែកសន្តិសុខសម្រាប់ប្រទេសអ៊ុយក្រែននិងអ៊ីស្រាអែល។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន Reuters។
សហរដ្ឋអាមេរិកគឺជាអ្នកគាំទ្រអន្តរជាតិដ៏សំខាន់បំផុតរបស់តៃវ៉ាន់និងជាអ្នកផ្គត់ផ្គង់អាវុធដល់កោះនេះ ថ្វីបើមិនមានទំនាក់ទំនងការទូតផ្លូវការក៏ដោយ។
តៃវ៉ាន់ដែលគ្រប់គ្រងតាមបែបប្រជាធិបតេយ្យបានប្រឈមនូវសម្ពាធកើនឡើងផ្នែកយោធាពីចិន។ ចិនចាត់ទុកតៃវ៉ាន់ថាជាទឹកដីរបស់ខ្លួន។ រដ្ឋាភិបាលតៃវ៉ាន់ច្រានចោលការអះអាងរបស់ចិននេះ។
ក្រសួងការពារជាតិតៃវ៉ាន់បានសម្តែងនូវអំណរគុណដល់រដ្ឋសភាសហរដ្ឋអាមេរិកចំពោះការអនុម័តកញ្ចប់ជំនួយនេះកាលពីថ្ងៃសៅរ៍សប្តាហ៍មុន ដោយបានបញ្ជាក់ថាករណីនេះបានបង្ហាញអំពីការគាំទ្រ «ដ៏មុតមាំ» របស់សហរដ្ឋអាមេរិកចំពោះតៃវ៉ាន់។
ក្រសួងការពារជាតិតៃវ៉ាន់បានបន្ថែមថា ខ្លួន «នឹងសម្របសម្រួលការប្រើប្រាស់ថវិកាដែលពាក់ព័ន្ធនេះជាមួយសហរដ្ឋអាមេរិកតាមរយៈយន្តការផ្លាស់ប្តូរដែលមានស្រាប់ ហើយនឹងធ្វើការឱ្យបានខ្លាំងក្លាក្នុងការពង្រឹងសមត្ថភាពត្រៀមប្រយុទ្ធដើម្បីធានានូវសន្តិសុខជាតិ សន្តិភាព និងស្ថិរភាពនៅច្រកសមុទ្រតៃវ៉ាន់»។
ចាប់តាំងពីឆ្នាំ ២០២២ មក តៃវ៉ាន់បានត្អូញត្អែរអំពីការពន្យារពេលរបស់សហរដ្ឋអាមេរិកក្នុងការផ្គត់ផ្គង់ដល់ខ្លួននូវអាវុធនានាដូចជាមីស៊ីល Stringer សម្រាប់បាញ់យន្តហោះជាដើម ដោយសារតែក្រុមហ៊ុនផលិតអាវុធផ្តោតតែទៅលើការផ្គត់ផ្គង់អាវុធដល់អ៊ុយក្រែនដើម្បីជួយប្រទេសនេះក្នុងការប្រយុទ្ធនឹងការឈ្លានពានរបស់កងទ័ពរុស្ស៊ី។
ដោយសង្កត់ធ្ងន់អំពីសម្ពាធរបស់ចិនដែលតៃវ៉ាន់ប្រឈម ក្រសួងការពារជាតិតៃវ៉ាន់បានលើកឡើងកាលពីថ្ងៃទី ២១ ខែមេសាថា ក្នុងអំឡុងពេលមួយថ្ងៃមុនហ្នឹង យន្តហោះយោធាចិន ១៤ គ្រឿងបានហោះកាត់ខ្សែបន្ទាត់ព្រំដែននៅច្រកសមុទ្រតៃវ៉ាន់។
ខ្សែបន្ទាត់ព្រំដែននេះធ្លាប់ត្រូវបានគេចាត់ទុកថាជាព្រំដែនក្រៅផ្លូវការរវាងចិននិងតៃវ៉ាន់ដែលគ្មានយោធានៃភាគីណាមួយអាចឆ្លងកាត់បាន។ ក៏ប៉ុន្តែ កងទ័ពជើងអាកាសរបស់ចិនឥឡូវនេះបានបញ្ជូនយន្តហោះជាប្រចាំឆ្លងកាត់ខ្សែបន្ទាត់នេះ។ ចិនបានបញ្ជាក់ថា ខ្លួនមិនទទួលស្គាល់ថាមានខ្សែបន្ទាត់នេះទេ។
យន្តហោះខ្លះរបស់ចិនកាលពីថ្ងៃសៅរ៍សប្តាហ៍មុនបានហោះទៅកៀកក្នុងចម្ងាយជិត ៧០ គីឡូម៉ែត្រនៃផ្នែកភាគខាងជើងនិងភាគខាងត្បូងនៃកោះតៃវ៉ាន់។ នេះបើយោងតាមផែនទីរបស់ក្រសួងការពារជាតិតៃវ៉ាន់ បើទោះបីជាចម្ងាយនេះស្ថិតនៅក្រៅតំបន់ជាប់ដែនសមុទ្ររបស់តៃវ៉ាន់ក៏ដោយ។
ដែនអាកាសរបស់តៃវ៉ាន់ត្រូវបានកំណត់ចម្ងាយប្រហែល ២២ គីឡូម៉ែត្រពីមាត់សមុទ្រតៃវ៉ាន់។ តៃវ៉ាន់ធ្លាប់បានរាយការណ៍ថាយន្តហោះយោធាចិនបានហោះមកជិតតំបន់ជាប់ដែនសមុទ្ររបស់ខ្លួន។
លោក Wang Ting-yu ដែលជាសមាជិកសភាជាន់ខ្ពស់មកពីគណបក្ស Democratic Progressive Party ដែលជាគណបក្សកាន់អំណាចរបស់តៃវ៉ាន់ និងជាសមាជិកនៃគណៈកម្មាធិការសភាតៃវ៉ាន់ទទួលបន្ទុកកិច្ចការការពារជាតិនិងកិច្ចការបរទេស បាននិយាយថា កងទ័ពតៃវ៉ាន់អាចឆ្លើយតបដោយប្រើយន្តហោះរបស់ខ្លួននិងតាមដានដោយប្រើប្រព័ន្ធមីស៊ីលនៅផ្ទាល់នឹងដី។
លោកបានបញ្ជាក់នៅលើបណ្តាញសង្គមអនឡាញថា៖ «ក៏ប៉ុន្តែ អ្វីដែលបក្សកុម្មុយនីស្តចិនបានធ្វើគឺជាឥរិយាបថបែបបង្កហេតុនិងគ្មានការទទួលខុសត្រូវ»។
កាលពីថ្ងៃទី ២០ ខែមេសា ក្រសួងការពារជាតិតៃវ៉ាន់បានបញ្ជាក់ថា ចិនបានអនុវត្តម្ដងទៀតនូវប្រតិបត្តិការ «ល្បាតត្រៀមប្រយុទ្ធរួម» ដោយមានវត្តមានចូលរួមពីនាវាចម្បាំងនិងយន្តហោះចម្បាំងរបស់ចិននៅជុំវិញកោះតៃវ៉ាន់។
កងទ័ពតៃវ៉ាន់មានទំហំតូច បើប្រៀបជាមួយនឹងកងទ័ពចិន ជាពិសេសកងទ័ពជើងទឹកនិងជើងអាកាសរបស់ចិន៕
ប្រែសម្រួលដោយលោក ជឹង ប៉ូជីន
វេទិកាបញ្ចេញមតិ